បូស​ទ្វារមាស

បូស​ជាជម្ងឺ​មួយប្រភេទ​ដែល​តែងតែ​កើតឡើង​នៅផ្នែក​ផ្សេងៗនៃ​រាងកាយ តាម​កន្លែងខុសៗ​គ្នា។ នៅក្នុង​ចំណោម​នោះ បូស​ទ្វារមាស​ជាប្រភេទ​បូសដែល​បង្កជា​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។ បូស​ទ្វារមាស​ភាគច្រើន​កើតឡើង​ចំពោះ​ស្ដ្រី​ដែល​មិនមាន​ការ អនាម័យ​ខ្លួនប្រាណ និង​អាច​បណ្ដាល​មកពី​ជម្ងឺ​កាមរោគ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​អ្នកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​ផ្នែក​សុខភាព​នៃ​សមាគម​ថែទាំ​សុខភាព គ្រួសារ​កម្ពុជា(រ៉ាក់) ដែល​បកស្រាយ​អំពី​ជម្ងឺ​បូស​ទ្វារមាស។

អ្វីទៅ​ជាបូស​ទ្វារមាស?

បូស​ទ្វារមាស​គឺជា​ការលាក​ឬហើម នៅនឹង​ក្រពេញ​សងខាង​នៃ​ទ្វារមាស។ បូស​គឺជាផល​វិបាក​នៃការ​រលាក ព្រោះ​មុនក្លាយ​ទៅជា​បូស​ត្រូវ​រលាក​សិន។ នៅពេល​រលាក​ហើយ​មិនព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ឬក៏​ទាន់ពេល​វេលា ទើបការ​រលាក​អាចឈាន​ទៅដល់​ការកើត​បូស។

រោគ​សញ្ញា​បូស​ទ្វារមាស

រោគ​សញ្ញា​ដំបូងនៃ​បូស​ទ្វារមាស គឺមាន​ឈឺចាប់ មាន​ក្ដៅ មាន​ក្រហម​ជាដើម។ ការរលាក​អាច​ចាប់ផ្ដើម​នៅ​ក្រពេញ​ខាងឆ្វេង ឬ​ខាងស្ដាំ ប្រសិន​បើមើល​ឬក៏​ស្ទាប​នៅលើ​ទ្វារមាស​មាន​លក្ខណៈ​ហើមប៉ោង​ឬក៏​ក្រហម រួម​ជាមួយ​ការ​ឈឺចាប់។ ស្ដ្រីកើត​បូស​ទ្វារមាស បើ​ព្យាបាល​ឱ្យទាន់​ពេល​វេលា វាអាច​ឱ្យអ្នក​ជម្ងឺ​ក្ដៅខ្លួន​ជាខ្លាំង។

មូលហេតុ​ដែល​បង្កឱ្យ​កើតមាន​បូស​ទ្វារមាស

មូលហេតុ​ដែលបង្ក​ឱ្យមាន​បូស​ទ្វារមាស​គឺ​បណ្ដាល​មកពី​ការ​ករោគ ជួប​ញឹកញាប់​ជាងគេ​គឺបណ្ដាល​មកពី​ជម្ងឺ​កាមរោគ ដូចជា​ប្រមេះ​ទឹកបាយ ឬក៏​ប្រមេះ​ទឹកថ្លា ជា​តួឯក​សំខាន់បង្កឱ្យ​មានការ​រលាក​ទ្វារមាស។

វិធី​ព្យាបាល​បូស​ទ្វារមាស

ស្ដ្រី​ភាគច្រើន​មិនសូវ​ចាប់​អារម្មណ៍​លើការ​ព្យាបាល​បូស​នោះទេ ភាគច្រើន​គិតថា​វាជារឿង​ធម្មតា​នឹងបាត់​ដោយ​ខ្លួនឯង។ នេះគឺ​ជាការ​គិតខុស ព្រោះ​បូស​អាចឆ្លង​ពីកន្លែង​មួយទៅកន្លែង​មួយទៀត ហើយ​អាច​បង្កជា​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​បាន។ ការ​ព្យាបាល​គឺ ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំផ្សះ និងវះ​បើកមុខ​បូស​ដើម្បី​បង្ហូរខ្ទុះ​ចេញពី​ព្រោះ​បើមាន​ខ្ទុះ​ប្រើតែ​ថ្នាំ​ព្យាបាល​មិន​គ្រប់គ្រាន់​ទេ។ ការ​វះកាត់​ត្រូវធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ទើបអាច​ចៀស​ឱ្យផុត​ពីការ​ករោគ និងការ​ឆ្លង​ជម្ងឺ​ផ្សេងៗ​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ការពារ​កុំឱ្យ​កើតជម្ងឺ​បូស​ទ្វារមាស

វិធី​ការពារ​សម្រាប់​ស្ដ្រី​ដើម្បី​កុំឱ្យ​កើតជម្ងឺ​បូស​ទ្វារមាស​នេះ មាន​ដូចតទៅ ៖

1 . ស្ដ្រី​ត្រូវតែ​មានការ​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ ជាពិសេស​សម្រាប់​អ្នកដែល​ឧស្សាហ៍​កើតបូស​ញឹកញាប់ គួរតែ​ប្រើ ប្រាស់​សាប៊ូ​ណាដែល​មាន​សារជាតិ​សម្លាប់​មេរោគ ដើម្បី​ចៀសវាង​ការ​សាយភាយ​ទៅកន្លែង​ផ្សេង​ទៀត ជាពិសេស​ត្រូវ​ឧស្សាហ៍ សម្អាត​ទ្វារមាស​ឱ្យបាន​ញឹកញាប់។

2 . គប្បី​មិនត្រូវ​ផ្លាស់ប្ដូរ​ដៃគូ​ញឹកញាប់​ពេកទេ ជាពិសេស​នៅពេល​រួមភេទ​ត្រូវ​ប្រើប្រាស់ស្រោម​អនាម័យ ដើម្បី​ការពារ ការ​ឆ្លងរោគ​ដែលជា​ហេតុ​បង្កឱ្យ​មានជម្ងឺ​បូស​ទ្វារមាស ឬ​ឆ្លងជម្ងឺ​កាមរោគ​ដទៃ​ឬក៏អាច​ឆ្លង​មេរោគ​អេដស៍​ថែមទៀត​ផង នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

3 . ស្ដ្រី​មានជម្ងឺ​បូស​ទ្វារមាស​មិនត្រូវ​បណ្ដោយ​ឱ្យជម្ងឺ​នេះ​សាយភាយ​បានទេ គួរតែ​ពិគ្រោះជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ការពារ និង​ព្យាបាល​ឱ្យទាន់​ពេលវេលា ចៀសវាង​ការ​ឈានទៅ​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។

ផល​វិបាក​នៃជម្ងឺ​បូស​ទ្វារមាស

ផលវិបាក​នៃជម្ងឺ​បូស​ទ្វារមាស​ក៏មិន​ខុសពី​ជម្ងឺ​កាមរោគ​ប៉ុន្មាន​ទេ ព្រោះ​បើមិន​បាន​ព្យាបាល វាអាច​បង្ក​ឈឺចាប់​ជាខ្លាំង។ ហើយ​បូសឡើង​ធំទៅៗ បែក​ធ្លាយ ហូរ​ខ្ទុះ​ចេញមក​ក្រៅ នាំឱ្យ​បូស​រាលដាល​កាន់តែ​ខ្លាំង។ ការ​ព្យាបាល​មិនទាន់​ពេល​វេលា ឬក៏​ព្យាបាល​មិនបាន​ត្រឹមត្រូវ ព្យាបាល​ឈប់​ពាក់​កណ្ដាល​ទី នាំឱ្យ​មានបញ្ហា​ជាច្រើន ដូចជា​ការលាក​មាត់​ស្បូន​រ៉ាំរ៉ៃ បាត់បង់លទ្ធភាព​មានកូន​ថែមទៀត​ផង។ អ្វីដែល​សំខាន់​នោះ​បើសិន​ជាមេរោគ​រីក​រាលដាល​ទៅដល់ឈាម អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​ថែមទៀត​ផង។

ដំបូន្មាន​អ្នក​ជំនាញ

បូស​ទ្វារមាស​ជាជម្ងឺ​អាចបង្ក​ឱ្យ​គ្រោះថ្នាក់ បើមិន​បានយក​ចិត្ដទុក​ដាក់​ព្យាបាល។ ការធ្វេស​ប្រហែស​គឺជា​បញ្ហា​មួយ​ដែលអាច​ឱ្យ​ឈានទៅ​រក​សេចក្ដី​ស្លាប់បាន បើមាន​ការ​សង្ស័យ​ណាមួយ​ទាក់ទង​នឹងជម្ងឺ​បូស​ទ្វារមាស​នេះ សូមស្ដ្រី​ទាំងអស់​ប្រញាប់​ទៅមន្ទីរ​ពេទ្យ ចៀសវាង​ជួបការ​លំបាក​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *