ការកាត់ទងផ្ចិតទារកដោយមិនបានសម្អាតសម្ភារៈប្រើប្រាស់ឱ្យបានស្អាត អាចធ្វើឱ្យមានការប៉ះពាល់ចំពោះទងផ្ចិតទារក និងសុវត្ថិភាពរបស់ទារក។ នេះជាបញ្ហាដែលអ្នកម្ដាយមានការព្រួយបារម្ភជាខ្លាំង។ ប៉ុន្ដែផលប៉ះពាល់ទាំងនេះនឹងមិនមានឡើយ បើសិនជាលោកអ្នកមានអនាម័យចំពោះទារកឱ្យបានល្អ និងមាតាសម្រាលនៅកន្លែងដែលមានសុវត្ថិភាព។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី អ៊ូ សារឿន ឆ្មបរដ្ឋបម្រើការនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីពន្យល់អំពីផលប៉ះពាល់នៃការកាត់ទងផ្ចិតទារក។
ផលប៉ះពាល់នៃការកាត់ទងផ្ចិតទារក
ការកាត់ទងផ្ចិតមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរដល់ទារកនោះទេ បើសិនជាមានគឺបណ្ដាលមកពីការប្រើប្រាស់សម្ភារៈមិនស្អាត ដូចជាកន្ដ្រៃសម្រាប់កាត់ទងផ្ចិតទារកមិនបានសម្លាប់មេរោគឱ្យបានស្អាតល្អជាដើម។ ការកាត់ទងផ្ចិតទារកភាគច្រើនគេប្រើ កន្ដ្រៃ ឬក៏ឡាម តែត្រូវធ្វើការសម្លាប់មេរោគឱ្យបានស្អាតជាមុនសិន។ ការកាត់ទងផ្ចិតខុសក្បួនខ្នាតគឺមានផលប៉ះពាល់ដល់ទារក ដូចជាការឆ្លងរោគដែលធ្វើឱ្យផ្ចិតមានការក្លាយរោគ។ ចំពោះការក្លាយរោគនេះ លោកអ្នកអាចដឹងបានតាមការពិនិត្យទៅលើទងផ្ចិតទារក ដូចជាមានសភាពហើមនៅជុំវិញទងផ្ចិតទារក ឬក៏មានខ្ទុះហូរចេញពីទងផ្ចិតទារក ដូចនេះលោកអ្នកគួរតែប្រញាប់នាំកូនលោកអ្នកទៅកាន់មន្ទីរពេទ្យ ដើម្បីចៀសវាងការកើតមាននូវបញ្ហាធ្ងន់ធ្ងរ។
វិធីការពារ
វិធីការពារគឺគ្មានអ្វីប្រសើរជាងការសម្អាតចំពោះសម្ភារៈប្រើប្រាស់សម្រាប់កាត់ទងផ្ចិតទារក និងសម្អាតទងផ្ចិតទារកឱ្យបានស្អាតនោះទេ។ លោកអ្នកត្រូវធ្វើការតាមដានចំពោះទងផ្ចិតទារក ដូចជាមើលថាតើទងផ្ចិតទារកស្ងួត ស្អាត គ្មានការចេញឈាម និងមិនក្រហមនៅជុំវិញទងផ្ចិត នេះទើបជាការល្អ។ នៅពេលដែលទារកមានបញ្ហាមិនស្រួលចំពោះទងផ្ចិត លោកអ្នកត្រូវតែមកពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីថែទាំ និងចៀសវាងការកើតមានបញ្ហា។ ជាពិសេសមិនត្រូវធ្វើការសម្រេចចិត្ដព្យាបាលដោយខ្លួនឯងនៅពេលដែលទារកមានបញ្ហាចំពោះទងផ្ចិតនោះទេ។ ចៀសវាងកុំឱ្យទារកស្រែកយំខ្លាំងពេក ព្រោះនៅពេលដែលទារកស្រែកយំអាចធ្វើឱ្យផ្ចិតប៉ោងឡើង។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីមានផ្ទៃពោះគួរតែពិនិត្យសុខភាពឱ្យបានញឹកញាប់ ដើម្បីថែរក្សាសុខភាពម្ដាយ និងទារក។ ការពិនិត្យគឺមានសារៈប្រយោជន៍ច្រើនណាស់ចំពោះសុវត្ថិភាពនៅពេលដែលស្ដ្រីសម្រាលបុត្រ។ ស្ដ្រីគ្រប់រូបគួរតែមកសម្រាលបុត្រនៅមន្ទីរពេទ្យល្អ ព្រោះជាកន្លែងដែលអាចផ្ដល់សុវត្ថិភាពដល់មាតា និងបុត្រ បានទាំងអាយុ និងសុខភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply