ជម្ងឺទឹកនោមផ្អែម ជាជម្ងឺរ៉ាំរ៉ៃមួយដែលកំពុងតែរាតត្បាតនៅលើមនុស្សទូទាំងសាកលលោក។ តែទោះបីជាមានថ្នាំថ្មីៗជាច្រើនត្រូវបានផលិតឡើងក៏ដោយក៏ការហាត់ប្រាណ និងការទទួលទានចំណីអាហារត្រឹមត្រូវនៅតែជាកត្ដាចាំបាច់ក្នុងការព្យាបាលជម្ងឺនេះ។
ក្នុងលេខនេះ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ដែលលោកបានបញ្ចប់ការសិក្សាផ្នែកឯកទេសវេជ្ជសាស្ដ្រទូទៅនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងបានបន្ដការសិក្សាបន្ថែមនៅប្រទេសបារាំង លើជំនាញឯកទេសជម្ងឺទឹកនោមផ្អែម-ក្រពេញអ័រម៉ូន ចូលរួមធ្វើការបកស្រាយអំពីផលប៉ះពាល់ដោយផ្ទាល់របស់សុរាទៅលើជម្ងឺទឹកនោមផ្អែមតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ស្រាមានជាតិស្ករ
នៅក្នុងគ្រឿងស្រវឹង(ស្រា ស្រាបៀរ) មានជាតិស្ករនៅក្នុងនោះ ដូច្នេះអ្នកជម្ងឺទឹកនោមផ្អែមត្រូវយល់ដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។ ដោយហេតុថានៅក្នុងគ្រឿងស្រវឹងមានជាតិស្ករ ពេលអ្នកជម្ងឺទឹកនោមផ្អែមទទួលទាន វាអាចបណ្ដាលឱ្យជាតិស្ករឡើងខ្ពស់និងឡើងទម្ងន់។
គ្រឿងស្រវឹងសម្បូរដោយកាឡូរី ទោះបីជាទទួលទានវាក្នុងកម្រិតតិចតួចក៏ដោយក៏វាអាចធ្វើឱ្យប្រែប្រួលកម្រិតជាតិស្ករក្នុងឈាមដែរ។ បរិមាណជាតិស្ករក្នុងគ្រឿងស្រវឹងមិនដូចគ្នាទេ ឧទាហរណ៍ក្នុងស្រាបៀរ និងស្រាគោញក់ មានបរិមាណជាតិស្ករច្រើនជាងស្រាវីស្គី និងស្រាវុតកា(ស្រាសរុស្សី)។ ក្នុងជីវភាពប្រចាំថ្ងៃ លោកអ្នកចៀសមិនផុតទេពីការជួបជុំគ្នាពិធីជប់លៀង។ល។ តែអ្នកជម្ងឺទឹកនោមផ្អែមត្រូវយល់ពីផលប៉ះពាល់របស់វា។
ផលប៉ះពាល់របស់គ្រឿងស្រវឹងចំពោះអ្នកជម្ងឺទឹកនោមផ្អែម ៖
- ជាតិស្ករឡើង
- ឡើងទម្ងន់
- ពេលខ្លះ អាចឱ្យជាតិស្ករចុះជ្រុល(ខ្វះជាតិស្ករ)។
ក្នុងន័យនេះលោកអ្នកត្រូវយល់ថា បើបរិមាណជាតិស្រវឹងយើងទទួលទានច្រើនអាចធ្វើឱ្យប៉ះពាល់បេតាបូលិកថ្លើម(ថ្លើម ជាសរីរាង្គមួយដែលមានតួនាទីសំខាន់ក្នុងមេតាបូលិករបស់ស្ករក្នុងខ្លួនយើង)។ ក្រៅពីនេះពេលខ្លះ អ្នកទទួលទានជាតិស្រវឹងពេលខ្លះ មិនបានបរិភោគនូវអាហារដែលចាំបាច់និងគួរទទួលទាន ហើយការនេះហើយវាអាចបណ្ដាលឱ្យជាតិស្ករចុះជ្រុល។
ករណីមិនត្រូវទទួលទានគ្រឿងស្រវឹង
- មានផ្ទៃពោះ
- បំបៅដោះកូនដោយទឹកដោះ
- បើកបរយានយន្ដ
- មានប្រវត្ដិឆ្កួតជ្រូក
- មានប្រវត្ដិជាតិស្ករចុះជ្រុល
- អ្នកជម្ងឺទឹកនោមផ្អែមដែលមានផលវិបាកខូចប្រព័ន្ធសរសៃវិញ្ញាណ
- មានខ្លាញ់ខ្ពស់ក្នុងឈាម ពិសេសទ្រីគ្លីសេរីដ។
- មានប្រវត្ដិរលាកលំពែង។
ដំបូន្មានអ្នកប្រឹក្សា
អ្នកជម្ងឺទឹកនោមផ្អែមមិនគួរទទួលទានគ្រឿងស្រវឹងទេ ព្រោះវាបណ្ដាលឱ្យជម្ងឺទឹកនោមផ្អែមពិបាកគ្រប់គ្រង។ ពេលខ្លះ វាអាចបណ្ដាលឱ្យជាតិស្ករចុះជ្រុល ឬក៏ពេលខ្លះឱ្យជាតិស្ករឡើងជ្រុង។ បើខានមិនបាន ចៀសវាងទទួលទានគ្រឿងស្រវឹងដោយពោះទទេមិនបានពិសាអាហារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply