ការរស់នៅប្រកបដោយអនាម័យជាប្រការមួយដែលគួរអនុវត្ដ ជាពិសេសសម្រាប់អ្នកមានវ័យចំណាស់មានសុខភាពទន់ខ្សោយ គួរគប្បីយល់ដឹងពីរបៀបរស់នៅ តំហែទាំសុខភាពនិងអនាម័យបែបមនុស្សចាស់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសឱ្យផុតពីផលប៉ះពាល់ដល់សុខភាពដែលបណ្ដាលមកពីកង្វះខាតនូវភាពស្អាត។
លោកវេជ្ជបណ្ឌិត លីវ អាន ជាអ្នកជំនាញឯកទេសជម្ងឺទូទៅ នឹងពន្យល់ពីប្រការគួរប្រតិបត្ដិសម្រាប់មនុស្សដែលមានវ័យចំណាស់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ហេតុអ្វីត្រូវយល់ដឹងអំពីអនាម័យមនុស្សចាស់
តាមតួលេខនៃការវិភាគទិន្នន័យសុខភាពរបស់អង្គការសុខភាពពិភពលោក បានបែងចែកមនុស្សជាបីក្រុម គឺក្រុមមនុស្ស ដែលមានសុខភាពបរិបូណ៌ សុខភាពធម្មតា និងសុខភាពខ្សោយ ឬមនុស្សចាស់ដែលងាយឈឺថ្កាត់ដោយសារជម្ងឺរ៉ាំរ៉ៃផ្សេងៗ។ មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ត្រូវបានរាប់បញ្ចូលជាក្រុមមនុស្សចាស់។ ក្នុងវ័យនេះសរីរាង្គកាយគ្រប់ផ្នែកចាប់ផ្ដើមទ្រុឌទ្រោម និងចុះខ្សោយជាលំដាប់ ជាពិសេសសរសៃឈាមចាប់ផ្ដើមរឹងស្ពឹកបន្ដិចម្ដងៗ កែវភ្នែកឡើងអាប់ ស្រវាំង ជួនពេលខ្លះអាចទៅជាងងឹត សម្លេងញ័រ ត្រចៀកធ្ងន់ ឆ្អឹងអស់ជាតិអ៊ីយ៉ូតប្រែទៅជាស្រួយ ងាយទទួលរងការបែកបាក់ដោយសារការប៉ះទង្គិច ពីផ្នែកខាងក្រៅ ចង្វាក់បេះដូងចាប់ផ្ដើមលោតយឺត ដង្ហើមថមថយ រីឯសីតុណ្ហភាពក្នុងខ្លួនចាប់ផ្ដើមចុះខ្សោយធ្លាក់ចុះខុសពីធម្មតា ដែលមានកម្រិតសីតុណ្ហភាព៣៦អង្សា។ សភាពទាំងអស់នេះជាមូលហេតុដែលបង្កឱ្យកើតមានបញ្ហាធ្ងន់ធ្ងរ បើសិនជាពុំបានយកចិត្ដទុកដាក់ ឬពុំបានយល់ដឹងឱ្យស៊ីជម្រៅពីការរស់នៅ និងការប្រតិបត្ដិខ្លួនតាមរបៀបរស់នៅបែបមនុស្សចាស់នោះទេ។
ប្រការគួរប្រតិបត្ដិសម្រាប់មនុស្សចាស់
នៅក្នុងវ័យចំណាស់ លោកអ្នកគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានច្រើនទាំងផ្នែកសុខភាពរាងកាយ ការធ្វើចលនា និងការហូបចុក។ លោកអ្នកត្រូវប្រាកដថា ការរស់នៅប្រកបដោយផាសុកភាព ព្រមទាំងមានអនាម័យល្អ។ ខាងក្រោមនេះជាសកម្មភាព មួយចំនួនដែលមានក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអ្នក និងជាប្រការដែលគួរប្រតិបត្ដិធ្វើតាម ៖
- ត្រូវសម្រាកក្នុងមួយយប់មួយថ្ងៃឱ្យបានពី៧-៨ម៉ោងជាប្រចាំ។
- នៅពេលភ្ញាក់ពីដំណេក លោកអ្នកគួរតែធ្វើលំហាត់ប្រាណឱ្យបានយ៉ាងតិច២០នាទីជារៀងរាល់ព្រឹក ហើយត្រូវប្រាកដថា លំហាត់ប្រាណនោះមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែលមិនបណ្ដាលឱ្យមានការឈឺចាប់តាមសន្លាក់សាច់ដុំ ឬក៏ហួសកម្លាំង។
- ត្រូវបរិភោគអាហារតាមពេលវេលាដែលធ្លាប់ប្រតិបត្ដិកន្លងមក ត្រូវមានចន្លោះពេលច្បាស់លាស់ មិនញាប់ពេក មិនយឺតពេក និងទៀងទាត់ពេលវេលា។ ក្នុងការបរិភោគ ត្រូវជ្រើសយកអាហារណាដែលល្អ ជួយទំនុកបម្រុងរាងកាយ និងសម្បូរដោយ សារជាតិបំប៉ន និងវីតាមីន ដែលមាននៅក្នុងបន្លែបៃតង ផ្លែឈើ ទឹកដោះគោ និងអាហារដែលផលិតដោយជាតិទឹកដោះ និងម្សៅ។
- ត្រូវមានអនាម័យខ្លួនប្រាណ ងូតទឹក ដុសលាង សម្អាតខ្លួនឱ្យបានស្អាតជានិច្ច កុំទុកឱ្យក្អែលឡើងជាប់ក្រាំង។
- គួរបរិភោគសាច់អាំង និងសាច់ខ្វៃបន្ដិចបន្ដួចនៅពេលថ្ងៃត្រង់។
- ត្រូវមានដំណើរកម្សាន្ដនៅពេលណាមានអាកាសធាតុល្អ ដើម្បីស្រូបយកខ្យល់បរិសុទ្ធឱ្យបានច្រើន។
- បរិភោគទឹកត្រជាក់ស្អាតឱ្យបានច្រើន ពិសេសទឹកដែលមានសារជាតិរ៉ែខនិជ។
- បរិភោគទឹកមុនពេលចូលដំណេក និងក្រោយពេលភ្ញាក់ពីដំណេករៀងរាល់ថ្ងៃជាប្រចាំ។
- ត្រូវមានសម្មាធិឱ្យបានច្រើន និងហ្វឹកហាត់អារម្មណ៍ស្មារតីឱ្យបាននឹងនរ កុំឆាប់ខឹងពេក ឬសប្បាយពេក។
ប្រការគួរចៀសវាងសម្រាប់មនុស្សចាស់
- មិនត្រូវទទួលទានដំណេកយូរ ឬអង្គុយយូរពេកទេ។
- គ្រប់ឥរិយាបថទាំងអស់មិនត្រូវធ្វើចលនារហ័សពេក រួមមានការក្រោកពីដំណេក ងើបអង្គុយ ឬឈរ និងធ្វើដំណើរជាដើម។
- ចៀសវាងការបំពេញការងារហួសកម្លាំង និងឱនងើបច្រើនដង។
- កុំឱ្យត្រូវខ្យល់ និងអាកាសធាតុត្រជាក់ញឹកញាប់ពេក ដែលជាហេតុបង្កឱ្យមានជម្ងឺ។
- តមដាច់ខាតចំពោះការពិសាស្រា បារី កាហ្វេ ឱសថដែលប៉ះពាល់សុខភាព បូករួមទាំងតែផងដែរ។
- កុំបរិភោគសាច់ដែលសម្បូរជាតិខ្លាញ់ច្រើនពេក ដូចជាម្ហូបខ សាច់ក្រក សាច់ភ្លាជាដើម។
- ពិសេសមិនត្រូវអានសៀវភៅច្រើន ឬយូរ ដែលជាហេតុធ្វើឱ្យភ្នែកឆាប់ស្រវាំង។
បើសិនជាលោកអ្នកអាចងាកចេញពីការប្រព្រឹត្ដទាំងអស់ខាងលើនេះបាន នឹងធ្វើឱ្យលោកអ្នកចៀសផុតពីអន្លង់ជ្រៅនៃជម្ងឺឈឺថ្កាត់។ ជីវិតដែលផ្ដល់ឱ្យមានតែម្ដងគត់ បើធ្វើវិនិយោគចំពោះសុខភាព គឺអាចពន្យារនូវដំណើរជីវិតរបស់លោកអ្នកទទួលនូវកាយសម្ព័ន្ធ និងសុខភាពមាំមួន។
ដំបូន្មានអ្នកឯកទេស
សុខភាពជាកត្ដាសំខាន់សម្រាប់មនុស្សគ្រប់រូប ពិសេសនៅពេលឈានដល់វ័យចំណាស់ គឺជាវ័យដែលត្រូវបានគេរាប់ចូល ជាប្រភេទមនុស្សទន់ខ្សោយ ទាំងផ្នែកស្មារតី និងរាងកាយ។ ដូចនេះលោកអ្នកគួរគប្បីស្វែងយល់អំពីអនាម័យ និងការរស់នៅតាមក្បួនខ្នាតដែលបានណែនាំ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ជាពិសេសគួរតែឧស្សាហ៍ទៅពិនិត្យសុខភាព និងសម្ពាធឈាមឱ្យបានញឹកញាប់ ប្រសិនបើមានអាការប្លែកក្នុងខ្លួន គួរប្រញាប់ស្វែងរកជំនួយពីគ្រូពេទ្យដែលមានជំនាញ ចៀសវាងការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជា ជាហេតុធ្វើឱ្យបង់ខាតថវិកា និងពេលវេលា ហើយថែមទាំងអាចមានគ្រោះថ្នាក់ដល់សុខភាពទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply