ជាថ្មីម្ដងទៀតក្រសួងសុខាភិបាលបានរៀបចំផែនការក្ដៅគគុក ដើម្បីបកស្បែកចំពោះឱសថស្ថានមួយចំនួនខុសច្បាប់ដែលនាំឱសថក្លែងក្លាយយកមកចរាចរលើទីផ្សារ និងចែកចាយលក់ជាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើឱ្យមានផលប៉ះពាល់ទៅលើសុខភាពយ៉ាងខ្លាំង។ ប៉ុន្ដែបញ្ហានេះក្រសួងសុខាភិបាលបានចាត់វិធានការណ៍ក្ដៅជាបណ្ដើរៗទៅលើសកម្មភាពរបស់ឱសថការីនៅតាមឱសថស្ថានមួយចំនួនហើយដែលអាចជំរុញឱ្យពួកគេដឹងថាការនាំចូលឱសថខុសច្បាប់ធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋទូទៅ។
កាលពីពេលថ្មីៗនេះសមត្ថកិច្ចចម្រុះរួមទាំងមន្ដ្រីតុលាការបានចុះអនុវត្ដផែនការតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលឱ្យលុបបំបាត់នូវទង្វើខុសច្បាប់របស់ឱសថការីដែលបាននាំចូលឱសថក្លែងក្លាយ ដែលពុំបានឆ្លងកាត់មន្ទីរជំនាញ។ លោក វេជ្ជបណ្ឌិត សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅពេលចុះបង្ក្រាបការដាក់តាំងលក់ឱសថហួសដឺឡេនោះថា នេះជាជំហានចាប់ផ្ដើមសាជាថ្មីទៅលើឱសថស្ថានដែលគ្មានច្បាប់ និងនាំចូលឱសថក្លែងក្លាយដែលមិនបានឆ្លងកាត់មន្ដ្រីជំនាញមុនពេលដាក់លក់នៅលើទីផ្សារ និងចែកចាយជូនប្រជាពលរដ្ឋ។ កន្លងមកឱសថស្ថានក្នុងទីក្រុងភ្នំពេញមួយចំនួនមិនមានច្បាប់ ទម្លាប់ត្រឹមត្រូវនោះទេ ហើយបានបើកលក់ដោយសេរីមិនមានការអនុញ្ញាតពីក្រសួង ឬមន្ទីរសុខាភិបាលផងដែរ។ ដូច្នេះហើយត្រូវតែធ្វើការឆែកឆេរនៅតាមឱសថស្ថានទាំងនេះ ដើម្បីជំរុញដល់ពួកគេធ្វើច្បាប់ឱ្យបានត្រឹមត្រូវសិនមុននឹងចរាចរណ៍ឱសថទាំងនោះទៅឱ្យប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត សុខ សុគន្ធ បានបន្ដទៀតថា គ្រាន់តែឱសថស្ថានមួយកន្លែងសមត្ថកិច្ចជំនាញរកឃើញឱសថនាំចូលខុសច្បាប់ចំនួន២១មុខ ដែលម្ចាស់ឱសថស្ថាននាំចូលដោយមិនបានឆ្លងមន្ដ្រីជំនាញធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ។ មានន័យថាជាឱសថរត់ពន្ធ ដែលឈ្មួញនាំចូលពីក្រៅប្រទេសលក់ឱ្យមកឱសថស្ថានដោយខុសច្បាប់។
កន្លងមកលោកបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានចំណីអាហារ និងឱសថបានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា ការនាំចូលឱសថរបស់ឈ្មួញភាគច្រើនដែលនាំចូលពីក្រៅប្រទេសជាឱសថក្លែងក្លាយ ដោយពុំមានការឆ្លងកាត់ការត្រួតពិនិត្យពីមន្ដ្រីជំនាញឱ្យបានត្រឹមត្រូវឡើយ។ លោកបញ្ជាក់ទៀតថា ឱសថភាគច្រើនជាឱសថហួសដឺឡេដែលធ្វើការនាំចូលដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ ហើយភាគច្រើនឈ្មួញបានធ្វើការនាំចូលតាមច្រកទ្វារពីប្រទេសជិតខាងតែម្ដង។ លោកបញ្ជាក់ទៀតថា ក្រោយពេលធ្វើសន្ទស្សន៍ទៅលើទីផ្សារសុខាភិបាលកន្លងមកឃើញថា ពលរដ្ឋភាគច្រើនបានរងគ្រោះដោយសារឱសថក្លែងក្លាយ ខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគេ។ ដូច្នេះហើយទើបក្រសួងសុខាភិបាលចាប់ផ្ដើមរៀបចំវិធានការណ៍ទប់ស្កាត់ និង លុបបំបាត់ឱសថស្ថានខុសច្បាប់ និងពង្រឹងដល់ការនាំចូលឱសថក្លែងក្លាយខូចគុណភាពគ្រប់ច្រកល្ហក និងគ្រប់ពេលវេលា ដើម្បីជួយសម្រួលដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ម្យ៉ាងវិញទៀតក្រសួងក៏ចាប់ផ្ដើមពង្រឹងលើការព្យាបាល និងពិនិត្យសុខភាពនៅតាមមន្ទីរសុខាភិបាលផ្សេងៗផងដែរ និងត្រូវកំណត់ហាមមិនឱ្យមានឱសថស្ថាន ឬមន្ទីរព្យាបាលណាដែលខុសច្បាប់ទៀតឡើយ។
គេសង្កេតឃើញថា នាចុងខែសីហានេះ មន្ដ្រីសុខាភិបាលហាក់បីដូចជាមានវិធានការណ៍ក្ដៅយ៉ាងខ្លាំងទប់ស្កាត់ទៅលើឱសថស្ថានមួយចំនួនកំពុងតែចរាចរលើទីផ្សារ ដើម្បីស្វែងរកឱសថក្លែងក្លាយ និងឱសថហួសដឺឡេដែលបានដាក់លក់ជាសាធារណៈនោះ។ កន្លងមកមន្ដ្រីជំនាញក្រសួងមហាផ្ទៃបានរឹបអូសឱសថក្លែងក្លាយចំនួន១៩តោន និង២៨០គីឡូក្រាមនៅតាមឱសថស្ថាននានា និងប្រមូលពីក្រុមឈ្មួញនាំចូលពីក្រៅប្រទេសដោយមិនបានពិនិត្យដោយមន្ដ្រីជំនាញឱ្យបានត្រឹមត្រូវផងដែរ។ ដោយសារបញ្ហានេះហើយទើបក្រសួងសុខាភិបាលបានចាត់តាំងមន្ដ្រីជំនាញតាមមូលដ្ឋាន ខេត្ដ រាជធានី ឱ្យប្រតិបត្ដិការទប់ស្កាត់លើឱសថដែលមានឈ្មោះ កំពុងចរាចរលើទីផ្សារសព្វថ្ងៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply