វីតាមីន(ត) ៖ វីតាមីន​បេ៥

ក្រុម​វីតាមីនបេ​ដែលត្រូវ​លើកយក​មក​ជម្រាប​ជូន​មិនទាន់​ចប់​នៅឡើយ​ទេ នៅមាន​ជាបន្ដ​ទៅទៀត។ ជាកិច្ច​បន្ដ សូម​តាមដាន​ស្វែងយល់​អំពី​វីតាមីន​បេ៥​ជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីន​បេ៥

វីតាមីនបេ៥​ឬហៅ​ជាភាសា​គីមី​សាស្ដ្រ​ថា អាស៊ីត​ប៉ង់តូតេនិក ឬ​កាល់ស្យូម​ប៉ង់តូតេណាត មាន​តួនាទី​ពិសេស​ដូចតទៅ។

  • ជួយ​ស្បែក សក់ និង​ក្រចក ៖ វីតាមីន​នេះអាច​ហៅម្យ៉ាង​ទៀតថា​ជាវីតាមីន​ស្បែក មុយកឺ សក់ និង​ក្រចក ហើយ​ជាទូទៅ​វាជួយ​ដល់ការ​លូតលាស់​នៃ​ជាលិកា​ទាំងឡាយ។
  • ប្រឆាំង​ការ​បង្ករោគ ស្ដ្រេស្ស និង​អស់កម្លាំង ៖ វីតាមីន​នេះអាច​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ទប់ទល់​នឹងការ​បង្ករោគ ដោយ​មេរោគ អាការ​ផ្លូវចិត្ដ​ស្ដ្រេស្ស និង​អាការ​ហេវហត់​គ្មាន​កម្លាំង​កំហែង។
  • ជួយការ​តាំងគភ៌ និង​អាយុ ៖ វីតាមីននេះ​ចូលរួម​ក្នុង​សុខភាព​បន្ដពូជ ធ្វើឱ្យ​ឆាប់មាន​បុត្រ និងជួយ​ឱ្យមនុស្ស​មាន​អាយុវែង។
  • ជួយ​ប្រព័ន្ធ​ប្រសាទ និងការ​ផលិត​ថាមពល ៖ លើសពី​នេះទៅ​ទៀត វីតាមីន​បេ៥​អាចជួយ​ដល់ការ​ផលិត​ថាមពល និង​ដើរ​តួនាទី​សំខាន់​នៅក្នុង​ដំណើរការ​នៃប្រព័ន្ធ​ប្រសាទ​កណ្ដាល។

របប​អាហា​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីន​បេ៥

មនុស្ស​ត្រូវ​ទទួលទាន​ចូលជា​ប្រចាំថ្ងៃ នូវ​ជាតិវីតាមីន​បេ៥​ក្នុង​បរិមាណ​ចំនួន៥​មីលីក្រាម​សម្រាប់​មនុស្ស​ពេញវ័យ​ទូទៅ។ ដោយឡែក​សម្រាប់​ស្ដ្រី​បំបៅ​ដោះកូន តម្រូវការ​វីតាមីន​បេ៥​អាច​កើនឡើង​រហូត​ដល់ទៅ​៧មីលីក្រាម។

កង្វះ​វីតាមីន​បេ៥​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិនណា​មនុស្ស​យើង​ទទួល​ទានវីតាមីនបេ៥​មិនបាន​គ្រប់គ្រាន់​ទេ អាច​នាំឱ្យ​ប៉ះពាល់ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់។ ផល​ប៉ះពាល់​ទាំងនេះ មាន​ដូចជា​អស់កម្លាំង​ល្ហិតល្ហៃ​ក្នុងខ្លួន ជម្ងឺស្បែក ក្អួតចង្អោរ ឈឺក្បាល ហ៊ឹង​ត្រចៀក ស្ដ្រេស្ស​មាន​ទំហំ​រឹតតែ​ខ្លាំង ជ្រុះ​សក់ ពពាល​ស្បែក ប្រតិកម្ម និង​ទល់​លាមក​ជាដើម។

ចំណី​អាហារ​ដែលមាន​ជាតិវីតាមីន​បេ៥

វីតាមីនបេ៥​មាននៅ​លើចំណី​អាហារ​មួយចំនួន​ដូចតទៅ ៖

  • ស៊ុត​ពណ៌លឿង
  • សាច់ត្រី សាច់សត្វ
  • គ្រាប់​ធញ្ញជាតិ
  • បន្លែ​បៃតង
  • មេស្រា​បៀរ។

ពេលដែល​គួរ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ៥

ជំពូក​មនុស្ស​ដែល​គួរតែ​ប្រើប្រាស់​គ្រាប់ថ្នាំ​វីតាមីន​បេ៥​បន្ថែម​មាន​ដូចតទៅ ៖

  • មនុស្ស​ដែល​ងាយរង​ប្រតិកម្ម​(ប្រើ១​គ្រាប់​លេបពេល​ព្រឹក និង​ពេលល្ងាច ជាពិសេស​ពេល​ទទួលទាន​អាហារ)
  • អ្នកដែល​ទល់​លាមក​(អាចប្រើ​ដល់​៣ក្រាម​ក្នុង១ថ្ងៃ)
  • អ្នក​ដែលមាន​ស្ថានភាព​ផ្លូវចិត្ដ​ស្ដ្រេស្ស។

តម្រូវការ​ថ្នាំ​វីតាមីន​បេ៥​ជាប្រចាំ​ថ្ងៃ

ក្នុង​ករណី​មាន​អាការ​ស្ដ្រេស្ស អាច​តម្រូវឱ្យ​លេបគ្រាប់​ថ្នាំ​វីតាមីន​បេ៥​ចំនួន​៣ដង ពេលព្រឹក ពេល​ថ្ងៃត្រង់ និង​ពេលល្ងាច ក្នុង១ដង​ចំនួន​១០០​មីលីក្រាម។ រីឯក្នុង​ករណី​មាន​ប្រតិកម្ម និង​ទល់លាមក អាច​កើនឡើង​ដល់​ទៅ១​ក្រាមឬ៣​ក្រាមឯ​ណោះ។

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *