ជម្ងឺជជុះមាន់គឺជាជម្ងឺដែលកើតនៅលើស្បែក មិនថាស្ដ្រីឬបុរស ក្មេងឬចាស់នោះទេ គឺអាចកើតបានទាំងអស់ ដោយគ្រាន់តែកន្លែងដែលកើតគឺខុសៗគ្នា ដូចជាមានអ្នកខ្លះកើតនៅលើដងខ្លួន ហើយអ្នកខ្លះទៀតកើតនៅលើដៃ ហើយអ្នកខ្លះក៏កើតនៅកន្លែងផ្សេងៗ។ លោកអ្នកមួយចំនួនតែងតែមានការយល់ច្រឡំគ្នាចំពោះជម្ងឺជជុះមាន់ជាមួយនឹងជម្ងឺភ្លឺ ព្រោះរោគសញ្ញាគឺកើត នៅលើស្បែកដូចគ្នា។ ជម្ងឺជជុះមាន់នេះមិនមែនជាជម្ងឺកាចសាហាវនោះទេ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគ នឹងបកស្រាយអំពីជម្ងឺជជុះមាន់។
អ្វីទៅជាជម្ងឺជជុះមាន់?
ជម្ងឺជជុះមាន់គឺជាជម្ងឺដែលឧស្សាហ៍ឃើញកើតនៅលើស្បែកទាំងក្មេងទាំងចាស់ ជាពិសេសអ្នកដែលមានស្បែកស្រអែម។ ជម្ងឺជជុះមាន់មិនមែនជាជម្ងឺដែលបង្កឡើងដោយបាក់តេរីឬមេរោគផ្សិតអ្វីនោះទេ គឺបណ្ដាលមកពីស្បែកខូចប្រែពណ៌ទៅជាស្លកពណ៌ តិចៗ ហើយមានក្រមររបកសៗនៅលើស្បែក ពេលខ្លះជម្ងឺជជុះមាន់មានការច្រឡំជាមួយជម្ងឺភ្លឺ។
រោគសញ្ញាជម្ងឺជជុះមាន់
រោគសញ្ញាជម្ងឺជជុះមាន់ភាគច្រើនគឺអ្នកជម្ងឺអាចធ្វើការសង្កេតឃើញដោយខ្លួនឯង ដូចជានៅលើស្បែកមួយកន្លែងគឺមាន ភាពរមាស់ ហើយនៅពេលដែលអេះនៅត្រង់កន្លែងដែលរមាស់ ពេលនោះស្បែករបស់លោកអ្នកឡើងហុយ។ ហើយនៅកន្លែង ដែលរមាស់មានលក្ខណៈជាពងក្រពើ មានប្រវែងប្រហែលជា១ទៅ២សង់ទីម៉ែត្រ ហើយក៏អាចមានរីកធំជាងនេះដែរ។ អ្នកជម្ងឺអាច សង្កេតឃើញនៅកន្លែងដែលរមាស់ ភាគច្រើនស្បែកមានសភាពស្លកពណ៌សខុសប្លែកពីកន្លែងស្បែកដទៃទៀត។ រោគសញ្ញានេះគេមានការសម្គាល់ទៅលើមនុស្សចាស់ អាចកើតមានគ្រប់កន្លែង ដូចជាមុខ ដងខ្លួន ដៃ ជើងជាដើម។ ចំពោះកុមារភាគច្រើន អាចកើតមាននៅលើផ្ទៃមុខច្រើនជាងគេ។ ជម្ងឺនេះភាគច្រើនគឺកើតឡើងដោយឯងៗ។
មូលហេតុបង្កឱ្យមានជម្ងឺជជុះមាន់
បើតាមកាស្រាវជ្រាវ ជម្ងឺនេះគឺគ្មានមូលហេតុអ្វីច្បាស់លាស់នោះទេ។ ជម្ងឺនេះមិនទាក់ទងទៅនឹងចំណីអាហារ ធាតុអាកាស និងមេរោគអ្វីនោះទេ ហើយក៏មិនទាក់ទងនឹងការអនាមយ័ខ្លួនប្រាណដែរ។ បើមានការទាក់ទងគឺអាស្រ័យទៅលើស្បែករបស់អ្នកជម្ងឺតែប៉ុណ្ណោះ។
ផលប៉ះពាល់នៃជម្ងឺជជុះមាន់
ជម្ងឺនេះមិនបង្កជាបញ្ហាអ្វីដែលគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ គឺមានការទាក់ទងទៅនឹងសម្ផស្សស្បែករបស់លោកអ្នកតែប៉ុណ្ណោះ ដូចជាកាលនៅពីក្មេងគឺមិនមានការចាប់អារម្មណ៍អ្វីជាមួយនឹងសម្ផស្សនោះ គឺមានតែឪពុកម្ដាយនោះទេដែលមានការចាប់អារម្មណ៍ចំពោះកូន។
វិធីព្យាបាលជម្ងឺជជុះមាន់
ការប្រើប្រាស់ថ្នាំលាបទៅលើស្បែកដែលកើតជម្ងឺនេះ ដោយមិនបាច់ធ្វើការចាក់ថ្នាំឬក៏លេបថ្នាំនោះទេ សំខាន់លោកអ្នក ត្រូវទិញថ្នាំដែលមានគុណភាពហើយអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ។ លោកអ្នកគួរតែមានការអនាម័យស្បែក ជាពិសេសគឺត្រូវ រក្សាស្បែកឱ្យមានសំណើម ព្រោះជម្ងឺនេះគឺមានការទាក់ទងនឹងស្បែកស្ងួតពេក។ ការវិវឌ្ឍន៍នៃជម្ងឺនេះមិនមានអ្វីដែលធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានការរីករាលដាលបន្ដិចបន្ដួចតែប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលកើតនូវជម្ងឺនេះ សូមកុំមានការព្រួយបារម្ភអ្វីខ្លាំងពេក ព្រោះជម្ងឺនេះមិនមែនជាជម្ងឺដែលធ្ងន់ធ្ងរនោះទេ ហើយក៏អាចបាត់ទៅវិញដែរ ដោយលោកអ្នកគ្រាន់តែថែរក្សាស្បែកលោកអ្នកឱ្យមានជាតិសំណើម នោះជម្ងឺនេះនឹងអាចបាត់ទៅវិញ។ បើសិនជាលោកអ្នកមានការសង្ស័យចំពោះជម្ងឺនេះ លោកអ្នកគួរតែទៅពិភាក្សាជាមួយអ្នកជំនាញ ដើម្បីរកវិធីព្យាបាល។
Leave a Reply