ដើម្បីរួមចំណែកក្នុងការដឹកនាំប្រទេស និងជួយរំលែកដល់រាជរដ្ឋាភិបាលជុំវិញការកាត់បន្ថយភាពក្រីក្រ ក្រសួងសុខាភិបាលបានរៀបចំប្រព័ន្ធសុខាភិបាលមួយដើម្បីអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាល និងជម្ងឺឈឺថ្កាត់ផ្សេងៗ ដែលតែងតែជួប ប្រទះរបស់ពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាពទៅព្យាបាលជម្ងឺរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះ ក្រសួងសុខាភិបាលបានយកចិត្ដទុកដាក់បង្កើតប្រព័ន្ធអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាល ដោយមិនត្រូវការតម្លៃជាចាំបាច់។
ការអនុគ្រោះដល់ជនក្រីក្រក្នុងការព្យាបាលគឺជាការរួមចំណែករបស់រដ្ឋាភិបាល
ថ្លែងក្នុងវេទិកាសុខភាពសាធារណៈស្ដីអំពីភាពក្រីក្រ និងការឈឺថ្កាត់កាលពីដើមខែមេសា២០១០កន្លងមកនេះ លោក រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាលមានទិសដៅរៀបចំសុខាភិបាលមានលក្ខណៈអនុគ្រោះដល់អ្នកក្រីក្រ ដើម្បីជួយរំលែកក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះវាជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដទៀតថា ភាពក្រីក្រជាបញ្ហាពហុវិស័យដែលយើងទាំងអស់គ្នាបានយល់ច្បាស់ថា ភាពក្រីក្រនាំឱ្យមានការឈឺថ្កាត់ច្រើន ហើយការឈឺថ្កាត់នាំឱ្យគ្រួសារងាយធ្លាក់ក្នុងភាពក្រីក្រ ដែលបង្កើតឱ្យមានផលលំបាក និងការបែកបាក់។
លោក ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងបានដាក់ចេញនូវគោលការណ៍ហិរញ្ញប្បទានសុខាភិបាល ដោយមានការលើកលែងការបង់ថ្លៃចំពោះអ្នកក្រីក្រ ការអនុវត្ដន៍នៃមូលនិធិសមធម៌នៅតាមគ្រឹះស្ថានសុខាភិបាលជាច្រើន និងកំពុងរៀបចំសុខភាព នយោបាយ និងសង្គម។ លោកបន្ថែមថា ក្រសួងសុខាភិបាលមានការប្ដេជ្ញាចិត្ដខ្ពស់ក្នុងការធ្វើឱ្យមានប្រព័ន្ធសុខាភិបាលមានលក្ខណៈ អនុគ្រោះដល់អ្នកក្រីក្រ តែក៏ត្រូវធានាឱ្យសេវាសុខភាពមានគុណភាពល្អផងដែរ ហើយអាចធានាឱ្យការប្រើប្រាស់សេវាមានសមធម៌ទៅបាន។
ការផ្ដល់សេវាព្យាបាលមានគុណភាពគឺជាប្រធានបទដែលត្រឹមត្រូវសម្រាប់វិជ្ជាជីវៈគ្រូពេទ្យ
ដោយឡែកលោក អ៊ុង សំអាន នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈនៃក្រសួងសុខាភិបាលបានថ្លែងថា “បច្ចុប្បន្ននេះ ការទទួលបានសេវាសុខភាពដែលមានគុណភាព និងប្រកបដោយសមធម៌គឺជាប្រធានបទដែលកំពុងមានការយកចិត្ដទុកដាក់ពី សំណាក់អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយសុខាភិបាល និងអ្នកគ្រប់គ្រងប្រព័ន្ធសុខាភិបាល ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានការផ្លាស់ប្ដូរយ៉ាងលឿននូវប្រព័ន្ធសេដ្ឋកិច្ច សង្គម វិទ្យាសាស្ដ្រ និងអេពីដេមីសាស្ដ្រ”។ លោក អ៊ុង សំអាន បានបន្ដថា វិទ្យាស្ថានសុខភាពសាធារណៈបានអនុវត្ដនូវគម្រោងស្រាវជ្រាវដែលមានរយៈពេល៤ឆ្នាំ ពីឆ្នាំ២០០៥-២០០៩ ដោយសហប្រតិបត្ដិការអន្ដរជាតិជាមួយអង្គភាពស្រាវជ្រាវផ្សេងទៀត ដែលមានប្រទេសកម្ពុជា ឡាវ ចិន ចក្រភពអង់គ្លេស ប៊ែកហ្ស៊ីក និងស៊ុយអ៊ែត។ លោកបន្ថែមថា ការស្រាវជ្រាវនេះធ្វើលើប្រធានបទស្ដីពីការការពារអ្នកក្រីក្រនៅជនបទ ដែលមានផលលំបាកផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីការឈឺថ្កាត់ធ្ងន់ធ្ងរ ហៅកាត់ថា PoVill។
ជាចុងក្រោយលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ដោយយល់ច្បាស់ពីតួនាទីដ៏សំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ក្រសួងសុខាភិបាលរួមជាមួយដៃគូអភិវឌ្ឍន៍បានកិច្ចការជាច្រើន ទាំងការងារគោលនយោបាយទាំងការងារប្រតិបត្ដិ និងការងារសហគមន៍ ដើម្បីចូលរួមចំណែករាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ដែលជាកត្ដាដ៏សំខាន់មួយដែលត្រូវយកចិត្ដទុកដាក់មិនអាចបំភ្លេចបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply