មនុស្សគ្រប់វ័យតែងតែប្រាថ្នាចង់ឱ្យស្បែកមុខរបស់ខ្លួនមានពន្លឺ និងតឹងណែនជាដរាប បើទោះបីដឹងថាស្បែករបស់ខ្លួន មានសភាពជ្រីវជ្រួញទៅតាមអាយុកាលក៏ដោយ។ ជាពិសេសសុភាពនារីគ្រប់វ័យដែលមានបំណងចង់រក្សាសម្រស់របស់ខ្លួនឱ្យបានស្ថិតស្ថេរបានយូរអង្វែង តែងតែទៅទិញថ្នាំលាបឬម្សៅផ្សេងៗ ដើម្បីបំបាត់ភាពជ្រីវជ្រួញនៅលើផ្ទៃមុខជានិច្ច ដោយសុភាពនារីខ្លះមិនទាន់យល់ច្បាស់អំពីការប្រើប្រាស់ត្រឹមត្រូវធ្វើឱ្យស្បែកលើផ្ទៃមុខកាន់តែដុនដាបថែមទៀតផងដែរ។
ខាងក្រោមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ គ្រូពេទ្យឯកទេសជម្ងឺសើ ស្បែក-ឡេសឺរ នៃគ្លីនិកកាដាវ ធ្វើការបកស្រាយអំពីវិធីបន្ដឹងស្បែកមុខ។
អ្វីជាម្សៅលាបបន្ដឹងស្បែកមុខ?
ម្សៅលាបបន្ដឹងស្បែកមុខគឺជាប្រភេទម្សៅម្យ៉ាងដែលមានការបូកផ្សំបញ្ចូលគ្នាជាមួយនឹងរូបមន្ដថ្នាំមួយចំនួន ឬជាម្សៅ ដែលចម្រាញ់ចេញពីរុក្ខជាតិ ឬផ្លែឈើ ហើយក៏បង្កើតបានជាផលិតផលមួយមុខដែលក្នុងសារជាតិម្សៅនោះត្រូវបានគេអះអាងថា ជា ម្សៅបន្ដឹងស្បែកមុខ។ វត្ថុធាតុដើមដែលអាចបន្ដឹងស្បែកមុខបានគឺត្រូវប្រើរូបមន្ដផ្សំនូវសារធាតុខ្លាំងៗ ពេលដែលជ្រាបចូលក្នុងស្បែកវាអាចមានឥទ្ធិពលទៅលើកោសិកាស្បែកម្យ៉ាង។ ហើយវាដើរតួនាទីពីរ គឺធ្វើឱ្យស្បែកជ្រួញ ឬស្បែកតឹងដោយសារពពួកសារធាតុទាំងនោះ។ មិនតែប៉ុណ្ណោះសារជាតិអាស៊ីត “អាស៊ីតសម្រាប់ព្យាបាល” ក៏អាចជួយបន្ដឹងស្បែកបានផងដែរ។ ដូច្នេះអាស្រ័យ ទៅលើសារធាតុផ្សំ បើលាយទៅត្រឹមត្រូវអាចជួយបន្ដឹងស្បែកយើងបាន។
អត្ថប្រយោជន៍របស់ម្សៅលាបបន្ដឹងស្បែកមុខ
ជាទូទៅពពួកម្សៅទាំងនេះស្ថិតនៅលើការលាយផ្សំ។ ឧទាហរណ៍ ម្សៅប្រៀបដូចជាសម្ល សំខាន់យើងត្រូវដឹងថា សម្ល នោះជាសម្លអ្វី ទើបស្វែងរក។ បើយើងនិយាយថា សម្លកកូរ សម្លម្ជូរយួនជាដើម យើងដឹងថា តាមមុខម្ហូបនីមួយៗនេះត្រូវការគ្រឿងផ្សំអ្វីខ្លះ។ មិនខុសពីម្សៅលាបបន្ដឹងស្បែកមុខនោះឡើយ វាក៏អាស្រ័យទៅលើការផ្សំរបស់វាផងដែរ ដើម្បីរកហេតុផលឱ្យក្លាយទៅជាម្សៅបន្ដឹងស្បែកមុខ។ ប៉ុន្ដែដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាពដល់ស្បែកលោកអ្នកប្រើប្រាស់នោះ គួរទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសសិន ទើបការប្រើប្រាស់នោះទទួលបាននូវអត្ថប្រយោជន៍ខ្ពស់ចំពោះស្បែក។
ផលវិបាកដែលកើតមានក្រោយពេលលាបម្សៅបន្ដឹងស្បែកមុខ
អ្នកប្រើមួយចំនួនមិនបានគិតគូរអំពីបញ្ហានេះទេ ឱ្យតែគេប្រាប់ថា លាបម្សៅ ឬឡេធ្វើឱ្យសាច់សខ្ចី ឬឃើញពីទិដ្ឋភាព ជាក់ស្ដែង ដូចជាសាច់គេសភ្លឺរលើបរលោង សាច់សខ្ចី ប្លែកពីធម្មតានោះ ចាប់ផ្ដើមជឿតែម្ដង។ តែផ្ទុយទៅវិញលោកអ្នកខ្លះ ពេលដែលយកទៅប្រើប្រាស់មិនសមបំណង ហើយបែរជាប្រតិកម្មលើស្បែក ព្រោះមូលហេតុទាំងនេះគឺបណ្ដាលមកពីម្សៅឬឡេនោះ មិនសក្ដិសមទៅនឹងស្បែករបស់ខ្លួន។ ឧទាហរណ៍ ស្បែកមនុស្សម្នាក់ៗមានសំណើមខុសគ្នា ហើយតម្រូវការក្នុងការប្រើប្រាស់ ផលិតផលក៏ខុសគ្នាដែរ។ ដូច្នេះមុននឹងប្រើប្រាស់ផលិតផល គួរតែទៅពិនិត្យស្បែកដោយគ្រូពេទ្យឯកទេសសិន ទើបចាប់ផ្ដើម ប្រើប្រាស់ ចៀសវាងមានបញ្ហាប្រតិកម្មស្បែកធ្វើឱ្យស្បែកកាន់តែមានសភាពជ្រីវជ្រួញថែមទៀត។ ដោយឡែកក្រោយពេលផ្សំ ជាមួយសារជាតិមួយចំនួនហើយ គួរយកទៅឱ្យគ្រូពេទ្យជំនាញដើម្បីពិនិត្យជាមុនសិន ព្រោះថាសារជាតិម្សៅដែលបានផ្សំឡើងនោះ វាសក្ដិសមទៅនឹងស្បែកដែលយើងគួរតែយកទៅប្រើប្រាស់ដែរឬយ៉ាងណា។ ប៉ុន្ដែជាទូទៅ ការប្រើប្រាស់ម្សៅបន្ដឹងស្បែក ឬកាត់បន្ថយភាពជ្រីវជ្រួញគឺមិនងាយបានផលល្អដូចផលិតផលដែលមានម៉ាកឬការប្រកាសត្រឹមត្រូវនោះទេ លើកលែងតែសុភាពនារីមួយចំនួនមានការថែរក្សាសម្រស់ដោយខ្លួនឯងម្ដងបន្ដិច ឬគួបទៅនឹងវិធីព្យាបាលខ្លះៗ ទើបអាចប្រសើរ។
វិធីជ្រើសរើសពេលវេលាក្នុងការប្រើប្រាស់
សម្រាប់ពេលវេលាក្នុងការប្រើប្រាស់ម្សៅបន្ដឹងស្បែកមុខ វាមិនមែនជាការសំខាន់នោះទេ លើកលែងតែធាតុផ្សំរបស់វា លាយឡំជាមួយសារជាតិអាស៊ីតច្រើនឬយ៉ាងណា បើមានជាអាស៊ីតនោះគឺប្រើបានតែពេលវេលាពេលព្រឹកតែប៉ុណ្ណោះ។ បើឡេនោះលាយជាមួយសារជាតិធម្មតា គឺប្រើបានគ្រប់ពេលវេលាដោយមិនរើសពេលវេលាទេ។ លទ្ធផលយ៉ាងណានោះ វាអាស្រ័យទៅលើ សារជាតិលាយថ្នាំទៀតផង។ ពេលខ្លះការលាយផ្សំថ្នាំទាំងនេះដាក់លើសបរិមាណរហូតធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវផលវិជ្ជមានផង ផលអវិជ្ជមានផង។ មានន័យថា ផលវិជ្ជមានគឺធ្វើឱ្យស្បែកឆាប់ស ស្បែកជ្រះថ្លា និងស្បែកតឹង។ ចំពោះផលអវិជ្ជមានវិញ ទន្ទឹមនឹងស្បែកស ជ្រះថ្លាតឹងនោះ ក៏មានការប្រតិកម្មស្បែករោល ក្រហម រមាស់ផងដែរ ។
វិធីព្យាបាលក្រោយពេលប្រតិកម្មលើស្បែកដោយសារម្សៅបន្ដឹងស្បែកមុខ
ការព្យាបាលក្រោយពេលដែលស្បែកមានបញ្ហា ដោយសារម្សៅលាបបន្ដឹងស្បែកមុខគឺជាការជ្រើសរើសវិធីព្យាបាលតាមរោគសញ្ញាគ្លីនិកជាក់ស្ដែងដែលអ្នកជម្ងឺឈឺចាប់ប៉ុណ្ណា ធ្វើទុក្ខក្នុងខ្លួនប៉ុណ្ណា។ ប្រសិនជាស្បែកនេះមានអាឡែកស៊ីតិចៗ គ្រូពេទ្យ នឹងពន្យល់ប្រាប់គាត់ឱ្យឈប់ប្រើប្រាស់ វាអាចកាត់បន្ថយស្នាមរបួស ហើយក៏អាចឈានដល់ការជាសះដោយខ្លួនឯងបានដែរ តែត្រូវចំណាយពេលអាស្រ័យលើស្ថានភាពប្រតិកម្មឬជម្ងឺ។ ប្រសិនបើអាឡែកស៊ីនោះកើតមានកម្រិតមធ្យម គាត់ត្រូវទៅជួបនឹងគ្រូពេទ្យ ហើយគ្រូពេទ្យនឹងព្យាបាលដោយផ្ដល់ថ្នាំបន្សាប ដើម្បីកាត់បន្ថយនូវជម្ងឺនោះ។ តែបើអាឡែកស៊ីប្រតិកម្មខ្លាំងក្លា រហូតមានការបញ្ជូន ទៅសង្គ្រោះបន្ទាន់ មានន័យថាអ្នកជម្ងឺមិនត្រឹមតែឈឺលើផ្ទៃមុខនោះទេ គឺឈឺក្នុងខ្លួនប្រាណ ព្រោះវាដល់កម្រិតចុងក្រោយដែលត្រូវប្រតិកម្ម។
វិធីការពារចំពោះការប្រើប្រាស់ម្សៅបន្ដឹងស្បែកមុខ
វិធីសាស្ដ្រការពារមិនមែនជារឿងលំបាកនោះទេ មុននឹងប្រើប្រាស់លោកអ្នក ជាពិសេសសុភាពនារីទាំងអស់ត្រូវមកពិនិត្យ ស្បែកជាមួយគ្រូពេទ្យជំនាញសើស្បែកជាមុនសិន ដើម្បីឱ្យគាត់បញ្ជាក់ថា ស្បែកយើងត្រូវប្រើប្រាស់ថ្នាំឬឡេ ម្សៅប្រភេទណាឱ្យសក្ដិសម ធានាមិនមានអាឡែកស៊ី រលាក ឬក៏ប្រតិកម្ម។ មិនតែប៉ុណ្ណោះប្រសិនបើគ្រូពេទ្យពន្យល់ប្រាប់អំពីការប្រើប្រាស់ ផលិតផលនេះទទួលបានផ្លែផ្កាហើយ ទោះបីជាវាយឺតក៏ដោយតែវាមានសុវត្ថិភាពក្នុងពេលប្រើប្រាស់។ សុភាពនារីទូទៅត្រូវចាំថា ម្សៅអ្វីក៏ដោយតែងតែមានអាឡែកស៊ី មានន័យថាមិនអាចសម្រាប់ស្បែកគ្រប់រូបប្រើបានដូចគ្នានោះទេ។ ឧទាហរណ៍ មានអ្នកប្រើប្រាស់ផលិតផលមួយរយនាក់ មានម្នាក់ឬពីរនាក់ក្រហម ក្រហាយ រមាស់ជាដើម។ ដូច្នេះប្រសិនបើផលិតផលល្អត្រឹមត្រូវ ត្រូវឆ្លងកាត់ក្រសួងជំនាញនោះ ប្រាកដជាសរសេរថា“បើលោកអ្នកប្រើទៅមានក្រហម កន្ទួល រមាស់ ត្រូវទៅជួបគ្រូពេទ្យ”។ ដោយឡែកអ្នកប្រើប្រាស់ទូទៅមិនបានចាប់អារម្មណ៍ស្លាកយីហោ ឬពាក្យទូន្មានទាំងនេះនោះទេ សំខាន់ច្រើនតែប្រើផលិតផលតាមការនិយាយ ប្រាប់គ្នាតែប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីទាំងអស់ មុននឹងប្រើប្រាស់ថ្នាំលាបបន្ដឹងស្បែកមុខ ឡេ ម្សៅ ឬផលិតផលជាដើម ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យសើស្បែកជាមុន ព្រោះដើម្បីឱ្យគាត់ពិនិត្យ ឬផ្ដល់យោបល់ផ្សេងៗដែលទាក់ទិនទៅនឹងផលិតផល ឬទាក់ទិនទៅស្បែករបស់យើងដោយផ្ទាល់តែម្ដង។ ក្រោយពេលដែលវេជ្ជបណ្ឌិតឱ្យដំបូន្មានហើយ ការប្រើប្រាស់នឹងទទួលបាននូវលទ្ធផលខ្ពស់គ្រាន់បើជាងទៅប្រើប្រាស់ដោយមិនមានការឆ្លងកាត់ការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply