អ្នកជម្ងឺ​ទឹកនោម​ផ្អែម ៥០%​មានវិបត្ដិ​ផ្លូវភេទ

នៅ​ប្រទេស​កម្ពុជា មាន​អ្នកជម្ងឺ​ទឹកនោម​ផ្អែម​ជាង២៥​ម៉ឹននាក់។ ជម្ងឹ​ទឹកនោម​ផ្អែម​ជាបន្ទុក​មួយដ៏​ធំ​របស់​អ្នកជម្ងឺ ក្រុម គ្រួសារ និង​សង្គមជាតិ​សម្រាប់ការ​ព្យាបាល និង​ផល​ប៉ះពាល់នានា។ ជម្ងឺ​ទឹកនោម​ផ្អែម​អាចមាន​ផល​ប៉ះពាល់​ទៅលើ​សុខភាព​រាងកាយ នាំឱ្យ​ទ្រុឌទ្រោម និង​សរីរាង្គ​ដទៃទៀត ដូចជា​ជម្ងឺ​បេះដូង​សរសៃ​ឈាម ខូច​តម្រង់​នោម ងងឹងភ្នែក ដំបៅជើង​ជាដើម។ លើស​ពីនេះ ជម្ងឺ​ទឹកនោម​ផ្អែម​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​បាត់បង់​សមត្ថភាព​ផ្លូវភេទ​ទាំងបុរស​ទាំងស្ដ្រី ដូចជា​លិង្គ​លែង​សូវឡើង​រឹង ស្ងួត​ទ្វារមាស បាត់បង់ ចំណង់​ជាដើម។ ប៉ុន្ដែ​មានវិធី​ដោះស្រាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គ្រាន់តែ​ឮថា​កើតជម្ងឺ​ទឹកនោម​ផ្អែម អ្នកខ្លះ​បះសក់ លួសព្រលឹង​ស្ទើរស្លាប់​ស្ទើរ​រស់ទៅហើយ នេះជា​ផលប៉ះពាល់​ភ្លាមៗ​ទៅលើ​ផ្លូវចិត្ដ​របស់​ពួកគាត់។ នេះ​មិនទាន់​គិតទៅ​ដល់ផល​ប៉ះពាល់​ទៅលើ​សរីរាង្គកាយ និង​សុខភាព​ផ្លូវកាយ​ជាច្រើន​នៅឡើយ​នោះទេ។ ផលវិបាក​របស់ជម្ងឺ​ទឹកនោម​ផ្អែម​មួយចំនួន (សរសៃ​ប្រសាទ សរសៃឈាម ឬជម្ងឺ​ឆ្លង​មេរោគ) ជម្ងឺ​កើត​ដំណាល​គ្នា និងការ​ព្យាបាល ជម្ងឺ​ទាំងនេះ (ជម្ងឺ​លើស​សម្ពាធ​ឈាម ជម្ងឺលើស​កូឡេស្ដេរ៉ូល…) ព្រមទាំង​ជម្ងឺ​អ័រម៉ូន​ផ្សេងៗ​ទៀត (ជម្ងឺ​អូវ៉ែរ ឬ​ប្រមោយស្បូន ជម្ងឺ ពងស្វាស ឬជម្ងឺ​ក្រពេញ​ទីរ៉ូអ៊ីដ) ផល​ប៉ះពាល់និ​ងជម្ងឺ​ទាំងអស់​នេះ​សុទ្ធតែ​មានឥទ្ធិពល​ដោយផ្ទាល់​ទៅលើ​សុខភាព​ផ្លូវភេទ​នាំឱ្យ​មានវិបត្ដិ​ផ្លូវភេទ​កើតមាន​ឡើង។ តាមការ​ប៉ាន់ស្មាន​លើអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​នៅប្រទេស​កម្ពុជា មានអត្រា​អ្នក​ដែលកើត​ជម្ងឺ​ទឹកនោមផ្អែម​យូរលើស​ពី១០ឆ្នាំ​ប្រមាណ​ជា៧០​ទៅ៨០%ឯណោះ បាន​ទទួលរង​នូវផល​ប៉ះពាល់​លើ​សុខភាព​ផ្លូវភេទ ឬ​ជីវភាព​លើគ្រែ។ អត្រានេះ​នៅលើ​ពិភពលោក​ជាមធ្យម​មាន​ប្រមាណ​ជា៥០%​តែប៉ុណ្ណោះ។ នេះជា​តួលេខ​មួយគួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ជីវិត​គ្រួសារ និង​ជីវភាព ផ្លូវភេទ​របស់អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម និង​ក្រុមគ្រួសារ​របស់​ពួកគេ។ បែបនេះ​ហាក់​ដូចជា​សម្ពាធ​មួយដាក់​ទម្ងន់​ទៅលើ​ស្ថានភាព​ជម្ងឺ​រ៉ាំរ៉ៃ ដែល​ពួកគេ​កំពុង​ទទួលរង ត្រូវ​ព្យាបាល​យ៉ាងយូរ​អង្វែង ឬ​មួយជីវិត​នោះ។ ទោះបី​បែបនេះ​ក្ដី គឺ​ពិតជាមាន​មធ្យោបាយ​ដើម្បី​ការពារ និង​ទប់ស្កាត់​ផល​ប៉ះពាល់​ទាំងឡាយ​ដែល​នាំឱ្យ​បង្ក​ជាវិបត្ដិ​ផ្លូវភេទ។

អាការរោគ​ស្ដែងឡើង

នៅលើ​ស្ដ្រី​ដែលកើត​ជម្ងឺ​ទឹកនោម​ផ្អែម គេ​ឧស្សាហ៍​ឃើញមាន​កើតបញ្ហា​ដែលបង្ក​ឡើង​ដោយ​មេរោគ និង​មេរោគ​ផ្សិត (ផ្សិត​មីកូស) និងការ​ស្ងួត​ទ្វារមាស ដែល​ធ្វើឱ្យ​ការ​រួមភេទ​រងការ​លំបាក និង​មានការ​ឈឺចាប់។ ចំណែក​ឯបុរស​ដែល​កើតជម្ងឺ​ទឹកនោម​ផ្អែម​ក៏អាច​មានបញ្ហា​ដូចគ្នា​ដែរ ដូចជា​រលាក​ប្រូស្ដាត រោគផ្សិត ជម្ងឺបង្ក​ដោយ​មេរោគ​ផ្សេងៗ​ជាដើម ជាពិសេស​គឺវិបត្ដិ​លិង្គមិនសូវ​ឡើងរឹង និង​ឆាប់ចេញ ឬ​ក្រទឹកកាម ដែលមាន​ទម្រង់​ផល​ប៉ះពាល់​ជាលក្ខណៈ​ធំដុំ។ បើតាម​ការអង្កេត​មានបុរស​ប្រមាណ​ជាពី១០​ទៅ១៥%​មាន​វិបត្ដិ​មុខងារ​លិង្គ​មិនសូវ​ឡើងរឹង តួលេខ​នេះអាច​កើនឡើង​បើបុរស​មាន​អាយុ​កាន់តែ​ចំណាស់។ ហើយ​ក្នុងចំណោម​នេះមាន​ប្រមាន​ពី៣០​ទៅ៥០% ជាបុរស​ដែលមាន​ជម្ងឺ​ទឹកនោម​ផ្អែម។
លើសពីនេះ​ជម្ងឺ​ទឹកនោម​ផ្អែម ដូចគ្នា​នឹងជម្ងឺ​រ៉ាំរ៉ៃ​ដទៃទៀត​ដែរ អាចបង្ក​ឱ្យអ្នក​ជម្ងឺ​បាត់បង់​ទំនុកចិត្ដ​លើ​ខ្លួនឯង ដែល​អាចឈាន​ទៅដល់​ជម្ងឺ​បាក់​ទឹកចិត្ដ និងអស់​សង្ឃឹម កើតលើ​ទាំងអ្នក​ជម្ងឺ​បុរស​ទាំងស្ដ្រី។ ឥទ្ធិពលនេះ​មាន​កម្រិត​តិចនិង​ច្រើន ដែល​ជាចុងក្រោយ​អាចធ្វើ​ឱ្យបាត់បង់​ចំណង់ ថមថយ​ចំណង់ ឬលែង​រវីរវល់​នឹងរឿង​ជីវិត ឬការ​រស់នៅ​ទាំងស្រុង​តែម្ដង។

តើត្រូវ​ធ្វើ​ដូចម្ដេច?

សូមកុំ​ធ្វេសប្រហែស​មិន​រវីរវល់​នឹងផលវិបាក​ដែល​ប៉ះពាល់​ដល់​ជីវភាព​ផ្លូវភេទ និង​ដែលអាច​ប៉ះពាល់​បង្ក​ជាវិបត្ដិ​ផ្សេងៗ ទៀតនៃ​ជម្ងឺ​ទឹកនោម​ផ្អែម។ ជម្ងឺ​ទឹកនោម​ផ្អែម​មិនបាន​ធ្វើចំណាត់​ថ្នាក់​រឿង​លើគ្រែ​ឱ្យ​នៅក្រៅ​ផល​ប៉ះពាល់​របស់​ខ្លួនឡើយ។ មនុស្សម្នាក់ៗ​សុទ្ធតែ​មាន​សិទ្ធទទួល​បានរឿង​ផ្លូវភេទ និង​សេចក្ដីសុខ​ស្រួល​ខាង​ផ្លូវភេទ។ ផលវិបាក​ដែល​បង្ក​ទៅលើ​ជីវភាព​ផ្លូវភេទ​មិនមែន​ជារឿង​ព្រហ្មលិខិត​នោះទេ។ អ្នកជម្ងឺ​ទឹកនោម​ផ្អែម​អាច​រស់ដោយ​មាន​សុខភាពផ្លូវភទ​ធម្មតា ដូចអ្នក​មិនកើត​ជម្ងឺ​ទឹកនោម​ផ្អែមដែរ ដោយ​បញ្ចៀស​ឱ្យបាន​នូវកត្ដា​បង្ក​គ្រោះថ្នាក់ និង​លើកឡើង​ជា​ផែនការ​បង្ការ​និង​ប្រុងប្រយ័ត្ន​ខ្ពស់។

  • ការពារ​ខ្លួន​ពីជម្ងឺ​ឆ្លង​តាម​ផ្លូវភេទ ឬជម្ងឺ​កាមរោគ (គ្រោះថ្នាក់​ដោយ​មេរោគ)
  • កាត់​បន្ថយ​ការ​ទទួលទាន​សុរា ឬ​សារធាតុ​អាល់កុល
  • ឈប់​ជក់បារី
  • សម្របការ​ព្យាបាល​ជម្ងឺ​ទឹកនោម​ផ្អែម និងជម្ងឺ​កើត​ដំណាល​គ្នា (លើស​ឈាម ឬ​លើស​កូស្ដេរ៉ូល) ដោយ​មានការ​យល់ព្រម​ពីគ្រូពេទ្យ​ព្យាបាល
  • ចាប់​ទទួលទាន​អាហារ​ត្រឹមត្រូវ និង​ហាត់ប្រាណ​ជាប្រចាំ​ទៀងទាត់
  • រក្សា​លំនឹង​ជាតិស្ករ​នៅក្នុង​ឈាម (ព្រោះ​ថាការ​ថមថយ​ជាតិស្ករ​ក្នុងឈាម​មកនៅ​កម្រិត​ធម្មតា អាចជួយ​ស្រោចស្រង់ វិបត្ដិ​លិង្គ​មិនសូវ​ឡើងរឹង​បានដែរ)។

បណ្ដាំ​ផ្ញើ

ដោយសារ​រឿង​ផ្លូវភេទ​ត្រូវបាន​ហាមឃាត់​និយាយ​នៅក្នុង​សង្គម​ខ្មែរ មនុស្ស​ខ្មែរ​ភាគច្រើន​បានទ្រាំ​បៀមទុក​នូវ​វិបត្ដិ​ផ្លូវភេទ​ទាំងឡាយ។ អ្វីដែល​ត្រូវធ្វើ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​អ្នកជម្ងឺ​ទឹកនោម​ផ្អែម គឺត្រូវ​ហ៊ាន​លើកមក​និយាយ​ជាមួយ​គ្រូពេទ្យ​ព្យាបាល និង​ស្វែងរក​ការព្យាបាល។ សព្វថ្ងៃ​នេះ មានវិធី​ព្យាបាល​ជាច្រើន​យ៉ាង​ដែលអាច​ជួយ​ព្យាបាល​វិបត្ដិ​ផ្លូវភេទ​យ៉ាងមាន​ប្រសិទ្ធិភាព ហេតុនេះ​សូមអ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ទាំងអស់​ស្វែងរក​ការ​ព្យាបាល ដោយ​ចាប់ផ្ដើម​និយាយ​ជាមួយ​គ្រូពេទ្យ​ព្យាបាល និង​ដៃគូរ​បស់ខ្លួន​ដើម្បី​សាងទំនុក​ចិត្ដ និង​ស្រោចស្រង់​វិបត្ដិ​ទាំងនេះ។
អត្ថបទ​ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *