លោកអ្នកមួយចំនួនហាក់នៅមិនទាន់យល់ច្បាស់អំពីអត្ថប្រយោជន៍របស់ឈាមនោះទេ។ ប្រជាពលរដ្ឋមួយចំនួនតែងតែគិតថា ឈាមគ្រាន់តែជាផ្នែកមួយជួយបំពេញនូវសារពាង្គកាយ ឬជាការផ្ដល់អត្ថប្រយោជន៍តូចមួយតែប៉ុណ្ណោះ មិនដែលចាប់អារម្មណ៍ថា ឈាមសំខាន់យ៉ាងណាឡើយ។
ដើម្បីជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អនុប្រធានមជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យព្រះអង្គឌួង។
ឈាមជាអ្វី?
ឈាមជាសារធាតុរាវដ៏សំខាន់បំផុតក្នុងការទ្រទ្រង់ជីវិតដែលបានស្រោចស្រពពាសពេញសារពាង្គកាយសម្រាប់ការរស់នៅរបស់មនុស្ស។ វាក៏ជាសារធាតុដ៏សំខាន់ក្នុងការដឹកនាំអុកស៊ីសែននិងសារធាតុផ្សេងៗទៅគ្រប់ជាលិកា និងកោសិកា ដោយនាំចេញមកវិញនូវផលិតផលកាកសំណល់។ មិនត្រឹមតែប៉ុណ្ណោះ ឈាមមានតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រឆាំងនឹងមេរោគដែលចូលមករាតត្បាតខ្លួនប្រាណ។ ជាមធ្យមមនុស្សពេញវ័យមានចំណុះឈាមចាប់ពី៤ទៅ៥លីត្រ អាស្រ័យទៅតាមទម្រង់ខ្លួនយើងម្នាក់ៗ។
សមាសភាពនៃឈាម?
តាមពិតឈាមកើតឡើងដោយសារសារធាតុដែលគេបានស្រាវជ្រាវឃើញប្រមាណជាជាង២០០ប្រភេទ និយាយរួមគឺមានតែ៤ផ្នែកសំខាន់ៗប៉ុណ្ណោះ គឺគោលិកាក្រហម គោលិកាស ប្លាកែត និងប្លាស្មា។ លើសពីនេះទៅទៀតឈាមមានផ្ទុកផងដែរនូវសារជាតិផ្សេងៗមួយចំនួនទៀត ដូចជាជាតិរ៉ែ ប្រូតេអ៊ីន អ័រម៉ូន វីតាមីន និងសារធាតុសំខាន់ជាច្រើនទៀតដែលចាំបាច់សម្រាប់ការលូតលាស់របស់សារពាង្គកាយ ព្រមទាំងផលិតផលកាកសំណល់ដែលខ្លួនប្រាណយើងបានបង្កើតឡើងផងដែរ។
- គោលិកាក្រហមមានជីវិត១២០ថ្ងៃក្នុងឈាម ៖ មានមុខងារដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកា និង កោសិកាទាំងអស់ក្នុងសារពាង្គកាយយើង និងបញ្ចេញឧស្ម័នកាបូនិចទៅសួតវិញ ខណៈពេលដែលយើងដកដង្ហើមចេញ និងចូល។
- គោលិកាសមានជីវិតចន្លោះពី៣-៩ថ្ងៃ ៖ មានមុខងារការពារសារពាង្គកាយយើង ប្រឆាំងតបតនឹងមេរោគ និងជម្ងឺផ្សេងៗ។ វាបានកម្ទេចវីរុស និងបាក់តេរីដែលបង្កឱ្យមានគ្រោះថ្នាក់ និងដែលជ្រៀតចូលក្នុងខ្លួនយើងតាមរយៈមុខរបួស ឬរលាត់ដាច់ស្បែក ឬនៅពេលយើងមានជម្ងឺផ្ដាសាយជាដើម។ល។
- ប្លាកែតមានជីវិតចន្លោះពី៧-១០ថ្ងៃក្នុងឈាម ៖ មានមុខងារជាអ្នកទទួលខុសត្រូវក្នុងតំណក់ឈាម។
- ប្លាស្មា ៖ ជាវត្ថុរាវដែលមានប្រមាណ៥៥ភាគរយនៃបរិមាណឈាម មានពណ៌លឿងថ្លា និងផ្ទុកទៅដោយគោលិកាឈាម។ វាមិនគ្រាន់តែផ្ទុកគោលិកាឈាមប៉ុណ្ណោះទេ ប៉ុន្ដែវាផ្ទុកផងដែរនូវអង់ទីគ័រ អ័រម៉ូន ប្រូតេអ៊ីន “កត្ដាដែលធ្វើឱ្យឈាមកក” និងសារធាតុចិញ្ចឹមផ្សេងៗទៀត មានដូចជាស្ករ អាស៊ីត អាម៉ូញ៉ាក់ ខ្លាញ់អំបិល និងជាតិរ៉ែ ព្រមទាំងផលិតផលកាកសំណល់មួយចំនួន ដូចជាឧស្ម័នកាបូនិច អាស៊ីតឡាទិក ជាតិអៀរ៉េជាដើម។
តួនាទីរបស់ឈាម
1 . ឈាមផ្ទុកនូវសារធាតុសំខាន់ៗ ៖ តួនាទីសំខាន់របស់ឈាមគឺញំនាំនូវសារធាតុចិញ្ចឹមសំខាន់ៗ អុកស៊ីសែន និងសារធាតុ ផ្សេងៗទៀតដូចជាស្ករ អាស៊ីតអាម៉ូញាក់ ខ្លាញ់ អំបិល និងរ៉ែ។ល។ ទៅឱ្យគ្រប់ជាលិកា និងកោសិកាក្នុងសារពាង្គកាយរបស់យើង និងទទួលមកវិញនូវផលិតផលកាកសំណល់ ដូចជាឧស្ម័នកាបូនិច អាស៊ីតឡាទិច ឬអៀរ៉េ ដោយបញ្ចេញឬកម្ទេចចោលតាមរយៈសួត តម្រងនោម និងថ្លើម។
2 . ឈាមរក្សាសីតុណ្ហភាពក្នុងខ្លួន ៖ សូម្បីតែផ្នែកនីមួយៗនៃដងខ្លួនយើងមានសីតុណ្ហភាពផ្លាស់ប្ដូរ អាស្រ័យតាមកម្រិត ការងារក៏ដោយក៏ឈាមរបស់យើងតែងតែជួយរក្សាលំនឹងសីតុណ្ហភាពក្នុងខ្លួនជានិច្ច។
3 . ឈាមការពារសរីរាង្គកាយប្រឆាំងនឹងវីរុស និងបាក់តេរី ៖ ឈាមការពារខ្លួនយើងប្រឆាំងនឹងជម្ងឺផ្សេងៗ។ ហើយប្រសិនបើមានមេរោគជ្រៀតចូលទៅក្នុងខ្លួនយើង ឈាមនឹងបញ្ចេញនូវសារធាតុផ្សេងៗប្រឆាំងតបតនឹងមេរោគទាំងនោះភ្លាម។
ប្រភេទដើមរបស់ឈាម
ខួរឆ្អឹងដែលជាសារធាតុខាប់ដូចចាហួយ គឺជាកន្លែងសំខាន់ក្នុងការបង្កើតគ្រាប់ឈាម។ ចំពោះមនុស្សពេញវ័យ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងត្រគាកជាកន្លែងបង្កើតឈាមចម្បងនៅក្នុងខ្លួនមនុស្សយើង។ ខណៈពេលគោលិកាឈាមវិវត្ដន៍ក្នុងខួរឆ្អឹង នឹងក្លាយជាគ្រាប់ឈាមពេញលេញ ហើយវាបានបញ្ចេញចេញទៅរបត់ឈាមដោយឆ្លងកាត់ឆ្អឹង។
របត់ឈាម
របត់ឈាមក្នុងមនុស្សយើងធ្វើឡើងដោយប្រព័ន្ធសរសៃឈាមពីរធំៗ ដែលរួមមានអាកទែ វ៉ែន និងសរសៃឈាមតូចៗ ជាច្រើនទៀត។ ប្រព័ន្ធរបត់ឈាមចែកចេញជាពីរផ្នែក។
- របត់ឈាមផ្នែកខាងស្ដាំ សម្រាប់ឈាមហូរចេញពីផ្នែកខាងស្ដាំរបស់បេះដូងដោយឆ្លងកាត់តាមសួតរួចឆ្ពោះទៅបេះដូងឆ្វេង។
- របត់ឈាមផ្នែកខាងឆ្វេង ជាប្រព័ន្ធឈាមហូរចេញពីបេះដូងឆ្លងកាត់គ្រប់សរីរាង្គ ហើយត្រឡប់ចូលទៅបេះដូងស្ដាំវិញ។ ចំពោះអាកទែនាំឈាមចេញពីបេះដូង ហើយបញ្ចេញឈាមទៅគ្រប់អាកទែតូចៗដែលភ្ជាប់ពីមួយទៅមួយ។ ក្នុងសរសៃឈាមតូចៗ ទាំងនោះមានគោលិកាឈាមក្រហម ដែលបញ្ចេញអុកស៊ីសែនដោយជ្រៀតចេញតាមជញ្ជាំងស្ដើងៗរបស់វាទៅចិញ្ចឹមជាលិកាទាំងឡាយដែលនៅជុំវិញ។ ជាលិកាបញ្ចេញមកវិញនូវកាកសំណល់ ដូចជាកាបូឌីអុកស៊ីត ដែលឆ្លងកាត់តាមជញ្ជាំងនៃសរសៃឈាមតូចៗចូលក្នុងរបត់ឈាម និងត្រឡប់ចូលបេះដូងវិញតាមរយៈសរសៃវ៉ែន។
ប្រភេទឈាម
លោកអ្នកមួយចំនួនបានដឹងហើយថា ឈាមកើតឡើងដោយសារធាតុដូចៗគ្នា ក៏ប៉ុន្ដែវាមិនទាំងអស់នោះទេ។ តាមពិត គោលិកាក្រហមមាន៨ប្រភេទទៀត ដែលកំណត់ដោយវត្ដមាន ឬអវត្ដមានរបស់អង់ទីហ្សែនច្បាស់លាស់ អង់ទីហ្សែនខ្លះអាចបំផ្លាញ ប្រព័ន្ធភាពស៊ាំរបស់អ្នកជម្ងឺដោយប្រឆាំងជាមួយគោលិកាឈាមដែលបានចាក់បញ្ចូល។ ដូច្នេះការព្យាបាលដោយសុវត្ថិភាពគឺវាអាស្រ័យទៅដោយការពិនិត្យយ៉ាងយកចិត្ដទុកដាក់អំពីក្រុមឈាម និងការពិនិត្យរកមេរោគក្នុងឈាម។
ក្រុមឈាមសំខាន់ៗគឺ ៖ A, B, AB និងO។ អក្សរA និងB តំណាងឱ្យអង់ទីហ្សែនពីរផ្សេងគ្នា “សារធាតុគីមីដែលអាចកំណត់បាននូវភាពស៊ាំរបស់នរណាម្នាក់”ដែលពាក់ព័ន្ធA និងB។ ម្យ៉ាងទៀតក្រុមឈាមអាចចាត់ថ្នាក់ដោយរេស្ស៊ីសអវិជ្ជមាន ឬវិជ្ជមានដែលគេហៅវាថា ជាក្រុមឈាម។ ឈាមមានរេស្ស៊ីសវិជ្ជមាន កាលណាឈាមមានវត្ដមានអង់ទីហ្សែនD ហើយផ្ទុយមកវិញកាលណាគ្មានអង់ទីហ្សែនDនោះគឺមានរេស្ស៊ីសអវិជ្ជមាន។ បើគ្មានការពិនិត្យរកក្រុមឈាមឱ្យបានត្រឹមត្រូវនោះទេ លោកអ្នកមិនអាចទទួលការចាក់បញ្ចូលឈាមពីនរណាម្នាក់បានឡើយ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវគិតថា ឈាមគឺជាវត្ថុមានតម្លៃបំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ លោកអ្នកចាំបាច់ត្រូវធ្វើការទទួលទាន អាហារឱ្យត្រឹមត្រូវ និងគ្រប់គ្រាន់ដើម្បីផលិតឈាមដែលមានគុណភាព។ ទន្ទឹមនឹងនេះត្រូវថែរក្សាសុខភាពឱ្យបានល្អ និងឧស្សាហ៍ ហាត់កីឡាដើម្បីឱ្យចរន្ដឈាមដើរស្រួលផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply