ពពួកវីតាមីនបេចំនួន៧មុខហើយដែលបានលើកមកបង្ហាញជូនអស់លោកអ្នកឱ្យបានទទួលជ្រាបអំពីតួនាទី និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបន្ដលើកយកវីតាមីនបេ១២ដែលជាវីតាមីនបេចុងក្រោយគេមកជម្រាបជូន។ សូមបញ្ជាក់ថាមានវីតាមីនផ្សេងទៀតដែលត្រូវលើកមកជម្រាបជូននៅលេខក្រោយទៀត។
តួនាទីវីតាមីនបេ១២
វីតាមីនបេ១២ ឬហៅជាភាសាគីមីសាស្ដ្រថា កូឡាបាម៉ីន ឬវីតាមីនប្រឆាំងការអស់កម្លាំង មានតួនាទីពិសេសៗដូចតទៅ។
- ជួយផលិតគ្រាប់ឈាមក្រហម និងកោសិកា ៖ វីតាមីនបេ១២ដើរតួនាទីសំខាន់នៅក្នុងដំណើរការផលិតគ្រាប់ឈាមឬ គុលលិកាក្រហម នៅក្នុងដំណើរការសំយោគអាដេអ៊ិន(ឬឌីអ៊ិនអេ) និងក្នុងការផលិតកោសិកានានា។
- ចូលរួមមេតាប៉ូលិស ៖ វីតាមីនបេ១២ចូលរួមនៅក្នុងមេតាប៉ូលិស(ប្រតិកម្មជីវសាស្ដ្រ)របស់សារជាតិដែក វីតាមីនបេ៥ បេ៩ និងវីតាមីនសេ ព្រមទាំងនៅក្នុងមេតាប៉ូលិសសារធាតុកូលីន។
- ជួយប្រព័ន្ធប្រសាទ ៖ ជាចុងក្រោយវីតាមីនបេ១២ដើរតួនាទីមិនអាចខ្វះបាននៅក្នុងការជួយឱ្យប្រព័ន្ធប្រសាទមានសុខភាពល្អ ពីព្រោះថាវីតាមីនបេ១២ធ្វើអន្ដរាគមន៍នៅក្នុងការផលិតសារធាតុមីញ៉េលីនដែលជាស្រោមពណ៌សរុំព័ទ្ធជុំវិញសារធាតុ សរសៃរបស់ប្រព័ន្ធប្រសាទ។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនបេ១២
ខ្លួនប្រាណមនុស្សត្រូវការទទួលទានចូលជាប្រចាំនូវវីតាមីនបេ១២ក្នុងបរិមាណចំនួន២,៤មីក្រូក្រាមជាមធ្យម។ តួលេខនេះ អាចកើនឡើងដល់ទៅ២,៦មីក្រូក្រាមសម្រាប់ស្ដ្រីមានផ្ទៃពោះ ចំនួន២,៨មីក្រូក្រាមសម្រាប់ស្ដ្រីបំបៅដោះកូន រីឯចំពោះមនុស្សវ័យចំណាស់អាចទទួលទានចូលក្នុង១ថ្ងៃចំនួន២,៤មីក្រូក្រាម។
កង្វះវីតាមីនបេ៩នាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើមនុស្សយើងទទួលទានវីតាមីនបេ១២មិនបានគ្រប់គ្រាន់ទេ អាចនាំឱ្យប៉ះពាល់ដល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនោះរួមមាន ដូចជាស្លេកស្លាំង មិនឃ្លានអាហារ អស់កម្លាំងទន់ខ្លួន ដង្ហើមញាប់ ឈឺចាប់តាមសរសៃ និងសាច់ដុំ វិបត្ដិ ការចងចាំ និងភាពរហ័សរហួន វិបត្ដិអត្ដចរិត វិបត្ដិលំនឹងរាងកាយជាដើម។
ចំណីអាហារដែលមានជាតិវីតាមីនបេ១២
វីតាមីនបេ១២មាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- សាច់សត្វ ដូចជាសាច់មាន់ ឬត្រី
- ស៊ុតសត្វ
- អាហារសាច់ស្រស់
- និងអាហារមានដើមកំណើតពីសាច់សត្វនានា។
ពេលដែលគួរប្រើប្រាស់ថ្នាំវីតាមីនបេ១២
ជំពូកមនុស្សដែលគួរតែប្រើប្រាស់ថ្នាំវីតាមីនបេ១២បន្ថែមមានដូចតទៅ ៖
- មនុស្សដែលមានស្ដ្រេស្សទាំងផ្លូវកាយទាំងផ្លូវចិត្ដ និងមានសភាពឆ្លេឆ្លាខ្លាំង
- អ្នកដែលចង់តម្លើងសាច់ដុំ ឬបង្កើនម៉ាសសាច់ដុំ(ក្នុងករណីនេះគួរជ្រើសរើសអង់ស៊ីមវីតាមីនបេ១២ ឬសារធាតុឌីបង់កូ ហ្ស៊ីដ)។
តម្រូវការថ្នាំវីតាមីនបេ១២ជាប្រចាំថ្ងៃ
លោកអ្នកអាចប្រើប្រាស់វីតាមីនបេ១២នេះប្រមាណជា២,៤ទៅ២,៦មីក្រូក្រាមក្នុងករណីធម្មតា។ កម្រិតប្រើប្រាស់អាចកើនឡើងលើសនេះ ជាអាទិអាចចាក់ដល់ទៅ១០០០មីក្រូក្រាម។
អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply