ភាពស្រមើស្រមៃតែងតែកើតមានសម្រាប់មនុស្សគ្រប់រូប ប៉ុន្ដែភាពស្រមើស្រមៃខ្លះបង្កើតឡើងបណ្ដាលឱ្យមានក្ដីរន្ធត់ឬ ព្រឺខ្លាច ដោយសារតែខ្លួនធ្លាប់ត្រូវបានគេធ្វើបាប ឬខ្លួនឯងផ្ទាល់ធ្លាប់ធ្វើបាបទៅលើមនុស្សដទៃយ៉ាងសាហាវព្រៃផ្សៃ។ ហើយការស្រមៃផ្សេងទៀតគឺស្រមៃឃើញរឿងរ៉ាវផ្ដេសផ្ដាសមិនទាន់កើតមានបង្ហាញពីអារម្មណ៍រវើរវាយដែលប្រាថ្នាយកហេតុការណ៍នីមួយៗប្រៀបដូចមនុស្សមានសតិមិនគ្រប់។
ដើម្បីយល់ច្បាស់អំពីប្រធានបទនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេសជម្ងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ស្រមៃគឺជាអ្វី?
ស្រមៃគឺជាការនឹកភ្នកនូវរឿងហេតុអ្វីមួយដែលខ្លួនបានធ្វើ ឬរឿងរ៉ាវអ្វីមួយដែលខ្លួនប៉ងប្រាថ្នា ហើយមិនទាន់កើតមានឡើង។ សម្រាប់វេជ្ជសាស្ដ្រ ការស្រមៃប្រៀបដូចមនុស្សមមាលមានន័យថាការស្រមៃអាចក្លាយទៅជាការពិតស្ថិតនៅចំពោះមុខតែម្ដង ហើយការស្រមើស្រមៃរបស់មនុស្សបែបនេះទៅតាមការចូលចិត្ដ និងតាមអាយុកាលផងដែរ។ ឧទាហរណ៍ ដូចជាកំលោះក្រមុំ ភាគច្រើនពួកគេស្រមៃឃើញស្នេហាអណ្ដែតអណ្ដូង ហាក់បីដូចជាការស្រមៃនេះស្ថិតនៅចំពោះមុខ ដែលអារម្មណ៍ខ្លួនឯងបានបាញ់តម្រង់ទៅយ៉ាងដូច្នេះ។ ប៉ុន្ដែបើការស្រមៃនោះជ្រៅទៅៗ អាចប្រែអារម្មណ៍ឱ្យខ្លួនឯងស្ថិតនៅនឹងកន្លែងតែម្ដង ដូចជាមនុស្សម្នាក់ស្រមៃថាមាននារីឬបុរសដែលខ្លួនស្រឡាញ់នៅក្បែរខ្លួន តែពេលនោះអារម្មណ៍របស់គេប្រៀបដូចជាមនុស្សដែលខ្លួនស្រមៃមកនែបនិត្យអ៊ីចឹង ប្រឡែងគ្នាសើចក្អាកក្អាយតែម្នាក់ឯង។
មូលហេតុបណ្ដាលឱ្យមានការស្រមៃ
មូលហេតុចម្បងដែលធ្វើឱ្យមនុស្សមានក្ដីស្រមៃនោះ គឺបណ្ដាលមកពីមានអារម្មណ៍មិននឹងន៎ វង្វេងវង្វាន់ ហើយអណ្ដែតអណ្ដូងច្រើន។ ការស្រមៃបែបនេះច្រើនកើតមានទៅលើយុវជន និងយុវតីដែលនៅលីវតែប៉ុណ្ណោះ នេះបើការស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ។
ផលល្អចំពោះក្ដីស្រមៃ
ក្ដីស្រមៃអាចបណ្ដាលឱ្យមនុស្សយើងមួយចំនួនទទួលបាននូវផលល្អខ្លះដែរ ដូចជាការស្រមៃចង់បានរបស់មានតម្លៃចង់ក្លាយទៅអ្នកមាន ឬអ្នកខ្លះទៀតស្រមៃថាបានធ្វើការធំ។ តែទន្ទឹមនឹងក្ដីស្រមៃ មនុស្សរូបនោះបានបង្ហាញពីខិតខំប្រឹងប្រែងរបស់ខ្លួន ការព្យាយាមតាមអ្វីដែលខ្លួនស្រមៃ ហើយទីបំផុតជោគជ័យនៃការស្រមៃនេះអាចក្លាយទៅទ្រព្យសម្បត្ដិដែលគេបានសង្ឃឹមទុកក្នុងចិត្ដប្រាកដមែន។
ផលអាក្រក់ចំពោះក្ដីស្រមៃ
ផលអាក្រក់ចំពោះក្ដីស្រមៃច្រើនកើតមានទៅលើមនុស្សចាស់ និងកូនក្មេង ដោយហេតុថាមនុស្សចាស់មួយចំនួនស្រមៃនូវអ្វីដែលជាអតីតកាលឈឺចាប់ ដែលខ្លួនធ្លាប់រងនូវទារុណកម្ម ហើយការស្រមៃនោះដក់ក្នុងខួរក្បាលជានិច្ច។ នៅពេលដែលគេបង្ហើបនូវរឿងរ៉ាវឈឺចាប់អ្វីមួយ គាត់ចាប់ផ្ដើមនឹកឃើញ ហើយស្រមៃថាមិនគួរណាពេលនោះគាត់ក្លាយទៅជាអ៊ីចឹងឡើយ ឬនៅពេលនោះគាត់មិនគួរធ្វើអ៊ីចឹងឡើយ។ តែសម្រាប់កូនក្មេងវ័យ បើគេប្រើប្រាស់ការស្រមៃនោះហួសហេតុពេក អាចធ្វើឱ្យកើតមានជម្ងឺវិកលចរិត ព្រោះការស្រមៃនោះហួសពីសមត្ថភាពដែលខ្លួនចង់បាន។ មិនតែប៉ុណ្ណោះក្មេងដែលស្រមៃច្រើនក៏អាចក្លាយទៅមនុស្សអច្ឆរិយ ប្រសិនបើមានការគាំទ្រពីសំណាក់ក្រុមគ្រួសារឬញាតិមិត្ដទៀតនោះ ការស្រមៃរបស់ក្មេងអាចលើសលប់ ធ្វើឱ្យក្លាយទៅជាមនុស្សមានញាណពិសេស ហើយនឹងក្លាយទៅជាមនុស្សដែលមានជម្ងឺវិកលចរិតតែម្ដង។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែបំភ្លេចនូវអ្វីដែលជាអតីតកាលដែលធ្វើឱ្យខ្លួនឈឺចាប់ឱ្យបានច្រើន។ ព្រោះការនឹកស្រមៃបែបនេះជាអ្នកជំរុញអារម្មណ៍ឱ្យលោកអ្នកក្លាយទៅជាមនុស្សខុសប្លែក មានអារម្មណ៍អណ្ដែតអណ្ដូងខុសពីធម្មតា។ លើសពីនេះកូនក្មេងដែលស្ថិតក្រោមអាយុ១៥ឆ្នាំក៏មិនត្រូវស្រមៃចង់ក្លាយធ្វើអ្វីមួយដែរ ព្រោះថាខួរក្បាលមិនអាចទទួលសម្ពាធនៃការគិតពិចារណាបានឡើយ ហើយអាចក្លាយទៅជាមនុស្សវិកលចរិតនៅថ្ងៃណាមួយមិនខានឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply