ស្បែកក្បាលមានបញ្ហាជារឿងដែលគួរឱ្យព្រួយបារម្ភ។ ស្បែកក្បាលដែលមានបញ្ហាគឺបណ្ដាលមកពីលោកអ្នកមិនបាន យកចិត្ដទុកដាក់ថែរក្សាឱ្យបានដិតដល់។ ការថែរក្សាស្បែកក្បាលមិនមែនជារឿងមួយដែលលំបាកនោះទេ។ ស្បែកក្បាលស្អាតគឺអាចធ្វើឱ្យលោកអ្នកចំណេញនូវពេលវេលា រួមទាំងថវិកាផងដែរ។
ទស្សនាវដ្ដី សុខភាពយើង បានសហការណ៍ជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្ស នៃសម្អាងការលុច្ស ដើម្បីពន្យល់អំពីការថែរក្សាស្បែកក្បាល។
កត្ដាដែលបណ្ដាលឱ្យស្បែកក្បាលមានបញ្ហា
ស្បែកក្បាលមានបញ្ហាគឺបណ្ដាលមកពីករណីពីរយ៉ាង ទី១គឺទាក់ទងទៅនឹងស្បែកក្បាល ទី២គឺទាក់ទងទៅនឹងការប្រើប្រាស់ផលិតផលដែលមានសារជាតិគីមី និងកត្ដារួមផ្សំដទៃទៀត ដែលធ្វើឱ្យស្បែកក្បាលរបស់លោកអ្នកមានបញ្ហា។ កត្ដាដែលជាបញ្ហាខាងក្រៅ ដូចជាការអ៊ុតសក់ខ្លាំងពេក ការផ្លុំសក់ ឬការអប់សក់ មួយទៀតគឺទាក់ទងទៅនឹងបញ្ហាជម្ងឺនៅលើស្បែកក្បាលតែម្ដង។ ស្បែកក្បាលដែលមានបញ្ហាច្រើនជាងគេគឺជាស្បែកក្បាលដែលមានជាតិខ្លាញ់ច្រើនពេក ជាហេតុធ្វើឱ្យសរសៃសក់ មិនអាចចាក់ចូលដល់ទីជម្រៅនៃស្បែកក្បាល ហើយក៏ធ្វើឱ្យសក់ជ្រុះ។ បញ្ហាមួយទៀតគឺស្បែកក្បាលដែលស្ងួតខ្លាំងពេក ក៏ធ្វើឱ្យជ្រុះសក់ដូចគ្នាដែរ។ ដូចនេះស្បែកក្បាលរបស់លោកអ្នកស្ងួតខ្លាំងពេកក៏មិនបានខ្លាញ់ច្រើនពេកក៏មិនបាន។
ការថែរក្សាស្បែកក្បាល
ដើម្បីឱ្យស្បែកក្បាលរបស់លោកអ្នកមានសុខភាពល្អមិនងាយកើតនូវជម្ងឺផ្សេង លោកអ្នកគួរតែទៅពិនិត្យស្បែកក្បាល របស់លោកអ្នកជាមុនសិន ដើម្បីដឹងថាស្បែកក្បាលរបស់លោកអ្នកជាប្រភេទខ្លាញ់ឬក៏ស្ងួត ជាបច្ច័យងាយស្រួលក្នុងការជ្រើសរើស ផលិតផលណាមួយមកប្រើប្រាស់ ចៀសវាងមានបញ្ហានៅលើស្បែកក្បាល។
សារៈប្រយោជន៍នៃការថែរក្សាស្បែកក្បាល
កាលណាស្បែកក្បាលរបស់លោកអ្នកមានសុខភាពល្អ សរសៃសក់ក៏លូតលាស់បានល្អ អាចរក្សាទម្ងន់បានល្អ មានសភាព ភ្លឺរលោង ធ្វើឱ្យស្បែកក្បាលចៀសផុតពីជម្ងឺនានា ដូចជាអង្គែ រមាស់ កមជាដើម ជាពិសេសធ្វើឱ្យសក់របស់លោកអ្នកមានក្លិនល្អ ថែមទៀតផង។
វិធីការពារស្បែកក្បាល
ប្រសិនស្បែកក្បាលមានជាតិប្រេងច្រើន នៅពេលប៉ះជាមួយធូលីហើយលោកអ្នកមិនបានលាងសម្អាតទាន់ពេលវេលា នោះលោកអ្នកអាចប្រឈមមុខនឹងបញ្ហា ពីព្រោះជាតិដីនិងជាតិប្រេងនៅពេលដែលប៉ះគ្នា អាចបង្កឱ្យកើតអង្គែ។ លោកអ្នកគួរចៀសវាងពីកម្ដៅថ្ងៃ ពីព្រោះកម្ដៅថ្ងៃអាចធ្វើឱ្យស្បែកក្បាលរបស់លោកអ្នកឡើងខ្មៅ ឬក៏ធ្វើឱ្យសក់របស់លោកអ្នកបែកចុងជាដើម។ ត្រូវចៀសវាងការអ៊ុតសក់ញឹកញាប់ពេក ជាពិសេសគឺមិនត្រូវធ្វើការផ្លុំសក់ញឹកញាប់ពេកនោះទេ នេះជាហេតុដែលធ្វើឱ្យស្បែកក្បាល ងាប់កោសិកា ហើយធ្វើឱ្យសក់ខូច ផុយ បែកចុង ជ្រុះ គ្មានសំណើមជាដើម។
ដំបូន្មានរបស់អ្នកជំនាញ
លោកអ្នកគួរជ្រើសរើសផលិតផលណាដែលមានគុណភាព ជាពិសេសផលិតផលដែលត្រូវនឹងស្បែកក្បាល។ ផលិតផលខ្លះ ធ្វើឱ្យស្បែកក្បាលរបស់លោកអ្នកមានប្រតិកម្មនៅពេលប្រើខុស ដូចនេះយកល្អលោកអ្នកគួរតែទៅពិនិត្យស្បែកក្បាលជាមុនសិន ដើម្បីចៀសវាងការកើតនូវបញ្ហា ជាពិសេសមិនត្រូវប្រើប្រាស់សាប៊ូលាយឡំគ្នាច្រើននោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply