អង្គការសុខភាពពិភពលោកនៅកម្ពុជា គួរតែបិទទ្វារ។ នេះគឺជាការវិភាគរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែល មានក្តីបារម្ភអំពី «ជម្ងឺអាថ៌កំបាំង» ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះ ខណៈពេលដែលអង្គការសុខភាពពិភពលោក(WHO) និងក្រសួងសុខាភិបាលបានប្រកាសថា ករណីស្លាប់កុមារថ្មីៗនេះពាក់ព័ន្ធនឹងវីរុសអ៊ីវី៧១ ដែល បណ្តាលឲ្យមានជម្ងឺពងបែកនៅដៃ ជើង និងមាត់។ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានរិះគន់ការសន្និដ្ឋាននេះជា «ការប្រកាសមានលក្ខណៈមហន្តរាយមួយ»។ លោកថ្លែងថា ករណី ចំនួន៧២នៃ ជម្ងឺដែលមិនអាចពន្យល់បាននេះ បានកើតមាននៅក្នុងមន្ទីរពេទ្យរបស់លោក ក្នុងនោះ៦៨ករណី បានស្លាប់។
ពីម្សិលមិញ អង្គការសុខភាពពិភពលោកបានថ្លែងថា តួលេខពីក្រសួងសុខាភិបាល គឺមាន៦១ករណី ហើយការស្លាប់មាន៥៦ករណី ដែលបណ្តាលមកពីជម្ងឺពងបែកនៅដៃជើង និងមាត់។ ទិន្នន័យនេះ គឺជាការប្រឈមមួយ រវាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារ៨៥ភាគរយនៃកុមារកម្ពុជា។ ទិន្នន័យរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺរោគរលាកខួរក្បាលនិងការបំផ្លាញសួតទាំងស្រុង ដែលនាំឲ្យមាន ការស្លាប់ភ្លាមៗ។ បើតាមសេចក្តីថ្លែងការណ៍របស់លោក Richner បន្តថា ក្នុងចំណោមករណីទាំងនោះ គ្មាន ករណីណាមួយជាករណីជម្ងឺពងបែកដៃ ជើង និងមាត់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍។
ទាក់ទិនទៅនឹងបញ្ហានេះ មន្រ្តីផ្នែកទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោក លោក Sonny Inbaraj Krishnan បានប្រាប់ឲ្យដឹងថា ក្នុងករណីដែលកត់ត្រា ដោយទីភ្នាក់ងារអង្គការសហប្រជាតិ និងក្រសួងសុខាភិបាល ករណីកន្តួលស្បែក និងពងបែក ពិតជាកើតមាន។ លោកបន្តថា ៖ «ពេលខ្លះវីរុសអ៊ីវី៧១ អាចកើតជាពងបែក ឬកន្ទួល។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលគឺថា កុមារមានជម្ងឺគ្រុនក្តៅនៅក្នុងប្រព័ន្ធប្រសាទដូចជា ក្អួត ងងុយដេក ឬញាក់ប្រកាច់ និងរោគសញ្ញាផ្លូវដង្ហើម ពិបាកដកដង្ហើម»។
ប៉ុន្តែលោក Richner លើកទឡ្ហីករណ៍ក្នុងសេចក្តីថ្លែងការណ៍របស់លោកថា ការសន្និដ្ឋាននេះ គឺខុស ហើយនៅតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនិងសាធារណជនយល់ច្រឡំ។ លោកវេជ្ជបណ្ឌិត Richner បានថ្លែងថា សំណួរដែលនៅតែមិនទាន់អាចឆ្លើយបាន គឺថា «តើអ្វីបានបំផ្លាញសួតនៅក្នុងករណី៧២ នៃរោគរលាកខួរក្បាលក្នុងពេល៦ម៉ោងចុងក្រោយនៃជីវិតកុមារ?»។ លោក Richner ជឿថា ការព្យាបាលដោយថ្នាំខុស និងការបញ្ជ្រាបថ្នាំខុសបន្តិចម្តងៗទៅលើកុមារទាំង៧២នាក់នោះដោយគ្លីនិកឯកជន អាចជាកត្តាមួយនៅក្នុងការបំផ្លាញសួតដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងករណីដែលត្រូវបានកត់ត្រាដោយមន្ទីរពេទ្យរបស់លោក។
លោកវេជ្ជបណ្ឌិត Richner បានលើកឡើងថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក គឺមានលក្ខណៈមហន្តរាយ។ ថ្មីៗនេះ សេចក្តីសន្និដ្ឋានដោយការស៊ើបអង្កេតរួមគ្នា គឺបង្ហាញថា មូលហេតុនៃការកើតមានវីរុសអ៊ីវី៧១ គឺធ្ងន់ឡើងៗ និងអាក្រក់ឡើងៗ ដោយសារការប្រើថ្នាំ steroid។ ហើយកាលពីពេលថ្មីៗនេះ លោក Richner ក៏បានមានប្រសាសន៍អំពីការវាយបកទៅវិញចំពោះ អង្គការសុខភាពពិភពលោកដែលរិះគន់ការប្រើថ្នាំ steroid នេះថា «មិនសមហេតុផលទាំងស្រុង»។ លោកបានកត់សម្គាល់ថា ករណីទាំងអស់នៃជម្ងឺមិនស្គាល់នោះនៅមន្ទីរពេទ្យគន្ធបុប្ផា គឺកើតមានឡើងជាមួយនឹងរោគរលាកខួរក្បាល ដែលតម្រូវឲ្យប្រើថ្នាំ steroid ដើម្បីបញ្ឈប់ការហើមខួរក្បាលដែលនាំឲ្យស្លាប់នោះ។ មន្ទីរពេទ្យគន្ធបុប្ផា បានប្រតិបត្តិការដូចគ្នាទៅនឹងប្រព័ន្ធ សុខាភិបាលសាធារណៈផងដែរនៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ការគាំពារ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យចំនួនប្រាំ របស់ខ្លួនក្នុងរាជធានីភ្នំពេញ និងសៀមរាប។
ទោះបីយ៉ាងណា ក៏បញ្ហាថ្មីៗរវាងមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសុខភាពពិភពលោកនេះ ទំនងជាត្រូវស៊ើបអង្កេតដ៏ស្មុគស្មាញ ដើម្បីស្វែងរកដំណោះស្រាយលើការស្លាប់របស់កុមារទាំងនោះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហេង តៃគ្រី បានថ្លែងថា មានតែលោករដ្ឋមន្រ្តី ឬអង្គការសុខភាពពិភពលោកទេ ដែលអាចឆ្លើយទៅប្រព័ន្ធផ្សព្វផ្សាយ អំពីករណីចោទប្រកាន់របស់លោកវេជ្ជបណ្ឌិត Richner។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជម្ងឺឆ្លង និង លោក វេជ្ជបណ្ឌិតលី សុវណ្ណ ជាអនុប្រធាននាយកដ្ឋាន មិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេ។
ចំណែកឯតំណាង ប្រចាំប្រទេសរបស់អង្គការសុខភាពពិភពលោក លោក Pieter Van Maaren បានប្រាប់ឲ្យដឹងថា លោកគិតថា សេចក្តីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត Richner មិនពាក់ព័ន្ធគ្នានោះទេ។ លោក Van Maaren បន្តថា៖ «យើងមិនប្រាស្រ័យទាក់ទងគ្នាជាមួយមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈប្រព័ន្ធផ្សព្វផ្សាយនោះទេ ខ្ញុំមិនផ្តល់អត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍នោះទេ»។ លោកបន្តថា៖ «ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នា ដែលថ្លែងអំពីជំហររបស់យើង ស្តីពីករណីស្លាប់កុមារនោះ»។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២
Leave a Reply