បទពិសោធន៍​អ្នកជម្ងឺ​ដំបៅសួត

ជម្ងឺ​ដំបៅ​សួត​គឺជា​ជម្ងឺ​ដែល​ឆ្លង​តាមរយៈ​ផ្លូវដង្ហើម និងអាច​កើតឡើង​បាន​ដោយ​មានការ​ឈ្លក់ចូល​នូវ​គ្រាប់ធញ្ញ​ជាតិ​អ្វីមួយ ចូលទៅ​តាមផ្លូវ​ដង្ហើម។ ជម្ងឺនេះ​ក៏បង្ក​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​អ្នកជម្ងឺ ដូចជា​ធ្វើឱ្យ​ឈឺ​ចុកចាប់​ដើមទ្រូង ពិបាក​ដកដង្ហើម ឧស្សាហ៍​វិលមុខ អស់កម្លាំង និង​មានក្អក​ធ្លាក់ឈាម​ជាដើម។ ជម្ងឺ​ដំបៅសួត​នេះបាន​ឆក់យក​ជីវិត​របស់​អ្នកជម្ងឺ​ថែម​ទៀតផង បើសិន​ជាអ្នក​ជម្ងឺ​មានការ​ធ្វេស​ប្រហែស មិនបាន​មកធ្វើ​ការ​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​ទេនោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

កាលពី​លេខមុនៗ លោកអ្នក​នាងកញ្ញា​បាន​ជ្រាបអំពី​បទពិសោធន៍​របស់​អ្នកជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ។ ពេលនេះ ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​កញ្ញា ទូច ម៉ី រស់នៅ​ខេត្ដ​តាកែវ អាយុ​២១ឆ្នាំ កញ្ញាបាន​ចែក​រំលែក​បទពិសោធន៍​នៃជម្ងឺ​ដំបៅសួត ដើម្បី​ឱ្យ​លោកអ្នក​នាងកញ្ញា​បាន​ជ្រាប​បន្ថែមទៀត​អំពី​ផលវិបាក​នៃជម្ងឺ​នេះ។

កញ្ញា ទូច ម៉ី បាន​រៀបរាប់​ឱ្យដឹង​ថា កញ្ញា​មិនដឹង​ថាកញ្ញា​កើតជម្ងឺ​នេះ​តាំងពី​ពេលណា​នោះទេ។ កញ្ញា​បានមក​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​៤ឆ្នាំ ដោយ​ផ្លាស់ប្ដូរ​រោងចក្រ​រហូត​សរុបមក​ដល់ពេល​នេះគឺ​ធ្វើបាន​៤រោងចក្រ។ ថ្ងៃដំបូង​ដែល​កញ្ញា​កើតជម្ងឺ​នេះ​គឺមាន​អាការ​ដូចជា​ឧស្សាហ៍ចេញ​ទឹកមាត់​មកក្រៅ ហើយ​ក្លិនជូរ​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់​នោះទេ រំលង​បានជាមួយ​ថ្ងៃកញ្ញា ចាប់​អារម្មណ៍​ថាវិលមុខ អស់កម្លាំង ក្ដៅខ្លួន។ បន្ទាប់មក​ក៏មាន​ក្អកធ្លាក់​ឈាម​ថែមទៀត​ផង ឃើញ​ដូចនេះ​មិត្ដរួម​ការងារ​ក៏​បាននាំ​កញ្ញា​ត្រឡប់​មក​ផ្ទះវិញ។ នៅពេល​មក​ដល់ផ្ទះ​វិញ កញ្ញា​មាន​អាការ​ចុកពោះ និង​ដើមទ្រូង​ជាខ្លាំង ដែល​ធ្វើឱ្យ​កញ្ញា​លែងដឹង​ខ្លួនតែ​ម្ដង។ ម្ដាយ និង​បងប្អូន​របស់​កញ្ញា​បាននាំ​កញ្ញាមក​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​ឱ្យគ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល។ នៅពេល​ដែល​លទ្ធផល​ចេញមក​ឃើញថា កញ្ញា​កើតមាន​ជម្ងឺ​ដំបៅសួត រំលង​បានជា២​ម៉ោងក្រោយ​មកកញ្ញា​ក៏ដឹង​ខ្លួនវិញ។

កញ្ញា ទូច ម៉ី បាន​រម្លឹក​បន្ថែម​ទៀត មិត្ដ​របស់​កញ្ញា​តែងតែ​ឧស្សាហ៍​ប្រាប់ឱ្យ​ពាក់​ម៉ាស​ការពារ តែ​កញ្ញា​មិនចេះ​ពាក់ ដូចនេះ​ហើយ​ទើបធ្វើ​ឱ្យកញ្ញា​កើតជម្ងឺ​នេះ​តែម្ដង។ ចំណែក​ឯម្ដាយ​របស់កញ្ញា ទូច ម៉ី ក៏បាន​រៀបរាប់​បន្ដទៀត​ថា អ្នកស្រី​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់កូន​យ៉ាង​ខ្លាំង ប៉ុន្ដែ​ក៏សំណាង​ដែរ ព្រោះ​ថាអ្នក​ស្រីបាន​នាំកូន​មកធ្វើ​ការ​ព្យាបាល​បានទាន់​ពេលវេលា ហើយ​អ្នកស្រី បាន​ទទួល​ជំនួយ​ពីអង្គការ​(សបស) បើមិន​ដូច្នេះទេ​អ្នកស្រី​មិនមាន​លទ្ធភាព​នៅក្នុង​ការព្យាបាល​កូនស្រី​នោះទេ។ សព្វថ្ងៃនេះ​អាការ​របស់​កញ្ញា ម៉ី បាន​ធូរស្បើយ​គ្រាន់​បើជាងមុន​ហើយ។ កញ្ញា​តែងតែ​ធ្វើការ​អនាម័យ​ខ្លួនប្រាណ ទទួលទាន​ថ្នាំ និង​ទទួលទាន​អាហារ ទៅតាម​ការ​ណែនាំ​របស់​លោក​គ្រូពេទ្យ​ជានិច្ច មិនដែល​ធ្វេស​ប្រហែស​ឡើយ។

យោបល់​របស់​អ្នកជំនាញ

លោក​វេជ្ជបណ្ឌិត នី ចន្ទី ប្រធាន​ផ្នែកជម្ងឺ​សួត​នៃមន្ទីរពេទ្យ​ព្រះកុសុមៈ​បានមាន​ប្រសាសន៍​ថា ជាការ​ពិតណាស់​ជម្ងឺ​ដំបៅ សួតនេះ​អាច​បណ្ដាល​មកពី​កត្ដា​ច្រើនយ៉ាង ជាពិសេស​កត្ដាគ្មាន​អនាម័យ​ចំពោះ​ផ្លូវដង្ហើម។ ជម្ងឺ​រលាកសួត​នេះបាន​បង្កឱ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដែលអាច​បណ្ដាល​ឱ្យ​ឈឺ​ចុកចាប់​នៅនឹង​ដើមទ្រូង ពិបាក​ដកដង្ហើម និង​អស់​កម្លាំង ហេវហត់ និង​មានក្អក​ធ្លាក់ឈាម​ជាដើម។ ដូចនេះដើម្បី​ចៀសវាង​ការ​កើតមាន​ជម្ងឺ​ទាំងនេះ លោកអ្នក​ត្រូវតែ​មាន​អនាម័យ​ជានិច្ច ដោយ​មិនត្រូវ​ទៅកន្លែង ដែលមាន​ធូលី​ឬ​សារជាតិ​ពុលណា​មួយ​នោះទេ ជាពិសេស​ត្រូវ​ពាក់ម៉ាស​ការពារ​នៅពេល​ដែល​និយាយ​ជាមួយ​អ្នកជម្ងឺ​របេង និង​អ្នក ជម្ងឺ​ផ្ដាសាយ ព្រោះ​ជម្ងឺនេះ​អាច​ឆ្លង​តាមរយៈ​ការ​ដកដង្ហើម។ ជម្ងឺនេះ​ក៏អាច​កើតឡើង​បាន​ដោយមាន​ការ​ឈ្លក់​របស់​អ្វីមួយ ដូចជា​គ្រាប់​ធញ្ញជាតិ​ណាមួយ​ចូលទៅ​តាម​បំពង់​ខ្យល់ ដែល​ជាហេតុ​ធ្វើឱ្យ​រលាក​ហើយ​ក្លាយ​ទៅជា​ដំបៅសួត​តែម្ដង។ ជាមួយ​គ្នានេះ​ដែរ ប្រសិន​បើមាន​បញ្ហាអ្វីមួយ​ដូចដែល​បាន​រៀបរាប់​ខាងលើ លោកអ្នក​ត្រូវ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ឱ្យអ្នក​ជំនាញ​ធ្វើ​វិនិច្ឆ័យរោគ និង​ព្យាបាល រួមទាំង​រកវិធី​ការពារ ចៀសវាង​កើតមាន​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែល​ពិបាក​នៅក្នុង​ការ​ព្យាបាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *