ពោះវៀនមានមុខងារយ៉ាងសំខាន់សម្រាប់ជាផ្លូវបញ្ជូនអាហារ និងជាគមនាគមន៍ទំនាក់ទំនងតភ្ជាប់ជាមួយនឹងសរីរាង្គផ្សេងៗទៀត ដើម្បីចិញ្ចឹម និងទ្រទ្រង់រាយកាយមនុស្សឱ្យមានភាពធំធាត់ និងលូតលាស់។ ប៉ុន្ដែប្រសិនបើលោកអ្នកឈានដល់មានជម្ងឺពោះវៀនស្អិត លោកអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ ហើយជម្ងឺពោះវៀនស្អិតជាជម្ងឺត្រូវការវះកាត់ជាបន្ទាន់។ ជម្ងឺនេះកើតឡើង ភាគច្រើនទៅលើអ្នកដែលធ្លាប់ធ្វើការវះកាត់។
លោកវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យឯកទេសព្យាបាលជម្ងឺក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកេតុមាលា បានបកស្រាយតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺពោះវៀនស្អិតជាអ្វី?
ពោះវៀនស្អិតគឺជាជម្ងឺវះកាត់បន្ទាន់ ហើយមិនមែនកើតឡើងដោយឯងៗនោះទេ ភាគច្រើនកើតមានចំពោះលោកអ្នក មួយចំនួនក្រោយពេលធ្វើការវះកាត់រយៈពេលពីរឬបីឆ្នាំ បណ្ដាលឱ្យពោះវៀននេះស្អិត ប្រសិនបើមិនធ្វើការព្យាបាល ឬយកចិត្ដទុកដាក់ថែរក្សា ដោយប្រើប្រាស់ថ្នាំសង្កូវផ្សេងៗនោះទេ។ ជម្ងឺនេះក៏កើតមានចំពោះកុមារ ឬមនុស្សវ័យជំទង់ផងដែរ ប៉ុន្ដែមានតិចតួចណាស់។
មូលហេតុបណ្ដាលឱ្យពោះវៀនស្អិត
ជម្ងឺពោះវៀនស្អិតច្រើនតែបណ្ដាលមកពីវះកាត់ពោះវៀនម្ដងរួចមកហើយ ដោយសារតែពោះវៀនមានស្លាកស្នាមងាយនឹង រត់ទៅរកភាពផ្សារគ្នា ហើយក៏នឹងងាយធ្វើឱ្យប៉ះទៅលើសរីរាង្គផ្សេងៗដោយបង្កឱ្យស្អិត។ នៅពេលដែលស្អិតហើយបានបង្កឱ្យពោះវៀនរមួល វាធ្វើឱ្យស្ទះពោះវៀនដោយស្វ័យប្រវត្ដិ។ ក្រោយពេលពោះវៀនស្ទះហើយក៏បង្កើតបញ្ហាបន្ថែមទៀត គឺធ្វើឱ្យលោកអ្នកបត់ជើងធំមិនបាន ហើយខ្យល់លែងដើរ ទល់ផោម បណ្ដាលឱ្យពោះវៀនដែលស្ទះនោះរីកធំបណ្ដាលឱ្យលោកអ្នកចុកពោះ ហើមពោះ ព្រមទាំងក្អួតទៀតផង។ ម្យ៉ាងទៀតជម្ងឺស្អិតពោះវៀននេះក៏កើតមានចំពោះលោកអ្នកដែលមិនធ្លាប់វះកាត់ដែរ គឺដោយសារមានជម្ងឺរលាកពោះវៀន ហើយពុំបានយកចិត្ដទុកដាក់ព្យាបាលឱ្យបានដិតដល់ ក៏អាចបណ្ដាលឱ្យពោះវៀនស្អិត។ សូមបញ្ជាក់ថា ជម្ងឺពោះវៀនស្អិតច្រើនកើតមានក្រោយពេលវះកាត់។
រោគសញ្ញាជម្ងឺស្អិតពោះវៀន
រោគសញ្ញាជម្ងឺស្អិតពោះវៀន មានដូចជាអាការទល់ផោម ទល់លាមក ចុកពោះ ហើមពោះ ជាពិសេសក្អួត។ ប៉ុន្ដែលោកអ្នក ត្រូវចងចាំថា រោគសញ្ញាដែលបង្ហាញដំបូងនោះ អ្នកជម្ងឺមានអាការចុកពោះ បន្ទាប់មកហើមពោះ ឬក្អួត។ ហើយបន្ដមកទៀតនោះគឺ ទល់ផោម ទល់លាមក សញ្ញាទាំងនេះហើយដែលបង្ហាញថា លោកអ្នកប្រាកដជាមានជម្ងឺស្អិតពោះវៀនហើយ។ ម្យ៉ាងទៀតរោគសញ្ញាបែបនេះ លោកអ្នកមួយចំនួនក៏អាចមានការភាន់ច្រឡំ ព្រោះអាចបណ្ដាលមកពីរមួលពោះវៀន។ មួយទៀតអាចបណ្ដាលមកពី ពោះវៀនលូនចូលពោះវៀនខ្លួនឯង ក៏បង្ហាញអាការបែបនេះដែរ។ ម្យ៉ាងទៀតមានដុំក្នុងពោះវៀនក៏ធ្វើឱ្យពោះវៀនលែងដំណើរការ ក៏បណ្ដាលឱ្យស្ទះផោម ទល់លាមក ហើមពោះ ស្រដៀងនឹងអាការដែលពោះវៀនមួយចំនួនបានធ្លាក់ចូលពងស្វាស។
វិធីការពារជម្ងឺស្អិតពោះវៀន
ដើម្បីការពារកុំឱ្យកើតមានជម្ងឺពោះវៀនស្អិតក្រោយពេលវះកាត់ លោកអ្នកត្រូវធ្វើការហាត់ប្រាណ ឬធ្វើចលនាឱ្យបានញឹកញាប់ មិនត្រូវដេកស្ងៀមនោះទេ ព្រោះបើលោកអ្នកមិនធ្វើចលនាបញ្ចេញជាតិពុលក្នុងខ្លួនទេនោះ ជម្ងឺងាយនឹងជ្រៀតចូល។ ផ្ទុយទៅវិញ បើធ្វើចលនាឱ្យបានទៀងទាត់ពោះវៀនមិនអាចស្អិតនោះឡើយ។ ករណីមួយទៀតមិនអាចចៀសផុតនោះ គឺក្រោយពេលវះកាត់ ពោះវៀន ធ្វើឱ្យពោះវៀនបានប៉ះទង្គិចច្រើន ព្រោះវះកាត់យូរ ឬវះមិនស្អាត ក៏អាចធ្វើឱ្យស្អិតបានដែរ ទោះបីខំធ្វើចលនាយ៉ាងណាក៏ដោយ។ ដើម្បីការពារកុំឱ្យពោះវៀនមិនស្អិត ពេលវះកាត់គួររកគ្រូពេទ្យជំនាញ និងរកឱសថព្យាបាលឱ្យបានត្រឹមត្រូវ។
វិធីព្យាបាលជម្ងឺពោះវៀនស្អិត
បើតាមវិទ្យាសាស្ដ្រ ជម្ងឺពោះវៀនស្អិតត្រូវការវិធីព្យាបាលដោយការវះកាត់ជាបន្ទាន់។ នៅពេលដែលគ្រូពេទ្យវះកាត់ ឃើញពោះវៀនស្អិតនេះ គ្រាន់តែប្រឡេះពោះវៀននេះចេញពីគ្នាឱ្យស្អាត ដេរឱ្យជិតវិញ ហើយផ្ដល់ថ្នាំសង្កូវការពារមេរោគដល់អ្នកជម្ងឺ ឱ្យបានទៀងទាត់ចំនួនមួយសប្ដាហ៍ ឬ៨ថ្ងៃ អ្នកជម្ងឺនឹងជាសះស្បើយបានហើយ។
ផលប៉ះពាល់នៃជម្ងឺពោះវៀនស្អិត
ប្រសិនបើមិនទទួលការព្យាបាលឱ្យទាន់ពេលវេលាទេនោះ អ្នកជម្ងឺពោះវៀនស្អិតអាចស្លាប់ ព្រោះមេរោគរីករាលដាល ហើយជាតិពុលរបស់មេរោគកាន់តែច្រើន ធ្វើឱ្យប៉ះពាល់ដល់សរីរាង្គផ្សេងៗអាចមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ប្រសិនបើមានជម្ងឺនេះ មិនរួសរាន់មកកាន់មន្ទីរពេទ្យ ក៏បណ្ដាលឱ្យខូចពោះវៀន ធ្វើឱ្យកាន់តែប៉ោងរីកឡើង មិនរួមមកវិញទៀតផង។ បន្ទាប់មកអាចធ្វើឱ្យប្រព័ន្ធសរសៃឈាមដែលនៅម្ដុំពោះវៀនស្ទះទាំងអស់ មិនអាចរត់ទៅចិញ្ចឹមសរីរាង្គបាន ហើយអាចខូចទាំងស្រុង។ បើវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរ ត្រូវកាត់ពោះវៀនចោលឱ្យអស់ តែអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។
ដំបូន្មានអ្នកជំនាញ
ដើម្បីការពារកុំឱ្យមានជម្ងឺស្អិតពោះវៀន លោកអ្នកត្រូវតែយកចិត្ដទុកដាក់ថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ ចៀសវាងទទួលទានចំណីអាហារទាំងឡាយណាដែលរឹង ហើយបង្កមេរោគក្នុងខ្លួន។ ម្យ៉ាងទៀតអាហារណាដែលប៉ះពាល់ដល់ការរំលាយ អាចនឹងធ្វើឱ្យពោះវៀនជួបផលលំបាក ធ្វើឱ្យជួបបញ្ហាផ្សេងៗ ដូចជាទល់លាមក ទល់ផោម ឬក្អួតចង្អោរផ្សេងៗ ទាំងនេះហើយ ជាកត្ដាមួយជំរុញឱ្យពោះវៀនចាប់ផ្ដើមមានជម្ងឺ។ បើសិនជាលោកអ្នកមានរោគសញ្ញាដូចដែលបង្ហាញដូចខាងលើនេះ លោកអ្នកត្រូ តែប្រញាប់ប្រញាល់មកកាន់មន្ទីរពេទ្យ ឬគ្លីនិកដើម្បីពិគ្រោះជម្ងឺ ចៀសវាងមានការរីករាលដាលធំឡើង ដែលមានការប៉ះពាល់សុខភាពកាន់តែខ្លាំង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply