ការបង្កើនការផ្សព្វផ្សាយស្តីអំពីការអប់រំអនាម័យដល់ពលរដ្ឋ គឺជាប្រការមួយដ៏ល្អដើម្បីចូលរួមសកម្មភាពទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗ ជាពិសេសប្រភេទជម្ងឺអ៊ីវី៧១ ដែលទើបតែនឹងផ្ទុះឡើងនៅក្នុងដែនដីកម្ពុជាផងដែរ។ ហេតុដូច្នេះ រដ្ឋាភិបាលកម្ពុជា និងអង្គការជាដៃគូកំពុងរៀបចំផលិតនូវសម្ភារអប់រំស្តីពីការបង្ការជម្ងឺពងបែកដៃជើង និងមាត់ ជូនដល់សាធារណជន ដើម្បីត្រៀមបង្ការនិងទប់ស្កាត់ពីជម្ងឺដែលអាចកើតមានដល់កុមារតូចៗ។
បើតាមការអង្កេតលើករណីឈឺ និងស្លាប់ដែលរាយការណ៍នាពេលថ្មីៗនេះ បានសន្និដ្ឋានថា ទម្រង់ធ្ងន់ធ្ងរនៃជម្ងឺពងបែកដៃ ជើង និងក្នុងមាត់ បង្កដោយមេរោគអ៊ីវី៧១ ដែលមានករណីសរុប៧៨ ក្នុងនោះរាយការណ៍ដោយមន្ទីរពេទ្យគន្ធបុប្ផា ៦២។ ចំណែកក្នុងមួយសប្តាហ៍ចុងក្រោយនេះ មាន៥៣៣ករណីនៃជម្ងឺពងបែកដៃជើងនិងក្នុងមាត់ស្រាល បានរាយការណ៍មកក្រសួងសុខាភិបាលពី១៧ខេត្តក្នុងចំណោម២៤ខេត្ត និងមាន៩ករណីដែលបញ្ជាក់ថាមានមេរោគឆ្លង EV ៧១ ធ្ងន់ធ្ងរ។
អ្នក ស្រី Denis Stepherd Johnson អ្នកនាំពាក្យអង្គការយូនីសែហ្វ បានឲ្យសាព័ត៌មានក្នុងស្រុកមួយដឹងថា សម្ភារអប់រំ មានដូចជាខិតប័ណ្ណអប់រំ និងស្ប៉តលើកញ្ចក់ទូរទស្សន៍ នឹងធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋដឹងពីការអនាម័យទូទៅចំពោះខ្លួនឯង និងលើកុមារ ដូចជាការលាងដៃ ក្រោយចេញពីបង្គន់ និងចាប់កាន់ចំណីអាហារជាដើម។ ស្ប៉តអប់រំទាំងនោះ មានមួយចំនួនបានកំពុងតែចាក់តាមកញ្ចក់ទូរទស្សន៍រួចមកហើយ និងមានខ្លះកំពុងបង្កើតថ្មី។ លោកស្រីបានថ្លែងថា ៖ «ខ្ញុំជឿថា ស្ប៉តពាណិជ្ជកម្មតាមទូរទស្សន៍ គឺជាមធ្យោបាយដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមពលរដ្ឋ។ ការអនុវត្តនូវការអនាម័យស្អាត ជាវិធីដ៏ល្អបំផុត»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៧ ខែកក្កដា បានឲ្យដឹងថា ក្រសួងសុខាភិបាលសហការជាមួយ អង្គការសុខភាពពិភពលោក និងអង្គការមូនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) កំពុងរៀបចំបង្កើតនូវឧបករណ៍សម្ភារអប់រំសុខភាព សម្រាប់ជាជំនួយស្មារតីដល់ប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានដល់សាធារណជនអំពីជម្ងឺអ៊ីវីនេះ ។ សេចក្ដី ប្រកាសរួមគ្នារវាងក្រសួងនិងអង្គការសុខភាពពិភពលោក ក៏បានណែនាំដល់គ្រឺះស្ថានសុខាភិបាលសាធារណៈ ឲ្យរាយការណ៍ពីករណីជម្ងឺពងបែកដៃជើងនិងក្នុងមាត់ ទាំងស្រាល និងធ្ងន់ធ្ងរ និងមានករណីធ្ងន់ធ្ងរ ដូចជាមានគ្រុនក្តៅ សញ្ញាប្រព័ន្ធប្រសាទ ឬសញ្ញាផ្លូវដង្ហើមញាប់ ឬពិបាកដកដង្ហើម ត្រូវបញ្ជូនកុមារទៅមន្ទីរពេទ្យជាបន្ទាន់។ ប្រកាសថ្មីៗនេះ ក៏ស្របពេលដែលសារព័ត៌មាននៅប្រទេសថៃផងដែរ ដែលបានរាយការណ៍ថា ជម្ងឺពងបែកដៃជើង និងមាត់ បានបណ្តាលឲ្យកុមារកម្ពុជាអាយុ២ខួបម្នាក់ស្លាប់នៅប្រទេសថៃ កាលពីសប្តាហ៍មុន។ ប៉ុន្តែមន្ត្រីសុខាភិបាលនៅប្រទេសនេះ បានឲ្យដឹងថា កុមាររូបនោះ មិនបាននាំជម្ងឺនេះពីកម្ពុជាទៅទេ គឺគេបានស្នាក់នៅប្រទេសថៃអស់មួយរយៈកាលមកហើយ និងសូមកុំឲ្យប្រជាជនថៃមានការរើសអើងពលរដ្ឋកម្ពុជា។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍តាមសេចក្តីប្រកាសថា ៖ «ឪពុកម្តាយទាំងឡាយ ដែលកូនមានរោគសញ្ញា គ្រុនក្តៅខ្លាំង ក្អួត ប្រកាច់ រឹងដៃជើង ឬពិបាកដកដង្ហើម ត្រូវនាំយកទៅមន្ទីរពេទ្យឲ្យបានឆាប់ ដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាល»។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២
Leave a Reply