យោងតាមការអង្កេតស្រាវជ្រាវថ្មីរបស់អង្គការឃែរកម្ពុជា ដែលទស្សនាវដ្ដី សុខភាពយើង បានទទួលកាលពីថ្ងៃទី៣០ មិថុនានេះបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋច្រើនជាង១០ម៉ឺននាក់នៅក្នុងខេត្ដចំនួន៣នៅកម្ពុជា ដែលមានខេត្ដស្វាយរៀង ព្រៃវែង និងកោះកុង មានប្រជាពលរដ្ឋប្រហែលតែ៣០ភាគរយប៉ុណ្ណោះ ដែលមិនទាន់ទទួលយកការអនុវត្ដន៍នូវវិធានការថ្មីដែលនិយាយ អំពីការបង្ការទប់ស្កាត់ជម្ងឺគ្រុនផ្ដាសាយបក្សី(H5N1)នៅឡើយទេ។
លោក សុក សីហា មន្ដ្រីសម្របសម្រួលថ្នាក់ខេត្ដនៃអង្គការឃែរ (Care) បានប្រាប់ទស្សនាវដ្ដី សុខភាពយើង កាលពីថ្ងៃទី ២៩ ខែមិថុនាថា តាមរយៈគម្រោងកាត់បន្ថយហានិភ័យនៃការចម្លងជម្ងឺផ្ដាសាយបក្សីត្រូវបានជ្រើសរើសមនុស្សច្រើនជាង១០ម៉ឺននាក់នៅក្នុងខេត្ដចំនួន៣ឱ្យចូលរួមអនុវត្ដជាមួយគម្រោងនេះ ហើយមនុស្ស១០ម៉ឺននាក់នេះ គឺសុទ្ធតែជាគ្រួសារប្រកបអាជីវកម្មចិញ្ចឹមមាន់។ លោកបន្ដថា មុននឹងចាប់ផ្ដើមជ្រើសរើសចំនួនមនុស្សទាំងអស់នេះមកធ្វើការសាកល្បង អង្គការឃែរបានចាប់ផ្ដើមធ្វើការស្រាវជ្រាវមួយនៅឆ្នាំ២០០៦ ដើម្បីធ្វើការវាស់ស្ទង់ទៅលើកម្រិតយល់ដឹងពាក់ព័ន្ធទៅនឹងវិធានការទប់ស្កាត់ ក៏ដូចជាការចម្លងជម្ងឺគ្រុនផ្ដាសាយបក្សីរបស់អ្នករស់នៅក្នុងតំបន់ទាំងនោះ។ ក្រោយមកពួកគេបានរកឃើញថា ការយល់ដឹងរបស់អ្នករស់នៅតំបន់នោះនៅមានកម្រិតទាបនៅឡើយទេ។ ដូច្នេះអង្គការឃែរបានរៀបចំគម្រោងមួយដែលមានឈ្មោះថា គម្រោងកាត់បន្ថយហានិភ័យនៃការចម្លងជម្ងឺផ្ដាសាយបក្សី។ លោកថ្លែងថា យើងចង់ផ្ដល់ឱ្យពួកគេនូវចំណេះដឹងដែលនិយាយអំពីគ្រោះថ្នាក់នៃការចម្លងជម្ងឺបណ្ដាលមកពីសត្វបក្សី ព្រមទាំងផ្ដល់ឱ្យពួកគេនូវចំណេះដឹងស្ដីពីការចិញ្ចឹមមាន់ដែលប្រកបទៅដោយសុវត្ថិភាព និងបានទិន្នផលខ្ពស់ថែមទៀតផង។
គម្រោងកាត់បន្ថយហានិភ័យនៃការចម្លងជម្ងឺគ្រុនផ្ដាសាយបក្សីត្រូវបានចាប់ផ្ដើមអនុវត្ដចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩ និងបានចំណាយអស់ថវិកាប្រមាណ១៤១,៥០៤៨ដុល្លារ សម្រាប់ការអនុវត្ដន៍ទៅលើខេត្ដទាំង៣នេះ។ លោកថ្លែងថាមនុស្សច្រើន ជាង១០ម៉ឺននាក់ត្រូវបានទទួលអត្ថប្រយោជន៍ពីគម្រោង ដែលអត្ថប្រយោជន៍នោះមិនត្រឹមតែផ្ដល់ឱ្យពួកគេនូវចំណេះដឹងតែមួយផ្នែកទេ ប៉ុន្ដែត្រូវបានដាក់បញ្ជូលនូវការឧបត្ថម្ភផ្សេងៗទៀត ដូចជាការផ្ដល់មាន់ដោយឥតគិតថ្លៃទៅកាន់កសិករដែលមានបំណងបន្ដអាជីវកម្មចិញ្ចឹមមាន់ ការផ្ដល់វ៉ាក់សាំងបង្ការជម្ងឺមាន់ និងការផ្ដល់វត្ថុធាតុដើម និងទុនសម្រាប់ធ្វើជាចំណីមាន់ថែមទៀតផង។
បើតាមលោក សុក សីហា មូលហេតុដែលប្រជាពលរដ្ឋ៣០ភាគរយនេះមិនទាន់ទទួលយកនូវវិធានការថ្មីរបស់គម្រោងនេះ គឺដោយសារតែអ្នកខ្លះខ្ជិលមិនចូលរួមជាមួយភ្នាក់ងារអនុវត្ដគម្រោងទេ រីឯអ្នកខ្លះទៀតមិនបានធ្វើការផ្លាស់ប្ដូរទម្លាប់ចាស់ ដោយនៅតែអនុវត្ដការចិញ្ចឹមបែបផែនដដែលៗ ពិសេសទៅទៀតនោះ ការខូចទ្រង់មាន់ និងកត្ដាមាន់ងាប់ក៏ជាមូលហេតុធ្វើឱ្យពួកគេមិនចង់បន្ដអាជីវកម្មនេះទៅមុខទៀត។
អ្នកស្រី ជែកកឺលីនពីណាត់ អ្នកសម្របសម្រួលគម្រោងថ្នាក់តំបន់អង្គការឃែរបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាកាល ពីថ្ងៃទី២៨ មិថុនាថា មូលហេតុដែលអង្គការឃែរធ្វើការជ្រើសរើសខេត្ដទាំង៣នេះមកធ្វើការអនុវត្ដន៍គម្រោងនេះ គឺដោយសារតែ ខេត្ដព្រៃវែង និងស្វាយរៀង គឺជាតំបន់ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម រីឯខេត្ដកោះកុងមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ ដូច្នេះតំបន់ទាំង៣នេះអាចមានឱកាសច្រើននៅក្នុងការនាំចូលនូវប្រភេទសត្វស្លាបថ្មីៗដែលអាចចម្លងនូវមេរោគផ្ដាសាយបក្សី H5N1 បាន។ អ្នកស្រីថាអ្វីដែលជាការរំពឹងទុកគឺថា យើងបានចាប់ផ្ដើមអនុវត្ដគម្រោងនេះ គឺគ្រាន់តែចង់ឱ្យប្រជា ពលរដ្ឋមានការផ្លាស់ប្ដូរនូវឥរិយាបថទាក់ទងនិងការការពារសត្វចិញ្ចឹមរបស់ពួកគេដើម្បីធ្វើការទប់ស្កាត់នូវជម្ងឺផ្សេងៗប៉ុណ្ណោះ។
ផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់អង្គការឃែរដែលបានបង្ហាញនៅក្នុងសិក្ខាសាលាដោយធ្វើការបានសប្រៀបធៀបរវាង ការអង្កេតឆ្នាំ២០០៦និងឆ្នាំ២០០៩បានបង្ហាញថា នៅក្នុងរយៈពេល៤ឆ្នាំ(២០០៦-២០០៩)អត្រានៃការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្ដន៍ទៅលើការបង្ខាំងមាន់ថ្មីទុកដោយឡែកពីមាន់ចាស់ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការការឆ្លងជម្ងឺផ្ដាសាយពីមាន់ថ្មីទៅមាន់ផ្សេងៗទៀត មានការកើនឡើងចាប់ពី៣៨%ទៅ៥៩% ចំពោះខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ ដោយឡែកខេត្ដកោះកុងវិញ នៅក្នុងរយៈពេលដូចគ្នានេះ អត្រាប្រជាពលរដ្ឋអនុវត្ដការបង្ខាំងមាន់ទុកមានពី៦៩%-៧៣%។ ទាក់ទងទៅនឹងការរាយការណ៍អំពីបក្សីងាប់និងឈឺ មានប្រជាពលរដ្ឋចាប់ពី៥%ទៅ៤០%នៅក្នុងខេត្ដព្រៃវែងបានរាយការណ៍។ ពី១០%ទៅ៤០%នៅក្នុងខេត្ដកោះកុង បានរាយការណ៍។ ទាក់ទងទៅនឹងការសម្លាប់សត្វ និងការរៀបចំសត្វដើម្បីធ្វើម្ហូបអាហារ ឃើញថាមានការថយចុះទៅវិញនៅពេលដែលការអង្កេតលើកដំបូងក្នុងឆ្នាំ២០០៦ មានការកើតមានរហូតដល់ទៅ៤៣% ប៉ុន្ដែការអង្កេតបញ្ចប់គម្រោងបានរកឃើញថា មានការធ្លាក់ចុះរហូតសល់២៣%ទេ។ រីឯខេត្ដកោះកុងវិញ លើកដំបូងមាន៤% រីឯចុងបញ្ចប់ធ្លាក់មកនៅក្រោម២%ប៉ុណ្ណោះ។
លោក លី សុវណ្ណ អនុប្រធានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោកពិតជាដឹងថា មកដល់ពេលនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនពាក់ព័ន្ធទៅនឹងវិធានការណ៍ការពារដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺគ្រុនផ្ដាសាយបក្សី ប៉ុន្ដែអ្វីដែលជាការព្រួយបារម្ភនោះ គឺការអនុវត្ដន៍ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទៅវិញនោះទេ។ លោកថ្លែងថា យើងនៅតែជំរុញ ទៅកាន់ថ្នាក់មូលដ្ឋាន ដើម្បីអ្នករស់នៅក្នុងសហគមន៍បានយល់ដឹងច្រើនជាងនេះទាក់ទងនឹងការរាតត្បាតនៃជម្ងឺផ្ដាសាយបក្សី។
បើតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៥រហូតមកដល់ថ្ងៃទី៣០ ខែមិថុនានេះ អ្នកកើតជម្ងឺគ្រុនផ្ដាសាយបក្សី(H5N1)មាន១០ករណី ក្នុងនោះស្លាប់៨នាក់ និង២នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា បើទោះបីជាចំនួនមនុស្សនៅកម្ពុជាបានឆ្លងជម្ងឺនេះមានត្រឹមតែ១០នាក់ ហើយអត្រាស្លាប់វាមានដល់ទៅ៨នាក់ក៏ដោយប៉ុន្ដែស្ថានភាពរងគ្រោះនេះ វាមិនទាន់ធ្ងន់ធ្ងរនៅឡើយទេសម្រាប់កម្ពុជានោះ។ ប៉ុន្ដែសម្រាប់ប្រទេសវៀតណាមវិញបានកើតមាននូវសភាពឈឺយ៉ាងធ្ងន់ធ្ងរដែលករណីបានឈានរហូតដល់ទៅ១១៩ករណីឯណោះ រីឯការស្លាប់មានរហូតដល់ទៅ៥៩ករណី។
លោកស្រី Cecilia Dy មន្ដ្រីសម្របសម្រួលគម្រោងកម្មវិធីជម្ងឺគ្រុនផ្ដាសាយបក្សីរបស់អង្គការឃែរកម្ពុជាបានមានប្រសាសន៍ថា តាមរយៈការខិតខំជំរុញនៅក្នុងកម្មវិធីនៅពេលខាងមុខទៀត លោកស្រីនៅមានការជឿជាក់ថា និងមានការកើនឡើង នូវការផ្លាស់ប្ដូរឥរិយាបថ។ លោកស្រីថ្លែងថា ៖ “ប្រសិនបើអ្នកប្រៀបធៀបជាមួយស្ថានភាពក្នុងប្រទេសកម្ពុជា និងស្ថានភាពក្នុងប្រទេសវៀតណាមនោះ វាមិនធ្ងន់ធ្ងរនោះទេ”។ លោកស្រីថា ៖ “យើងគ្រាន់តែកើតមានករណីជម្ងឺគ្រុនផ្ដាសាយនេះតែមួយករណីប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្ដែយើងនៅតែមានការប្រុងប្រយ័ត្នទៅលើជម្ងឺនេះដដែល”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply