ជម្ងឺ​ផ្លូវចិត្ដ​ត្រូវ​ព្យាបាល​មួយជីវិត

សុខភាព​ផ្លូវចិត្ដ​មិនល្អ​ប្រសើរ​ជាបញ្ហា​ដែល​ប្រឈម​មុខខ្លាំង​ទៅនឹង​ប្រភេទ​ជម្ងឺ​ផ្លូវចិត្ដជា​ច្រើន ដែល​សុទ្ធសឹង​តែផ្ដល់​នូវ​ផលលំបាក។ ជម្ងឺ​ផ្លូវចិត្ដ​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ មិន​ត្រឹមតែ​បង្កផល​លំបាល​ចំពោះ​សុខភាព​ផ្លូវចិត្ដ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចំណាយ​ពេលវេលា​ក្នុងការ​ព្យាបាល និង​ថែទាំ​ស្ទើរតែ​ពេញ​មួយ​ជីវិត។ ដូចនេះ​ដើម្បី​បញ្ចៀស​ពីបញ្ហា​ទាំងនេះ សូម​លោកអ្នក​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ​ចំពោះ​សុខភាព​ផ្លូវចិត្ដ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់ពី​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នក​ឯកទេស​វិកលវិទ្យានៃ​គ្លីនិក​សាន់រ៉ាយ បាន​ចូលរួម​បកស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ជម្ងឺ​ផ្លូវចិត្ដ​មាន​ច្រើន​ប្រភេទ

សុខភាព​ផ្លូវចិត្ដ​របស់​មនុស្ស​ម្នាក់​មិនមាន​ភាពល្អ​ប្រសើរ​ដូចៗគ្នា​នោះទេ ព្រោះ​អាស្រ័យ​ទៅលើ​ការ​ថែទាំ​សុខភាព​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ។ ជម្ងឺ​ផ្លូវចិត្ដ​មានច្រើន​ប្រភេទ ទាំង​ជម្ងឺ​ស្រាល មធ្យម ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ។ ជម្ងឺ​ទាំងអស់​សុទ្ធតែ​មាន​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​មាន​កម្រិត​ខុសៗ​គ្នា ដូច្នេះ​ការ​ព្យាបាល​ក៏មាន​រយៈពេល​ខុសៗ​ពីគ្នា​ទៅតាម​នោះដែរ។

ជម្ងឺ​ផ្លូវចិត្ដ​ត្រូវ​ព្យាបាល​មួយ​ជីវិត?

បើសិនជា​លោកអ្នក​មាន​ជម្ងឺ​ផ្លូវចិត្ដ ចាំបាច់​ត្រូវ​ទាមទារ​រយៈពេល​ព្យាបាល និង​ថែទាំ ទោះបីជា​ជម្ងឺនោះ​ស្ថិតក្នុង​កម្រិត​ណា ក៏​ដោយ។ ផ្ទុយ​ទៅវិញ​បើសិន​ជា​លោកអ្នក​កើតមាន​ជម្ងឺ​ផ្លូវចិត្ដប្រភេទ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​ហើយ​នោះ គឺ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ពេល​វេលា​វែង ស្ទើរតែ​មួយ​ជីវិត។ មិនមែន​គ្រប់​ជម្ងឺ​ផ្លូវចិត្ដ​ទាំងអស់​ទាមទារ​ការ​ព្យាបាល​ពេញ​មួយជីវិត​នោះទេ ព្រោះ​ជម្ងឺ​ផ្លូវចិត្ដ​មាន​ប្រភេទ កម្រិត និង​លក្ខណៈ​ផ្សេងៗ​គ្នា ជាពិសេស​នោះគឺ​ចំពោះ​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ។

ហេតុអ្វី​ចាំបាច់​ព្យាបាល​រហូត​ដល់​មួយ​ជីវិត?

ការ​ព្យាបាល​ស្ទើរតែ​មួយ​ជីវិត គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​នៃជម្ងឺ​ដូចដែល​បាន​រៀបរាប់ជូន​ខាងលើ។ មូលហេតុ​ដែលធ្វើ​ឱ្យមាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​នោះ ពីព្រោះ​អ្នកជម្ងឺ​ក៏ដូច​ជាក្រុម​គ្រួសារ​មិនទាន់​បាន​ស្វែងយល់​ច្បាស់​ថាអ្វី​ទៅជា​ជម្ងឺ​ផ្លូវចិត្ដ។ នៅពេល​ដែល​ឈឺ​មាន​អាការ​ធូរស្រាល​មធ្យម​មិនបាន​រួសរាន់​មក​ទទួលការ​ពិគ្រោះ និង​សាកសួរ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នោះទេ យូរៗ​ទៅបញ្ហា​នេះនឹង​ក្លាយ​ទៅជា​អាការ​រ៉ាំរ៉ៃ នោះវា​នឹងបង្ក​ឱ្យបញ្ហា​កាន់តែ​ធ្ងន់ធ្ងរ។ នៅពេល​ដែល​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ ទើប​រួសរាន់​ទៅជួប​នឹង​វេជ្ជបណ្ឌិត​ឯក​ទេស​ផ្លូវចិត្ដ ពេលនោះ​ហើយ​ដែលត្រូវ​ការ​រយៈពេល​ព្យាបាល​មួយវែង​ស្ទើរតែ​មួយ​ជីវិត។ ដូចនេះ ដើម្បី​បញ្ចៀស​ពីបញ្ហា​នេះ នៅពេល​ដែល​លោកអ្នក​យល់ថា​សុខភាព​ផ្លូវចិត្ដ​មិនមាន​ភាព​ប្រក្រតី​ហើយ​នោះ សូម​ប្រញាប់​រួសរាន់​មក ទទួល​ការ​ពិគ្រោះ និង​ព្យាបាល​ឱ្យបាន​ទាន់ពេល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អបិយ​ជំនឿ​បង្កឱ្យ​ជម្ងឺ​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ

ជម្ងឺ​ផ្លូវចិត្ដ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ​នោះគឺ​ជាពពួក​ជម្ងឺ​វិកលចរិត។ នៅពេល​ដែល​ក្រុម​គ្រួសារ​បានបញ្ជូន​អ្នកជម្ងឺ​ដែល​ឈានដល់​កម្រិត​វិកលចរិត​ហើយ​នោះ គឺ​យឺតពេល​ក្នុងការ​ព្យាបាល​ឱ្យមាន​សភាព​ដូចធម្មតា​ទៅហើយ។ មាន​មូលហេតុ​មួយចំនួន​ដែល​អាច​បណ្ដាល​ឱ្យអ្នក​ជម្ងឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​នោះគឺ​មាន​លោកអ្នក​មួយចំនួន​គិត​ទៅដល់​រឿង​អបិយ​ជំនឿ នៅពេល​ដែលអ្នក​ជម្ងឺ​មាន អាការ​មិន​ប្រក្រតី បាត់បង់​សតិ​ស្មារតី បែរជា​រៀបចំ​ពិធី​សែនព្រេន បញ្ចូល​រូបខ្មោច​ព្រាយ​អារក្ស​អ្នកតា​ទៅវិញ នេះជា​ចំណុច​មួយ​ដែល​មានការ​យល់់​ច្រឡំ​ហើយ​ចំពោះជម្ងឺ​ផ្លូវចិត្ដ។
មូលហេតុ​​ដែលអ្នក​ជម្ងឺ​បាន​បាត់បង់​ស្មារតី វង្វេងវង្វាន់ ភ័យខ្លាច​​តក់ស្លុត ប្រកាច់នោះ​គឺវា មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សុខភាព​ផ្លូវចិត្ដ ហើយ​មិនមាន​អ្វី​ទាក់ទង​ទៅនឹង​រឿង​អបិយ​ជំនឿ​នោះទេ។ ដូចនេះ​ដើម្បី​កុំឱ្យ​អ្នកជម្ងឺ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឬភ័យ​ខ្លាច​កាន់តែ​ខ្លាំង គប្បី​ប្រញាប់​នាំអ្នក​ជម្ងឺ​មកជួប​ជាមួយ​អ្នក​ឯកទេស​ជម្ងឺ​ផ្លូវចិត្ដ ដើម្បី​ពិគ្រោះ មុននឹង​សម្រេច​ចិត្ដរៀបចំ​ពិធី​អ្វីមួយ​ចំពោះ​អ្នកជម្ងឺ។ ដោយ​សារតែ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ទៅលើ​សាសនា ទើប​មានការ​សាកល្បង​ទៅលើ​រឿងនេះ ហើយ​រឿង​ជំនឿ​សែនព្រេន​នេះក៏​បាន​ទទួល​លទ្ធផល​មួយ​ចំនួន​ផងដែរ ដោយ​មុននឹង​មាន​រៀបចំ​ពិធី​គឺបាន​ដឹងពី​មូលហេតុ ដូចជា​ខុស​ដូនតា ជាន់ពែ សំណែន ឬ​មាត់ក​មិនល្អ នៅចំពោះ​មុខ​អ្នកតា ឬ​ដូនតា​ដែល​ស័ក្ដិសិទ្ធិ។

ការ​ទទួល​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ

នៅពេល​ដែលមាន​អាការ​ផ្លូវចិត្ដ​ណាមួយ​បង្ហាញថា​មិន​ធម្មតា​ហើយ​នោះ សូម​លោកអ្នក​អញ្ជើញ​ទៅជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឱ្យទាន់​ពេលវេលា ដើម្បី​ទទួល​ការ​ណែនាំ​ពីវិធី​ថែទាំសុខភាព​ផ្លូវចិត្ដ​ដោយ​ខ្លួនឯង ចៀសវាង​ដល់ពេល​បង្ក​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ ទើប​ទៅជួប​គ្រូពេទ្យ។ ជម្ងឺ​ផ្លូវចិត្ដ​មួយ​ចំនួន​ត្រូវការ​ការ​ព្យាបាល​មួយ​ក្នុង​រយៈពេល​ខ្លីតែ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​ជម្ងឺ​ផ្លូវចិត្ដ​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ និ​ង​រ៉ាំរ៉ៃ។ ដូចនេះ​ជម្ងឺ​ផ្លូវចិត្ដ​មិនមែន​ត្រូវការ​ព្យាបាល​មួយ​ជីវិត​គ្រប់ប្រភេទ​ជម្ងឺ​ទាំងអស់​នោះទេ។ ចំពោះ​វ័យ​ដែល​កើតមាន​ជម្ងឺ​ផ្លូវចិត្ដ​លក្ខណៈ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​នេះ ភាគច្រើន​ស្ដ្រី​នៅក្នុង​រង្វង់​អាយុ​ពី២៥ឆ្នាំ​ដល់៣៥ បើ​ចំពោះ​បុរស ភាគច្រើន​ពីអាយុ​១៨ទៅ​ដល់២៥ឆ្នាំ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​ជម្ងឺ​ទើបអាច​ដឹងពី​រយៈពេល​ព្យាបាល។ ដើម្បី​បញ្ចៀស​ពីបញ្ហា​ត្រូវ​ព្យាបាល​មួយជីវិត​នោះ លោកអ្នក​គប្បី​ប្រញាប់​មក​ទទួលការ​ព្យាបាល​ឱ្យបាន​ទាន់​ពេលវេលា។ បើសិន​ជាឈាន​ដល់​ដំណាក់​កាល​ចុងក្រោយ​គឺ​មិនអាច​មាន​លទ្ធភាព​ស្រោចស្រង់​បាននោះ​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *