មើល​ទូរទស្សន៍ ប៉ះពាល់​ផ្លូវចិត្ដ​កុមារ

រូបភាព​ដែលបាន​ស្ដែងចេញ​ពីការ​មើល​ទូរទស្សន៍​អាច​ធ្វើឱ្យ​លោកអ្នក និង​កុមារ​ដិតអារម្មណ៍​ជាប់​ក្នុងចិត្ដ​ជានិច្ច ទាំងរូបភាព​សំណើច បាញ់​ប្រហារ កាប់​សម្លាប់ ភ័យ​តក់ស្លុត រន្ធត់ញាប់ញ័រ ឬការ​កម្សាន្ដ​សប្បាយៗ​ជាដើម។ ការដែល​ទស្សនា​ខ្សែភាពយន្ដ បែប​ភ័យខ្លាច ព្រឺព្រួច ផ្សង​គ្រោះថ្នាក់ ជួប​ហេតុការណ៍​អាក្រក់ ការស្លាប់​បាត់បង់​ជីវិត ឬអំពើ​ឃោរឃៅ គឺអាច​នឹង​ធ្វើឱ្យ​លោកអ្នក​មួយចំនួន​ដែលមាន​សុខភាព​ផ្លូវចិត្ដ​មិន​រឹងមាំ ជាពិសេស​កុមារ​ងាយ​មាន​អារម្មណ៍​ភ័យខ្លាច​នឹង​ហេតុការណ៍​ដែលបាន​កើតឡើង​នៅក្នុង​សាច់រឿង​បំផុត ដោយ​សារតែ​បុគ្គល​ទាំងនោះ​មិនទាន់​មានចិត្ដ​ក្លាហាន​ប្រឈម​នឹងហេតុ​ទាំងអស់​នោះបាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃមន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត បកស្រាយ​ពីការ​មើល ទូរទស្សន៍ និង​ផ្លូវចិត្ដ​កុមារ​ជូន​ប្រិយមិត្ដ​ឱ្យបាន​ជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ហេតុអ្វី​កុមារ​ចូលចិត្ដ​មើល​ទូរទស្សន៍​ដូច​មនុស្ស​ធំដែរ?

កុមារ​មួយចំនួន​ចូលចិត្ដ​តាមដាន​សាច់រឿង​ដូច​មនុស្ស​ធំអ៊‌ីចឹង​ដែរ កុមារ​ខ្លះ​ចូលចិត្ដ​មើល​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ ខ្លះ​ចូលចិត្ដ​មើល​កម្មវិធី​ចម្រៀង ខ្លះ​ចូលចិត្ដ​មើល​កម្មវិធី​កុមារ​ដូចគ្នា ហើយ​កុមារ​ខ្លះទៀត​ចូលចិត្ដ​មើល​តាម​សារជាតិ​ជាកុមារ គឺ​មើលតែ​គំនូរ​ជីវចល​តែ​ប៉ុណ្ណោះ។ ការដែល​កុមារ​ចូលចិត្ដ​ទស្សនា​កម្មវិធី​ប្រភេទ​ផ្សេងៗ​គ្នាបែប​នេះគឺមក​ពីចំណង់​ចំណូល​ចិត្ដ​របស់កុមារ​ម្នាក់ៗ ហើយក៏​មកពី​និស្ស័យ​ខុសៗគ្នា​របស់​កុមារ​ផងដែរ។ ការ​ទស្សនា​ទូរទស្សន៍​ក៏អាច​ធ្វើឱ្យ​កុមារ​មានការ​រីកចម្រើន​ផ្នែក​បញ្ញា​ស្មារតី​មួយចំនួន​ផងដែរ តែ​ទន្ទឹមនឹង​នេះការ​មើល​ទូរទស្សន៍​ក៏អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កុមារ​ផងដែរ។

ទំនាក់​ទំនង​ការមើល​ទូរទស្សន៍ និង​ផ្លូវចិត្ដ​កុមារ

កុមារ​ភាគច្រើន​ចូលចិត្ដ​មើល​តុក្កតា​ឬគំនូរ​ជីវចល​ច្រើនជាង​ខ្សែភាពយន្ដ ហើយ​គំនូរ​ជីវចល​ភាគច្រើន​បានផ្ដល់​នូវ​ចំណេះដឹង​ជាច្រើន​ដល់​កុមារ។ ដូចនេះ​កុមារ​ដែលបាន​ទស្សនា​គំនូរជីវចល​ប្រភេទ​ទាំងនោះ​ធ្វើឱ្យ​ទទួលបាន​នូវ​ចំណេះដឹង​មួយចំនួន ជា​ឧទាហរណ៍​ដូចជា​ការសរសេរ​ជាភាសា​អង់គ្លេស​ជាដើម។ ផ្ទុយ​ទៅវិញ​ក៏មាន​កុមារ​មួយចំនួន​ចូលចិត្ដ​មើល​ទូរទស្សន៍​បែបខ្សែ​ភាពយន្ដ ដូចមនុស្ស​ធំ​ផងដែរ ហើយ​ការមើល​នោះទៀត​សោត​ច្រើនតែ​ខ្សែ​ភាពយន្ដដែល​បង្ហាញ​ពីការ​សប្បាយ​រីករាយ កំប្លុក​កំប្លែង គឺ​មិនចោទ​ជាបញ្ហា​អ្វីចំពោះ​កុមារ​នោះទេ។ តែបើសិនជា​សាច់រឿង​នោះមាន​ភាព​ភ័យរន្ធត់ ខ្មោច ផ្សងព្រេង​គ្រោះថ្នាក់​ដល់​ជីវិត គឺអាច​នឹងធ្វើឱ្យ​អារម្មណ៍​កុមារ​ដិតជាប់​នូវ​រូបភាព​ដ៏គួរឱ្យ​ភ័យខ្លាច និង​អាកប្ប​កិរិយា​កាចសាហាវ​ទាំងនោះ។ ដូចនេះ​ការមើល​ខ្សែភាពយន្ដ​បែបភ័យ​ខ្លាច រន្ធត់ គឺងាយ​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ចំពោះ​ផ្លូវចិត្ដ​កុមារ​ខ្លាំង​បំផុត។ ចំពោះ​សាច់រឿង​ដែល​បង្ហាញ​ពីការ​កាប់សម្លាប់ អំពើ​កាចសាហាវ​វិញ​នោះ ក៏ងាយ​នឹងធ្វើ​ឱ្យកុមារ​ធ្វើតាម​អាកប្បកិរិយា​ទាំងនោះ​ដែរ។ ដូចនេះ​កុមារ​មិនត្រូវ​មើលរូបភាព​ទាំងអស់​នោះទេ ព្រោះ​វាអាច​បង្កឱ្យ​មានផល​ប៉ះពាល់។ លោកអ្នក​អាចឱ្យ​កុមារ​ទស្សនាខ្សែ​ភាពយន្ដ​គំនូរជីវចល​បែប​​​​​​ការ​អប់រំ ឬ​ភាព​សប្បាយ​រីករាយ​ជាដើម គឺមាន​ភាព​ប្រសើរ​ជាជាងឱ្យ​កុមារ​ទស្សនា​ខ្សែភាពយន្ដ​បែប​ភ័យខ្លាច និង​កាច​សាហាវ។

ផល​ប៉ះពាល់​ចំពោះ​កុមារ

បើមាន​ប្រដាប់​ប្រដាក្មេង​លេង គួរទុក​ឱ្យកុមារ​អង្គុយ​លេង ឬមាន​កុមារ​ដទៃ​មកលេង​ជាមួយ។ ដូចនេះ​កុមារ​មិនសូវ​ជាចាប់អារម្មណ៍​មកមើល​ទូរទស្សន៍​នោះទេ។ ការ​មើលទូរទស្សន៍​ក៏អាច​មានផល​ប៉ះពាល់​ចំពោះ​កុមារ​ផងដែរ ជាពិសេស​គឺ​ប៉ះពាល់​ផ្នែក​សុខភាព​ផ្លូវចិត្ដ​កុមារ។ បើកុមារ​ទស្សនា​រឿងកម្សាន្ដ​សប្បាយៗ មានការ​អប់រំ​ល្អៗ កុមារក៏​ទទួល​បាននូវ​អ្វី​ទាំងនោះ​ដែរ តែ​បើកុមារ​ទស្សនា​រឿង​ភ័យខ្លាច បាញ់​ប្រហារ សម្លាប់ កុមារ​ក៏មាន​ប៉ះពាល់​អារម្មណ៍​ទៅតាម​នោះដែរ។ បើឱ្យ​កុមារ​មើល​ទូរទស្សន៍​ច្រើនពេក កុមារ​មិនមាន​ការ​លូតលាស់ ទាំងផ្នែក​បញ្ញាស្មារតី និង​រូបរាងកាយ​នោះឡើយ។ កុមារ​ត្រូវការ​លេង​ដើម្បី​បញ្ចេញ​ថាមពល និងមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែលនៅ​ជុំវិញខ្លួន។ នៅពេល​ដែល​កុមារ​មើល​ខ្សែភាពយន្ដ​បែប​ភ័យខ្លាច តក់ស្លុត រន្ធត់ អារម្មណ៍​កុមារ នៅតែ​មាន​ភ័យខ្លាច​នឹង​រូបភាព​ទាំងអស់​នោះ ហើយ​អាចធ្វើ​ឱ្យក្មេង​គេងមមើ និង​មានយល់​សប្ដិ​អាក្រក់​ផងដែរ។ បើសិន​ជាក្មេង មើល​ខ្សែភាពយន្ដ​ភ័យខ្លាច រួចហើយ​មានអាការ​មិនធម្មតា​ផ្នែក​ផ្លូវចិត្ដ ដូចជា​ខ្លាច​ញឹកញាប់ ឬ​និយាយ​តែ​ម្នាក់ឯង ត្រូវ​ប្រញាប់​យកទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ផ្លូវចិត្ដ​កុមារ​ឱ្យបាន​រួសរាន់ ដើម្បី​បញ្ជាក់​ឱ្យច្បាស់​ពីអាការ​ទាំងនោះ។

សូម​កាត់បន្ថយ​កុំឱ្យ​កុមារ​មើល​ទូរទស្សន៍​ច្រើនពេក

ដើម្បី​កាត់បន្ថយ​ការមើល​ទូរទស្សន៍​របស់​កុមារ គឺ​ត្រូវឱ្យ​កុមារ​មាន​សកម្មភាព​ផ្សេងៗ​ឱ្យបាន​ច្រើន​ជាងការ​មើល​ទូរទស្សន៍ ដូចជា​ការលេង​ល្បែង​ដែលមាន​ប្រយោជន៍​ចំពោះ​ការគិត​របស់​កុមារ ឬ​ទៅលេង​ជាមួយ​មិត្ដភក្ដិ។ មិនត្រូវ​តាមចិត្ដ​រាល់ពេល​ដែល​កុមារ ទាមទារ​មើល​ទូរទស្សន៍​នោះទេ ប៉ុន្ដែ​បើសិន​ជាកុមារ​មាន​ភាពមានៈ លោកអ្នក​ត្រូវដាក់​កំណត់​ពេលវេលា​ជាមួយ​កុមារ ដល់​ពេលចប់ បើកុមារ​មិនព្រម​ឈប់មើល លោកអ្នក​គប្បី​សម្រួល និង​រិះរក​អ្វីមក​ជំនួស​ពីការ​មើល​ទូរទស្សន៍​មក​ជាការ​លេងអ្វី​ផ្សេងវិញ តែត្រូវ​ចៀសវាង​ការ​ស្រែក​គំហក និង​ការ​វាយដំ​កុមារ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​មិនត្រូវ​មានភាព​តឹងតែង ឬដាក់​សម្ពាធ​ទៅលើ​កូន​នោះទេ ការ​ដែលធ្វើ​ដូចនេះ​នឹងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ។ លោកអ្នក​គប្បី​ផ្ដល់​ភាព​កក់ក្ដៅ ក្ដីស្រឡាញ់​ថ្នាក់ថ្នម​ចំពោះ​កូន​ឱ្យបាន​ច្រើន ពុំគប្បី​អប់រំ​កូន​ដោយ​ប្រើអំពើ​ហិង្សា​នោះទេ ត្រូវ​លើក​ទឹកចិត្ដ ផ្ដល់ភាព​ជឿជាក់ និងមាន​ភាព​ម៉ត់ចត់​ចំពោះ​កូន ហើយ​ត្រូវ​ស្វែងយល់​ចិត្ដកូន​ថាកូន​កំពុង​ត្រូវការ​អ្វីខ្លះ​ពី​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *