លោកអ្នកដឹងហើយថា ជម្ងឺបេះដូងជាជម្ងឺកាចសហាវបំផុត អាចផ្ដាច់យកជីវិតយើងបានតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។ ស្របពេលដែលសម្ពាធឈាមនៃចលនាបេះដូងដើរមិនល្អ ហើយជួបនូវបញ្ហាជម្ងឺផ្សេងៗទៀត ដែលជាកត្ដាជំរុញដល់សរសៃឈាមបេះដូងដើរខុសសង្វាក់ផងដែរ។
ជាមួយគ្នានេះដែរ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសផ្ទាល់ជាមួយនឹងអ្នកជម្ងឺគាំងបេះដូង ដែលធ្លាប់តែជួបប្រទះនូវផលលំបាក និងអំពីភាពគ្រោះថ្នាក់ដែលតាមប្រកិតប្រកើយនឹងជីវិតរបស់គាត់ ដើម្បីបង្ហាញជូនដល់មិត្ដអ្នកអានដូចតទៅ។
លោក អ៊ូ ឡា អាយុ៥៤ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំអណ្ដូង ស្រុកបទមសាគរ ខេត្ដកោះកុង បានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា ជម្ងឺគាំងបេះដូងជាជម្ងឺពិបាកទ្រាំបំផុត ហើយក្នុងការរស់នៅក៏ពិបាកដែរ ព្រោះថាត្រូវតមធ្វើការងារធ្ងន់ តមចំណីអាហារ ត្រូវរក្សាលំនឹងសម្ពាធឈាមឱ្យបានល្អ ហើយនិងហាត់ប្រាណទៀតសោតមិនអាចឱ្យលើសពីកម្លាំងរបស់ខ្លួនឡើយ។ ត្រូវទៅពិនិត្យជម្ងឺជាប្រចាំ និងលេបថ្នាំផងដែរ ដើម្បីកែសម្រួលសង្វាក់បេះដូងឡើងវិញ ឱ្យមានភាពប្រក្រតី។ លោក អ៊ូ ឡា បានបន្ដថា ជម្ងឺប្រភេទនេះត្រូវការពារ មិនមានភាពរន្ធត់ ឬភ័យស្លន់ស្លោឡើយ ហើយម្យ៉ាងទៀតបើគិតច្រើនធ្វើឱ្យស្ទះម្ដងៗផងដែរ។
លោក អ៊ូ ឡា បានមានប្រសាសន៍បន្ដទៀតថា មុនពេលដែលលោកមានជម្ងឺគាំងបេះដូងនេះ គាត់ធ្លាប់មានជម្ងឺលើសឈាម “១៣-១៤”ម្ដងរួចមកហើយ។ លោកចាំបានថា នៅថ្ងៃមួយវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ លោកមានអារម្មណ៍ស្ទះដង្ហើមបេះដូង ដើរខុសប្រក្រតី រហូតដល់សន្លប់បាត់ស្មារតី។ ពេលនោះក្រុមគ្រួសារបានដឹកមកកាន់គ្លីនិកឯកជនមួយក្នុងទីក្រុងភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់ តែដោយសារសភាពជម្ងឺលោកធ្ងន់ធ្ងរពេក គេក៏បញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតអគារបេះដូង។ ក្រោយមកវេជ្ជបណ្ឌិត ជំនាញនៅទីនោះបានយកចិត្ដទុកដាក់ព្យាបាលលោកឱ្យចៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ហើយបានប្រាប់លោកថា លោកមានជម្ងឺគាំងបេះដូង។ ចាប់តាំងពីពេលនោះមក លោកបានទទួលទានថ្នាំជាប្រចាំមានរយៈពេលប្រហែល៣-៤ឆ្នាំមកហើយ តែជម្ងឺនេះនៅតែមិនអាចព្យាបាលឱ្យជាសះស្បើយដាច់ឡើយ វាគ្រាន់តែអន់ថយជាងមុនតែប៉ុណ្ណោះ។ លោកមកភ្នំពេញធ្វើការពិនិត្យជាប្រចាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ដំបូន្មានអ្នកជំនាញ
លោកវេជ្ជបណ្ឌិត សុខ ជួរ ឯកទេសជម្ងឺបេះដូងសរសៃឈាម និងជម្ងឺទូទៅ បានមានប្រសាសន៍ថា ជម្ងឺគាំងបេះដូងជាជម្ងឺដែលកាចសាហាវបំផុត អាចស្លាប់មនុស្សជាច្រើនលើពិភពលោក ក្នុងមួយឆ្នាំមនុស្សជាង៧លាននាក់បានស្លាប់ដោយសារជម្ងឺគាំងសរសៃឈាមបេះដូង។ ជម្ងឺសរសៃឈាមបេះដូងធ្វើឱ្យអ្នកជម្ងឺឆាប់ហត់ អស់កម្លាំងល្ហិតល្ហៃ ឈឺខ្លួនប្រាណជាដើម។ ជម្ងឺគាំងបេះដូង ធ្វើឱ្យមនុស្សប្រឈមមុខនឹងការស្លាប់ភ្លាមៗ ប្រសិនបើគ្មានការការពារឱ្យបានត្រឹមត្រូវនោះទេ។ មនុស្សមួយចំនួនដែលសង្ស័យថាខ្លួនឯងមានជម្ងឺបេះដូងត្រូវឧស្សាហ៍ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកមើលសម្ពាធសរសៃឈាមផ្សេងៗ ព្រោះវាអាចធ្វើឱ្យលោកអ្នកមានជម្ងឺបេះដូងដោយមិនដឹងខ្លួន។ លោកវេជ្ជបណ្ឌិត សុខ ជួរ បានបន្ដទៀតថា មនុស្សប្រុសលើសពី៤៥ឆ្នាំ និងមនុស្សស្រីលើសពីអាយុ៥០ឆ្នាំត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរឆ្នាំទៅពិនិត្យម្ដងផងដែរ ដើម្បីស្វែងរកជម្ងឺផ្សេងៗ ជាពិសេសជម្ងឺបេះដូងនេះតែម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply