ចំពោះលោកអ្នកដែលមានបញ្ហាដំណេកអាចស្ដែងចេញឱ្យឃើញថាជាជម្ងឺគេងមិនលក់។ ជាមធ្យមលោកអ្នកគប្បីគេងឱ្យ បានពី៧ម៉ោងទៅ៨ក្នុងមួយថ្ងៃ ទើបសុខភាពមានលក្ខណៈប្រសើរអាចប្រឆាំងនឹងការបៀតបៀននៃជម្ងឺដទៃ ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ។ ការគេងធ្វើឱ្យរាងកាយ និងចិត្ដបានសម្រាក និងជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹកព្រលឹម។
ដើម្បីជ្រាបកាន់តែច្បាស់ពីជម្ងឺគេងមិនលក់នេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ។
អ្វីទៅជាជម្ងឺគេងមិនលក់?
ជម្ងឺប្រភេទមួយដែលមានបញ្ហាចំពោះដំណេក បង្កឱ្យលោកអ្នកគេងមិនបានស្រួល ធ្វើឱ្យលែងមានអារម្មណ៍ស្រស់ស្រាយ នៅពេលក្រោកពីដំណេក។ លោកអ្នកមួយចំនួនមានការលំបាកនឹងគេងឱ្យលក់ ខ្លះភ្ញាក់ពីព្រឹកព្រលឹមពេក ហើយមិនអាចគេងលក់ទៅវិញ។ លោកអ្នកខ្លះទៀតនោះអាចគេងភ្ញាក់ៗក្នុងមួយយប់ៗច្រើនដង។ ជាដំណោះស្រាយចំពោះបញ្ហានេះ មានលោកអ្នក មួយចំនួនសម្រេចជ្រើសរើសការប្រើប្រាស់ថ្នាំងងុយគេង ហើយអាចញៀនថ្នាំងងុយគេង។
ផលប៉ះពាល់នៃជម្ងឺគេងមិនលក់
ជម្ងឺគេងមិនលក់បណ្ដាលឱ្យលោកអ្នកមានអារម្មណ៍ធីងធោងនៅពេលថ្ងៃ អស់កម្លាំង ធ្វើឱ្យការផ្ដោតអារម្មណ៍ និងការគិតទៅលើបញ្ហាអ្វីមួយមិនបានល្អ មានអារម្មណ៍រកាំចិត្ដ និងឆាប់ខឹងមួម៉ៅ ហើយការគិតពិចារណា និងដោះស្រាយចំពោះរឿងអ្វីមួយមិនបានច្បាស់លាស់។ ទាំងនេះសុទ្ធតែស្ដែងចេញឱ្យឃើញនៅពេលដែលលោកអ្នកមានជម្ងឺគេងមិនលក់។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺគេងមិនលក់
ជាទូទៅជម្ងឺគេងមិនលក់បណ្ដាលមកពីបញ្ហាជាច្រើនដែលបង្កឱ្យមានជម្ងឺនេះកើតមានឡើងមានដូចជា ៖
- ទទួលទានគ្រឿងស្រវឹង លោកអ្នកដែលពិសាគ្រឿងស្រវឹងភាគច្រើនតែងកើតមានជម្ងឺគេងមិនលក់ ដោយសារតែបញ្ហាគេងមិនសូវបាននៅពេលដែលស្រវឹង ហើយទម្លាប់ភ្ញាក់ពីព្រឹកព្រលឹមដោយហេតុតែមានរោគសញ្ញានៃការផ្ដាច់ស្រា។
- មូលហេតុមួយទៀត គឺដោយសារបុគ្គលនោះមានជម្ងឺផ្លូវចិត្ដ ដូចជាជម្ងឺធ្លាក់ទឹកចិត្ដ ឬជម្ងឺថប់អារម្មណ៍។ មួយវិញទៀតគឺបណ្ដាលមកពីការប្រើប្រាស់ថ្នាំងងុយគេងខុសប្រក្រតី ដោយមិនមានវេជ្ជបញ្ជាប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
- មូលហេតុចុងក្រោយ គឺបណ្ដាលមកពីបញ្ហាផ្នែកជម្ងឺទូទៅ ជាពិសេសបញ្ហាដែលបណ្ដាលឱ្យមានការឈឺចាប់ ដូចជាការរងរបួសដោយគ្រោះថ្នាក់អ្វីមួយ ពិបាកដកដង្ហើម ជម្ងឺខ្សោយបេះដូង ឬជម្ងឺរលាកផ្លូវទឹកនោមដែលបណ្ដាលឱ្យនោមញឹកញាប់ នៅពេលដែលទទួលទានដំណេក។
ដំណោះស្រាយ និងប្រការគួរប្រតិបត្ដិចំពោះជម្ងឺគេងមិនលក់
ការព្យាបាលជម្ងឺផ្លូវចិត្ដទាំងអស់ជាការចាំបាច់ ត្រូវមានការថែទាំ និងពិនិត្យព្យាបាលយ៉ាងត្រឹមត្រូវពីវេជ្ជបណ្ឌិតជំនាញផ្នែក សុខភាពផ្លូវចិត្ដ។ ជម្ងឺគេងមិនលក់ក៏ដូចគ្នាដែរ គឺចាំបាច់ត្រូវព្យាបាលទៅតាមមូលហេតុនីមួយៗដែលបង្កឱ្យមានជម្ងឺនេះ។ ការព្យាបាលចំពោះជម្ងឺនេះគឺត្រូវអប់រំដល់បុគ្គលដែលមានជម្ងឺគេងមិនលក់ឱ្យដឹងអំពីរបៀបគេងឱ្យបានប្រសើរឡើង។ អ្នកជម្ងឺគេងមិនលក់ចាំបាច់ត្រូវស្វែងយល់បញ្ហាដំណេកឱ្យបានត្រឹមត្រូវ ៖
- រក្សាទម្លាប់ក្នុងការគេងឱ្យបានទៀងទាត់ គឺគប្បីកំណត់ពេលវេលាក្នុងការចូលគេង និងក្រោកពីព្រលឹមឱ្យបានទៀងពេល
- ភ្ញាក់ពីគេងឱ្យទៀងពេល មិនថាលោកអ្នកគេងបានប៉ុន្មានម៉ោងនោះទេ។ លោកអ្នកអាចប្រើប្រាស់នាឡិការោទ៍ បើសិនលោកអ្នកមានការលំបាកក្នុងការភ្ញាក់ឱ្យបានទៀងម៉ោងនាពេលព្រឹក
- លោកអ្នកមិនត្រូវប្រើគ្រឿងស្រវឹង ឬថ្នាំងងុយគេងដើម្បីឱ្យទទួលទានដំណេកលក់ស្រួលនោះទេ ព្រោះអាចប៉ះពាល់បញ្ហាដំណេករបស់លោកអ្នកទៅថ្ងៃមុខ
- មិនត្រូវពិសាបារីនៅមុនពេលចូលគេងនោះទេ ព្រោះអាចបណ្ដាលឱ្យលោកអ្នកក្អកដែលធ្វើឱ្យប៉ះពាល់ដល់ដំណេក
- មុនចូលគេងគប្បីបត់ជើងតូចឱ្យហើយ ចៀសវាងការក្រោកទៅបន្ទប់ទឹកនៅពេលយប់អធ្រាត្រ
- ចៀសវាងការពិសាតែ ឬកាហ្វេនៅពេលរសៀល ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យលោកអ្នកមិនងងុយគេង
- ធ្វើវិធីលំហាត់សម្រាកចិត្ដកាយមុនពេលចូលគេង
- ចៀសវាងការគេងពេលថ្ងៃ ព្រោះអាចប៉ះពាល់ទៅដល់ពេលវេលាក្នុងការគេងពេលយប់
- សម្រួលអារម្មណ៍ឱ្យបានល្អប្រសើរនៅពេលទទួលទានដំណេក កុំព្រួយបារម្ភថាខ្លួនមិនអាចគេងលក់ ព្រោះវាអាចធ្វើឱ្យបញ្ហាក្នុងការដំណេកកាន់តែធ្ងន់ធ្ងរ
- ត្រូវមានកន្លែងគេងឱ្យបានត្រឹមត្រូវ និងផាសុកភាព
- ប្រសិនបើលោកអ្នកគេងមិនលក់នោះទេ គឺត្រូវងើបឡើងសម្រាកឬអានសៀវភៅរយៈពី១៥ទៅ៣០នាទីរួចសឹមចូលទៅគេងវិញ។
ដំបូន្មានអ្នកជំនាញ
ការថែរក្សាសុខភាពមិនមែនជារឿងលេងសើចនោះទេ គឺចាំបាច់ត្រូវថែទាំឱ្យបានដិតដល់ ដើម្បីបញ្ចៀសពីបញ្ហាទាំងឡាយ។ បញ្ហាដំណេកនឹងធ្វើឱ្យលោកអ្នកមានបញ្ហាកាន់តែច្រើន ទាំងសុខភាពផ្លូវចិត្ដ និងសុខភាពផ្លូវកាយ ដូចជាការប្រឈមមុខនឹងជម្ងឺផ្ដាសាយក៏ដូចជាជម្ងឺដទៃទៀតផងដែរ។ ដូចនេះលោកអ្នកត្រូវអនុវត្ដឱ្យបានត្រឹមត្រូវចំពោះដំណេករបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply