ក្រពេញទឹកដោះគឺជាប្រភពនៃការផលិតទឹកដោះដែលបានបង្ហូរចេញពីទុយោបង្ហូរទឹកដោះមកស្ដុកទុកនៅក្រោមក្បាលដោះសម្រាប់ទារកបឺតធ្វើជាចំណីអាហារ។ នៅក្រោមក្រពេញទឹកដោះគឺជាស្រទាប់ខ្លាញ់សម្រាប់ជាសារធាតុចិញ្ចឹមក្រពេញទឹកដោះនេះតែម្ដង ហើយនៅពីក្រោមស្រទាប់ខ្លាញ់គឺជាសារជាតិសាច់ដុំគ្របនៅលើឆ្អឺងជំនីរដែលទ្រឱ្យទ្រូងស្ដ្រីឡើងធំ។ ផ្ទុយទៅវិញប្រសិន បើស្ដ្រីគ្រប់រូបមានបញ្ហាត្រង់ចំណុចក្រពេញទឹកដោះ ជាផលលំបាកមួយសម្រាប់ផលិតទឹកដោះ និងកាត់ផ្ដាច់នូវសារជាតិមួយចំនួនផ្សេងៗទៀត ដែលមានតួនាទីក្នុងការចិញ្ចឹមក្រពេញទឹកដោះនេះតែម្ដង។
ដើម្បីជ្រាបនូវផលប៉ះពាល់ និងជម្ងឺមហារីកក្រពេញទឹកដោះនោះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជម្ងឺមហារីក និងជាប្រធានផ្នែកជម្ងឺមហារីកនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។
ជម្ងឺមហារីកក្រពេញទឹកដោះជាអ្វី?
មហារីកក្រពេញទឹកដោះគឺជាជម្ងឺមហារីកដែលដុះចេញពីកោសិកានៅក្នុងក្រពេញទឹកដោះ ហើយមានការវិវឌ្ឍន៍មិនធម្មតា មានដុំសាច់ក្នុងដោះប្រភពចេញមកពីក្រពេញទឹកដោះ។
មូលហេតុបណ្ដាលឱ្យមានជម្ងឺមហារីកក្រពេញទឹកដោះ
ប្រភពដែលបង្កឱ្យកើតចេញនូវជម្ងឺមហារីកក្រពេញទឹកដោះនេះ មិនទាន់រកមូលហេតុឃើញឱ្យពិតប្រាកដនោះទេ។ ប៉ុន្ដែតាមការសង្កេតរបស់អ្នកវេជ្ជសាស្ដ្របានកត់សម្គាល់ថា អាចបណ្ដាលមកពីស្ដ្រីឆាប់មករដូវពេក។ ជាទូទៅក្មេងស្រីមួយចំនួនមានរដូវចាប់ផ្ដើមពីអាយុ១១ឬ១២ឆ្នាំ ដែលជាបញ្ហាខុសគោលការណ៍វេជ្ជសាស្ដ្រ ព្រោះតាមធម្មតាក្មេងស្រីចន្លោះពីអាយុពី១៤ឬ១៥ឆ្នាំឡើងទៅទើបមានឈាមរដូវ។ ក្មេងស្រីដែលឆាប់មករដូវងាយប្រឈមមុខនឹងមានជម្ងឺមហារីកក្រពេញទឹកដោះ ដោយសារតែឈាមរដូវក្រអស់ ជាទូទៅស្ដ្រីស្ថិតចន្លោះអាយុ៤៨ឬ៥០ឆ្នាំគឺជាកាលមួយដែលវដ្ដរដូវត្រូវបញ្ចប់។ ផ្ទុយទៅវិញក្មេងស្រីដែលឆាប់មករដូវនៅ ចន្លោះអាយុ១១ឬ១២ឆ្នាំ អាយុ៥២ឬ៥៣មិនទាន់អស់រដូវផង។ ដូច្នេះស្ដ្រីដែលឆាប់មកឬក្រអស់រដូវបណ្ដាលឱ្យក្រពេញទឹកដោះ ទទួលនូវឥទ្ធិពលពីអ័រម៉ូនភេទច្រើន ហើយបង្កឱ្យមានជម្ងឺមហារីកក្រពេញទឹកដោះតែម្ដង។
រោគសញ្ញាជម្ងឺមហារីកក្រពេញទឹកដោះ
ស្ដ្រីមិនបានដឹងមុនឡើយ នៅពេលជម្ងឺមហារីកក្រពេញទឹកដោះបង្ករោគដំបូង។ លុះត្រាតែជម្ងឺមហារីកនេះវិវឌ្ឍន៍ទៅមុខ រហូតដល់ដំណាក់កាលទីមួយឬទីពីរទើបដឹងរោគសញ្ញា តាមរយៈការស្ទាបទៅលើសុដន់ហើយប៉ះដុំសាច់។ ខណៈនោះពេលដែលគ្រូពេទ្យជំនាញថតមើលឃើញថានោះជាដុំសាច់មួយមិនធម្មតា អាចបង្កឱ្យមានជម្ងឺមហារីក។ គ្រូពេទ្យបូមយកដុំសាច់នោះទៅពិនិត្យ រកនូវជាលិកាមហារីក។ ម្យ៉ាងទៀតប្រសិនបើរោគសញ្ញាបង្ហាញថាមានអាការឈឺនៅលើផ្ទៃសុដន់ បានន័យថាដុំមហារីកនោះវិវឌ្ឍន៍រហូតដល់៥ឬ៦សង់ទីម៉ែត្រទៅហើយ ហើយអ្នកជម្ងឺទទួលរងនូវជម្ងឺមហារីកក្រពេញទឹកដោះធ្ងន់ធ្ងរ ហួសពេលក្នុងទប់ស្កាត់។
វិធីព្យាបាលជម្ងឺមហារីកសុដន់
ចំពោះវិធីព្យាបាលគឺធ្វើទៅតាមដំណាក់កាល និងប្រភេទរបស់ជម្ងឺ ហើយលទ្ធផលដែលទទួលបានគឺតាមនោះដែរ។ មានន័យថា ប្រសិនបើជម្ងឺមហារីកនេះចូលដល់ដំណាក់កាលទី១ឬទី២ គ្រូពេទ្យព្យាបាលដោយវិធីវះកាត់ ដោយស្ថិតលើទំហំដោះស្ដ្រី ស្ដ្រីខ្លះមានសុដន់តូច និងមិនអាចទុកសុដន់ ត្រូវកាត់ដោះទាំងមូល។ ប៉ុន្ដែបើសុដន់ស្ដ្រីនោះធំ គ្រូពេទ្យអាចធ្វើការវះកាត់យកដុំសាច់ មហារីកនោះចេញ ហើយអាចទុកដោះបាន។ ក្រោយពេលវះកាត់ អ្នកជម្ងឺត្រូវព្យាបាលដោយថ្នាំគីមី កាំរស្មី និងលេបថ្នាំអ័រម៉ូន ដើម្បីទប់ស្កាត់ជម្ងឺមហារីកកុំរាលដាលទៅលើដោះមួយចំហៀងទៀត ដែលអាចផលិតទឹកដោះបាន។ និយាយដោយឡែកស្ដ្រីដែលប្រឈមមុខនឹងជម្ងឺមហារីកក្រពេញទឹកដោះ ភាគច្រើនកើតឡើងចំពោះស្ដ្រីដែលមានវ័យពី៤៨ឆ្នាំដល់៥០ឆ្នាំឡើងទៅនៅតំបន់អាស៊ីនេះ។ ចំណែកឯនៅអឺរ៉ុប ស្ដ្រីដែលអាចប្រឈមមុខនឹងជម្ងឺមហារីកក្រពេញទឹកដោះ គឺចាប់ផ្ដើមពីអាយុ៥៨ទៅ៦០ឆ្នាំ។
វិធីការពារជម្ងឺមហារីកក្រពេញទឹកដោះ
រហូតមកទល់នឹងពេលនេះ វ៉ាក់សាំងការពារជម្ងឺក្រពេញទឹកដោះមិនត្រូវបានរកឃើញនោះទេ។ ប៉ុន្ដែស្ដ្រីគ្រប់រូបអាច ការពារបានដោយស្វែងយល់ដោយខ្លួនឯងថា ត្រូវឧស្សាហ៍ស្ទាប ឬច្របាច់ដោះខ្លួនឯង ជាពិសេសក្រោយពេលមានរដូវមួយសប្ដាហ៍ រកដុំក្នុងដោះដែលអាចឈានដល់មានជម្ងឺមហារីកនូវដំណាក់កាលដំបូងៗ។ ប្រសិនបើស្ទាបឃើញមានដុំត្រូវប្រញាប់មកពិគ្រោះ ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីពិនិត្យដុំសាច់ជាមហារីកឬក៏ជាដុំសាច់ធម្មតា។ គ្រូពេទ្យនឹងថតមើលថា ដុំនោះជាដុំមហារីក ហើយគ្រូពេទ្យគ្រាន់តែវះកាត់យកដុំតូចនោះចេញ អ្នកជម្ងឺអាចជាសះស្បើយមួយរយភាគរយតែម្ដង ពេលដែលដុំមហារីកនោះមិន ទាន់មានការវិវឌ្ឍន៍ធ្ងន់ធ្ងរ។
ផលប៉ះពាល់របស់ជម្ងឺមហារីកក្រពេញទឹកដោះ
នៅពេលមានជម្ងឺមហារីកក្រពេញទឹកដោះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ក្រពេញទឹកដោះជិតៗនេះ និងរាលដាលទៅសាច់សុដន់ផ្សេងទៀត។ បន្ទាប់មកទៀតរាលដល់កូនកណ្ដុរនៅត្រង់ក្លៀក ត្រង់ក តាមប្រព័ន្ធទឹករងៃ។ ជាបន្ដបន្ទាប់ទៀតនោះ វារាលដាលតាមចរន្ដឈាមទៅស៊ីសួត ទៅឆ្អឹង ថ្លើម ខួរក្បាល ធ្វើឱ្យអ្នកជម្ងឺឆាប់ស្លាប់។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីត្រូវយកចិត្ដទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុដន់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍ត្រួតពិនិត្យ និងស្ទាបដោះខ្លួនឯងឱ្យបានញឹក ញាប់ ស្វែងរកដុំសាច់ដុះក្នុងសុដន់។ បើមានដុំសាច់ដុះតូចៗក្នុងដោះ ត្រូវតែប្រញាប់រួសរាន់មកកាន់មន្ទីរពេទ្យ ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យ ឬបូមយកដុំសាច់នោះមកពិសោធន៍រកជម្ងឺមហារីក។ បើពិនិត្យឃើញថាជាដុំមហារីកគ្រូពេទ្យនឹងធ្វើការវះកាត់ភ្លាមៗ ហើយអ្នកជម្ងឺគេចផុតពីជម្ងឺមហារីក និងជាសះស្បើយតែម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply