ជម្ងឺ​ត្រាក់កូម

ត្រាក់កូម​ជាឈ្មោះ​ជម្ងឺភ្នែក​មួយប្រភេទ​ដែល​កើតមាន​ចំពោះ​មនុស្ស​គ្រប់វ័យ ជាពិសេស​ចំពោះ​កុមារ។ ជម្ងឺនេះ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ភ្នែក​យ៉ាង​ធ្ងន់ធ្ងរ បើសិន​ជាការ​ព្យាបាល​មិនបាន​ទាន់​ពេលវេលា។ ការ​ថែទាំ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ​មិន​ត្រឹមតែ​ចៀសផុត​ពីជម្ងឺ​ត្រាក់កូម​ប៉ុណ្ណោះ គឺអាច​បង្ការ​បញ្ហា​ជាច្រើនដែលអាច​កើតមាន​ចំពោះ​ភ្នែក។ ជម្ងឺ​ត្រាក់កូម​មាន​ផលវិបាក​មិនខុស​ពីជម្ងឺ​ភ្នែក​ធ្ងន់ធ្ងរ​ដទៃទៀត​ប៉ុន្មាន​ទេ គឺបើ​ឈានដល់​ដំណាក់​ចុងក្រោយ​នឹង​បណ្ដាល​ឱ្យភ្នែក​ពិការ​មួយជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ម៉ា អមរិន្ទ អ្នក​ឯកទេសភ្នែក​នៅគ្លីនិក​អមរិន្ទ ដើម្បីបកស្រាយ​ពីជម្ងឺ​ត្រាក់កូម។

ត្រាក់កូម?

ជម្ងឺ​ត្រាក់កូម​ឬហៅថា​អៀស៊ី​ភ្នែក​គឺជា​ជម្ងឺ​មួយដែល​បង្កឡើង​ដោយ​មេរោគ​ប្រភេទ​ម្យ៉ាងឈ្មោះ​ថា ក្លាមីឌៀ​ត្រាក់កូម​ម៉ាទីស ប្រភេទ​អេបីស៊ី។ ជម្ងឺនេះ​មានផល​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ភ្នែក​ដែលអាច​បណ្ដាល​ឱ្យ​ងងឹត និង​ពិការ​ភ្នែក។ មូលហេតុ ដែល​បណ្ដាល​ឱ្យងងឹត និង​ពិការ​ភ្នែក ដោយសារ​ជម្ងឺនេះ​ធ្វើឱ្យ​មានការ​រលាក​ត្របកភ្នែក ប្រែងចាក់​ភ្នែក និង​សម្លាក​កញ្ចក់​ភ្នែក។ អត្រា​អ្នកជម្ងឺ​ត្រាក់កូម​នៅប្រទេស​កម្ពុជា​គឺមាន​ការ​ប្រែប្រួល​ទៅតាម​តំបន់​នីមួយៗ​ ពី០.​៨ភាគរយ​ទៅ២៤​ភាគរយ។ ជម្ងឺនេះ​ច្រើនជួប​ប្រទះ​នៅបណ្ដា​ប្រទេស​ក្រីក្រ ជាពិសេស​តំបន់​ដែលមាន​បរិស្ថាន​មិនល្អ។ ជម្ងឺ​នេះអាច​កើតមាន​លើ​កុមារ​មានអាយុ​តាំងពី​ពីរ ឆ្នាំ​រហូតដល់​វ័យចាស់។

មូល​ហេតុ​បណ្ដាល​ឱ្យមាន​ជម្ងឺ​ត្រាក់កូម

មូលហេតុ​ដែល​បណ្ដាល​ឱ្យកើត​មានជម្ងឺ​ត្រាក់កូម​គឺបញ្ហា​សំខាន់​ចោទ​មាន​នៅតំបន់​ដែលមាន​បរិស្ថាន​កខ្វក់ កន្លែង​ដែល​ខ្វះអនាម័យ និង​មាន​លាមកសត្វ​ច្រើន។ ហើយ​ក៏មាន​ទាក់ទងទៅ​នឹង​អនាម័យ​ខ្លួនប្រាណ កន្លែង​ស្នាក់នៅ និងនៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​ដែលគ្មាន​ផាសុខភាព​ផងដែរ។ ការ​ប្រើប្រាស់​សម្ភារៈ​ដែលគ្មាន​អនាម័យ និងការ​ប្រើប្រាស់​ទឹកមិនស្អាត​ក៏ជា​មូលហេតុ​ដ៏ចម្បង​ដែល​បណ្ដាល​ឱ្យ​កើតមាន​ជម្ងឺនេះ​ផងដែរ។ សត្វរុយ​ជាភ្នាក់​ងារ​ចម្លង​យ៉ាង​សំខាន់​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់ទៀត តាមរយៈ​ការ​ប្រើប្រាស់​សម្ភារៈ​រួមគ្នា​ដែល​មិនស្អាត ដូចជា​កន្សែង ឬ​ក្រមា​ជាដើម។ ទាំងនេះ​ហើយ​សុទ្ធតែ​ជាកត្ដា​រួមផ្សំ​ដែល​ងាយបង្ក​ឱ្យមាន​ជម្ងឺ​ត្រាក់កូម។

រោគសញ្ញា​ជម្ងឺ​ត្រាក់កូម

ជម្ងឺ​ត្រាក់កូម​មាន​រោគសញ្ញា​ប្រែប្រួល​ទៅតាម​ដំណាក់​កាល​នីមួយៗ​នៃជម្ងឺ។ អ្នក​ជម្ងឺអាច​មាន​អាការ​រកាំភ្នែក ហៀរទឹក ភ្នែក ចាញ់ពន្លឺ ពពឹកភ្នែក ឬ​ស្រវាំង​ភ្នែក​ជាដើម។

1 . ដំណាក់​កាលទី១ ៖ ឃើញ​មានគ្រាប់​តូចៗ​ចំនួន​បួន​ឬប្រាំ​គ្រាប់​នៅលើ​ត្របកភ្នែក​លើ​នៅផ្នែក​ខាងក្នុង។

2 . ដំណាក់​កាលទី២ ៖ បន្ទាប់​គឺបញ្ចេញ​រោគសញ្ញា​នៅផ្នែក​ត្របកភ្នែក​ខាងក្នុង មាន​លក្ខណៈរលាក​ក្រហម ហើម និង​អាចមាន​ពពឹកភ្នែក។

3 . ដំណាក់​កាលទី៣ ៖ នៅ​ខាងលើ​ត្របកភ្នែក​ផ្នែក​ខាងក្នុង​ចាប់ផ្ដើម​មាន​សំណកស។

4 . ដំណាក់​កាលទី៤ ៖ គេឃើញ​មាន​ប្រែង​ចាក់​ទៅលើ​កញ្ចក់​ភ្នែក ដែលអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ផ្សារ​រកាំភ្នែក ហៀរ​ទឹកភ្នែក ស្រវាំង​ភ្នែក រហូត​ដល់​អាច​បណ្ដាល​ឱ្យ​ខ្វាក់ភ្នែក​បាន បើសិន​ជាអ្នក​ជម្ងឺ​មិនបាន​ទទួលការ​ព្យាបាល​បាន​ត្រឹមត្រូវ និង​ទាន់ពេល​វេលា។

ផល​វិបាក​នៃជម្ងឺ​ត្រាក់កូម

ផលវិបាក​នៃជម្ងឺ​ត្រាក់កូម​នេះ​បើសិន​ជា​មិនបាន​មក​ពិនិត្យ និង​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ដំណាក់​កាល​នីមួយៗ​នៃជម្ងឺ​ទេ អាច​បណ្ដាល​ឱ្យ​ងងឹត​ភ្នែក និង​អាច​ពិការ​ភ្នែក​ជារៀង​រហូត ដោយ​សារតែ​ការ​រលាក​កញ្ចក់​ភ្នែក ដំបៅ​កញ្ចក់​ភ្នែក ឬ​សម្លាក​កញ្ចក់​ភ្នែក​ជាដើម។ ដូចនេះ​ចាំបាច់​ទាមទារ​ឱ្យ​លោកអ្នក​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អក្នុង​ការ​តាមដាន​សភាព​ជម្ងឺ​ក្នុង​ដំណាក់​កាល​ដំបូង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺ​ត្រាក់កូម

ការ​ព្យាបាល​ជម្ងឺ​ត្រាក់កូម​គឺមាន​ការ​ប្រែប្រួល​ទៅតាម​ដំណាក់​កាល​នៃជម្ងឺ។ នៅ​ដំណាក់​កាល​ដំបូងៗ​គឺត្រូវ​ព្យាបាល​ដោយការ​ប្រើថ្នាំ​ប៉ូម៉ាដ ថ្នាំ​លេប ឬថ្នាំ​បន្ដក់ ប៉ុន្ដែ​នៅពេល​ឈានដល់​ដំណាក់កាល​ដែលមាន​ប្រែងចាក់​ភ្នែក​ហើយ​នោះ គឺត្រូវ​ព្យាបាល​ដោយការ​វះកាត់​ត្របក​ភ្នែក ដើម្បី​ចៀសវាង​ដល់ការ​សម្លាក​កញ្ចក់​ភ្នែក ដែលអាច​បណ្ដាល​ឱ្យពិការ​ភ្នែក។

ការ​ការពារ​ជម្ងឺ​ត្រាក់កូម

ការ​ការពារ​នៃជម្ងឺ​ត្រាក់កូម​គឺអាស្រ័យ​ទៅលើ​ការ​អនាម័យ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ។ លោកអ្នក​គប្បី​ចាត់ចែង​អនាម័យ ខ្លួនប្រាណ​ខ្លួនឯង​ផ្ទាល់ឱ្យ​បានល្អ រៀបចំ​កន្លែង​រស់នៅ​ឱ្យមាន​បរិស្ថាន និង​បរិយាកាស​ល្អ​សម្រាប់​ការ​រស់នៅ​ជាប្រចាំ​ថ្ងៃ។ អនាម័យ​ល្អ និង​ទីកន្លែង​រស់នៅស្អាត​ជាការ​ការពារ​ដ៏ល្អ មួយវិញ​ទៀត​លោកអ្នក​ត្រូវ​ចៀសវាង​ប៉ះពាល់​លាមកសត្វ​ដោយ​ផ្ទាល់។ ជម្ងឺ​ត្រាក់កូម គឺជា​ជម្ងឺ​ដែលអាច​ការពារ​បាន និងធ្វើ​ការ​ព្យាបាល​ឱ្យជា​សះស្បើយ​បាន។

ដំបូន្មាន​អ្នក​ជំនាញ

សុខភាព​ភ្នែក​ជារឿង​ដ៏សំខាន់​ដែល​លោកអ្នក​គប្បី​ពិនិត្យ​ថែទាំ​ឱ្យបាន​ត្រឹមត្រូវ។ ជម្ងឺត្រាក់កូម​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ នៅពេល​ដែល​ព្យាបាល​បានទាន់​ពេលវេលា។ ការ​ថែរក្សា​បរិស្ថាន​បានល្អ​ទាំងក្នុង​ផ្ទះ និង​ក្រៅផ្ទះ ហើយ​ការ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ជាប្រចាំ ជាប្រការ​គួរ​ប្រតិបត្ដិ​សម្រាប់​លោកអ្នក ជាពិសេស​ចំពោះ​កុមារ​តូចៗ​គឺត្រូវចេះ​ថែទាំ និង​ណែនាំ​ឱ្យកុមារ​ចេះធ្វើ​អនាម័យ​ដោយ​ខ្លួនឯង ដើម្បី​ចៀងវាង​ពីបញ្ហា​ទាំងអស់​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *