ខ្ញុំនោម​ច្រើន

លោកអ្នក​មួយចំនួន​នៅ​មិនទាន់​ជ្រាប​ឱ្យបាន​ច្បាស់​ជុំវិញ​អាការ​នោម​ច្រើន ដែល​បាន​កើតមាន​នៅចំពោះ​ខ្លួនឯង​នោះទេ តែងតែ​គិតថា​ការនោម​ច្រើន​បណ្ដាល​មកពី​ការ​ទទួលទាន​ទឹកច្រើន មិនមាន​ផល​ប៉ះពាល់​អ្វីជា​ដុំកំភួន​ឡើយ។ ដោយ​ឡែក​ចំពោះ វេជ្ជសាស្ដ្រ​វិញបាន​ផ្ដោត​ការ​សំខាន់​ថា ប្រសិន​បើ​លោកអ្នក​មាន​អាការ​នោមច្រើន​លើសពី​ទឹកនោម​ធម្មតា​ដែល​ច្រោះចេញ​មកខុស​ពីធម្មតា គឺ​ប្រាកដជា​មាន​ជម្ងឺ ជាពិសេស​ជម្ងឺ​ទឹកនោម​ផ្អែម ទឹកនោម​សាប ឬ​ជម្ងឺរលាក​ប្លោកនោម​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជាការ​ឆ្លើយតប​ចំពោះ​មូលហេតុ​ខាងលើ​នេះ ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេស​ជម្ងឺ​តម្រង​នោម និង​ជាប្រធាន​មជ្ឈមណ្ឌល ជា ស៊ីម លាង​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

ហេតុអ្វី​នោម​ច្រើន?

នោមច្រើន​កើតឡើង​ដោយសារ​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទឹកនោម​សាប ព្រោះ​ប្រព័ន្ធខួរក្បាល​បញ្ជា​មកខុស​ទិសដៅ ធ្វើឱ្យ​លោកអ្នក​នោម​ច្រើន។ ម្យ៉ាងទៀត​អាការ​នោមច្រើន​នេះក៏​អាចមាន​ហេតុផល​ផ្សេង​ទៀត​ដែរ គឺ​បណ្ដាល​មកពី​ខ្សោយ​តម្រង​នោម ធ្វើឱ្យ​សម្ពាធ​នៃការ​ច្រោះទឹក​នោម​ហូរមក​ដោយ​មិនមាន​ប្រព័ន្ធ​បញ្ជា​ណាមួយ​ទប់ស្កាត់​ឡើយ។ ព្រោះ​សរីរាង្គ​តម្រងនោម​ខ្សោយ​មិនអាច​ទ្រទ្រង់​បាន ទើបធ្វើ​ឱ្យនោម​ច្រើនទៀត​ផង ហើយ​ចំណុះ​ទឹកនោម​ដែលហូរ​ចុះនោះ​ជាទូទៅ​ពី៨ទៅ​១០លីត្រ​ក្នុងមួយ​ថ្ងៃ។

មូលហេតុ​បណ្ដាល​ឱ្យ​លោកអ្នក​នោម​ច្រើន

អាការ​នោមច្រើន​តែងតែ​បង្កការ​រំខាន​ជាញឹកញាប់ ដោយ​សារតែ​តម្រង​នោម​មិនអាច​ទទួល​យកការ​គ្រប់គ្រង​បានពី​ប្រព័ន្ធ​បញ្ជា​របស់​ខួរក្បាល មិនមាន​ទិសដៅ​ពិតប្រាកដ ដោយ​មានការ​រុញច្រាន​របស់​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទឹកនោម​សាប​កំពុង​តែវាយលុក​ក្នុងខ្លួន​របស់អ្នក​ជម្ងឺ។ ហេតុផល​របស់​លោកអ្នក​ដែល​នោមច្រើន​នេះមាន​មូលហេតុ​ខុសៗ​គ្នា ដូចជា ៖

1 . ការនោម​ញឹកញាប់ ៖ តែ​ទឹកនោម​មិនសូវ​មាន​ហូរ​ច្រើន​នោះ អាច​បណ្ដាល​មកពី​លោកអ្នក​រលាក​ប្លោក​នោម។ ប្រសិនបើ​អាការ​នោមច្រើន​នេះ​បង្ហាញ​ពីភាព​ផ្សា​ក្រហាយ​ត្រង់​ប្រដាប់​ភេទ​ទៀតនោះ អាច​បណ្ដាល​មកពី​ជម្ងឺ​រលាក​ប្លោក​នោម ឬ​រលាក​បង្ហួរ​នោម។ ជាធម្មតា​ជម្ងឺ​រលាក​ប្លោកនោម​កើតមាន​មិន​ចំពោះ​បុរស​ឬ​ស្ដ្រី​នោះទេ បង្កឡើង​ដោយ​សារ​មេរោគ​ក្នុង​ទឹកនោម​ដែលធ្វើ​ដំណើរ​តាម​តម្រង​នោម​មកចត​ត្រឹម​អាងស្ដុក​ទឹកនោម​សម្រាប់​បញ្ចេញ ហើយ​រាលដាល​ដល់​ប្លោកនោម​តែម្ដង។ ចំពោះ​ស្ដ្រី​វិញ​ការ រលាក​ប្លោកនោម​ងាយ​កើតមាន​ឡើង​ជាង​បុរស ព្រោះ​ថារន្ធ​បន្ដពូជ និង​រន្ធគូទ វាមាន​ភាព​ជិតស្និទ្ធ​ប្រកៀក​នឹងគ្នា ហើយ​ប្រាស្រ័យ ទាក់ទង​គ្នាស្អិត​រមួត​ពេក។

2 . ការ​នោមច្រើន​ហើយ​ញឹកញាប់ ៖ ជាទូទៅ​ការនោម​ច្រើន​ដែល​មាន​ទឹកនោម​ម្ដង​ពីកន្លះ​លីត្រ ឬ​លើសពី​នេះគឺ​បណ្ដាល​មកពី​ជម្ងឺ​ទឹកនោម​ផ្អែម ដោយ​សារ​តម្រង​នោម​ប្រឹងច្រោះ​ជាតិ​ទឹក នៅពេល​ដែល​ជម្ងឺនេះ​ចាប់ផ្ដើម​មាន​ដំបូង។ តែ​ក្រោយ​មកជម្ងឺ​នេះ បាន​ប្រែក្លាយ​ធម្មតា​វិញ បន្ទាប់ពី​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​ទឹកនោម​សាបបាន​បន្សាំ​តម្រង​នោម​ឱ្យចុះ​ខ្សោយ ហើយ​សរីរាង្គ​ក៏ចាប់​ផ្ដើមមាន​សភាព​ទ្រុឌទ្រោម​តាម​ការ​វិវឌ្ឍន៍​របស់​ជម្ងឺនេះ​តែម្ដង។

រោគ​សញ្ញា​នោម​ច្រើន

ការនោម​ច្រើន​បាន​បង្ហាញ​រោគ​សញ្ញា​ទៅតាម​ជម្ងឺ​នីមួយៗ ព្រោះពេល​ខ្លះ​នោមច្រើន​តែមាន​បរិមាណ​ទឹកនោម​តិចតួច ឬ ច្រើន មានតែ​វេជ្ជបណ្ឌិត​ជំនាញ​ទេ ទើបអាច​ដឹងថា​បណ្ដាល​មកពី​ជម្ងឺ​អ្វី។

ការ​ព្យាបាល​អាការ​នោម​ច្រើន

ក្រោយពេល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា អ្នកជម្ងឺ​នោមច្រើន​បណ្ដាល​មកពី​រលាក​ប្លោក​នោម ឬ​រលាក​បង្ហួរ​នោម អ្នក​ជម្ងឺ​អាច​ព្យាបាល​ដោយថ្នាំ​ផ្សះ​តាមការ​កំណត់​របស់​គ្រូពេទ្យ​ទើប​ជាសះ​ស្បើយ។ តែ​ប្រសិនបើ​លោកអ្នក​ត្រូវធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា អាការ​នោមច្រើន​កើតឡើង​ដោយសារ​ជម្ងឺ​ទឹកនោម​ផ្អែម ឬ​ទឹកនោម​សាប នោះ​គ្រូពេទ្យ​ជ្រើសរើស​វិធី​ព្យាបាល​ផ្សេង​ទៀត ព្រោះ​អាការ​រោគ​ខាងលើ​នេះចែក​ដាច់ពី​គ្នា ប្រសិន​បើមិន​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ លោកអ្នក​អាច​ប្រឈម​មុខនឹង​ជម្ងឺ​ផ្សេង​ទៀត ហើយ​ធ្ងន់ធ្ងរ​មិនខាន​ឡើយ។

វិធី​ការពារ​អាការ​នោមច្រើន

ប្រសិន​បើនោម​ច្រើន​បណ្ដាល​មកពី​រលាក​ប្លោកនោម លោកអ្នក​ត្រូវ​ទទួលទាន​ទឹកច្រើន​ ពេល​ឈឺនោម​ត្រូវតែ​នោម មិនត្រូវ​បង្អង់​យូរ​ឡើយ។ ព្រោះ​ទឹកនោម​របស់​លោកអ្នក​គឺ​ជាកាក​សំណល់​ដែល​ចម្រាញ់​ចេញពី​សរីរាង្គ ពោល​គឺសល់់​ពីការ​ប្រើប្រាស់ បង្កប់​ទៅដោយ​សារ​ជាតិ​ជីអ៊ុយរ៉េ ដែល​អាចយក​ទៅ​ស្រោច​ដំណាំ ហើយ​ទទួល​ផលបាន​ល្អ។ ម្យ៉ាងទៀត​លោកអ្នក​មិនត្រូវ​បរិភោគ​ទឹកមុន ពេល​ទទួលទាន​ដំណេក​ពេលយប់​ច្រើន​ពេកនោះ​ទេ ព្រោះ​អាចបង្ក​ឱ្យប៉ះ​ពាល់ដល់​បញ្ហា​តម្រង។

ផល​ប៉ះពាល់​ចំពោះ​អាការ​នោមច្រើន​ដែល​មិនបាន​ធ្វើការ​ព្យាបាល

ជម្ងឺ​រលាក​ប្លោកនោម​ប្រសិន​បើមិន​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​ទេនោះ ឬ​ទុកយូរ​អាច​ប៉ះពាល់​តម្រង​នោម​ធ្វើឱ្យ​ចុះខ្សោយ ដោយ​សារតែ​ការ​បញ្ចេញ​នូវ​មេរោគ​ដែលមាន​សារជាតិ​អ៊ុយរ៉េ មិនអាច​បញ្ចេញ​មក​ខាងក្រៅ​បាន ហើយ​មាន​កំណើន​កាន់តែ​ច្រើនក្នុង​ខ្នែង​របស់តម្រង​នោម។ ចំពោះ​ស្ដ្រីងាយ​មាន​៨០ភាគរយ ព្រោះ​ទ្វារមាស​និង​ទ្វារលាមក​កៀក​គ្នា ធ្វើ​ឱ្យមេរោគ​ឆ្លងទៅ​ឆ្លងមក។ ចំពោះ​ជម្ងឺ​រលាក​ប្លោកនោម និង​រលាក​បង្ហួរនោម​របស់​ស្ដ្រី​ភាគច្រើន​កើតឡើង​តាមរយៈ​មេរោគ​ក្នុង​លាមក។ ប្រសិនបើ​ស្ដ្រី នោះមាន​ជម្ងឺ​ធ្លាក់ស ឬ​ធ្លាក់ឈាម មេរោគ​នេះ​ងាយនឹង​ជ្រៀតចូល​យ៉ាងខ្លាំង។

ដំបូន្មាន​អ្នក​ជំនាញ

ប្រសិនបើ​លោកអ្នក​ឈឺនោម ត្រូវតែ​នោម​ជាដាច់​ខាត ព្រោះ​ជម្ងឺ​រលាក​ប្លោកនោម​នេះកើតឡើង​ដោយ​សារការ​កកស្ទះ​នូវ​ទឹកនោម​ដែល​ចម្រោះ​ចេញ​មក​ខាងក្រៅ។ បើ​លោកអ្នក​ទុកយូរ​ធ្វើឱ្យ​មេរោគ​ក្នុង​ទឹកនោម​ច្រាលឡើង​ទៅតាម​ខ្នែង​បង្ហួរ​នោម បង្ក​ឱ្យមាន​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​រលាក​ប្លោកនោម​ជាដើម ធ្វើឱ្យ​តម្រងនោម​ចុះខ្សោយ​ថែមទៀត​ផង។ មិនតែ​ប៉ុណ្ណោះ ប្រសិនបើ​លោកអ្នក នោម​ញឹកញាប់ គួរ​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការព្យាបាល​ទាន់ពេល​វេលា ដើម្បី​បញ្ចៀស​ជម្ងឺ​កុំឱ្យ​នៅ​រ៉ាំរ៉ៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *