បេឡាជាតិនៃរបបសន្ដិសុខសង្គមនៅកម្ពុជាកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការដាក់កំហិតឱ្យនិយោជក់នៅតាមសហគ្រាសទូទាំងប្រទេសត្រូវមានការចូលរួមបង់ភាគទានទៅតាមទំហំប្រាក់ខែ និងបរិមាណនៃចំនួនកម្មករដែលមាននៅក្នុងសហគ្រាសនីមួយៗ នោះដើម្បីចូលរួមចំណែកជួយសង្គ្រោះដល់កម្មករដែលបានរងគ្រោះថ្នាក់ដោយសារការងារ។
លោក ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្ដិសុខសង្គម(បសស)បានប្រាប់ទស្សនាវដ្ដី សុខភាពយើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់ដល់សុខភាពកម្មករនៅក្នុងសហគ្រាសរដ្ឋាភិបាលបានបង្កើតនូវរបបនេះ។
ច្បាប់នៃបសសឬរបបសន្ដិសុខសង្គមត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ និងចាប់ផ្ដើមបង់ភាគទាននៅខែវិច្ឆិកាឆ្នាំ២០០៨មកម្ល៉េះ បើគិតមកដល់ពេលនេះគឺមានរយៈពេលជាង២ឆ្នាំហើយ។ លោកថ្លែងថាបសសត្រូវបានផ្ដោតទៅលើខាងវិស័យឯកជនទាំងអស់ដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ។ លោកថា “អ្នកណាក៏ដោយដែលស្ថិតនៅក្រោមមន្ដ្រីរាជការស៊ីវិល ឬក៏ លក្ខន្ដិកៈទូត យើងមិនធ្វើការគ្រប់គ្រងទេ ឧទាហរណ៍ដូចជាធនាគារADB World Bank អង្គការ WHO និងស្ថាប័នធំៗមួយចំនួនទៀត។ ក្រៅពីនោះ អង្គការណាដែលបានចុះបញ្ជីការនៅក្រសួងមហាផ្ទៃស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ គឺបេឡាជាតិជាអ្នកគ្រប់គ្រង”។
ជារៀងរាល់ឆ្នាំកម្មករ២លាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជម្ងឺដែលពាក់ព័ន្ធនឹងការងារ។ នៅលើសកលលោកមានកម្មករពី៣០ទៅ៥០ភាគរយបានរាយការណ៍អំពីគ្រោះថ្នាក់លើរាងកាយផលប៉ះពាល់ពីជាតិគីមី ឬជីវសាស្ដ្រការងារ ធ្ងន់លើសកម្លាំង ឬគ្រោះថ្នាក់ជុំវិញបរិយាកាសការងារដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
កម្មករឬនិយោជិកដែលស្ថិតនៅក្នុងសហគ្រាសដែលបានបង់ភាគទានចូលទៅក្នុងបេឡាជាតិ ពួកគេនឹងបានទទួល អត្ថប្រយោជន៍ជាច្រើនពីរបបនេះ។ ឧទាហរណ៍ នៅពេលដែលកម្មករណាម្នាក់បានទទួលគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពេលកំពុងធ្វើដំណើរមកកាន់សហគ្រាស ឬចេញពីសហគ្រាសត្រឡប់ទៅផ្ទះវិញ និយោជកក្នុងសហគ្រាសនោះគឺមានភារៈកិច្ចជាអ្នកសម្របសម្រួល ដោយធ្វើយ៉ាងណាឱ្យកម្មករម្នាក់នោះបានទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯការចំណាយគឺខាងបេឡាជាតិជាអ្នករ៉ាប់រង។ លោកថ្លែងថា របបនេះមិនត្រឹមតែមានអត្ថប្រយោជន៍តែប៉ុណ្ណឹងទេ ប៉ុន្ដែវាមានអត្ថប្រយោជន៍ច្រើនទៀត ដូចជាពេលឈឺទៅពិនិត្យជម្ងឺនៅមន្ទីរពេទ្យដោយមិនប្រើប្រាស់ថវិកាផ្ទាល់ខ្លួនឡើយ និយាយរួមគឺការចំណាយទៅលើគ្រោះថ្នាក់ខាងបេឡាជាតិជាអ្នកចេញ។
យោងតាមរបាយការណ៍បេឡាជាតិរបបសន្ដិសុខសង្គមដែលទស្សនាវដ្ដី សុខភាពយើង ទទួលបានកាលពីថ្ងៃទី២៥ខែមិថុនា បានឱ្យដឹងថាគិតមកដល់ខែមេសាឆ្នាំ២០១០នេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីការមានចំនួន១.៣២៤ ដែលមាននិយោជិកសរុប ៤១៣.២០៧នាក់ សហគ្រាសគ្រឹះស្ថានបិទទ្វារ៦១ និងព្យួរមាន៧។ ចំនួនភាគទានដែលបេឡាជាតិបានទទួលមាន ៨.៨៤២.០៤២.៩០០រៀល ចំនួនភាគទានរដ្ឋឧបត្ថម្ភវិស័យកាត់ដេរពីមករាដល់វិច្ឆិកា ឆ្នាំ២០០៩ មាន៣.១៨៥.៧៥៩.៨៥៩រៀល។ លោកថ្លែងថា “យើងបានរកឃើញថា នៅក្នុងឆ្នាំ២០០៩នេះចំនួនកម្មករគ្រោះថ្នាក់មាន២.៤១៥នាក់ ក្នុងនោះស្លាប់១៦នាក់ គ្រោះថ្នាក់ធ្ងន់១៧៦នាក់ ស្រាល២.២២៣នាក់”។
បើតាមលោក ស៊ុំ សោភ័ណ របបនេះបានអនុវត្ដទៅកាន់សហគ្រាសដែលនៅទីក្រុងភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដ កំពង់ស្ពឺ។ របបនេះកំពុងតែចាប់ផ្ដើមនៅក្នុងខេត្ដ-ក្រុងទាំង៨ទៀត នៅក្នុងខែឧសភានេះ ព្រមទាំងជំរុញទៅកាន់សហគ្រាសឱ្យបានទាំងអស់នៅទូទាំងប្រទេសចូលរួម។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជាបានឱ្យដឹងថា ភាគច្រើនមូលហេតុដែលនាំឱ្យកម្មករទទួលគ្រោះថ្នាក់ដល់សុខភាពគឺបណ្ដាលមកពីប្រាក់ឈ្នួលរបស់ពួកគេទាប ព្រោះវាគឺជាបញ្ហាមួយដែលទាំងអស់គ្នាត្រូវគិត។ លោកថ្លែងថា “ប្រសិនបើប្រាក់ខែកម្មករតិច នាំឱ្យមានការចំណាយតិចតួចបំផុតទៅលើអាហារប្រចាំថ្ងៃ និងអាហារូបត្ថ្ថម្ភផងដែរ ដូច្នេះការបរិភោគអាហារតិច ប៉ុន្ដែពលកម្មការងារច្រើនគឺវាមិនអាចជួយដល់សុវត្ថិភាពសុខភាពរបស់ពួកគេទេ។ លោកបន្ថែមថា “ពេលខ្លះកម្មករខ្លះបានបង្ខំចិត្ដធ្វើការ នៅក្នុងរោងចក្រដែលពោរពេញទៅដោយសារធាតុគីមី កម្ដៅ និងបរិយាកាសដែលមិនល្អនៅក្នុងរោងចក្រដែរ។ ដូច្នេះសួរថាតើការបង្ខំចិត្ដនេះបណ្ដាលមកពីអ្វីដែរ”?
បញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការនៅក្នុងឧស្សាហ៍កម្មកររោងចក្រ ក៏ដូចជាគ្រោះថ្នាក់ដោយសារជាតិគីមី និង កង្វះការការពារពីគ្រោះថ្នាក់បណ្ដាលមកពីការប្រតិបត្ដិការម៉ាស៊ីន និងអគ្គីភ័យ ដែលជាញឹកញាប់មិនបានយកចិត្ដទុកដាក់ចំពោះស្ដ្រីទេ ដែលភាគច្រើនពួកគេបានទទួលរងគ្រោះពីបញ្ហាសុខភាពបន្ដពូជ ការបៀតបៀនកេរ្ដិ៍ខ្មាស បញ្ហាផ្សេងៗទៀតបណ្ដាលមកពីបរិយាកាសការងារ និងភាពតានតឹងពាក់ព័ន្ធនឹងការងារផងដែរ។
កញ្ញា សេង សុគន្ធា មន្ដ្រីប្រឹក្សាសហគ្រាសរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការILOបានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ ILOបានបង្កើតគម្រោងត្រួតពិនិត្យក្នុងឆ្នាំ២០០១នៅតាមសហគ្រាសច្រើនជាង២០០កន្លែងដែលបានចុះបញ្ជីការជាមួយអង្គការILO។ កញ្ញាថ្លែងថា “ឆ្លងកាត់តាមការវាយតម្លៃពាក់ព័ន្ធនឹងបញ្ហានៃលក្ខខណ្ឌការងារក៏ដូចជាបញ្ហាមួយចំនួនទៀត (សុវត្ថិភាព សុខភាព)ជាដើមនេះ យើងអាចវាយតម្លៃថា មានសហគ្រាសមួយចំនួនបានធ្វើការកែលម្អច្រើន ទៅលើការអនុវត្ដន៍ច្បាប់ការងារបានយ៉ាងសមរម្យ”។ កញ្ញាថា “យើងបានរកឃើញថា ការអនុវត្ដន៍លក្ខខណ្ឌសមរម្យ វាបានឡើងខ្ពស់រហូតដល់ទៅ៩០%ក្នុងចំណោមសហគ្រាសចំនួន២០០កន្លែង”។
កញ្ញា កែវ សម្ផស្ស កម្មការិនីរោងចក្រកាត់ដេរយំវ៉ាងបាននិយាយឱ្យដឹងថា ទាក់ទងទៅនឹងបញ្ហាសុខភាព និងសុវត្ថិភាព នៅកន្លែងធ្វើការ “ខ្ញុំពិតជាយល់ដូចជាការលើកឡើងរបស់អង្គការILOពិតមែន ប៉ុន្ដែជាក់ស្ដែងចំពោះការចុះអនុវត្ដន៍របស់និយោជក គឺមិនបានធ្វើឡើងដូចជាការវាយតម្លៃនោះទេ។ កញ្ញាថា “ជាក់ស្ដែងករណីខ្ញុំផ្ទាល់ នៅពេលដែលILOចុះមកសាកសួរបានផ្ដោតទៅលើសំណួរថា តើកម្មករកម្មការិនីទាំងអស់មានបញ្ហាជួបប្រទះអីខ្លះនៅកន្លែងការងារ។ នៅពេលនោះយើងបានប្រាប់អំពីការឈរអស់រយៈពេលចាប់ពី៤ម៉ោងនៅកន្លែងការងារដោយមិនមានកន្លែងអង្គុយសម្រាប់ធ្វើការឡើយ បន្ទាប់មកយើងក៏បានដាក់សំណូមពរទៅកាន់ILO។ ប៉ុន្ដែការសំណូមពរនោះមិនបានសម្រេចឡើយ ដូច្នេះខ្ញុំយល់ថា បើទោះបីជាមានការត្រួតពិនិត្យពិតមែន ប៉ុន្ដែរោងចក្រមួយចំនួននៅតែមិនទាន់មានការអនុវត្ដន៍ល្អប្រសើរនៅឡើយទេ”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply