បេះដូងគឺជាសរីរៈសំខាន់បំផុតសម្រាប់ច្របាច់ និងបញ្ជូនឈាមទៅឱ្យប្រព័ន្ធចិញ្ចឹមសរីរាង្គផ្សេងៗ និងដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការសម្រួលប្រព័ន្ធសរសៃឈាមបង្កឱ្យមានលក្ខណៈប្រក្រតី និងបញ្ចេញខ្យល់អុកស៊ីសែនជួយដល់ប្រព័ន្ធនានា ក្នុងខ្លួនផងដែរ។ ផ្ទុយទៅវិញប្រសិនបើបេះដូងមានបញ្ហាដោយសារជម្ងឺអ្វីផ្សេងៗហើយ លោកអ្នកអាចប្រឈមមុខនឹងការថមថយ នូវកម្លាំងពលំ និងប៉ះពាល់ទៅលើប្រព័ន្ធចិញ្ចឹមរាងកាយផ្សេងៗទៀតផង។
ដើម្បីជូនជ្រាបឱ្យកាន់តែច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ឈី ប្រកប ឯកទេសជម្ងឺបេះដូង នៃមន្ទីរពេទ្យព្រះកុសុមៈ។
ជម្ងឺរលាកស្រោមបេះដូង
ជម្ងឺរលាកស្រោមបេះដូងគឺជាជម្ងឺម្យ៉ាងដែលមានទឹកនៅក្នុងស្រោមបេះដូង ហើយជម្ងឺនេះពេលខ្លះក៏មិនមានទឹកនៅក្នុងស្រោមបេះដូងដែរ តែមានការរលាកដូចគ្នា។ តាមធម្មតាបេះដូងរបស់មនុស្សគ្រប់រូបតែងតែមានទឹកនៅផ្នែកខាងក្រោមឬខាងក្រៅ និងចន្លោះបេះដូង តែទឹកនោះគ្រាន់តែជាទឹកធម្មតាជាសំណើមរបស់បេះដូងតែប៉ុណ្ណោះ មិនមែនទឹកចេញមកដោយសារមានជម្ងឺរលាកនោះទេ។ ដោយឡែកប្រសិនបើមានរលាកទឹកនៅក្នុងស្រោមបេះដូងនោះកើនច្រើនឡើងៗ រហូតដល់មួយលីត្រ ឬលើសពីចន្លោះលីត្រ អាចធ្វើឱ្យអ្នកជម្ងឺបាត់បង់ជីវិតបាន។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺរលាកស្រោមបេះដូង
មូលហេតុដែលបណ្ដាលឱ្យរលាកស្រោមបេះដូងនោះមានកត្ដាច្រើន ដូចជាការរលាកដោយសារមេរោគបាក់តេរី ពពួកផ្សិត ពពួកប៉ារ៉ាស៊ីត វីរុស និងអាចបណ្ដាលមកពីមេរោគរបេងផងដែរ។ ម្យ៉ាងទៀតជម្ងឺនេះក៏អាចបណ្ដាលមកពីក្រុមអ្នកកើតជម្ងឺមហារីក ទៀតផង ខណៈពេលដែលអ្នកជម្ងឺមហារីកព្យាបាលដោយបាញ់កាំរស្មី ហើយថ្នាំដែលលេបប្រឆាំងនឹងជម្ងឺមហារីកក៏អាចឱ្យរលាក ស្រោមបេះដូងបានដែរ។ មិនតែប៉ុណ្ណោះលោកអ្នកដែលមានជម្ងឺរលាកសន្លាក់ដៃជើង ក៏អាចឈានដល់ការរលាកនៃស្រោមបេះដូងបានដែរ។
រោគសញ្ញាជម្ងឺរលាកស្រោមបេះដូង
លោកអ្នកដែលមានបញ្ហារលាកស្រោមបេះដូងនោះ មុនដំបូងអ្នកជម្ងឺបង្ហាញរោគសញ្ញាឈឺចាប់នៅលើដើមទ្រូង ចុក ដើមទ្រូង ចុកឯងៗ ចុកក្រោមដោះឬចុងដោះ ឬឈឺសន្ទះទ្រូង ឈឺដៃ ឈឺស្មា អាចរាលមកខ្នង ហើយឈឺរហូត។ ឈឺកាន់តែខ្លាំង ពេលអ្នកជម្ងឺក្អក ហើយដកដង្ហើមចេញចូលក៏ឈឺ ដេកត្រង់ខ្លួនធម្មតាក៏ឈឺហើយហត់ ឈឺចុកចាប់ទ្រូងខាងឆ្វេង។ អ្នកជម្ងឺអាចមាន ជម្ងឺផ្ដាសាយ ចុកដៃជើង ហើមជើង សរសៃត្រង់កឡើងប៉ោង រោគសញ្ញាទាំងនេះហើយបង្ហាញថាលោកអ្នកមានជម្ងឺរលាកស្រោមបេះដូង។
វិធីព្យាបាលជម្ងឺរលាកស្រោមបេះដូង
វិធីព្យាបាលជម្ងឺរលាកស្រោមបេះដូងធ្វើឡើងតាមការវិនិច្ឆ័យរបស់គ្រូពេទ្យ ព្រោះប្រសិនបើពិនិត្យឃើញថា អ្នកជម្ងឺមានជម្ងឺរលាកបេះដូងដោយសារជម្ងឺរបេង គឺត្រូវព្យាបាលរោគរបេងឱ្យជាសះស្បើយសិន។ ប្រសិនបើវាបង្កឡើងដោយមេរោគផ្សេងៗ ណាមួយនោះ គឺត្រូវការព្យាបាលរោគនោះទើបអាចទប់ស្កាត់ និងការពារមិនឱ្យមានជម្ងឺរលាកស្រោមបេះដូងបាន។ ប៉ុន្ដែលោកអ្នក ដែលមានជម្ងឺរលាកស្រោមបេះដូងនេះមានចំនួន៥០ភាគរយដែលមិនអាចរកមូលហេតុឃើញថាបង្កឡើងដោយសារអ្វីឱ្យពិតប្រាកដនោះទេ ហើយការព្យាបាលក៏មិនអាចព្យាបាលឱ្យជាសះស្បើយបានដែរ។ ផ្ទុយទៅវិញបើអ្នកជម្ងឺរលាកស្រោមបេះដូងបង្ហាញពីមូលហេតុឱ្យពិតប្រាកដវិញនោះ គ្រូពេទ្យអាចព្យាបាលឱ្យជាសះស្បើយ។
វិធីការពារជម្ងឺរលាកស្រោមបេះដូង
ដើម្បីការពារកុំឱ្យមានជម្ងឺរលាកស្រោមបេះដូង លោកអ្នកត្រូវតែចេះអនាម័យខ្លួនប្រាណ ចំណីអាហារឱ្យល្អស្អាត និង ការពារមេរោគមួយចំនួនកុំឱ្យមាន ដូចជារោគរបេង ចៀសវាងមេរោគឆ្លងផ្សេងៗ ដូចជាវីរុស បាក់តេរីជាដើម។ ប៉ុន្ដែករណីខ្លះទៀត ជម្ងឺនេះអាចកើតឡើងដោយឯងៗតែម្ដង និងអាចរីករាលដាលពីជម្ងឺរលាកសន្លាក់ដៃជើង និងជម្ងឺមហារីកផ្សេងៗ។ ហើយការការពារនៃជម្ងឺនេះវាមិនមែនជាភាពងាយស្រួលសម្រាប់លោកអ្នកប៉ុន្មាននោះទេ។ ដូច្នេះបើធ្វើការការពារឱ្យមានប្រសិទ្ធភាពនោះ នៅពេលដែលលោកអ្នកមានជម្ងឺផ្សេងៗ ដូចជាឈឺសន្លាក់ដៃជើង ត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យយ៉ាងឆាប់រហ័ស ដើម្បីឱ្យគ្រូពេទ្យព្យាបាលជម្ងឺនេះឱ្យជាសះស្បើយ មុនពេលដែលជម្ងឺឈឺសន្លាក់ដៃជើងរីករាលដាលដល់ប្រព័ន្ធផ្សេងៗ បង្កឱ្យមានជម្ងឺរលាកស្រោមបេះដូង។
ផលប៉ះពាល់នៃជម្ងឺរលាកស្រោមបេះដូង
ប្រសិនបើលោកអ្នកមានជម្ងឺរលាកស្រោមបេះដូង ហើយមិនធ្វើការព្យាបាលឱ្យទាន់ពេលនោះទេ អ្នកជម្ងឺអាចស្លាប់បាត់បង់ជីវិត ប្រសិនបើទឹកនៅក្នុងស្រោមបេះដូងមានកម្រិតខ្ពស់លើសលប់។ ទឹកនៅក្នុងស្រោមបេះដូងបានសង្កត់ទៅលើថតបេះដូង និងបេះដូងដែលមានចំណុះលើសពីមួយលីត្រ ពេលនោះអ្នកជម្ងឺមានរស់តិចតួចបំផុត។ ប៉ុន្ដែប្រសិនបើទឹកនៅក្នុងស្រោមបេះដូងកើតមានសន្សឹមៗវិញនោះ អ្នកជម្ងឺមិនទាន់មានគ្រោះថ្នាក់ភ្លាមៗនោះឡើយ ព្រោះអ្នកជម្ងឺស៊ាំទៅនឹងជម្ងឺនេះទៅហើយ។ ដោយឡែកអ្នកជម្ងឺអាចខ្សោយបេះដូងផ្នែកខាងស្ដាំ អាចឱ្យអ្នកជម្ងឺហើមជើង អ្នកជម្ងឺមានសរសៃឈាមត្រង់កប៉ោងរហូតអាចឱ្យអ្នកជម្ងឺស្លាប់ផងដែរ។ ក្រៅពីនេះលោកអ្នកដែលមានជម្ងឺរលាកស្រោមបេះដូងអាចប្រឈមមុខនឹងភាពស្ទះ ហើយអ្នកជម្ងឺអាចសន្លប់បាត់ស្មារតី ស្របពេលដែលជួបឬឃើញរឿងរ៉ាវរន្ធត់ណាមួយ។
ដំបូន្មានអ្នកជំនាញ
ដើម្បីបញ្ចៀសជម្ងឺរលាកស្រោមបេះដូងនេះ លោកអ្នកត្រូវតែមានអនាម័យទាំងការទទួលទានអាហារ និងទទួលទានដំណេក ជាពិសេសការពារជម្ងឺផ្សេងៗទៀត ដូចជាជម្ងឺរបេង ជម្ងឺរលាកសន្លាក់ដៃជើងជាដើម។ បើលោកអ្នកមានជម្ងឺនេះហើយត្រូវរួសរាន់ទៅកាន់មន្ទីរពេទ្យពិគ្រោះជាមួយវេជ្ជបណ្ឌិតព្យាបាលឱ្យជាសះស្បើយ ព្រោះវាជាដើមចមដែលបង្កឱ្យមានជម្ងឺរលាកស្រោមបេះដូងតែម្ដង។ ម្យ៉ាងទៀតប្រសិនបើលោកអ្នកមានបង្ហាញអាការហត់ ឬឈឺដើមទ្រូងផ្នែកខាងឆ្វេងខ្លាំង ដូចការបង្ហាញរោគសញ្ញា ខាងលើនោះ ក៏ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ព្រោះវាជារោគសញ្ញាជម្ងឺរលាកស្រោមបេះដូង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply