មិនមែនតែកុមារកម្ពុជា ឬនៅលើសកលោកនោះទេ កុមារដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យភាគច្រើន ជាកុមារដែលកើតមានជម្ងឺគ្រុនឈាម។ ដោយយល់ឃើញយ៉ាងដូច្នេះ ពិភពលោកនាពេលបច្ចុប្បន្ន បានខិតខំប្រឹងប្រែងជាទីបំផុតដើម្បីបង្កើតវ៉ាក់សាំងថ្មីមួយដើម្បីការពារ និងព្យាបាលកុមារពីជម្ងឺគ្រុនឈាម។ តើវ៉ាក់សាំងដែលពិភពលោកកំពុងស្រាវជ្រាវបង្កើតឡើងនោះ ដំណើរការដល់កម្រិតណាហើយ?
ថ្នាំវ៉ាក់សាំងចាក់បង្ការជម្ងឺគ្រុនឈាម ដែលផលិតឡើងដោយក្រុមហ៊ុនផលិតថ្នាំប្រទេសបារាំងឈ្មោះ សាណូហ្វីសា (Sanofi SA) បានបង្ហាញអំពីសមត្ថភាពការពារប្រឆាំងនឹងជម្ងឺដែលបង្កមកពីវីរុសបីក្នុងចំណោមវីរុសបួនដែលកំពុងស្ថិតក្នុងការធ្វើតេស្តតាមដានបន្ថែមក្នុងប្រទេសថៃ។ ក្រុមហ៊ុន Sanofi បានថ្លែងកាលពីថ្ងៃពុធថា ភស្តុតាងអំពីប្រសិទ្ធភាពនៃថ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការខិតខំស្រាវជ្រាវក្នុងរយៈកាល៧០ឆ្នាំ ហើយលទ្ធផលក៏បានបញ្ជាក់ផងដែរអំពីសុវត្ថិភាពដែលបានការពារទៅលើបេក្ខជនធ្វើតេស្តចាក់ថ្នាំវ៉ាក់សាំងនេះ។
ថ្នាំវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi បានបង្កើតសារជាតិក្នុងរាងកាយប្រឆាំងនឹងវីរុសគ្រុនឈាមទាំងបួននោះ។ ប៉ុន្តែភស្តុតាងនៃការការពារប្រឆាំងនឹងវីរុសនេះ គឺបង្ហាញតែលើវីរុសបីប៉ុណ្ណោះក្នុងចំណោមវីរុសបួន ដែលកំពុងផ្សព្វផ្សាយក្នុងប្រទេសថៃ។ ក្រុមហ៊ុន Sanofi បានថ្លែងថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការវិភាគ ដើម្បីស្វែងយល់ឲ្យច្បាស់អំពីការខ្វះខាតនៃការការពារទៅលើ ប្រភេទវីរុសទីបួននោះ។ លោក Pascal Barollier អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានថ្លែងថា ៖ «វាជាការគួរឲ្យភ្ញាក់ផ្អើលមួយ»។ «យើងចាំចាច់ត្រូវប្រមូលព័ត៌មាននៃទិន្នន័យទាំងអស់ដើម្បីរកឲ្យឃើញលទ្ធផលពិតប្រាកដ ហើយកំពុងរង់ចាំការធ្វើតេស្តតាមដានដំណាក់ទីបី ដើម្បីឲ្យដឹងថាតើវាជាប់ពាក់ព័ន្ធទៅនឹងស្ថានភាពជាក់លាក់មួយចំនួន ក្នុងប្រទេសថៃឬក៏អត់»។ ការសិក្សាដំណាក់កាលទីពីរទៅលើកុមារជនជាតិថៃចំនួន៤០០២នាក់ ដែលមានអាយុពី៤ទៅ១១ឆ្នាំ ត្រូវធ្វើឡើងក្នុងអំឡុងការផ្ទុះរាលដាលនៃជម្ងឺគ្រុនឈាម ហើយបានបង្ហាញនូវលទ្ធផលដែលនឹកស្មានមិនដល់។
ជាមួយគ្នានេះ លោក ម៉ាក ឃ្លឺក (Mark Clark) អ្នកវិភាគនៅ Deutsche Bank បានថ្លែងថា ការខ្វះខាតវិធីការពារប្រឆាំងនឹងប្រភេទវីរុសទាំងបួននោះ មានន័យថា ការចាប់ផ្តើមដាក់លក់នៃថ្នាំនេះ ទំនងជាពន្យារពេលរហូតឆ្នាំ២០១៥ ជាងនៅឆ្នាំ២០១៤ ខណៈដែលក្រុមហ៊ុន Sanofi កំពុងរង់ចាំទិន្នន័យដំណាក់កាលទីបី ជាជាងទិន្នន័យដំបូង នៅបណ្តាប្រទេសមួយចំនួន។ ក្នុងរយៈកាល៥០ឆ្នាំកន្លងទៅ មានការកើនឡើងចំនួន៣០ដងនៃករណីជម្ងឺគ្រុនឈាម ហើយអង្គការសុខភាពពិភពលោក បានបង្ហាញជាផ្លូវការអំពីករណីឆ្លងដែលមានចន្លោះពី៥០ទៅ១០០លានករណីក្នុងមួយឆ្នាំៗ។ ប៉ុន្តែក្រុមអ្នកជំនាញជាច្រើនគិតថា ការវាយតម្លៃពីទសវត្សរ៍៩០នោះ គឺជាការវាយតម្លៃមិនត្រឹមត្រូវពិតប្រាកដ។ បើតាមលោកវេជ្ជបណ្ឌិត ផល ហ៊េនរី ខនស៊ីកនី (Paul-Henri Consigny) នាយកមជ្ឈមណ្ឌលឱសថរបស់វិទ្យាស្ថានប៉ាស្ទ័រសព្វថ្ងៃ ជម្ងឺគ្រុនឈាមកំពុងគម្រាមកំហែងជីវិតមនុស្សជាង ៣០០០លាននាក់នៅលើសកលលោក។ ភ្នាក់ងារចម្លងជម្ងឺនេះគឺមូសខ្លា ហើយពីមុនមកមិនទាន់មានវ៉ាក់សាំង និងថ្នាំព្យាបាលជាក់លាក់ចំពោះជម្ងឺនេះទេ។ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ អ្នកស្រាវជ្រាវ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំក្នុងចិត្តថានឹងអាចកម្ចាត់ជម្ងឺនេះបាន ព្រោះអ្នកជំនាញរកឃើញវ៉ាក់សាំងមួយប្រភេទ ដែលមានប្រសិទ្ធិភាពប្រឆាំងទៅនឹងវីរុសទាំង៤ប្រភេទនៅប្រទេសថៃ។ វ៉ាក់សាំងនេះត្រូវបានគេធ្វើតេស្តលើកុមារជាង ៣១ ០០០ នាក់នៅជាង១០ប្រទេសនៅក្នុងតំបន់អាស៊ី និង អាមេរិកឡាទីន។
ចំណែកឯក្រុមអ្នកជំនាញ បានធ្វើការរំពឹងថា ថ្នាំដែលមានប្រសិទ្ធភាពនេះ អាចនឹងត្រូវដាក់លក់នៅលើទីផ្សារ នៅ៣ឬ៤ឆ្នាំទៀត។ រោងចក្រផលិតវ៉ាក់សាំងថ្មីនេះត្រូវបានគេសាងសង់រួចរាល់ហើយនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។ ទៅថ្ងៃអនាគត វ៉ាក់សាំងនេះនឹងជួយសង្គ្រោះមនុស្សបាន២៣០លាននាក់ ដែលត្រូវបានគម្រាមកំហែងដោយសារជម្ងឺគ្រុនឈាមក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
ជម្ងឺគ្រុនឈាម កើតមានគ្រប់ពេលនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចកម្ពុជាផងដែរ។ ប្រទេសជាច្រើនក្នុងពិភពលោក ទទួលបានជោគជ័យតិចតួចក្នុងការគ្រប់គ្រងជម្ងឺនេះ។ ចំនួនករណីជម្ងឺគ្រុនឈាមនៅប្រទេសកម្ពុជា ក្នុងឆមាសទី១នៃឆ្នាំ២០១២នេះ គឺមានចំនួនកើនឡើងជិតបួនដង គឺ១៥.៦០០ករណី បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១១ មានចំនួនត្រឹមតែ៤៦០៤ករណី។ រីឯតួលេខនៃការស្លាប់នាពេលបច្ចុប្បន្ននេះ គឺមានចំនួន៦៣ករណី ក្នុងចំណោមកុមារជាងមួយម៉ឺននាក់ នៅខណៈពេលដែលមន្រ្តីសុខាភិបាលកំពុងធ្វើការងារទប់ស្កាត់។ ជម្ងឺដែល កើតចេញពីមូសខាំនេះ បានគម្រាមកំហែងដល់ប្រជាជនជិត៣ពាន់លាននាក់ក្នុងពិភពលោក ដែលបណ្តាលមកពីវីរុសផ្សេងៗគ្នាចំនួនបួនប្រភេទ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២
Leave a Reply