កាលពីលេខមុន សុភាពនារីបានជ្រាបរួចមកហើយអំពីការតុបតែងមុខបែបកូរ៉េ នៅលេខនេះមិត្ដនារីនឹងបានជ្រាបបន្ថែមទៀតអំពីការតុបតែងមុខបែបជនជាតិចិន។ ព្រោះការតុបតែងមុខបែបចិននេះក៏កំពុងតែពេញនិយមផងដែរសម្រាប់យុវវ័យ និងស្ដ្រីវ័យកណ្ដាល។ ចំពោះការផាត់មុខបែបចិននេះក៏មិនមែនជារឿងមួយដែលលំបាកនោះដែរ បើសិនជាមិត្ដនារីយកចិត្ដទុកដាក់ និងធ្វើទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយកញ្ញា បេអង មេជាងប្រចាំហាងស៊ីនឌី ដើម្បីពន្យល់អំពីវិធីនៅក្នុងការតុបតែងមុខបែបចិន។
ប្រការល្អគួរយល់ដឹងនៅពេលតុបតែងមុខ
មុនពេលចាប់ផ្ដើមតុបតែងមុខ គួរតែរៀបចំឧបករណ៍សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់។ ការតុបតែងមុខក៏តម្រូវ ទៅលើពន្លឺផងដែរ ដូច្នេះស្ដ្រីទាំងឡាយគួរជ្រើសរើសកន្លែងតុបតែងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ មិនងងឹតពេក ដើម្បីងាយស្រួលក្នុងការតុបតែង ចៀសវាងលាបទៅមើលឃើញស ឬក្រាស់មិនស្មើសាច់។
វិធីតុបតែងមុខបែបចិន
ការតុបតែងមុខបែបចិនជាដំបូងត្រូវចាប់ផ្ដើមប្រើម្សៅទ្រនាប់លាបផ្ទៃមុខ មិនស្ដើងពេកមិនក្រាស់ពេក លាបឱ្យសព្វពេញ ផ្ទៃមុខ។ បន្ទាប់មកទៀតត្រូវប្រើម្សៅហុយលាប ដើម្បីឱ្យស្បែកមុខម៉ដ្ឋរលោងហើយជាប់បានយូរ។ ចិញ្ចើមអាស្រ័យទៅលើមុខ បើ សិនជាទម្រង់មុខធំត្រូវគូសធំ តែបើទម្រង់មុខតូចត្រូវគូសឱ្យតូច ដើម្បីឱ្យស៊ីគ្នាជាមួយផ្ទៃមុខ ដោយប្រើខ្មៅដៃគូសចិញ្ចើមពណ៌សូកូ ឡា។ បន្ទាប់មកត្រូវប្រើម្សៅផាត់ភ្នែកដោយប្រើពណ៌ស ត្រូវលាបមិនឱ្យក្រាស់ពេក និងមិនស្រាលពេកទេ។ ចំណែកឯត្របកភ្នែកវិញត្រូវតែមានភាពភ្លឺរលោង ដោយប្រើពណ៌ផ្កាឈូកឬពណ៌ទឹកក្រូចជាដើម។ លោកស្រីអ្នកនាងកញ្ញាគប្បីប្រើខ្មៅដៃគូសខ្សែភ្នែក ខាងក្រោមឱ្យដិតខ្លាំងបន្ដិច ដោយប្រើពណ៌ខ្មៅអូសឱ្យវែងហួសកន្ទុយភ្នែកបន្ដិច។ រីឯម្សៅពណ៌ដែលត្រូវផាត់ថ្ពាល់វិញ សុភាពនារីគួរ តែប្រើពណ៌ផ្កាឈូកឬពណ៌ទឹកមាសផាត់ស្រាលៗ។ បន្ទាប់មកប្រើក្រែមពណ៌ទឹកក្រូចឬពណ៌ផ្កាឈូកលាបលើបបូរមាត់ ហើយត្រូវលាបក្រែមរលោងពីលើបបូរមាត់។ ជាចុងក្រោយសុភាពនារីត្រូវប្រើម៉ាស្ការ៉ាលាបនៅលើរោមភ្នែក ដើម្បីជួយបន្ថែមសោភ័ណភាព រោមភ្នែកឱ្យមើលទៅឃើញក្រាស់ជាការស្រេច។ ចំពោះការតុបតែងមុខបែបចិននេះអាចចូលរួមបានគ្រប់កម្មវិធី ជាពិសេសពិធីមង្គលការ និងពិធីជប់លៀងផ្សេងៗ ហើយអាចប្រើបានសម្រាប់យុវវ័យ និងស្ដ្រីវ័យកណ្ដាល។
ដំបូន្មានអ្នកជំនាញ
សុភាពនារីនៅពេលផាត់មុខហើយ គួរតែត្រួតពិនិត្យឱ្យបានម៉ត់ចត់។ ប្រសិនបើមើលទៅមិនបានល្អគ្រប់កន្លែង ទោះតិចតួច ក្ដី គួរតែកែលម្អឱ្យបានប្រសើរឡើងវិញ។ តែបើសិនជាមើលទៅខុសច្រើនពេក ហើយមានការលំបាកនៅក្នុងការកែលម្អ គួរតែលុប ចោលទាំងអស់រួចចាប់ផ្ដើមតុបតែងសាជាថ្មី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply