មនុស្សភាគច្រើនកាន់តែមានវ័យចំណាស់ កាន់តែទទួលយកអារម្មណ៍មួម៉ៅ ឬភ្លេចភ្លាំង វង្វេង និយាយច្រើន ហើយចង់ឈ្នះកូនចៅ និងមនុស្សដែលនៅជុំវិញខ្លួនផងដែរ។ កត្ដាទាំងនេះហើយដែលបណ្ដាលមកពីការបង្កឡើងដោយសារជម្ងឺម្យ៉ាងដែលគេហៅថា “អាស៊ែមម័រ”។ ជម្ងឺនេះបានជំរុញឱ្យមនុស្សដែលមានវ័យចាស់ជរាជួបប្រទះជាច្រើន ដែលមិនអាចគេចផុត។
ខាងក្រោមនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយនឹងលោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេសជម្ងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ធ្វើការបកស្រាយអំពីជម្ងឺ“អាស៊ែមម័រ”ដូចតទៅ។
ជម្ងឺអាស៊ែមម័រ ឬជម្ងឺវង្វេងចាស់ជាអ្វី?
ជម្ងឺអាស៊ែមម័រគឺជាជម្ងឺភ្លេចភ្លាំងរបស់មនុស្សចាស់ ដែលបណ្ដាលមកពីខួរក្បាលកាត់បន្ថយភាពដំណើរការបន្ដិចម្ដងៗ ក៏ជំរុញឱ្យមានការភ្លេចភ្លាំង ឆាប់ខឹង និងមានចរិតកាចសាហាវ និយាយអ្វីមួយចង់ឈ្នះអ្នកដទៃ បើទោះបីគ្មានហេតុផលច្បាស់លាស់ក៏ដោយ។ គេបានចាត់ទុកជម្ងឺអាស៊ែមម័រជាជម្ងឺវិកលចរិតស្រាល ដោយសារតែអារម្មណ៍របស់គាត់រវើរវាយ បែកកម្មដ្ឋាន យល់ខុស គិតខុស ហើយនៅចំពោះមុខចេះតែឃើញរូបភាពចម្លែកៗ។ អាការបែបនេះហើយដែលគេហៅថា អ្នកជម្ងឺអាស៊ែមម័រមានភាពប្រហាក់ប្រហែលទៅនឹងអ្នកជម្ងឺវិកលចរិត។
មូលហេតុបណ្ដាលឱ្យមានជម្ងឺអាស៊ែមម័រ
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺអាស៊ែមម័រ គឺបណ្ដាលមកពីសរសៃឈាមទៅចិញ្ចឹមខួរក្បាលមិនគ្រប់គ្រាន់ ឬកាត់បន្ថយម្ដងបន្ដិចៗ។ ពេលខ្លះមនុស្សចាស់ដែលទទួលរងនូវជម្ងឺនេះមួយចំនួនមានបញ្ហាផ្លូវចិត្ដ ដូចជាជម្ងឺបាក់ទឹកចិត្ដ អស់សង្ឃឹម ទទួលទានស្រាច្រើន និងសារធាតុញៀន ដូចជាកញ្ឆា ថ្នាំញៀនជាដើម។ កត្ដាទាំងនេះក៏ជាការចាប់ផ្ដើមបណ្ដាលឱ្យមានជម្ងឺអាស៊ែមម័រនេះផងដែរ។ ពេលខ្លះមនុស្សមួយចំនួនមានជម្ងឺស្កន់ជ្រូក។ អ្នកមានជម្ងឺនេះក៏អាចក្លាយទៅជាអ្នកមានជម្ងឺអាស៊ែមម័រកាន់តែលឿន នៅពេលវ័យកាន់តែចាស់។ មូលហេតុមួយចំនួនទៀតបណ្ដាលមកពីអ្នកជម្ងឺពីមុនមានជម្ងឺលើសឈាម ក្រោយមកគាត់មានអារម្មណ៍ភ្លាំងភ្លេចច្រើន។ ឧទាហរណ៍ថា ពីមុនអ្នកជម្ងឺធ្លាប់ជាសាស្ដ្រាចារ្យភាសាអង់គ្លេស ដល់ពេលគាត់ទទួលរងនូវសម្ពាធផ្នែកជម្ងឺនេះ គាត់មានអាការភ្លេចភ្លាំងស្ទើរទាំងអស់ សរសេរអក្សរមិនត្រូវ គុណលេខមិនត្រូវជាដើម។ល។ បញ្ហានេះហើយដែលគាត់មានជម្ងឺអាស៊ែមម័រ។ ម្យ៉ាងទៀតកាលដែលអ្នកជម្ងឺនៅក្មេងធ្លាប់ដួលទង្គិចក្បាល លុះពេលអ្នកជម្ងឺធំឡើងក៏ងាយនឹងកើតមានជម្ងឺអាស៊ែមម័រនេះតែម្ដង។
រោគសញ្ញារបស់ជម្ងឺអាស៊ែមម័រ
មនុស្សចាស់ដែលមានជម្ងឺអាស៊ែមម័របានបង្ហាញអំពីអត្ដចរិតវង្វេងវង្វាន់ ភ័យខ្លាច ភ្លេចភ្លាំងច្រើន ភ្លេចទាំងកូនចៅ ភ្លេចទីកន្លែងដែលខ្លួនធ្លាប់ទៅជាប្រចាំ។ ឧទាហណ៍ដូចជាភ្លេចបង្គន់អនាម័យជាដើម។ រោគសញ្ញាមួយចំនួនទៀតបានបង្ហាញថា អ្នកជម្ងឺមានសភាពកាច ឆ្នាស់ មួម៉ៅ សកម្មភាពដែលអ្នកជម្ងឺធ្វើភាគច្រើនបណ្ដាលឱ្យកូនចៅឬអ្នកជុំវិញខ្លួនមានអារម្មណ៍ខឹងសម្បាជានិច្ច។ ពេលខ្លះអ្នកជម្ងឺបត់ជើងដាក់ក្នុងទូ ហើយពេលខ្លះទៀតអ្នកជម្ងឺទៅបៀតបៀនកេរ្ដិ៍ខ្មាសកូនក្មេង ហើយចូលចិត្ដប្រព្រឹត្ដអ្វីៗផ្ដេសផ្ដាស ច្រើនដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនខឹងជានិច្ច។ ប្រសិនបើលោកអ្នកចង់ឈ្នះចង់ចាញ់ជាមួយមនុស្សដែលមានជម្ងឺអាស៊ែមម័រនេះ អ្នកជម្ងឺកាន់តែកាចសាហាវលើសដើម។
វិធីព្យាបាលជម្ងឺអាស៊ែមម័រ
វិធីព្យាបាលជម្ងឺនេះអាចព្យាបាលបានតែក្នុងន័យកាត់បន្ថយតែប៉ុណ្ណោះ ហើយមិនសូវទទួលបាននូវប្រសិទ្ធភាពនោះទេ ព្រោះវិធីព្យាបាលជម្ងឺនេះគឺព្យាបាលដោយប្រើប្រាស់បរិយាកាស និងចិត្ដសាស្ដ្រ។ ព្រោះជម្ងឺនេះគឺជាជម្ងឺកើតមានទៅលើមនុស្សចាស់ ដូច្នេះហើយការព្យាបាលត្រូវតែប្រើវិធីសាស្ដ្រត្រជាក់ ផ្អែមល្ហែម និយាយរឿងល្អៗ ហើយឮៗ មិនត្រូវឱ្យគាត់រកនឹកនូវរឿងរ៉ាវចាស់ៗនោះទេ ត្រូវតែនាំគាត់ទៅអង្គុយលេងនៅទីកន្លែងណាមួយដែលមានខ្យល់អាកាសបរិសុទ្ធ ហើយត្រជាក់ត្រជុំ។ ពេលខ្លះនាំគាត់ និយាយអំពីរឿងសើចសប្បាយ និងលួងលោម សរសើរអំពីវីរភាពរបស់គាត់ ធ្វើឱ្យអ្នកជម្ងឺកាត់បន្ថយនូវការតានតឹងអារម្មណ៍ និងភាព ឆេវឆាវទាំងប៉ុន្មានត្រូវបានកាត់បន្ថយបានជាបណ្ដើរៗ។ វិធីព្យាបាលម្យ៉ាងទៀតគឺជាការព្យាបាលដោយប្រើប្រាស់ថ្នាំ ប្រសិនបើអ្នកជម្ងឺអាស៊ែមម័រនេះកើតចេញពីជម្ងឺកម្សត់។ ប៉ុន្ដែការព្យាបាលដោយថ្នាំនោះ គ្រាន់តែទប់ស្កាត់ការចងចាំបានបន្ដិចបន្ដួចតែប៉ុណ្ណោះ។
វិធីការពារជម្ងឺអាស៊ែមម័រ
ដើម្បីការពារមនុស្សចាស់កុំឱ្យមានជម្ងឺអាស៊ែមម័រនេះ ដល់ពេលដែលគាត់មានអាយុ៦០ឆ្នាំ ត្រូវតម្រូវឱ្យគាត់ចូលនិវត្ដន៍ ដើម្បីកុំឱ្យគាត់ទទួលកិច្ចការអ្វីច្រើននៅខាងក្រៅ ដើម្បីដាក់បន្ទុកនៅក្នុងខួរក្បាលគាត់ គឺត្រូវទុកខួរក្បាលគាត់សម្រាប់ត្រួតត្រា ប្រព័ន្ធក្នុងខ្លួនឱ្យមានលំនឹងល្អ។ ប្រសិនបើគាត់មិនសូវទទួលរងសម្ពាធនៅខាងក្រៅធ្ងន់ធ្ងរទេ ប្រព័ន្ធក្នុងខ្លួនដើរបានល្អ ក្រពះរំលាយ អាហារគ្រប់គ្រងបានល្អ ដោយសារគាត់មានស្មារតីល្អ។ កាលណាគាត់មានសម្ពាធការងារច្រើនពេក ធ្វើឱ្យបេះដូងរបស់គាត់ដើរខុស សង្វាក់ ក្រពះ ពោះវៀនមានបញ្ហា អាចជំរុញឱ្យខួរក្បាលគាត់ជួបបញ្ហា ហើយនិងទទួលរងនូវជម្ងឺអាស៊ែមម័រនេះតែម្ដង។ ត្រូវការ ពារកុំឱ្យមានអារម្មណ៍តុកស៊ិក និងជម្ងឺកម្សត់ អស់សង្ឃឹម ព្រោះវាអាចធ្វើឱ្យលោកអ្នកកាន់តែឆាប់មានជម្ងឺអាស៊ែមម័រ។
ផលប៉ះពាល់របស់ជម្ងឺអាស៊ែមម័រ
លោកអ្នកដែលមានជម្ងឺអាស៊ែមម័រ អាចមានផលប៉ះពាល់មួយចំនួនទៅលើសតិអារម្មណ៍អ្នកនៅជុំវិញខ្លួន។ បើមិនធ្វើការព្យាបាលទេ ក៏អាចបណ្ដាលឱ្យមនុស្សមានជម្ងឺនេះទៅជាជម្ងឺវិកលចរិត មានចរិតឆេវឆាវ កាចសាហាវ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកជម្ងឺធ្វើអ្វីផ្ដេសផ្ដាសតាមអំពើចិត្ដ និងតាមការនឹកឃើញផងដែរ។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើអ្នកដែលមានមនុស្សចាស់កើតជម្ងឺអាស៊ែមម័រនេះ ពេលដែលរស់នៅជាមួយគាត់ត្រូវតែបង្កបរិយាកាសឱ្យបានល្អត្រឹមត្រូវ មិនត្រូវប្រកួតប្រជែង ខឹង ជេរគាត់ច្រើននោះទេ ព្រោះថាអ្នកមានជម្ងឺនេះមិនងាយចុះចាញ់អ្នកណាម្នាក់ផ្ដេសផ្ដាសនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវចេះយកចិត្ដទុកដាក់លើគាត់ និយាយលួងលោម ដោយលើកសរសើរអំពីវីរភាពផ្សេងៗ ដែលជាការជំរុញទឹកចិត្ដដល់គាត់ទើបអ្នកជម្ងឺប្រភេទនេះកាត់បន្ថយភាពឆេវឆាវ កាចសាហាវ និងប្រព្រឹត្ដអំពើផ្ដេសផ្ដាសបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply