ទារកដែលបំបៅទឹកដោះគោគឺទាមទារឱ្យមានអនាម័យខ្ពស់បំផុត។ បើសិនជាមិនមានអនាម័យបានល្អទេនោះ អាចបណ្ដាលឱ្យទារករាកឬអាចឆ្លងជម្ងឺផ្សេងៗ។ អ្នកម្ដាយគ្រប់រូបត្រូវគិតគូរឱ្យបានម៉ត់ចត់អំពីបញ្ហាអនាម័យចំពោះកូនខ្លួន ព្រោះទារកដែលបំបៅទឹកដោះគោងាយប្រឈមមុខនឹងជម្ងឺផ្សេងៗណាស់។ សូមស្វែងយល់ពីវិធីថែរក្សាអនាម័យសម្ភារៈទារក។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីបកស្រាយអំពីការអនាម័យទារកដែលបំបៅទឹកដោះគោ។
មូលហេតុដែលម្ដាយឱ្យកូនបៅទឹកដោះគោ
ក្នុងករណីដែលទារកនៅបៅដោះម្ដាយទារកមិនត្រូវការជាតិទឹកអ្វីផ្សេងនោះទេ ព្រោះទឹកដោះម្ដាយមានជាតិទឹកគ្រប់គ្រាន់រួចទៅហើយសម្រាប់ឱ្យទារកលូតលាស់នៅក្នុងពេល៦ខែដំបូង។ ប៉ុន្ដែនៅក្នុងករណីដែលម្ដាយមិនអាចបំបៅដោះកូនបាន ទឹកដោះគោក៏ជាជម្រើសបន្ទាប់ពីទឹកដោះម្ដាយផងដែរ។ ស្ដ្រីមួយចំនួនយល់ថាការឱ្យទារកបៅទឹកដោះគោអាចជួយឱ្យម្ដាយមានពេលវេលាច្រើនសម្រាប់ការងារក្នុងផ្ទះក៏ដូចជាការងារក្រៅផ្ទះផងដែរ។ ជាងនេះទៅទៀតមានស្ដ្រីមួយចំនួនយល់ថាការឱ្យទារកបៅដោះម្ដាយធ្វើឱ្យខូចទ្រង់ទ្រាយដោះ នេះក៏ជាហេតុផលមួយដែលធ្វើឱ្យស្ដ្រីសម្រេចចិត្ដបំបៅដោះកូនដោយទឹកដោះគោ។
អនាម័យទារកបំបៅទឹកដោះគោ
ការអនាម័យទារកដែលបំបៅទឹកដោះគោ ដំបូងបង្អស់ត្រូវសម្អាតបំពង់ទឹកដោះគោ ក្បាលដោះកៅស៊ូ ដោយការស្ងោរ នឹងទឹកពុះ ដើម្បីសម្លាប់មេរោគចោល។ បរិមាណទឹកដោះគោដែលឆុងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត និងសមស្របទៅតាមអាយុរបស់ទារកក៏ជាប្រការសំខាន់ដែរ។ នៅពេលឆុង ត្រូវដាក់ទឹកដោះគោចូលក្នុងដបដែលបានស្ងោរសម្លាប់មេរោគរួចហើយ។ ក្រោយពេលដែលឱ្យទារកបៅទឹកដោះគោហើយត្រូវយកដបដាក់ទឹកដោះគោលាងឱ្យស្អាត និងត្រូវត្រាំក្បាលដោះនៅក្នុងទឹក បន្ទាប់មកត្រូវស្ងោរនឹងទឹកពុះ ដើម្បីកុំឱ្យដុះផ្សិត។
ផលប៉ះពាល់ចំពោះទារកដែលបំបៅទឹកដោះគោ
ទារកដែលបៅទឹកដោះគោភាគច្រើនមិនមានប្រព័ន្ធការពារគ្រប់គ្រាន់ដូចជាទឹកដោះម្ដាយនោះទេ ដូចនេះធ្វើឱ្យទារកងាយនឹងមានជម្ងឺឆ្លងនៅពេលដែលលោកអ្នកមិនមានអនាម័យ ដូចជានៅពេលដែលលោកអ្នកធ្វើការងាររួចមិនបានសម្អាតដៃរបស់លោកអ្នកឱ្យបានស្អាត ហើយក៏ទៅប៉ះពាល់ជាមួយទារក។ ចំពោះទារកដែលបៅទឹកដោះគោភាគច្រើនធ្វើឱ្យទារកទល់លាមកពិបាកបន្ទោរបង់។
ដំបូន្មានអ្នកជំនាញ
ទារកបំបៅទឹកដោះគោចាំបាច់ត្រូវតែតាមដានមើលលាមក និងថែរក្សាទារកកុំឱ្យទល់លាមក ជាពិសេសត្រូវឱ្យទារកទទួលទានអាហារដែលអាចជួយឱ្យទារកលូតលាស់បានល្អ ដូចជាបន្លែ និងផ្លែឈើបន្ថែម និងត្រូវរឹតពោះទារកស្រាលជារៀងរាល់ថ្ងៃ។ លោកអ្នកត្រូវតែធ្វើការសម្អាតដៃឱ្យបានស្អាតនៅមុនពេលប៉ះពាល់ទារក។ មុនពេលលោកអ្នកសម្រេចចិត្ដឱ្យទារកបៅទឹកដោះគោ លោកអ្នកគួរតែមកពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពន្យល់អំពីរបៀបប្រើប្រាស់ទឹកដោះគោ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply