យោងតាមមន្ដ្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា អត្រានៃសិស្សស្រីដែលចាប់ផ្ដើមពីថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យប្រឈមមុខនឹងការបោះបង់ការសិក្សាច្រើន ដោយសារតែជីវភាពនិងសង្គមបច្ចុប្បន្ន។ ព្រោះថាបច្ចុប្បន្ននេះក្រុមគ្រួសារមួយចំនួនបានចាត់ទុកថា កម្រិតជីវភាពមិនអាចបន្ដឱ្យកូនស្រីសិក្សាមានចំណេះដឹងខ្ពង់ខ្ពស់បានដូចគេដូចឯងនោះទេ។ ដូច្នេះនៅពេលដែលកូនស្រីរបស់ខ្លួនធំដឹងក្ដី ហើយមានអាយុកាលគ្រប់គ្រាន់គឺជំរុញឱ្យរកការងារធ្វើ ឬទៅបម្រើអ្នកដទៃដើម្បីយកកម្រៃមកផ្គត់ផ្គង់ ក្រុមគ្រួសារដើម្បីជួយទ្រទ្រង់ជីវភាពឪពុកម្ដាយឱ្យប្អូនៗបន្ដការសិក្សា ឬបន្ដជំរុញឱ្យកូនប្រុសសិក្សាបន្ដយកថ្នាក់ធំទៅមុខ។
មន្ដ្រីក្រសួងអប់រំដែលសុំមិនបញ្ចេញឈ្មោះនោះបានលើកឡើងទៀតថា ការថមថយនៃអត្រាសិស្សស្រីនេះ បាននឹងកំពុងឱ្យសង្គមជួបប្រទះនូវវិបត្ដិច្រើន ព្រោះស្ដ្រីបច្ចុប្បន្ននេះងាយនឹងរងគ្រោះដោយសារតែការបោកបញ្ឆោតរបស់ក្រុមសង្គមងងឹតដែលបានឆ្លៀតឱកាសឆក់យកពលកម្មរបស់ស្ដ្រីដើម្បីស្វែងរកលាភសក្ការៈ ក៏ព្រោះតែស្ដ្រីទាំងនោះខ្វះនូវចំណេះដឹង ការពិចារណានៅក្នុងសង្គម នៅមានកម្រិតទាប ហើយចុងក្រោយនារីទាំងនោះក្លាយទៅជាទាសីដាច់ថ្លៃគ្មានថ្ងៃភ្លឺស្វាងបានឡើយ។ ការថយចុះនៃចំណេះដឹងទូទៅ របស់សិស្សស្រីចាប់ពីអនុវិទ្យាល័យរហូតដល់វិទ្យាល័យក៏ជាសញ្ញាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរថែមទៀតទៅលើវិស័យអប់រំសកល និងបញ្ហាសង្គមដែលជាអ្នកទាញទម្លាក់ដល់ពួកគេឱ្យជ្រើសរើសផ្លូវដើរខុស ដោយបោះបង់ការសិក្សាចោល ហើយសុខចិត្ដទៅធ្វើការបម្រើគេ ដើម្បីទទួលកម្រៃតិចតួចយកមកចាយវាយ ឬផ្គត់ផ្គង់គ្រួសារ។ ផលប្រយោជន៍ដែលទទួលបាននោះហាក់មិនសមនិងអាចទប់ទល់ជីវភាពបាននោះទេ។
ស្ដ្រីមួយចំនួននៅតែចាត់ទុកខ្លួនឯងថា ជាមនុស្សវិលមិនជុំចង្ក្រាន
ឪពុកម្ដាយនិងស្ដ្រីមួយចំនួនហាក់នៅប្រកាន់ខ្ជាប់នូវពាក្យអត់ប្រយោជន៍មួយឃ្លា ដែលគ្រាន់តែបន្លឺឡើងមិនមែនជាផ្លូវការនោះថា ស្ដ្រីគ្រប់រូបមិនអាចវិលជុំចង្ក្រានឡើយ។ ពាក្យនេះហើយបានជំរុញស្ដ្រីមួយចំនួនត្រូវបោះបង់ការសិក្សាចោលទាំងវ័យក្មេង ហើយយកពេលវេលាដ៏មានតម្លៃនេះទៅចំណាយពេលអត់ប្រយោជន៍ដោយប្រកាន់យកឆន្ទៈចាស់គម្រិល ធ្វើឱ្យខូចខាតនូវសេចក្ដី ថ្លៃថ្នូរនិងកិត្ដិយសដែលអាចទទួលបានទៅថ្ងៃអនាគត។ ម្យ៉ាងទៀតឪពុកម្ដាយមួយចំនួនបានដាក់បន្ទុកឱ្យកូនស្រីរបស់ខ្លួនដើរតួជាអ្នករកលុយមកចិញ្ចឹមគ្រួសារតែម្ដង ដោយមិនគិតពីផលលំបាកនិងតម្លៃរបស់កូនទៅលើការងារមួយចំនួននោះ ដោយសម្អាងថា ធ្វើយ៉ាងណាឱ្យមានលុយសម្រាប់គ្រួសារមានមុខមានមាត់ ឬកាត់បន្ថយការខ្វះខាតបាន ទោះបីការងារនោះជះឥទ្ធិពលមិនល្អពីសង្គមក៏ដោយ។
សិស្សស្រីមួយចំនួនបានបោះបង់ការសិក្សាចោលកណ្ដាលទី ពួកគេបានលើកឡើងដោយចោទប្រកាន់ទៅលើបញ្ហាជីវភាព ទើបជំរុញឱ្យរូបគេត្រូវធ្វើយ៉ាងនេះ។ ម្យ៉ាងទៀតសង្គមបច្ចុប្បន្នគឺជាសង្គមដែលចាយលុយ តើពួកគេមានលុយឯណាសម្រាប់បន្ដការសិក្សានោះ បើក្រុមគ្រួសាររបស់គេមិនអាចទំនុកបម្រុងបញ្ហាជីវភាពប្រចាំថ្ងៃបានល្អផងនោះ។ ដូច្នេះពួកគេត្រូវសម្រេចចិត្ដ បោះបង់ចោលការសិក្សាដើម្បីរកការងារធ្វើយកលុយមកចិញ្ចឹមគ្រួសារវិញ។ ព្រោះថាបើយកពេលវេលាសិក្សាមានតែចំណាយលុយផ្ទះ ហើយលទ្ធផលនៃការសិក្សាក៏មិនអាចទទួលបានផ្លែផ្កាល្អដូចគេបានដែរ ដោយសារតែការខ្វះខាតក្នុងការចំណាយលុយសិក្សា ផ្សេងៗនិងសម្ភារៈមួយចំនួនប្រើប្រាស់ក្នុងពេលសិក្សា។
មន្ដ្រីនាយកដ្ឋានផែនការនៃការិយាល័យស្ថិតិបានឱ្យដឹងថា អត្រាធ្លាក់ចុះនៃសិស្សស្រីចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យនេះ គឺមានការកត់សម្គាល់ថា មូលហេតុចម្បងនោះគឺស្ដ្រីវ័យក្មេងបច្ចុប្បន្ននេះមានការភ្លើតភ្លើនច្រើនមិនសូវចាប់អារម្មណ៍ក្នុងការសិក្សានោះទេ គឺពួកគេចូលចិត្ដរកចំណូលចាយវាយដោយខ្លួនឯង ប្រសិនបើគ្រួសារនោះជួបប្រទះនូវការខ្វះខាត។ ចំពោះគ្រួសារអ្នកធូរធារ និងមានទ្រព្យស្ដុកស្ដម្ភវិញ ក៏ជាសញ្ញាចុះខ្សោយនូវកម្រិតអប់រំផងដែរ ប្រសិនបើក្រុមគ្រួសារនោះបណ្ដែតបណ្ដោយឱ្យកូនស្រីរបស់ខ្លួន សិក្សានៅក្នុងស្រុក។ ចំពោះអ្នកមានលុយ គេច្រើនតែបញ្ជូនកូនរបស់ខ្លួនទៅសិក្សានៅក្រៅប្រទេស ព្រោះវាអាចផ្ដល់ចំណេះដឹងច្រើន ហើយជាការបញ្ចៀសនូវការដើរហើរដោយសេរីជាមួយនឹងក្រុមបក្សពួកដែលជាមិត្ដភក្ដិក្នុងសាលាបាន។
អត្រាស្ថិតិរបស់សិស្សស្រីសម្រាប់ឆ្នាំ២០០៨-២០០៩
យោងតាមស្ថិតិរបស់ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការប្រៀបធៀបឃើញថា អត្រារួមនៃការចូលរៀនថ្មីរបស់សិស្សស្រីមានការកើនឡើងជាងសិស្សប្រុសនៅថ្នាក់ដំបូងរហូតដល់១៣៣.៦ ហើយសិស្សប្រុសមានត្រឹមតែ២.៧ប៉ុណ្ណោះ។ ចំពោះអត្រាពិត ចូលរៀនថ្មីសរុបទាំងអស់ទាំងសិស្សប្រុសនិងសិស្សស្រីមានចំនួន៩១.៩ ក្នុងនោះអត្រាចូលរៀនថ្មីរបស់សិស្សស្រីមាន៩១.៧ នេះជាកំណើនមួយដែលខ្ពស់បំផុតសម្រាប់សិស្សស្រីក្នុងឆ្នាំ២០០៨-២០០៩កន្លងមកនេះ។ ដោយឡែកអត្រារួមនៃការសិក្សាដែលមានចាប់ពី បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ អត្រារួមសរុបមាន បឋមសិក្សាមាន១២០.២ អនុវិទ្យាល័យ៦១.៦ និងវិទ្យាល័យ២៨.២។ ហើយអត្រារួមនៃការសិក្សាសិស្សស្រី នៅបឋមសិក្សាមាន១១៨.២ អនុវិទ្យាល័យមាន៥៩.២ និងវិទ្យាល័យមាន២៤.២។ រីឯអត្រាពិតនៃការសិក្សាសរុបនៅបឋមសិក្សា៩៤.៤ អនុវិទ្យាល័យ៣៣.៩ និងវិទ្យាល័យមាន១៦.៤។ អត្រាពិតនៃការសិក្សាសិស្សស្រី នៅបឋមសិក្សាមាន៩៤.០ អនុវិទ្យាល័យមាន៣៥.០ និងវិទ្យាល័យ១៥.៧។ ចំពោះសិស្សស្រីឆ្លងភូមិសាស្ដ្រមកសិក្សាសរុប៧៨.៣ មាននៅបឋមសិក្សា ហើយអនុវិទ្យាល័យមាន៧១.៣។
ចំនួនសិស្សស្រីនិងភាគរយដែលបានចូលរៀនក្នុងឆ្នាំ២០០៨-២០០៩
ដោយឡែកសម្រាប់ស្ថិតិភាគរយរបស់សិស្សស្រីដែលបានចាប់ផ្ដើមចូលសិក្សាចាប់ពីមត្ដេយ្យសិក្សារហូតដល់វិទ្យាល័យ សម្រាប់ឆ្នាំ២០០៨-២០០៩ មានជារួមមត្ដេយ្យសិក្សាមានចំនួន៤៥.០១២នាក់ មានចំនួន៤៩.៩៩ភាគរយ បឋមសិក្សាមានចំនួន ១.០៧៣.២៩២គិតជាភាគរយ ៤៧.៤៣ភាគរយ អនុវិទ្យាល័យមានចំនួន២៨៧.១០៥ គិតជាភាគរយមាន៤៧.៤០ភាគរយ ចំពោះវិទ្យាល័យវិញមានចំនួន១២៣.៣៣៤គិតជាភាគរយ៤២.១៨ភាគរយ។ សរុបទាំងអស់ចំនួនសិស្សស្រីដែលបានចូលរៀនចាប់ពីថ្នាក់មត្ដេយ្យរហូតដល់វិទ្យាល័យមានចំនួន១.៥២៨.៧៤៣ស្មើនឹង៤៧.០២ភាគរយ។ មន្ដ្រីក្រសួងអប់រំយុវជន និងកីឡាបញ្ជាក់ថា សិស្ស ស្រីមានការកើនឡើងនៅថ្នាក់មត្ដេយ្យក្នុងឆ្នាំ២០០៩នេះបើធៀបទៅនឹងឆ្នាំ២០០៨។ ប៉ុន្ដែទោះបីជាយ៉ាងណាមន្ដ្រីក្រសួងអប់រំយុវជន និងកីឡាមានការព្រួយបារម្ភចំពោះសិស្សស្រីដែលស្ថិតក្នុងកម្រិតវប្បធម៌ចាប់ពីអនុវិទ្យាល័យរហូតដល់វិទ្យាល័យ ដែលបានបោះបង់ការសិក្សាចោលដើម្បីទៅរកការងារធ្វើដោយខ្វះចំណេះដឹងទូទៅ ដែលងាយឈានទៅរកការប្រឈមមុខនឹងគ្រោះថ្នាក់ដល់ខ្លួនឯង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply