ការចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងមានសុវត្ថិភាព វាមិនមែនជារឿងដែលងាយស្រួលប៉ុន្មាននោះទេ។ សម្រាប់មាតាបិតា គ្រប់រូបត្រូវតែមានវិធានការនៅក្នុងការចិញ្ចឹម ការថែរក្សាដើម្បីឱ្យកូនមានសុខភាពល្អ ការបណ្ដុះបណ្ដាលខាងបញ្ញាស្មារតី ការបង្ហាត់បង្រៀនកូនឱ្យចេះស្ដាប់ ចេះនិយាយ ចេះដុសធ្មេញ ចេះទទួលទានអាហារ និងស្គាល់របស់ផ្សេងៗជាច្រើនទៀត ទាំងនេះគឺជាការទទួលខុសត្រូវរបស់មាតាបិតាគ្រប់រូប។ បើសិនជាលោកអ្នកដែលជាមាតាបិតាមានការធ្វេសប្រហែសចំពោះបុត្រាបុត្រី នៅក្នុងការមើលថែរក្សានោះ អាចធ្វើឱ្យកូនៗរបស់លោកអ្នកជួបនឹងផលលំបាកជាក់ជាមិនខាន។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជម្ងឺកុមារនៃមន្ទីរពេទ្យកុមារជាតិ ដើម្បីយល់អំពីវិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព។
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាព
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អនិងសុវត្ថិភាព គឺអាស្រ័យទៅលើការយកចិត្ដទុកដាក់ ការមើលថែរក្សា ដោយគិតតាំងកូននៅក្នុងផ្ទៃរហូតដល់កូនប្រសូតចេញមក និងរហូតដល់កូនធំពេញវ័យ នេះគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូបដែលត្រូវតែមានទំនួលខុសត្រូវ។ តែបើសិនជាលោកអ្នកមិនបានបំពេញតួនាទីឱ្យបានល្អនៅក្នុងការចិញ្ចឹមថែរក្សាកូនៗឱ្យបានល្អនោះ វានឹងអាចបង្កឱ្យលោកអ្នកមានបញ្ហាផ្សេងៗដែលធ្វើឱ្យលោកអ្នកពិបាកទៅថ្ងៃក្រោយជាមិនខាន។ ខាងក្រោមនេះគឺជាវិធីសាស្ដ្រមួយចំនួនដែលអាចជួយលោកអ្នកបាននៅក្នុងការចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងសុវត្ថិភាពល្អ។
1 . ត្រូវមានគំរោងមានផ្ទៃពោះដែលមានសុខភាពល្អ
- ស្ដ្រីគ្រប់រូបត្រូវតែមកពិគ្រោះជាមួយគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលបន្ទាប់ពីបាត់រដូវ
- ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ
- ត្រូវលេបថ្នាំជាតិដែក និងជាតិហ្វូលិក ដែលជួយឱ្យមាតានិងទារកមានសុខភាពល្អ
- ស្ដ្រីគ្រប់រូបដែលមានផ្ទៃពោះត្រូវចៀសវាងការទទួលទានស្រា ដើម្បីការពារភាពពិការឬមិនប្រក្រតីពីកំណើតរបស់ទារក
- ត្រូវយល់ដឹងអំពីប្រវត្ដិសុខភាពគ្រូសារ ដើម្បីប៉ាន់ស្មានអំពីគ្រោះថ្នាក់របស់មាតានិងទារកទៅនឹងជម្ងឺមួយចំនួន
- បើស្ដ្រីមានជម្ងឺប្រចាំខ្លួន ត្រូវធ្វើឱ្យជម្ងឺនោះឋិតនៅក្រោមការគ្រប់គ្រង
- ត្រូវចាក់ថ្នាំបង្ការជម្ងឺឱ្យបានគ្រប់ចំនួន។
2 . ត្រូវយល់ដឹងអំពីសញ្ញានៃការលូតលាស់របស់កូន
នៅក្នុងការលូតលាស់ធំធាត់របស់កុមារ កុមារគួរមានកាយវិការ និងការវិវត្ដន៍តាមអាយុកាល ដូចជារបៀបនៃការលេង ការរៀនសូត្រ ការនិយាយស្ដី និងការប្រព្រឹត្ដិផ្សេងៗទៀតរបស់កុមារ។ បើសិនជាមានការលូតលាស់យឺតយ៉ាវក្នុងផ្នែកណាមួយអាចជាសញ្ញានៃការលូតលាស់មិនធម្មតា។ កាលណាលោកអ្នករកឃើញការលូតលាស់យឺតយ៉ាវនោះកាន់តែឆាប់ លោកអ្នកអាចជួយកូនរបស់លោកអ្នកបានកាន់តែច្រើន ដើម្បីឱ្យពួកគេលូតលាស់ទៅដល់លទ្ធភាពរបស់ពួកគេ។
3 . ត្រូវនាំកូនទៅពិនិត្យសុខភាព និងទទួលការចាក់ថ្នាំបង្ការជម្ងឺ
ការពិនិត្យសុខភាពជាប្រចាំអាចជួយឱ្យរកឃើញវិធីធ្វើឱ្យមានសុខភាពល្អ និងរកឃើញបញ្ហាសុខភាពខ្លះបានទាន់ពេលវេលា ដែលធ្វើឱ្យឱកាសនៃការព្យាបាលកាន់តែប្រសើរឡើង។ ឯការចាក់ថ្នាំបង្ការជម្ងឺអាចជួយការពារជម្ងឺជាច្រើន និងជួយសង្គ្រោះជីវិតកុមារបានយ៉ាងល្អ។
4 . ការពារកូនរបស់លោកអ្នក
លោកអ្នកត្រូវចាត់វិធានការដើម្បីឱ្យផ្ទះ រថយន្ដ សាលារៀន និងកន្លែងផ្សេងៗទៀតមានសុវត្ថិភាព។ ផ្ទះខ្ពស់ត្រូវតែមានរបាដើម្បីបង្ខាំងកុំឱ្យកូនធ្លាក់។ អាងទឹកឬស្រះទឹកត្រូវតែមានរបងការពារកុំឱ្យក្មេងចូលបាន។ រថយន្ដត្រូវតែមានកៅអី និងខ្សែក្រវាត់ សម្រាប់ក្មេង ឬត្រូវមានមនុស្សបីនៅពេលធ្វើដំណើរ។ ត្រូវរក្សាទុកជាតិពុល និងឧបករណ៍គ្រោះថ្នាក់ផ្សេងៗ ដើម្បីកុំឱ្យក្មេងយកបាន ត្រូវយកចិត្ដទុកដាក់លើសញ្ញានៃការប្រព្រឹត្ដមិនល្អលើកូនរបស់លោកអ្នក រួមទាំងការរំលោភផ្លូវភេទ រាងកាយ និងផ្លូវចិត្ដ។
5 . ផ្ដល់នូវអាហារល្អសម្រាប់សុខភាព
ការបរិភោគអាហារបានត្រឹមត្រូវនិងទៀងទាត់ពេលវេលា នឹងផ្ដល់នូវសារធាតុចិញ្ចឹមដែលចាំបាច់ ដើម្បីឱ្យកុមារមានថាមពល ធ្វើឱ្យឆ្អឹងរឹងមាំ និងអាចទប់ទល់ជាមួយនឹងជម្ងឺមួយចំនួន។ សម្រាប់ទារក ការបំបៅដោះគឺជាជម្រើសល្អបំផុត។ នៅពេលក្មេងធំឡើង លោកអ្នកត្រូវជួយឱ្យក្មេងជ្រើសរើសអាហារដែលល្អសម្រាប់សុខភាព។ ត្រូវយកចិត្ដទុកដាក់លើប្រភេទអាហារ និង បរិមាណអាហារដែលកុមារទទួលទាន។
6 . ត្រូវធ្វើឱ្យក្មេងមានសកម្មភាព
ជាការពិតណាស់ចំពោះក្មេងកំពុងធំធាត់ លោកអ្នកត្រូវតែបង្រៀនក្មេង ដូចជាការធ្វើអនាម័យនៅជុំវិញផ្ទះ ការថែរក្សាសួន ការលេងកីឡាស្របតាមអាយុ នេះគឺជាសកម្មភាពដែលអាចជួយឱ្យកុមារមានសុខភាពល្អ។ ប៉ុន្ដែមិនត្រូវឱ្យកុមារធ្វើលើសពីកម្លាំងនោះទេ ព្រោះអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពដែរ។ ត្រូវរកសកម្មភាពដែលមានសុវត្ថិភាព និងនាំមកនូវការសប្បាយដែលអាចធ្វើបានជាមួយកូនរបស់លោកអ្នកដើម្បីឱ្យគ្រួសារទាំងមូលមានសុខភាពល្អ។
7 . ត្រូវរស់នៅដោយគ្មានផ្សែងបារី
ការហិតផ្សែងបារីពីអ្នកដទៃអាចធ្វើឱ្យប្រឈមមុខនឹងគ្រោះថ្នាក់ដូចជាជក់បារីផ្ទាល់ដែរ។ ស្ដ្រីគ្រប់រូបមិនត្រូវប៉ះពាល់ជាមួយនឹងផ្សែងបារីនៅក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ ដើម្បីការពារការឆ្លងទន្លេមិនគ្រប់ខែ និងបញ្ហាសុខភាពផ្សេងៗទៀត។ មិនត្រូវឱ្យកុមារហិតផ្សែងបារីនោះទេ ព្រោះផ្សែងបារីអាចធ្វើឱ្យកុមារកើតជម្ងឺរលាកផ្លូវដង្ហើម និងជម្ងឺហឺត ព្រមទាំងជម្ងឺរលាកសួត ថែមទៀតផង។
8 . តាមដានសកម្មភាពរបស់កូន
ការតាមដានសកម្មភាពរបស់កូនលោកអ្នកទាក់ទងទៅនឹងការសិក្សារៀនសូត្រ សកម្មភាពផ្សេងៗពីគ្រួសារ ពីមិត្ដភក្ដិ ពីបណ្ដាផ្សព្វផ្សាយ(កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ ឬអ៊ីនធីណេត) និងពីសាលារៀន ព្រមទាំងពីប្រភពផ្សេងៗទៀតជាច្រើន។ ដោយត្រូវតាមមើលថា តើកូនរបស់លោកអ្នកចំណាយពេលជាមួយអ្នកណាខ្លះ គេកំពុងធ្វើអ្វី ហើយថាតើសកម្មភាពទាំងនោះសមស្របតាមអាយុរបស់ក្មេងដែរឬអត់។ បើសិនជាមិនសមស្រប លោកអ្នកត្រូវតែធ្វើការហាមឃាត់។
9 . បង្រៀនកូនរបស់លោកអ្នកឱ្យចេះនូវទម្លាប់ល្អដែលនាំមកនូវសុខភាពល្អ
ត្រូវបង្រៀនកូនរបស់លោកអ្នកឱ្យចេះរើសយកសម្មភាពដែលមានសុវត្ថិភាព និងមានផលល្អសម្រាប់សុខភាព ដូចជា លាងដៃ ដុសធ្មេញ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវាត់ពេលជិះរថយន្ដ លាបក្រេមការពារកម្ដៅថ្ងៃ បង្កើតទំនាក់ទំនងល្អជាដើម។ ត្រូវបង្កើតការទំនាក់ទំនងល្អទាំងនោះជារៀងរាល់ថ្ងៃ និងបង្ហាញរបៀបធ្វើផងដែរ។
10 . ផ្ដល់នូវការស្រឡាញ់ និងការគាំទ្រ
កុមារគ្រប់រូបរមែងត្រូវការនូវសេចក្ដីស្រឡាញ់ ការគាំទ្រពីក្រុមគ្រូសារ និងពីមិត្ដភក្ដិ។ ចូរនិយាយជាមួយកូនៗរបស់លោកអ្នកដើម្បីជួយឱ្យពួកគេយល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីមានសុខភាពល្អ មានសុវត្ថិភាព និងមានសុភមង្គល។ ចូរស្វែងយល់ តើមានរឿងអ្វីកើតឡើងចំពោះកូនលោកអ្នក ហើយក៏ត្រូវស្វែងយល់ពីរបៀបដែលកូនលោកអ្នកធ្វើការសម្រេចចិត្ដ និងការដោះ ស្រាយបញ្ហាមាតាបិតាអាណាព្យាបាលគ្រប់រូប។ ត្រូវផ្ដល់នូវការឆ្លើយតបចំពោះការត្រូវការផ្នែកអារម្មណ៍ និងរាងកាយរបស់ក្មេង។
ដំបូន្មានអ្នកជំនាញ
វិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អនិងសុវត្ថិភាព វាមានសារៈសំខាន់ណាស់ លោកអ្នកដែលជាអាណាព្យាបាលត្រូវតែយកចិត្ដទុកដាក់ចំពោះរឿងនេះ។ បើសិនជាកូនរបស់លោកអ្នកមានការលូតលាស់មិនប្រក្រត្រី លោកអ្នកត្រូវនាំកូនមកកាន់មន្ទីរពេទ្យដើម្បីពិគ្រោះយោបល់រកចំណុចណាមួយដែលសមហេតុផលសម្រាប់កូនរបស់លោកអ្នក។ លោកអ្នកត្រូវតែចងចាំថា វាជាការសំខាន់ ណាស់ដែលក្មេងៗត្រូវការលូតលាស់ធំធាត់ក្នុងបរិស្ថានជុំវិញដែលមានសុវត្ថិភាព មានសេចក្ដីស្រឡាញ់ និងមានសន្ដិសុខ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply