អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​ផ្ដល់​ប័ណ្ណ​សរសើរ​ដល់អ្នក​សិល្បៈ និងអ្នក​កាសែត

នេះជា​លើកទី១​ហើយ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជម្ងឺ​អេដស៍​បាន​សម្រេចចិត្ដ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូនដល់​ថ្នាក់​ដឹកនាំ អគ្គនាយក ដ្ឋានវិទ្យុ ទូរទស្សន៍ អ្នកសារ​ព័ត៌មាន ពិធីករ ពីធី​ការិនី សិល្បៈករ និង​សិល្បការិនី ចំនួន​៥៨រូប ដែលមាន​ស្នាដៃ​នៅក្នុង​ការ​ផ្សព្វផ្សាយ ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការឆ្លង​រីក​រាលដាល​នៃមេរោគ​អេដស៍​នៅក្នុង​ប្រទេស​កម្ពុជា នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​កាលពី​ថ្ងៃ ទី០៧ មិថុនា ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​វេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋ​មន្ដ្រី និងជា​ប្រធាន​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​ជម្ងឺអេដស៍។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ឱកាស​នោះ ឯកឧត្ដម​វេជ្ជបណ្ឌិត នុត សុខុម បានមាន​ប្រសាសន៍​ថា បញ្ហា​អេដស៍​គឺជាសង្គ្រាម​គ្មាន​ផ្សែង ដែលបាន​សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់ និង​គួរឱ្យ​ភ័យខ្លាច​បំផុត។ នៅក្នុង​ទសវត្សរ៍​៩០​គឺជា​រលកទី១​ដែលមាន​ការ​ឆ្លង​រាលដាល​ខ្លាំងក្លា​បំផុត ព្រោះតែ​ប្រជាពលរដ្ឋ​មិនទាន់​មានភាព​ជឿជាក់ និង​ភ័យខ្លាច​អំពី​ការ​ចម្លង​មេរោគអេដស៍​នោះទេ ដោយ​នាំគ្នា​និយាយ​តៗគ្នា​ថា “ទៅខ្លាចអី​អេដស៍ ខ្លាច​តែអត់”។ ប៉ុន្ដែ​ឆ្លងផុត​ទសវត្សរ៍​៩០ ដោយ​មានការ​ផ្សព្វផ្សាយ​ខ្លាំងក្លា​អំពី​គ្រោះថ្នាក់​នៃការ​រីករាល​ដាល មេរោគ​អេដស៍​នោះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្បាស់​អំពី​បញ្ហា​អេដស៍ ជាអាទិ​កម្រិត​នៃការ​រីករាល​ដាល​មានការ​ថយចុះ​នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ឥឡូវនេះ​រលកទី២​អាចនឹង​កើតឡើង​ជាថ្មី​ម្ដងទៀត ដោយ​សារតែ​សេវា​បំរើ​ផ្លូវភេទ​បាន​កើតមាន​លក្ខណៈ ប្រយោល​ពេក ធ្វើឱ្យ​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​១០០ភាគរយ​មិនមាន​ប្រសិទ្ធភាព​ដូចមុន​ទៀតឡើយ។ ជាងនេះ​ទៅទៀត ស្ដ្រី​ដែលផ្ដល់​សេវា​ផ្លូវភេទ​មានលក្ខណៈ​ប្រសេចប្រសាច​ខ្លះ​នៅតាម​សួនច្បារ ខ្លះ​តាមផ្ទះ ខ្លះ​ផ្ដល់​សេវាតាម​ទូរស័ព្ទ និង​ខ្លះនៅ​តាមក្លឹប​កម្សាន្ដ​ជាដើម។ ពួកគេ​មួយចំនួន​មានការ​ប្រុងប្រយ័ត្ន​បំផុត មិន​ហ៊ាន​ដាក់ស្រោម​អនាម័យ​នៅតាម​ខ្លួន​នោះទេ ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ធ្វើ​ជាភស្ដុតាង។ ទាក់ទិន​នឹង​ករណីនេះ​ឯកឧត្ដម​វេជ្ជបណ្ឌិត នុត សុខុម បាន​អំពាវ​នាវ​ដល់​សមត្ថកិច្ច និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មេត្ដា​កុំបង្ហាញ​ភស្ដុតាង និង​ផ្សព្វផ្សាយ​អំពី​ស្រោមអនាម័យ ពីព្រោះ​វាជា​ចំណុច​រសើប​ធ្វើឱ្យ​អ្នកដទៃ​ទៀត លែងហ៊ាន​ទុក​ស្រោម​នៅតាម​ខ្លួន ព្រោះ​ស្រោមអនាម័​យក៏​មិនមែន​ជាប្រធាន​បទ ជា​ភស្ដុតាង ឬជា​មូលហេតុ​ដែល​នាំឱ្យ​មានការ​ឈាន​ទៅដល់​ការ​ចាប់ខ្លួន​មនុស្ស​ដែរ។ ឯកឧត្ដម​វេជ្ជបណ្ឌិត នុត សុខុម បញ្ជាក់​បន្ថែម​ទៀតថា ពី​មុនការ​ប្រើប្រាស់​ស្រោម​អនាម័យ ១០០​ភាពរយ​មានការ​គ្រប់គ្រង​បានល្អ​ណាស់ ឥឡូវ​ការ​គ្រប់គ្រង​នេះ​មានការ​លំបាក។ ម្យ៉ាងទៀត​ដោយ​សារ​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក ការ​ជួយ​ថវិកា​មកលើ​បញ្ហាអេដស៍​នៅកម្ពុជា​ក៏ត្រូវ​កាត់បន្ថយ​ដែរ។ ដូចនេះ​លោក​សូម​កុំឱ្យ​មានការ​ឆ្លង​រីករាល​ដាល​មេរោគ​អេដស៍​នៅកម្ពុជា​កើត​មាន​សាជាថ្មី​ម្ដងទៀត នោះ​សោកនាដកម្ម​ក៏នឹង​កើតជា​លើកទី២​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ អគ្គនាយក​ទស្សនាវដ្ដី សុខភាព​យើង និង​ទស្សនាវដ្ដី កំពូលតារា ដែល​បាន​ចូលរួម​ទទួល​ប័ណ្ណ​សរសើរ​អំពី​ស្នាដៃ​នៅក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹងជម្ងឺ​អេដស៍ បានមាន​ប្រសាសន៍​ថា ការផ្ដល់​ប័ណ្ណ​សរសើរ​នេះ​គឺជា​ការលើក​ទឹកចិត្ដ​មួយដ៏​ប្រសើរ​បំផុត​ចំពោះ​អ្នក​ដែលបាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃជម្ងឺ​អេដស៍ សម្រាប់​ប្រជាពលរដ្ឋខ្មែរ​ឱ្យ​យល់ដឹង និង​ជ្រាប​កាន់តែ​ច្បាស់​ថែមទៀត​អំពី​ផលប៉ះពាល់​នៃជម្ងឺ​នេះ។ លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ ក៏បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា ការបង្កើត​កម្មវិធី​នេះអាច​ជួយ​លើក​ទឹកចិត្ដ​សកម្មជន​ទាំងឡាយ និង​ជួយ​ជំរុញ​ដល់ការ​កាត់​បន្ថយ នូវ​អត្រា​ឆ្លង​ជម្ងឺអេដស៍ និង​អាច​ទប់ស្កាត់​ការ​រីករាល​ដាល​នៃរលក​ទី២​ផងដែរ ព្រោះថា​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​កំពុងតែ​ចាប់​អារម្មណ៍ ទៅលើការ​យកចិត្ដ​ទុកដាក់​អំពី​បញ្ហានេះ​យ៉ាង​ខ្លាំង តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​និង​ការងារ​សិល្បៈ ដូចជា​ការ​ផ្សព្វផ្សាយ​តាម​កាសែត តាម​ទូរទស្សន៍ និង​តាមវិទ្យុ​ជាដើម។

ដោយ​ឡែក​លោក​វេជ្ជបណ្ឌិត ស៊ឹម គឹមសាន ប្រធាន​នាយកដ្ឋាន​ទាក់ទង​នឹង​ចលនា​ប្រភព​ធនធាន​នៅ​អាជ្ញាធរជាតិ ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​បានមាន​ប្រសាសន៍​ថា រលកទី២​នេះអាច​នឹងមាន​ការ​រីករាល​ដាល​យ៉ាងខ្លាំង ដូចជា​នៅតាម​កន្លែង​កម្សាន្ដ​សប្បាយ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស និង​ក្រុម​ដែល​ប្រើប្រាស់​គ្រឿងញៀន។ ក្រុមទាំង​៣នេះ​គឺជា​ក្រុម​ដែលមាន​ការ​ចម្លង​ខ្លាំងក្លា​បំផុត​នៅក្នុង​រលកកាល​ទី២​ខាងមុខ​នេះ។ ដូចនេះ​ហើយ​ទើប​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជម្ងឺអេដស៍​ខំប្រឹង​ប្រើប្រាស់​សក្ដា​នុពុល​ដែលមាន​យកមក​ប្រើប្រាស់​បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ និង​ជ្រាប់​ឱ្យ​កាន់តែ​ច្បាស់​អំពី​ជម្ងឺ​អេដស៍ និង​មេរោគ​អេដស៍ តាមរយៈ​ទូរទស្សន៍ វិទ្យុ កាសែត និង​ទស្សនាវដ្ដី​នានា ដែល​មានការ​ចូលរួម​ពី​សិល្បៈករ ពិធីករ អ្នក​កាសែត​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *