ការស្រាវជ្រាវរកឃើញថា ជម្ងឺអេដស៍នៅតែបញ្ហាចម្បងសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលនឹងកំពុងតែពង្រីកសក្ដានុពលដដែល។ មន្ដ្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍បានអំពាវនាវឱ្យមាននូវបទអន្ដរាគមន៍ឱ្យមានប្រសិទ្ធភាព ទៅលើក្រុមប្រជាជនដែលប្រឈមមុខខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ តាមរយៈការចូលរួម ពីពហុវិស័យ។
ការបង្កើតបទអន្ដរាគមន៍ទប់ស្កាត់មេរោគអេដស៍ និងជម្ងឺអេដស៍គឺជាទិសដៅរបស់អាជ្ញាធរប្រយុទ្ធនឹងជម្ងឺអេដស៍
លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានមានប្រសាសន៍ឱ្យដឹងថា “កម្ពុជាត្រូវតែបង្កើនបទអន្ដរាគមន៍ឱ្យមានប្រសិទ្ធភាពទៅលើក្រុមដែលប្រឈមមុខខ្ពស់នៃការឆ្លងរីករាលដាលមេរោគអេដស៍ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជម្ងឺអេដស៍ តាមរយៈការចូលរួមពីពហុវិស័យដ៏ពេញលេញ”។ លោកបន្ដថា យើងនឹងធ្វើការលើកទឹកចិត្ដឱ្យមានការប្រើប្រាស់ស្រោមអនាម័យនៅក្នុងទំនាក់ទំនងទាំងឡាយណាដែលមានការប្រឈមមុខខ្ពស់ គឺជាគន្ល៉ឹះសំខាន់សម្រាប់កម្មវិធីការពារ ទប់ស្កាត់ក្នុងប្រទេសកម្ពុជា ជាពិសេសសារៈសំខាន់សម្រាប់ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ដែលឆ្លងកាត់តាមរយៈការរួម ភេទ។
លោក តែង គន្ធី បានបន្ដទៀតថា ប្រសិនបើយើងចង់កាត់បន្ថយនូវករណីចម្លងថ្មីៗទាំងឡាយ និងដើម្បីចៀសវាងនូវរលកទី២នៃការរីករាលដាលនៃមេរោគអេដស៍ដែលអាចកើតឡើង អ្វីជាអាទិភាពចម្បងគឺការពង្រីកកម្មវិធីការពារទប់ស្កាត់ ដោយផ្ដោតលើប្រជាជនប្រឈមមុខខ្ពស់ទាំងអស់។ លោកបន្ថែមថា យើងត្រូវតែមានការឈ្លាសវៃនៅក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្នពាក់ព័ន្ធ ទៅនឹងអាកប្បកិរិយានិងការរួមភេទផ្សេងៗ ដោយយើងមិនអាចពឹងផ្អែកទៅលើកម្មវិធីប្រើប្រាស់ស្រោមអនាម័យមួយរយភាគរយ និងមិនមែនផ្ដោតតែផ្ទះបននោះទេ។ ដើម្បីបញ្ចប់នូវការឆ្លងថ្មីនៃមេរោគអេដស៍ ត្រូវធ្វើយ៉ាងណាឱ្យសារអប់រំរបស់យើងបានផ្សព្វ ផ្សាយទៅលើក្រុមប្រជាជនដែលប្រឈមមុខខ្ពស់ឱ្យមានប្រសិទ្ធភាព។ បុរសជាច្រើនជាអ្នកមានឥទ្ធិពលក្នុងការសម្រេចចិត្ដនៅពេលរួមភេទ ជាមួយនារីបម្រើសេវាផ្លូវភេទ ឬជាមួយគូសង្សារ ទោះជានៅផ្ទះសំណាក់ ឬផ្ទះបនក៏ដោយ។
អង្គការដែលពាក់ព័ន្ធគួរតែបើកយុទ្ធនាការអប់រំឱ្យបានញឹកញាប់
ដោយឡែកលោក ឡាន វណ្ណសេង មន្ដ្រីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺសើស្បែក កាមរោគ និងអេដស៍៍បានលើកឡើងថា “យុទ្ធនាការអប់រំផ្សព្វផ្សាយថ្មីមួយសំដៅលើកកម្ពស់ការប្រព្រឹត្ដផ្លូវភេទដែលមានសុវត្ថិភាពក្នុងចំណោមបុរសដែលជាអតិថិជន នារី បម្រើសេវាផ្លូវភេទ គឺត្រូវបានយកចិត្ដទុកដាក់ពីអង្គការ ឬក៏អាជ្ញាធរដែលពាក់ព័ន្ធ។ លោកបន្ដទៀតថា យុទ្ធនាការនេះផ្ដោតសំខាន់ទៅលើការបង្កើនការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់ ក្នុងចំណោមបុរសដែលរួមភេទជាមួយនឹងដៃគូ។
អង្គការPSIបង្កើនការផ្សព្វផ្សាយក្រោមប្រធានបទការប្រើប្រាស់ស្រោមអនាម័យ ទើបជាបុរសចេះទទួលខុសត្រូវ
ចំណែកលោក គ្រីស ចូន នាយកអង្គការPSIបានឱ្យដឹងថា អង្គការបានធ្វើយុទ្ធនាការស្ដីពី “ការប្រើប្រាស់ស្រោមអនាម័យ ទើបជាបុរសចេះទទួលខុសត្រូវ”។ ហើយកម្មវិធីនេះបានធ្វើការផ្សព្វផ្សាយនៅភោជនីយដ្ឋានរាត្រី៦ថ្ងៃក្នុងមួយសប្ដាហ៍ តាមទីកន្លែង គ្រឹះស្ថានរាត្រី ហាងសាច់អាំង និងបៀរហ្គាឌិន ដែលជាកន្លែងដែលបុរសចូលចិត្ដទៅជួបជុំគ្នា។ លោកបន្ដថា មូលដ្ឋានគ្រឹះនៃយុទ្ធនា ការនេះគឺស្ថិតនៅលើក្រុមផ្សព្វផ្សាយផ្ទាល់ដែលមានសមាជិក២៤គូ ធ្វើការជាដៃគូនារី និងបុរស។ ក្រុមនេះបានធ្វើការផ្សព្វផ្សាយដល់់ក្រុមបុរសដែលប្រឈមមុខខ្ពស់ ដោយមានការលើកទឹកចិត្ដ និងបង្កើតបរិយាកាសសប្បាយរីករាយ។ លោកបានបន្ថែមថា ក្រុមការងារនេះធ្វើការផ្សព្វផ្សាយនៅគ្រឹះស្ថានកម្សាន្ដជាង៨២០កន្លែងក្នុងរាជធានីភ្នំពេញ ខេត្ដបាត់ដំបង ខេត្ដព្រះសីហនុ និងខេត្ដសៀម រាប។ ជាទូទៅការប្រព្រឹត្ដខាងផ្លូវភេទរបស់បុរសជាមួយដៃគូសង្សារ ជាមធ្យមមានដៃគូ១.៨នាក់មាន៦៨ភាគរយបង្ហាញថាខ្លួនមានដៃគូសង្សារក្នុងពេលតែមួយជាមួយអ្នកដែលអ្នកបានរួមភេទ ជាមធ្យម៤.០៥សកម្មភាពរួមភេទជាមួយដៃគូសង្សារក្នុងខែចុងក្រោយនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply