ជម្ងឺ​រាករូស​យាយី​ជីវិត​មនុស្ស​នៅខេត្ដ​ក្រចេះ

បន្ទាប់ពី​សម្លាប់​មនុស្ស​អស់ចំនួន​៦នាក់ និង​ឆ្លង​មេរោគ​ប្រមាណ​ជា១៧៣​នាក់ ដោយសារ​ជម្ងឺ​រាករូស​ស្រួចស្រាល​កន្លងមក កាលពី​ថ្មីៗ​នៅស្រុក​ចិត្របុរី ខេត្ដ​ក្រចេះ​នោះ បញ្ហានេះ​នៅមិនទាន់​ដោះស្រាយ​ចេញនៅ​ឡើយទេ ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ទៀត កំពុងតែ​ប្រឈមមុខ​ជាបន្ដបន្ទាប់​ដោយ​សារជម្ងឺ​រាកក្អួត​នេះ​ដដែល។ តែ​ចំនួន​អ្នកស្លាប់​នៅរក្សា​បានលំនឹង​ផងដែរ ក៏​ព្រោះតែ​មានការ​ទប់ស្កាត់​ច្បាស់លាស់ និង​ទាន់​ពេលវេលា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទិន​នឹងជម្ងឺ​រាករូស​របស់​ប្រជាពលរដ្ឋ​នៅស្រុក​ចិត្របុរី ខេត្ដ​ក្រចេះ លោក​វេជ្ជបណ្ឌិត អ៊ូ ឃីឡាយ បានមាន​ប្រសាសន៍​ឱ្យ​ដឹងថា ជម្ងឺនេះ​បាន​កើនឡើង​រហូតដល់​៨៣​ករណីហើយ ដែល​ប្រជាពលរដ្ឋ​មួយចំនួន​កំពុងតែ​ប្រឈមមុខ​យ៉ាង​លំបាក ដោយសារ​បញ្ហា ជីវភាព និងភាព​ខ្វះអនាម័យ​ចំណី​អាហារ​ផ្សេងៗ ជាពិសេស​ការ​បរិភោគ​ទឹក​មិន​ត្រឹមត្រូវ។ លោក អ៊ូ ឃីឡាយ បានបន្ដ​ថា​ជម្ងឺនេះ បាន​ចាប់ផ្ដើម​កាលពី​ដើមខែ​ឧសភា ហើយ​កាន់តែ​បង្កឱ្យ​មានសភាព​វឹកវរ​កាន់តែ​ខ្លាំងនោះ នៅអំឡុង​ពាក់កណ្ដាល​ខែឧសភា​តែម្ដង។ ព្រោះថា​នារដូវ​នេះ ប្រជាពលរដ្ឋ​នៅឃុំ​ថ្មី ស្រុកចិត្រ​បុរី ខេត្ដក្រចេះ បានចេញ​ទៅធ្វើការ​ភ្ជួររាស់ដី​នៅឯ​ស្រែ បានធ្វើ​ការស្នាក់ នៅក្នុង​ខ្ទមតូចៗ​របស់ខ្លួន​ដើម្បី​ប្រកប​របរ​កសិកម្ម​ផ្សេងៗ តែ​មិនមាន​ការ​ទប់ស្កាត់​ទៅលើ​ចំណី​អាហារ និងការ​ទទួលទាន​ទឹកឱ្យ​បាន​ត្រឹមត្រូវ ទើប​បណ្ដាលឱ្យ​ជម្ងឺនេះ​មាន​ការ​រាតត្បាត​តែម្ដង។

លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ ឯកទេស​ជម្ងឺ​ក្រពះ ពោះវៀន បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី សុខភាពយើង ថា “មូលហេតុ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺ​រាករូស​នោះ គឺកើត​ចេញពី​វីរុសជាច្រើន​បានចូល​លុកលុយ​ក្នុងខ្លួន ដែល​កើតចេញ​ពីការ​ទទួលទាន ចំណី​អាហារ​មិនបាន​ល្អក៏បណ្ដាល​ឱ្យ​ប៉ះពាល់​ទៅនឹង​ពោះវៀន ដែលមាន​តួនាទី​ច្របាច់​សារជាតិ​ទៅចិញ្ចឹម​រាងកាយ​នោះដូច្នេះ​ហើយ ប្រសិនបើ​ពោះវៀន​នោះខ្សោយ​វាងាយ​នឹងកើត​ជម្ងឺរា​ករូស​តែម្ដង”។ លោក​វេជ្ជបណ្ឌិត លាង ហ៊ត់ បានបន្ដ​ទៀតថា ពលរដ្ឋ​មួយចំនួន ដែល​ទទួលរង​នូវជម្ងឺ​រាក​រហូត​ដល់បាត់បង់​ជីវិត​នោះ គឺ​បណ្ដាល​មកពី​ការ​បាត់បង់​ជាតិទឹក​នៅក្នុង​កោសិកា​ទាំងអស់។ ការបាត់បង់ជាតិ ទឹកនេះ​ហើយ​ដែល​បណ្ដាលឱ្យ​ឈាមខាប់ ហើយ​សរសៃឈាម​លែង​ដំណើរ​ការបានល្អ មិនអាច​បញ្ជូន​អុកស៊ីសែន​ទៅចិញ្ចឹម​ខួរក្បាល បានធ្វើ​ឱ្យខួរក្បាល​មាន​បញ្ហា​ជំរុញ​ឱ្យមនុស្ស​ដែលមាន​ជម្ងឺនេះ​ងាយរង​គ្រោះ​ដល់អាយុ​ជីវិត ប្រសិនបើ​ព្យាបាល​មិនទាន់​ពេលវេលា​ទេនោះ។ ម្យ៉ាងទៀត​ក៏អាច​បណ្ដាល​ឱ្យតម្រង​នោមខ្សោយ​ផងដែរ ព្រោះ​កាលបើ​មានជម្ងឺ​រាករូស​ខ្លាំង ហើយ​តម្រងនោម​លែងមាន ទឹកនោម​សម្រាប់​ច្រោះ​ក៏ចាប់ផ្ដើម​ចុះខ្សោយ​ធ្វើឱ្យជន​រងគ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​តែម្ដង។

ដោយ​ឡែក​ទាក់ទិន​នឹងជម្ងឺ​នេះ លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិ បាលបាន​ប្រាប់​ទស្សនាវដ្ដី “សុខភាពយើង”ថា បញ្ហា​ប្រជាពលរដ្ឋ​កើតមាន​ជម្ងឺ​រាករូស​នៅខេត្ដ​ក្រចេះ​នោះ គឺ​បណ្ដាល​មកពី​ជម្ងឺ​អាសន្ន​រោគ និង​មួយចំនួន​ទៀត​បណ្ដាល​មកពី​ចំណី​អា​ហារ។ កត្ដា​ចំណី​អាហារ​នេះហើយ​ដែលមាន​ការ​ជំរុញ​ឱ្យឆាប់​រងគ្រោះ ឈាន​ដល់ការ​បាត់បង់​អាយុ​ជីវិត។ លោក សុខ ទូច បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យចេះ​ធ្វើអនាម័យ​ខ្លួនប្រាណ ទទួលទាន​ចំណី​អាហារ​ឱ្យបាន​ល្អ ហើយ​មិនត្រូវ​ទទួលទាន​ទឹកឆៅ​នោះទេ។ ត្រូវ​ទទួលទាន​ទឹកឱ្យ​បានច្រើន​នៅពេល​ដែលមាន​ជម្ងឺ​រាកខ្លាំង និង​ប្រញាប់​ព្យាបាល ជាបន្ទាន់​នៅពេល​ដែលមាន​ជម្ងឺនេះ​កើតឡើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *