ជម្ងឺរលាកពងស្វាសគឺជាជម្ងឺដែលបង្កឡើងដោយពពួកមេរោគ និងជម្ងឺរបេង ហើយជម្ងឺនេះក៏បានបង្កឱ្យមានផលវិបាក យ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកជម្ងឺផងដែរ។ ចំពោះជម្ងឺនេះ លោកអ្នកអាចកត់សម្គាល់បានតាមអាការមួយចំនួន ដូចជាមានការឈឺចុកចាប់ ខ្លាំងនៅនឹងពងស្វាស ពងស្វាសមានសភាពហើមធំឡើងក្រហម អាការក្ដៅខ្លួនខ្លាំងហើយព្រឺរងាជាដើម។ ជាពិសេសជម្ងឺរលាកពងស្វាសនេះបានឆក់យកជីវិតរបស់អ្នកជម្ងឺថែមទៀតផង បើសិនជាអ្នកជម្ងឺមានការធ្វេសប្រហែសមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលានោះ។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ឆ ឆ រស់នៅខេត្ដតាកែវ អាយុ២៣ឆ្នាំ លោកបានចែករំលែកបទពិសោធន៍នៃជម្ងឺ រលាកពងស្វាស ដើម្បីឱ្យលោកអ្នកបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
លោក ឆ ឆ បានរៀបរាប់ឱ្យដឹងថា លោកមិនដឹងថាលោកកើតជម្ងឺនេះតាំងពីពេលណានោះទេ។ កាលពីដើមខែមេសានេះ លោកក៏មានអាការក្ដៅខ្លួនខ្លាំងហើយរងា។ បន្ទាប់មកទៀតលោកបានចាប់អារម្មណ៍ឃើញថា ពងស្វាសរបស់លោកឡើងហើមប៉ោង និងមានការឈឺចុកចាប់ថែមទៀតផង។ ឃើញដូចនេះប្រពន្ធ និងម្ដាយរបស់លោកក៏សម្រេចចិត្ដនាំលោកយកមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈតែម្ដង។ នៅពេលដែលគ្រូពេទ្យពិនិត្យលទ្ធផលបានចេញមកថា គឺលោកកើតមានជម្ងឺរលាកពងស្វាស ហើយពេលនោះលោកត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រកុសុមៈ។
លោក ឆ ឆ បានរៀបរាប់បន្ដទៀតថា លោកមានការព្រួយបារម្ភចំពោះសុខភាពរបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្ដែក៏សំណាងដែរ ព្រោះលោកបានមកធ្វើការព្យាបាលបានទាន់ពេលវេលា។ ជារៀងរាល់ថ្ងៃនេះអាការរបស់លោកបានធូរស្បើយគ្រាន់បើជាងមុនហើយ ។ ឥឡូវនេះលោកតែងតែធ្វើការអនាម័យខ្លួនប្រាណ ទទួលទានថ្នាំ និងទទួលទានអាហារទៅតាមការណែនាំរបស់លោកគ្រូពេទ្យជានិច្ច មិនដែលធ្វេសប្រហែសឡើយ។
យោបល់របស់អ្នកជំនាញ
លោកវេជ្ជបណ្ឌិត ខុង សុខហ៊ាន ឯកទេសមូត្រសាស្ដ្រ នៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ថា ជាការពិតណាស់ជម្ងឺរលាកពងស្វាសនេះ អាចបណ្ដាលមកពីកត្ដា២ គឺការឆ្លងនូវមេរោគ និងអ្នកដែលកើតជម្ងឺរបេងឬអ្នកដែលឆ្លងជម្ងឺរបេង។ ជម្ងឺរលាកពងស្វាសនេះបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចឱ្យអ្នកជម្ងឺគ្មានកូន មានការឈឺចុកចាប់នៅនឹងពងស្វាស និងមានកខ្ទុះនៅក្នុងពងស្វាសជាដើម។ ជាពិសេសចំពោះជម្ងឺនេះក៏អាចបង្កឱ្យអ្នកជម្ងឺបាត់បង់ជីវិតបានផងដែរ បើសិនជាអ្នកជម្ងឺមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ។ ដូចនេះអ្វីដែលល្អសម្រាប់លោកអ្នកនោះ គឺនៅពេលដែលមានបញ្ហាអ្វីមួយដូចដែលបានរៀបរាប់ខាងលើ លោកអ្នកត្រូវប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើវិនិច្ឆ័យរោគ និងព្យាបាលរួមទាំងរកវិធីការពារ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply