ជារៀងរាល់ឆ្នាំ ទិវាផ្ដល់ឈាមអន្ដរជាតិពិភពលោកត្រូវបានប្រារឰធ្វើនៅប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ក្នុងគោលបំណងជំរុញដល់មនុស្សរាប់លាននាក់នៅលើផែនដី រួមទាំងប្រជាជនកម្ពុជារាប់ពាន់នាក់ទៀតឱ្យមានសេចក្ដីក្លាហានក្នុងការចូលរួមបរិច្ចាគឈាមជាចាំបាច់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សក្នុងបុព្វហេតុគ្រោះថ្នាក់ ឬជម្ងឺផ្សេងៗដែលបណ្ដាលឱ្យមានការបាត់បង់ឈាម។
លោក ញ៉ែម ធួក នាយកមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានថ្លែងនៅក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមបានថ្លែងនៅក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមបានឱ្យដឹងថា ទិវានេះបានចាប់ផ្ដើមប្រារឰធ្វើចាប់តាំងពីឆ្នាំ២០០៤មកម្ល៉េះ ហើយឆ្នាំនេះគឺជាលើកទី៧ ដែលមានការចូលរួមអបអរសាទរ និងស្ម័គ្រចិត្ដផ្ដល់ឈាមពីយុវជនច្រើនជាង៥០០នាក់ក្នុងទិវានេះផងដែរ។ លោកបន្ដថា “សម្រាប់ឆ្នាំនេះ ទិវាផ្ដល់ឈាមបានផ្ដោតយ៉ាងសំខាន់ទៅលើគោលដៅជាយុវជនស្ម័គ្រចិត្ដដែលស្ថិតក្រោមប្រធានបទ “អ្នកបរិច្ចាគឈាម” ដែលនេះជាអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីជំរុញឱ្យយុវជនយកចិត្ដទុកដាក់ធ្វើអំណោយឈាមស្ម័គ្រចិត្ដឱ្យបានកាន់តែច្រើនឡើងថែមទៀត”។
គិតមកដល់ពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលផ្ដល់ឈាមខេត្ដមានចំនួន២១កំពុងដំណើរការព្រមទាំងមណ្ឌលស្ដុកឈាមមាននៅតាមមន្ទីរពេទ្យស្រុកចំនួន១១កន្លែងដែលត្រូវប្រើប្រាស់ឈាមដើម្បីដំណើរការវះកាត់ និងជួយសង្គ្រោះបន្ទាន់។ ដូច្នេះសេវាកម្មផ្ដល់ឈាមអាចគ្របដណ្ដប់ និងផ្គត់ផ្គង់ឈាមបានស្ទើរតែគ្រប់ទីកន្លែងព្យាបាលសំខាន់ៗនៅទូទាំងប្រទេស។
នៅក្នុងឆ្នាំ២០០៩កន្លងទៅនេះ មជ្ឈមណ្ឌលផ្ដល់ឈាមបានប្រមូលឈាមសរុបមានចំនួន៣៥៨៩៥ប្លោក។ ប៉ុន្ដែអត្រានៃការធ្វើអំណោយឈាមក្នុងចំណោមប្រជាជន១០០០នាក់គឺមានតែ៣នាក់ប៉ុណ្ណោះ(អ្នកស្ម័គ្រចិត្ដ)ដែលអត្រានេះនៅទាបនៅឡើយទេ។ លោក ញ៉ែម ធួក បានបន្ថែមថា បើតាមការសិក្សាបានបង្ហាញឱ្យដឹងថា កាលណាមានប្រជាជន២នាក់ផ្ដល់ឈាម ក្នុងចំណោមប្រជាជន១០០នាក់ ទើបអាចធានានូវការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់។
លោកជំទាវ អ៊ុក ម៉ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការផ្ដល់សេវាឈាម សុខាភិបាលឱ្យកាន់តែល្អប្រសើរ មជ្ឈមណ្ឌលផ្ដល់ឈាមត្រូវធ្វើការអប់រំផ្សព្វផ្សាយជាសាធារណៈឱ្យកាន់តែទូលំទូលាយថែមទៀត អំពីការធ្វើអំណោយឈាមស្ម័គ្រចិត្ដ ដើម្បីឱ្យប្រជាជនយុវជនក្នុងសហគមន៍ក៏ដូចជាមន្ដ្រីរាជការទាំងអស់នៅតាមអង្គភាព មន្ទីរ ក្រសួងទាំងឡាយបានយល់ដឹង និងចូលរួម ពិសេសយុវជននៅតាមវិទ្យាល័យ មហាវិទ្យាល័យ គ្រឹះស្ថានឧត្ដមសិក្សានានា ដើម្បីឱ្យមនុស្សទាំងអស់បានយល់ដឹងកាន់តែច្បាស់ ដើម្បីធ្វើការអប់រំបន្ដ។
កញ្ញា ឌិត គីមមាន តំណាងសប្បុរជនស្ម័គ្រចិត្ដបរិច្ចាគឈាមបានមានប្រសាសន៍ថា តាមរយៈការផ្ដល់ឈាមជាច្រើនដងនៅមជ្ឈមណ្ឌលផ្ដល់ឈាម ខ្ញុំបានជួបជាមួយអ្នកផ្ដល់ឈាមដទៃទៀតជាច្រើននាក់ ដែលភាគច្រើនជាអ្នកផ្ដល់ឈាមនៅពេលគ្រួសារគាត់ត្រូវការឈាម ដូច្នេះពួកគាត់មានការភ័យព្រួយបារម្ភចំពោះសមាជិកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងខ្លាំង។ ប៉ុន្ដែពួកគេមិនហ៊ានផ្ដល់ឈាមម្ដងណាឡើយ ព្រោះពួកគេមានការភ័យខ្លាច ប៉ុន្ដែបន្ទាប់ពីពួកគេបានដឹងថាមានមនុស្សមួយចំនួនមានសេចក្ដី ក្លាហាននៅក្នុងការផ្ដល់ឈាម និងមិនមានផលប៉ះពាល់នោះ ទើបធ្វើឱ្យពួកគេមានអារម្មណ៍ក្លាហាននៅក្នុងការបរិច្ចាគឈាម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply