លោកអ្នកដែលមានបញ្ហាផ្លូវចិត្ដតែងតែមានអារម្មណ៍តានតឹង និងមិនមានភាពសប្បាយរីករាយដូចលោកអ្នកដែលមានអារម្មណ៍ស្រស់ថ្លា និងរីករាយគ្រប់ពេលវេលានោះទេ។ នេះគឺជាបញ្ហាចោទយ៉ាងសំខាន់ដែលលោកអ្នកមួយចំនួននោះមិនទាន់បានជ្រាបច្បាស់ពីវិធីសាស្ដ្រអ្វីខ្លះ ដើម្បីឱ្យខ្លួនចៀសផុតពីបញ្ហាផ្លូវចិត្ដទាំងនោះ។
នៅពេលនេះ ប្រិយមិត្ដនឹងបានជ្រាបពីវិធីលម្ហែអារម្មណ៍ដើម្បីបំបាត់បញ្ហាផ្លូវចិត្ដ ដែលលោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ អត្ថាធិប្បាយនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង។
ការថែទាំសុខភាពផ្លូវចិត្ដជាបញ្ហាសំខាន់
វិបត្ដិផ្លូវចិត្ដនឹងបណ្ដាលឱ្យលោកអ្នកមានអារម្មណ៍ស្មុគស្មាញ តានតឹង ស្ដ្រេស ពិបាកដោះស្រាយ ធុញថប់ និងគិតច្រើនទៅលើរឿងការងារក៏ដូចជារឿងក្រុមគ្រួសារ។ លោកអ្នកដែលមានបញ្ហាផ្លូវចិត្ដត្រូវធ្វើយ៉ាងណាថែទាំសុខភាពផ្លូវចិត្ដ និងអារម្មណ៍របស់ខ្លួនឯងឱ្យបានស្បើយ ដើម្បីបញ្ចៀសពីវិបត្ដិផ្លូវចិត្ដទាំងឡាយ។ ការថែទាំសុខភាពផ្លូវចិត្ដជាបញ្ហាដែលសំខាន់សម្រាប់លោកអ្នក ហើយលោកអ្នកត្រូវដឹង និងបានស្វែងយល់ពីការថែទាំសុខភាពផ្លូវចិត្ដដោយខ្លួនឯងទើបអាចចៀសផុតពីបញ្ហានេះបាន។ ខាងក្រោមនេះជាប្រការដែលលោកអ្នកគប្បីប្រតិបត្ដិ និងមិនគួរប្រតិបត្ដិ ៖
- ប្រការមិនគួរធ្វើ ៖ គ្រប់ប្រភេទនៃជម្ងឺផ្លូវចិត្ដទាំងអស់ផ្ដើមចេញជាអាការ ដូចជាបណ្ដាលឱ្យលោកអ្នកឈឺក្បាល គេង មិនលក់ និងគិតទៅលើបញ្ហាស្មុគស្មាញច្រើនជាដើម។ ដូចនេះប្រការដែលលោកអ្នកមិនគួរប្រតិបត្ដិ គឺការប្រើប្រាស់ថ្នាំងងុយគេងផ្ដេសផ្ដាស ព្រោះថ្នាំងងុយគេងដែលប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវអាចបណ្ដាលឱ្យញៀន និងបង្កឱ្យមានបញ្ហាសុខភាពថែមទៀតផង។ មួយវិញទៀតលោកអ្នកមួយចំនួននៅពេលដែលមានវិបត្ដិដំណេកក៏ទទួលទានសុរាបន្ដិចបន្ដួច ដើម្បីឱ្យគេងលក់ ហើយមួយចំនួនទៀតពិបាកចិត្ដខ្លាំង ពិបាកដោះស្រាយបញ្ហាក៏សម្រេចចិត្ដប្រើប្រាស់ថ្នាំញៀន ដើម្បីភាពសប្បាយ និងបំបាត់អារម្មណ៍តានតឹង។ រីឯលោកអ្នកមួយចំនួនទៀតនោះឈានទៅរកការលេងល្បែង ប្រព្រឹត្ដអំពើពាលា ប៉ោឡែ ដោយសារការពិបាកចិត្ដ និងធុញថប់ទៀតផង។ ប្រការទាំងនេះសុទ្ធតែជាប្រការគួរចៀសវាងចំពោះលោកអ្នកដែលមានបញ្ហាផ្លូវចិត្ដ ព្រោះវាអាចជាដើមហេតុកាន់តែធ្វើឱ្យសុខភាពរបស់លោកអ្នកមានបញ្ហាទាំងផ្លូវកាយ និងផ្លូវចិត្ដ។
- ប្រការគួរធ្វើ ៖ នេះជាប្រការសំខាន់សម្រាប់លោកអ្នកដែលមានបញ្ហាផ្លូវចិត្ដគួរប្រតិបត្ដិក្នុងការដោះស្រាយនូវអារម្មណ៍ តានតឹង ភាពស្មុគស្មាញ និងបញ្ហាពិបាកដោះស្រាយ។ លោកអ្នកត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមស្រប និងគ្រប់គ្រាន់ ទាំងក្នុងនាមជានិស្សិត ជាមន្ដ្រីរាជការ ជាអ្នកជំនួញ ឬជាអ្នកការិយាល័យ ដើម្បីផ្ដល់ចំណីអាហារផ្នែកសុខភាពផ្លូវចិត្ដឱ្យបានត្រឹមត្រូវ និងមានភាពរឹងមាំ។ សូមលោកអ្នកកុំប្រើប្រាស់ពេលវេលានោះដោយដាក់សម្ពាធទៅលើខួរក្បាលច្រើនពេក។ និយាយជារួមលោកអ្នកត្រូវជ្រើសរើសពេលវេលាសមស្របណាមួយក្នុងការសម្រាកលម្ហែកាយ និងចិត្ដ នៅក្នុងចុងសប្ដាហ៍ ឬពេលវេលាឈប់សម្រាកណាមួយ។ លោកអ្នកមិនត្រូវបិទឱកាសខ្លួនឯងក្នុងការសម្រាកលម្ហែខួរក្បាលនោះទេ។ បើមិនមានការឈប់សម្រាកលម្ហែអារម្មណ៍ បញ្ហាសុខភាពផ្លូវចិត្ដនឹងអាចកើតមានឡើងនៅពេលណាមួយដែលលោកអ្នកទទួលអារម្មណ៍ថាតានតឹង។
វិធីលម្ហែអារម្មណ៍
លោកអ្នកអាចជ្រើសរើសការលម្ហែសម្រាកកាយ និងចិត្ដ តាមវិធីជាច្រើនដែលលោកអ្នកចូលចិត្ដ ដូចជាការចំណាយពេលវេលានៅចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកណាមួយដើម្បីដើរលម្ហែកម្សាន្ដនៅតាមរមណីយដ្ឋាន ការជួបជុំជជែកជាមួយមិត្ដភក្ដិរឿងសប្បាយៗ ការដើរកម្សាន្ដ ស្ទូចត្រី និងការដើរកម្សាន្ដនៅតាមទីជនបទដែលមានបរិយាកាសស្រស់ស្រាយខ្យល់បរិសុទ្ធពីធម្មជាតិ។ ការដើរកម្សាន្ដជាមួយមិត្ដភក្ដិឬក្រុមគ្រួសារនៅតាមចម្ការ បង្កើតកម្មវិធីជប់លៀងក្នុងឱកាសណាមួយជួបជាមួយមិត្ដភក្ដិស្និទ្ធស្នាល ជជែកពិភាក្សាឬប្រាប់ពីបញ្ហាលំបាកក្នុងចិត្ដជាមួយមិត្ដជិតស្និទ្ធ ដើម្បីដោះស្រាយ និងជួយលើកទឹកចិត្ដគ្នាទៅវិញទៅមក។ បើសិនជា លោកអ្នកមិនមានពេលច្រើនក្នុងការដើរកម្សាន្ដចេញទៅក្រៅ លោកអ្នកអាចជ្រើសរើសវិធីហាត់ប្រាណណាមួយក៏បាន ដើម្បីសម្រួលដល់សុខភាពរាងកាយក៏ដូចជាផ្លូវចិត្ដផងដែរ។ ការធ្វើលំហាត់ប្រាណមានវិធីជាច្រើន ដូចជាការដើរ រត់ រាំ ឬការហាត់កីឡាកាយ វប្បកម្ម និងការធ្វើលំហាត់ប្រាណ តាមវិធីសម្មាធិ វិធីយូហ្គា ឬវិធីហាត់ថៃជិ នេះក៏ជាវិធីមួយដែលជួយកាត់បញ្ហាផ្លូវចិត្ដផងដែរ។ វិធីសាស្ដ្រដែលការពារកុំឱ្យមានបញ្ហាផ្លូវចិត្ដនេះ គឺអាស្រ័យទៅលើចំណង់ចំណូលចិត្ដ និងពេលវេលាសមស្របណាមួយរបស់លោកអ្នក។
ការលើកទឹកចិត្ដ
គ្រប់ពេលដែលមនុស្សនៅជិតខ្លួនមានបញ្ហាផ្លូវចិត្ដ លោកអ្នកអាចបញ្ចេញការលើកទឹកចិត្ដរបស់ខ្លួនទៅដល់មិត្ដភក្ដិឬ មនុស្សជាទីស្រឡាញ់របស់ខ្លួន ព្រោះនេះគឺកត្ដារួមចំណែកមួយដែលជួយស្រោចស្រង់អារម្មណ៍ និងសុខភាពផ្លូវចិត្ដរបស់មនុស្សម្នាក់។ បើសិនជាការជ្រើសរើសយកវិធីលម្ហែអារម្មណ៍ហើយនៅតែមិនមានប្រសិទ្ធភាពទៀតនោះ គឺត្រូវតែមានការជួយលើកទឹកចិត្ដពីមនុស្សដែលនៅជុំវិញខ្លួន ដូចជាសហគមន៍ មិត្ដភក្ដិ ក្រុមគ្រួសារ ជាពិសេសគឺមនុស្សជាទីស្រឡាញ់រាប់អាន ដើម្បីមានអ្នកផ្ដល់កម្លាំងចិត្ដ និងលើកទឹកចិត្ដ។ ក្នុងដំណាក់កាលចុងក្រោយនៅតែមិនអាចស្រោចស្រង់បានទៀតនោះ គឺមានតែការសម្រាក និងព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពផ្លូវចិត្ដ ទើបអាចជួយដោះស្រាយបញ្ហានេះបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវបែងចែកពេលវេលាឱ្យបានត្រឹមត្រូវក្នុងការសម្រាកលម្ហែអារម្មណ៍ រឿងការងារ និងរឿងដទៃទៀត។ លោកអ្នកមិនអាចយកបញ្ហាទាំងនោះមកលាយឡំគ្នាក្នុងពេលតែមួយបាននោះទេ ព្រោះវានឹងបណ្ដាលឱ្យអារម្មណ៍របស់លោកអ្នកកាន់តែមានភាពស្មុគស្មាញ និងមិនអាចទទួលបានឱកាសរីករាយនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply