ជម្ងឺ​គ្រុនឈាម​ជាជម្ងឺ​កាច​សាហាវ

ជម្ងឺ​គ្រុនឈាម​ជាជម្ងឺ​មួយប្រភេទ​តែងតែ​ផ្ដល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​កុមារ និង​ទារក ដែល​មិនបាន​ធ្វើការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក៏ជា​ជម្ងឺ​ដែល​ចម្លង​យ៉ាង​ឆាប់រហ័ស​ទៀតផង តាមរយៈ​សត្វ​មូសខ្លា។ ជម្ងឺនេះ​ច្រើន​កើតមាន​ទៅលើ​កុមារ បើមិន​ធ្វើការ​ព្យាបាល​ដោយ​យកចិត្ដ​ទុកដាក់​ទេនោះ កុមារ​អាចមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកនាង ម៉ូនីកា អ៊ិតធីសាគូលឆៃ ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​ឥណ្ឌូចិន​បានមាន​ប្រសាសន៍​ថា បើតាម​អង្គការ​សុខភាព​ភិភពលោក​បានឱ្យ​ដឹងថា មាន​មនុស្ស​ប្រហែល​២.៥ពាន់​លាននាក់ ឬ​ស្មើនឹង​២ភាគ៥​នៃចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​កំពុងប្រឈម​មុខ​នឹងជម្ងឺ​គ្រុនឈាម ហើយ​មានការ​ប៉ាន់​ប្រមាណ​ថា នៅ​ទូទាំង​ពិភពលោក​ជារៀង​រាល់ឆ្នាំ​ជម្ងឺនេះ​កើតមាន​៥០លាន​ករណី។ រហូតមក​ទល់ពេល​នេះជម្ងឺ​គ្រុនឈាម​បាន​រីកដល់​ចំនួន​១០០ប្រទេស​ហើយ។

ក្នុង​រយៈពេល​ចាប់ពី​ខែមករា​ដល់ខែ​មិថុនា ឆ្នាំ​២០១០​នេះ នៅកម្ពុជា​មានជម្ងឺ​គ្រុន​ឈាម​១.១១១​ករណី​បាន​កើតឡើង ហើយ​មានមនុស្ស​ប្រហែល​៧នាក់​បានស្លាប់​ដោយសារ​ជម្ងឺ​នេះ។ នៅក្នុង​សប្ដាហ៍​ទី២១​ក្នុងឆ្នាំ​នេះ ស្ថានភាព​ជម្ងឺ​គ្រុនឈាម​ហាក់បី​ដូចជា​មានការ​កើនឡើង​បន្ដិច​នៅក្នុង​ខេត្ដ​កំពង់ចាម កំពង់ធំ សៀមរាប និង​រាជធានី​ភ្នំពេញ។ ទោះបី​យ៉ាងណា ករណីស្លាប់​មាន​ការ​ថយចុះ​បើយើង​ប្រៀបធៀប​កំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំទៅម៉ិញ ដោយសារ​ក្រសួង​អប់រំ​បានធ្វើ​ការ​អប់រំ​ណែនាំ​កាលពី​កន្លងមក។

លោក ង៉ាន់ ចន្ថា អនុប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​គ្រុនចាញ់ និង​ជាប្រធាន​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​គ្រុនឈាម បានមាន​ប្រសាសន៍​ថា ជម្ងឺ​គ្រុនឈាម​ជាជម្ងឺ​ដែល​កាច​សាហាវ​បំផុត ហើយ​រីក​សាយភាយ​លើ​ពិភពលោក។ ជម្ងឺនេះ​បាន​បង្ក​គ្រោះថ្នាក់ ទៅលើ​កុមារាកុមារី​ដែលមាន​អាយុ​ក្រោម​១៥ឆ្នាំ​ជាច្រើន។ លោក​បន្ដថា ក្រៅពី​នេះ​ក៏មាន​មនុស្ស​ពេញវ័យ និង​មនុស្សចាស់​មួយចំនួន​ផងដែរ ដែល​កើតជម្ងឺ​គ្រុនឈាម​នេះ​ហើយ​បានស្លាប់​បាត់បង់​ជីវិត​ទៀតផង។ លោកបាន​បន្ដ​ទៀតថា នៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា​យើង ចំណូល​នៃការ​រីករាល​ដាល​នៃជម្ងឺ​គ្រុនឈាម​បាន​កើតឡើង​ពី៣​ទៅ៥​ឆ្នាំម្ដង ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំមួយ​ដែលអាច​កើន​ឡើង ឬផ្ទុះ​នូវជម្ងឺ​គ្រុនឈាម​នេះជាថ្មី។ ព្រោះ​កន្លងមក​យើង​ដឹងថា នៅឆ្នាំ​១៩៩៥​ជាឆ្នាំ​ដែលផ្ទុះ​នូវជម្ងឺ​គ្រុនឈាម​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​នោះមាន​អ្នកជម្ងឺ​១២០០​ករណី​បាន​រងគ្រោះ ហើយ​ក្នុងនោះ​បានស្លាប់​៤៧៥​ករណី។ លោកបាន​បញ្ជាក់​ទៀតថា នៅក្នុង​១៩៩៨​គឺមាន​អ្នក​ជម្ងឺ​រហូត​ដល់​១៦២៦០នាក់ ស្លាប់​៤៧៤នាក់។ នៅឆ្នាំ​២០០៣​មានអ្នក​ជម្ងឺ​១២០០នាក់ ហើយ​នៅឆ្នាំ​២០០៧​គឺអ្នកជ​ម្ងឺ​កើតឡើង ទៅដល់​៣៩៨៥១​ហើយ​ស្លាប់​៤៧៤នាក់។ ប៉ុន្ដែ​បន្ទាប់​ពី​រីករាលដាល​នៅឆ្នាំ​២០០៧​មក ក្រសួង​សុខាភិបាល​ឃើញថា មានការ​ចុះនៅ​ឆ្នាំ២០០៩ ប៉ុន្ដែ​នៅចុង​ឆ្នាំ២០០៩ និង​ឆ្នាំ២០១០​នេះ ក្រសួង​សុខាភិបាល​យល់ថា អាច​រីករាលដាល​នូវជម្ងឺ​គ្រុនឈាម​ជាទ្រង់​ទ្រាយធំ ម្ដងទៀត​មន្ទីរ​សុខាភិបាល​ទាំង​២៤ខេត្ដ-ក្រុង​បាន​នាំគ្នា​ធ្វើការ​ទប់ស្កាត់​ជាបន្ដបន្ទាប់។ ប៉ុន្ដែ​ករណី​ដែល​កើតឡើង​ចុងក្រោយ​នេះ មាន​ចំនួន​១.១១១​ករណី ហើយ​ស្លាប់​៧ករណី​ដែល​កើតមាន​ទៅលើ​ខេត្ដ​កណ្ដាល សៀមរាប បន្ទាយ​មានជ័យ កំពង់ចាម និង​រាជធានី ភ្នំពេញ។

ដោយឡែក​ឯកឧត្ដម ដួង សុជាតិ ទី​ប្រឹក្សា​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា អត្រា​នៃអ្នក​ស្លាប់​ដោយសារ​ជម្ងឺ​គ្រុនឈាម​ឆ្នាំនេះ​មានភាព​ប្រហាក់​ប្រហែល​នឹងឆ្នាំ​ទៅ។ ដោយឡែក​ចំនួន​ករណី​ឈឺមាន​ការ​ថយចុះ​ចំនួន​៥០ភាគរយ ហើយ​ទាំងនេះ​គឺកើត​ចេញ​ពីការ​ចូលរួម​របស់​ប្រជាជន​ក៏ដូចជា​អាជ្ញាធរ​ដែនដី។ ឯកឧត្ដម​បាន​បន្ដទៀត​ថា រដូវនេះ​ជារដូវ​ដែល​ជម្ងឺ​គ្រុនឈាម​ចូលមក​ដល់​ហើយ ដូច្នេះ​បងប្អូន​ទាំងអស់​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន ត្រូវតែ​ទប់ស្កាត់​ជម្រក​មូសខ្លា បំផ្លាញ​នូវ​ឧបករណ៍​មួយចំនួន​ដែល​មាន​ទឹកដក់ ដូចជា​នៅក្នុង​សម្បក​កៅស៊ូ​កង់ឡាន ក្នុង​កំប៉ុង ឬ​ទឹកថ្លុក​ដែល​នៅជិត​ផ្ទះ​លោកអ្នក​ជាដើម។ មានតែ​វិធីនេះ​ទេដែល អាច​ទប់ស្កាត់​បញ្ហា​ចម្លង​ជម្ងឺ​គ្រុនឈាម​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *