គ្រឿងញៀនគឺជាសត្រូវសួពូជ និងជាដើមចមបំផ្លាញដល់សុខភាពប្រជាពលរដ្ឋទូទៅ នៅពេលដែលសារធាតុញៀនទាំងនេះ បានវិវឌ្ឍន៍ចូលទៅក្នុងខ្លួនហើយនោះ។ គ្រឿងញៀនក៏ជាមេឈ្មួញដ៏ធំដែលផ្ដល់នូវសក្ដានុពលដល់សង្គមទាំងមូលឱ្យជួបប្រទះនូវបញ្ហា ប្រឈមមិនចេះចប់ ដែលបាននឹងកំពុងយកចិត្ដទុកដាក់ដោយរាជរដ្ឋាភិបាល ដើម្បីធ្វើការទប់ស្កាត់ការហូរចូល និងការផលិតផ្សេងៗ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេសក្រុមយុវវ័យមួយចំនួនដែលកំពុងតែប្រព្រឹត្ដនិងសេពគ្រឿងញៀនទាំងនេះឱ្យុយល់ច្បាស់ ពីផលប៉ះពាល់ទូទៅ ជាពិសេសបញ្ហាសង្គម បញ្ហាសុខភាព និងបញ្ហាជីវភាព។
មន្ដ្រីរដ្ឋាភិបាលបានជ្រើសថ្ងៃទី២៦ ខែឧសភា បង្កើតជាទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្ដរជាតិ ព្រោះចង់បញ្ជ្រាបដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យគេចផុតពីបញ្ហានេះ។ ជាមួយគ្នានេះដែរ ក៏មានអង្គការ មជ្ឈមណ្ឌល សមាគម និងសហគមន៍ ប្រឆាំងគ្រឿងញៀនបង្កើតឡើងជាបន្ដបន្ទាប់ផងដែរ ដើម្បីរួមចំណែកកាត់បន្ថយអត្រានៃអ្នកប្រើប្រាស់គ្រឿងញៀន។
ដើម្បីចូលរួមចំណែកក្នុងកិច្ចការទប់ស្កាត់បញ្ហាគ្រឿងញៀននេះដែរ លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា បានចូលរួមផ្ដល់កិច្ចសម្ភាសន៍ផ្ទាល់ជាមួយទស្សនាវដ្ដី សុខភាពយើង អំពីផលប៉ះពាល់ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន និងមូលហេតុដែលមានការបង្កើតឱ្យមានទិវាប្រឆាំងគ្រឿងញៀននេះកើតឡើង។
ទិវាប្រឆាំងគ្រឿងញៀនបង្កើតឡើងដើម្បីអ្វី?
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជា ហៅកាត់ថា “DARAC” បានមានប្រសាសន៍ថា “ទិវានេះបង្កើតឡើងដើម្បីផ្ដោតទៅលើការអប់រំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទៅបានដឹងបានយល់អំពីសារធាតុញៀន ទាំងឥទ្ធិពល និងសេវាចរាចរណ៍គ្រឿងញៀនពិភពលោក ដើម្បីបញ្ជ្រាបអំពីផលប៉ះពាល់ និងគ្រោះមហន្ដរាយដោយគ្រឿងញៀន ចំពោះបញ្ហាសុខភាព បញ្ហាសង្គម និងបញ្ហាជីវភាពទាំងមូល”។ លោក មាស សុវណ្ណ បានលើកឡើងទៀតថា “ការបង្កើតទិវាប្រឆាំងគ្រឿងញៀននេះ គឺជាការចូលរួមចំណែកក្នុងសង្គមដ៏ប្រពៃបំផុត ព្រោះទិវានេះបានបំផុសឱ្យមហាជនទូទៅ មិនត្រឹមតែក្នុងប្រទេសមួយៗនោះទេ គឺទូទាំងពិភពលោក ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ប្រទេសខ្លួនឯង ទប់ស្ក្កាត់ការធ្វើចរាចរណ៍គ្រឿងញៀន។ ព្រោះបញ្ហាគ្រឿងញៀននេះហើយអាចជាបញ្ហាមួយរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមឬតំបន់ផ្សេងៗ ដែលប្រទេសនីមួយៗមានការយក ចិត្ដទុកដាក់យ៉ាងខ្លាំង រហូតបង្កើតនូវកម្មវិធីទិវាប្រឆាំងគ្រឿងញៀនអន្ដរជាតិ ដើម្បីផ្ដល់នូវចំណេះដឹងពីផលប៉ះពាល់នានា និងគ្រោះថ្នាក់ផ្សេងៗដែលកើតចេញដោយសារគ្រឿងញៀន។
លោក មាស សុវណ្ណ បានបន្ដថា ដោយសារតែបញ្ហាគ្រឿងញៀនជាបញ្ហាស្មុគស្មាញ ដែលពលរដ្ឋក្នុងតំបន់មួយចំនួននៅមិនទាន់ជ្រាបច្បាស់អំពីផលប៉ះពាល់នោះ រាជរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ជំរុញឱ្យអង្គការ សមាគម សហគមន៍ ឬមជ្ឈមណ្ឌលនានាឱ្យយកចិត្ដទុកដាក់ជួយអប់រំផ្សព្វផ្សាយពីការសេពគ្រឿងញៀន និងការហូរចូលពីបណ្ដាតំបន់ផ្សេងៗ ដោយតម្រូវឱ្យសមត្ថកិច្ចត្រូវមានកាតព្វកិច្ចទប់ស្កាត់ឱ្យខាងតែបាន។ ព្រោះបញ្ហាគ្រឿងញៀនជាបញ្ហារាំងស្ទះក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស សង្គមធ្លាក់ចុះ និងបង្កភាពអាណាធិបតេយ្យផ្សេងៗដែលកើតចេញពីបញ្ហាគ្រឿងញៀន។ ដូច្នេះហើយបានជាប្រទេសកម្ពុជាយើងរហូតមកទល់ពេលនេះមានអង្គការមជ្ឈមណ្ឌល សមាគម និងសហគមន៍ដើម្បីជួយបន្សាបទប់ស្កាត់គ្រឿងញៀនចំនួន ១៤នៅទូទាំងប្រទេស។ ក្នុងនោះមានមណ្ឌលកាត់ផ្ដាច់គ្រឿងញៀនរបស់រដ្ឋមានចំនួន១១ និងអង្គការសង្គមស៊ីវិលមានចំនួន៣។
ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកំពុងថយចុះ?
“ថ្ងៃទី២៦ ឧសភា ជាថ្ងៃប្រារឰទិវាប្រឆាំងគ្រឿងញៀន” និងជាថ្ងៃមួយដែលប្រជាពលរដ្ឋទូទៅទទួលការជ្រាបច្បាស់ចំពោះការប្រើប្រាស់គ្រឿងញៀន និងគ្រោះមហន្ដរាយផ្សេងៗរបស់គ្រឿងញៀន ជាមួយនឹងផលប៉ះពាល់នៅក្នុងសង្គមជាតិទាំងមូល។ ទិវានេះបង្កើតឡើងមានការសមស្របទៅនឹងសង្គមបច្ចុប្បន្ន ដែលបានផ្ដោតទៅលើកត្ដាសំខាន់ៗជាច្រើន ជំរុញដល់ពលរដ្ឋទូទៅ និង យុវវ័យទាំងឡាយដែលកំពុងតែងប់ងល់ឱ្យមានការថយក្រោយ និងតាំងសតិអារម្មណ៍លុបបំបាត់ទិសដៅដែលឆ្ពោះទៅរកថ្នាំញៀននាពេលដ៏ខ្លីខាងមុខ។ មានអ្នកញៀនថ្នាំក្នុងប្រទេសកម្ពុជាមិនតិចនោះទេ ដែលធ្វើឱ្យជីវភាពគ្រួសារមានការធ្លាក់ចុះ និងប្រឈមនឹងបញ្ហាសុខភាពដែលអាចឈានទៅរកគ្រោះមហន្ដរាយដ៏ធំធេង ដែលសង្គមទាំងមូលមិនមានការពេញចិត្ដ ជាពិសេសសមាជិកគ្រួសារ ត្រូវរងនូវភាពអាម៉ាស់និងខាតបង់នូវទ្រព្យសម្បត្ដិជាហូរហែផងដែរ។
លោក មាស សុវណ្ណ បានបន្ដថា បន្ទាប់ពីមានអង្គការ និងសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាជាច្រើនបានបង្កើតឡើងមក លទ្ធផលនៃអ្នកប្រើប្រាស់ចាប់ផ្ដើមធ្លាក់ចុះជាលំដាប់ ហើយក៏មានពលរដ្ឋមួយចំនួនបញ្ឈប់ការប្រើប្រាស់ និងផ្ដាច់គ្រឿងញៀនដោយខ្លួនឯងផងដែរ។ លោក មាស សុវណ្ណ បានបន្ដទៀតថា ទិវាប្រឆាំងគ្រឿងញៀននេះមានសារៈសំខាន់ណាស់ចំពោះបងប្អូនទូទៅ និងសម្រាប់សង្គមជាតិទាំងមូល ព្រោះថាក្រោយពេលដែលទិវានេះបង្កើតឡើងមានអង្គការ សង្គមស៊ីវិល និងជនរួមជាតិមានការចូលរួមចំណែកកាត់បន្ថយ។ លោកបានសង្កត់ថា “មានការថយចុះអ្នកប្រើប្រាស់ថ្មី” មានន័យថា អ្នកដែលចង់សាកល្បងក្នុងការប្រើប្រាស់នោះត្រូវបោះបង់ចោល ព្រោះគេបានយល់អំពីផលប៉ះពាល់ចំពោះគ្រឿងញៀន ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានផ្សេងៗ ឬចុះទៅអប់រំតាមតំបន់ និងតាមសហគមន៍ ដោយមន្ដ្រីពាក់ព័ន្ធដល់ទីកន្លែង។ ដូច្នេះហើយអ្នកប្រើប្រាស់ឬអ្នកដែលមានចេតនាចង់សាកល្បងនោះ ត្រូវបានយល់ដឹងជ្រាបច្បាស់អំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហាគ្រឿងញៀន ចាប់ផ្ដើមបន្ថយរហូតដល់កាត់ផ្ដាច់តែម្ដង។
បណ្ដាំផ្ញើ
យុវវ័យទាំងអស់ដែលធ្លាប់តែប្រីប្រាស់គ្រឿងញៀន និងកំពុងប្រើប្រាស់ គួរតែបោះបង់ចោលឱ្យដាច់ស្រឡះ ព្រោះគ្រឿងញៀនគឺជាសត្រូវសួពូជរបស់សុខភាព និងសង្គម។ វាគ្មានអ្វីផ្ដល់នូវអត្ថប្រយោជន៍ខ្ពស់ដល់ជីវភាពឬសុខភាពឡើយ ហើយក៏មិនមែន ជាគ្រាប់ពេជ្រសម្រាប់ឱ្យយើងគ្រប់គ្នាប្រឡែងលេងនោះទេ។ ម្យ៉ាងទៀតគ្រឿងញៀនជាសារធាតុបំផ្លាញអាយុជីវិត និងបំផ្លាញសុខភាពលោកអ្នក ធ្វើឱ្យមានការថមថយនូវសតិសម្បជញ្ញៈ និងជាដើមហេតុជំរុញឱ្យលោកអ្នកក្លាយទៅជាជនល្មើសដោយមិនដឹងខ្លួនទៀតផង។ ដូច្នេះហើយយុវវ័យ ឬប្រជាពលរដ្ឋទាំងឡាយមិនត្រូវយកពេលទំនេរទៅសេពគ្រឿងញៀនបំបាត់អារម្មណ៍អផ្សុកនោះទេ គួរតែយកពេលវេលាទាំងនោះទៅអានសៀវភៅ ឬស្ដាប់បទចម្រៀងផ្សេងៗ ទើបប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply