ការឈឺចុកចាប់នៅខាងលើថ្ងាសនៃប្រដាប់បន្ដពូជក៏អាចជារោគសញ្ញាដែលបញ្ជាក់ថាអាចកើតមានជម្ងឺរលាកស្បូន។ ជម្ងឺរលាកស្បូនតែងតែកើតលើស្ដ្រីដែលគ្មានការអនាម័យចំពោះប្រដាប់បន្ដពូជ។ ស្ដ្រីមានជម្ងឺរលាកស្បូនមានការព្រួយបារម្ភជាខ្លាំង ព្រោះជម្ងឺរលាកស្បូនងាយនឹងមានគ្រោះថ្នាក់បំផុត បើមិនបានព្យាបាលឱ្យទាន់ពេលវេលាទេនោះ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ធ អនុប្រធាននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានធ្វើការបកស្រាយបំភ្លឺជូនប្រិយមិត្ដអាន ដើម្បីឱ្យស្ដ្រីគ្រប់រូបបានយល់ និងជ្រាបកានតែច្បាស់អំពីជម្ងឺរលាកស្បូន។
អ្វីទៅជាជម្ងឺរលាកស្បូន?
អ្នកជម្ងឺអាចសម្គាល់ការរលាកស្បូនដោយខ្លួនឯងបាន ដូចជាមានអាការក្ដៅខ្លួន ឈឺចាប់នៅខាងលើថ្ងាសនៃប្រដាប់ភេទ មានធ្លាក់សខ្លាំង មានក្លិនមិនល្អជាដើម។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺរលាកស្បូន
ជម្ងឺរលាកស្បូនអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងខុសៗពីគ្នា ដូចជា ៖
- ជម្ងឺរលាកស្បូនអាចបណ្ដាលមកពីមានការរលាកនៅក្នុងពោះ ដែលនៅជាប់នឹងស្បូនដែលធ្វើឱ្យឈឺចាប់នៅក្នុងពោះ ហើយក៏មានការរីករាលដាលទៅដល់ស្បូន ជាហេតុធ្វើឱ្យមានជម្ងឺរលាកស្បូន។
- ជម្ងឺរលាកស្បូនក៏អាចបណ្ដាលមកពីស្ដ្រីដែលមានជម្ងឺរ៉ាំរ៉ៃនៅប្រដាប់បន្ដពូជ មិនបានព្យាបាលចេះតែបណ្ដោយយូរៗទៅ ក៏អាចបណ្ដាលឱ្យមានជម្ងឺរលាកស្បូន។
- ការគ្មានអនាម័យចំពោះប្រដាប់បន្ដពូជ ឬព្យាបាលមិនបានល្អ ដូចជានៅពេលដែលរម្លូតកូនចេញ ជាហេតុធ្វើឱ្យមេរោគរីកសាយចូលទៅខាងក្នុងទៅដល់ស្បូន។ ទាំងនេះក៏ជាចំណែកមួយដ៏សំខាន់ដែលអាចបណ្ដាលឱ្យកើតមានជម្ងឺរលាកស្បូនបានផងដែរ។
រោគសញ្ញាជម្ងឺរលាកស្បូន
អ្នកជម្ងឺរលាកស្បូនអាចស្គាល់ខ្លួនឯងបានពីអាការខុសប្លែកៗពីគ្នា ដូចជាមានអាការក្ដៅខ្លួនខុសប្លែកពីធម្មតា មានការឈឺចាប់ជាខ្លាំងនៅខាងលើថ្ងាសនៃប្រដាប់ភេទ ធ្លាក់សខ្លាំងហើយមានក្លិនមិនល្អ ជាពិសេសនៅពេលដែលគ្រូពេទ្យពិនិត្យអ្នកជម្ងឺ តែងតែមានការឈឺចាប់បើមានការពិនិត្យដោយលូកចូលទៅក្នុងស្បូន។
វិធីព្យាបាលជម្ងឺរលាកស្បូន
អ្នកជម្ងឺរលាកស្បូនគឺត្រូវតែធ្វើការព្យាបាលទៅតាមអាការនៃជម្ងឺ។ នៅពេលដែលគ្រូពេទ្យពិនិត្យឃើញថា អ្នកជម្ងឺមានរលាកស្បូនពិតប្រាកដ ត្រូវតែធ្វើការណែនាំពីវិធីអនាម័យចំពោះប្រដាប់ភេទក៏ដូចជាការប្រើប្រាស់ថ្នាំផ្សះ ប្រើថ្នាំការពារកុំឱ្យរលាក ឬក៏ប្រើថ្នាំការពារជម្ងឺរលាកស្បូន ដើម្បីកុំឱ្យមេរោគមានការសាយភាយទៅកន្លែងផ្សេងទៀតជាដើម។ ចំពោះអ្នកជម្ងឺដែលមានអាការធ្ងន់ធ្ងរ ការព្យាបាលគឺមានរយៈពេលយូរទៅតាមស្ថានភាពជម្ងឺផងដែរ។
ផលប៉ះពាល់នៃជម្ងឺរលាកស្បូន
ជម្ងឺរលាកស្បូនអាចបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរចំពោះសុខភាព ដូចជាមានការឈឺចាប់នៅខាងលើថ្ងាសនៃប្រដាប់ភេទយ៉ាងខ្លាំង ហើយបើសិនជាអ្នកជម្ងឺមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ឬក៏មិនបានធ្វើការព្យាបាលឱ្យបានត្រឹមត្រូវទេនោះ អាចបណ្ដាលឱ្យមេរោគរីកសាយភាយនឹងអាចបណ្ដាលឱ្យមានជម្ងឺរលាកដៃស្បូន ហើយក៏អាចបង្កឱ្យមានកម្ដៅ ឬក៏មានខ្ទុះនៅក្នុងស្បូន។ អ្វីដែលជាបញ្ហាធ្ងន់ធ្ងរបំផុតសម្រាប់អ្នកជម្ងឺនោះ គឺអាចបណ្ដាលឱ្យអ្នកជម្ងឺបាត់បង់សមត្ថភាពបន្ដពូជ ឬក៏អាចបណ្ដាលឱ្យបាត់បង់ជីវិតថែមទៀតផង។
វិធីការពារដើម្បីកុំឱ្យមានជម្ងឺរលាកស្បូន
ជម្ងឺរលាកស្បូនបណ្ដាលមកពីការគ្មានអនាម័យចំពោះប្រដាប់ភេទ។ ដូចនេះដើម្បីកុំឱ្យកើតមានជម្ងឺរលាកស្បូន ស្ដ្រីគ្រប់រូបគួរតែមានអនាម័យជានិច្ចចំពោះប្រដាប់បន្ដពូជ។ ជាពិសេសនៅពេលដែលស្ដ្រីកើតមានជម្ងឺផ្សេងៗនៅលើប្រដាប់ភេទ ស្ដ្រីគ្រប់រូបគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាល។ នេះជាវិធីការពារកុំឱ្យមេរោគរីកសាយភាយ ដែលបណ្ដាលឱ្យកើតមានជម្ងឺរលាកស្បូននេះ។ ស្ដ្រីដែលសង្ស័យថាអាចកើតមានជម្ងឺរលាកស្បូន គួរតែមកពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងរកវិធីការពារ រួមទាំងវិធីព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងឈានដល់ដំណាក់ធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
បើសិនជាស្ដ្រីមានការសង្ស័យថាកើតមានជម្ងឺរលាកស្បូន សូមលោកស្រីអ្នកនាងកញ្ញាគួរប្រញាប់មកពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងមេរោគមានការរីករាលដាលទៅកន្លែងផ្សេង ដែលជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ អ្វីដែលល្អគឺត្រូវមកជួបគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យកើតមានបញ្ហាចំពោះសុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply