បញ្ហាអនាម័យជារឿងមួយដ៏សំខាន់សម្រាប់មនុស្សទូទៅ។ ប្រសិនបើការរស់នៅ និងការស្លៀកសម្លៀកបំពាក់របស់លោកអ្នកមិនមានអនាម័យទេនោះ វានឹងបណ្ដាលឱ្យលោកអ្នកជួបនឹងបញ្ហាផ្សេងៗដែលអាចនឹងកើតមានឡើង ជាពិសេសជម្ងឺស្រែងនេះតែម្ដង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក ជួប សុដា អាយុ២៧ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ លោកបានរៀបរាប់អំពី ផលលំបាកនៃជម្ងឺស្រែង។ លោក សុដា បានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើង ឱ្យដឹងថា កាលពីរឬបីឆ្នាំមុនលោកធ្លាប់បានកើត នូវជម្ងឺម្យ៉ាង ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមហៅថាស្រែង។ ជាដំបូងលោកមិនដឹងថាកើតជម្ងឺនេះទេ ដោយចាប់អារម្មណ៍ថានៅ ត្រង់ម្ដុំក្រលៀនរបស់លោកមានអារម្មណ៍ថារមាស់ និងកន្ទួលតូចៗ។ លោកមិនចាប់អារម្មណ៍ថាវាជាជម្ងឺស្រែងទេ លុះប្រហែល ជាពីរបីថ្ងៃក្រោយមកកាន់តែមានសភាពរមាស់ទៅៗ ពិបាកនឹងទ្រាំរហូតលែងបានក៏អេះទាល់តែបែកទឹករងៃ និងចេញឈាម។ ចាប់តាំងពីចេញទឹករងៃ និងចេញឈាមមក នៅត្រង់កន្លែងនោះចេះតែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ(ពីតូចទៅធំ) ទើបលោក សុដា សម្រេចចិត្ដទៅពិនិត្យនៅគ្លីនិកសើស្បែកមួយកន្លែងនៅជិតផ្សារដេប៉ូ។ នៅពេលដែលលោកបានទៅពិនិត្យ និងពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ គ្រូពេទ្យថាលោកកើតជម្ងឺស្រែង បន្ទាប់ពីដឹងអាការៈនៃជម្ងឺនោះរួចមក គ្រូពេទ្យបានឱ្យថ្នាំសម្រាប់លេប និងលាប រហូតដល់អាការៈបានធូរស្បើយ និងជាដាច់។
លោក ជួប សុដា បានមានប្រសាសន៍បន្ថែមទៀតថា ជម្ងឺស្រែងនេះកើតឡើងដោយការងូតទឹកហើយបន្សល់នូវជាតិ សំណើម(មិនជូតខ្លួនឱ្យបានស្ងួត) និងស្លៀកសម្លៀកបំពាក់ដែលមានសំណើម ជាពិសេសខោទ្រនាប់ និងមិនមានអនាម័យក្នុងការរស់នៅ ជាពិសេសខ្លួនឯងផ្ទាល់។
យោបល់របស់អ្នកជំនាញ
លោកស្រីវេជ្ជបណ្ឌិត ហាង មុំ ឯកទេសជម្ងឺសើស្បែកនៅគ្លីនិកសើស្បែក និងកាមរោគ បានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថា ជម្ងឺស្រែងនេះកើតឡើងដោយពពួកមេរោគផ្សិត។ ពពួកផ្សិតនេះមាននៅនឹងដី និងនៅលើសត្វឆ្កែចម្លងទៅលើ ស្បែករបស់មនុស្ស។ ជាទូទៅមេរោគផ្សិតកើតនៅលើក្រឡុកក្រលៀតណាដែលមានសំណើមហើយផ្អាប់ជាតិសើមដោយមិនមាន ការសម្អាតចេញ។ ដើម្បីព្យាបាលឱ្យបានជា លោកអ្នកគួរតែរកប្រភេទថ្នាំណាដែលប្រឆាំងនឹងពពួកមេរោគផ្សិត។ វិធីការពារដែល ទទួលបានប្រសិទ្ធភាពគឺអនាម័យខ្លួនប្រាណរបស់លោកអ្នកឱ្យបានជាប្រចាំ សំខាន់បំផុតកុំឱ្យមានសំណើម ឬផ្អាប់ញើសនៅជាប់នឹងខ្លួន យូរពេក ព្រោះថាបើលោកអ្នកអនាម័យខ្លួនប្រាណបានល្អ វាមិនកើតឡើងនោះទេ។
ប្រសិនបើលោកអ្នកកើតមានជម្ងឺស្រែងហើយបានទទួលការព្យាបាលជាក្ដីក៏វាអាចកើតឡើងវិញបានដែរ។ ជម្ងឺស្រែងនេះ ទៀតសោតឧស្សាហ៍កើតនៅត្រង់ក្រលៀនណាស់ ព្រោះជាកន្លែងដែលមានការផ្អាប់ញើសដោយការស្លៀកខោទ្រនាប់។ លោកអ្នកគួរ ជ្រើសរើសខោទ្រនាប់ណាដែលមានមានលក្ខណៈទូលាយ មានខ្យល់ចេញចូលបានល្អ និងប្រើខោទ្រនាប់ដែលមានសាច់ក្រណាត់កូតុង (សាច់អំបោះ) ហើយសម្អាតខ្លួនប្រាណឱ្យបានស្អាតជាប្រចាំ។ ជួនកាលលោកអ្នកលេបថ្នាំបានតែបួនប្រាំថ្ងៃ ឬមួយសប្ដាហ៍លែង រមាស់(មេរោគលែងធ្វើសកម្មភាព) ប៉ុន្ដែមិនប្រាកដថាមេរោគងាប់ទាំងស្រុងនោះទេ។ ករណីលោកអ្នកលេបថ្នាំមិនបានដិតដល់ មេរោគអាចនឹងកើតសារជាថ្មី ដោយសារការព្យាបាល និងការលេបថ្នាំមិនគ្រប់កម្រិត ឬការស្លៀកខោទ្រនាប់មិនបានត្រឹមត្រូវ ទើបបានជាមេរោគកើតជាថ្មី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply