ទោះបីជាមានការយកចិត្ដទុកដាក់ទៅលើសុខភាពទូទៅរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់ក្រុមអាជ្ញាធរជំនាញលើការចរាចរណ៍ឱសថក្លែងក្លាយលើទីផ្សារសេរីក៏ដោយ តែជនខិលខូចនៅតែលួចកេងបន្លំនាំចូលនូវឱសថគ្មានគុណភាពនេះ ចែកចាយលើទីផ្សារគួរឱ្យព្រួយបារម្ភបំផុត ដែលបញ្ហាទាំងនេះហើយធ្វើឱ្យសុខភាពពលរដ្ឋខ្មែរមានសភាពដុនដាប ងាយទទួលរងគ្រោះជានិច្ច។
កាលពីពេលថ្មីៗនេះឱសថក្លែងក្លាយជាង១៩តោន និង២៨០គីឡូក្រាមត្រូវបានសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់បានធ្វើការដុតកម្ទេចចោល បន្ទាប់ពីប្រមូលបានពីអាជីវករខិលខូចមួយចំនួនដែលបាននាំចូលឱសថនេះពីក្រៅប្រទេស ដើម្បីចែកចាយនៅលើទីផ្សារកម្ពុជា។ ឱសថដែលប្រមូលបានពីការសេសសល់នៃការចែកចាយនេះត្រូវបានគេគិតថា ឱសថនេះក៏កំពុងតែមានចរាចរលើទីផ្សារផងដែរ បើទោះបីប្រតិបត្ដិការណ៍ក្ដៅដែលអាជ្ញាធរកំពុងតែតាមដានត្រួតពិនិត្យ និងសេចក្ដីប្រកាសជាផ្លូវការរបស់ក្រសួងសុខាភិបាលជារឿយៗក៏ដោយ។
លោកវរៈសេនីយ៍ទោ ឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាលសរុបបាននិយាយថា ឱសថ១៩តោន និង២៨០គីឡូក្រាមនេះមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីនាយកដ្ឋានឱសថនៃក្រសួងសុខាភិបាលរួចអស់ហើយពិតជាឱសថខូចគុណភាព និងឱសថក្លែងក្លាយដែលឈ្មួញទុច្ចរិតនាំចូលខុសច្បាប់មែន។ លោក ឡុង ស្រេង បានបញ្ជាក់ទៀតថា អ្នកធ្វើអាជីវកម្មនាំចូលឱសថ មុននឹងនាំចូលត្រូវធ្វើច្បាប់ឱ្យបានត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ដ្រីជំនាញក្រសួងសុខាភិបាលជាលាយលក្ខណ៍អក្សរ ព្រោះថាបើធ្វើការនាំចូលនូវឱសថក្លែងក្លាយហើយអាចប៉ះពាល់យ៉ាងច្រើនដល់សង្គមជាតិ ជាពិសេសប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋ។
ដោយឡែកលោកបណ្ឌិតឯកទេស ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ និងចំណីអាហារនៃក្រសួងសុខាភិបាល និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានប្រាប់ទស្សនាវដ្ដី សុខភាពយើងថា បញ្ហាឱសថក្លែងក្លាយ និងខូចគុណភាពនេះក្រសួងសុខាភិបាលតែងតែធ្វើការយកចិត្ដទុកដាក់ត្រួតពិនិត្យទប់ស្កាត់ជានិច្ច តែដោយសារតែពេលខ្លះអាជីវករខិលខូចមួយចំនួនបានធ្វើការលួចលាក់ទិញឱសថខូចគុណភាពពីឈ្មួញនាំចូលពីបរទេស ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ហើយបានចែកចាយលើទីផ្សារតាមបណ្ដាខេត្ដក្រុងយ៉ាងគំហុកបំផុត។ ដូច្នេះហើយឱសថទាំងនោះនៅពេលដែលប្រជាពលរដ្ឋប្រើប្រាស់ ហើយអាចប៉ះទង្គិចទៅលើសុខភាពពួកគាត់យ៉ាងខ្លាំង។ លោក ហេង ប៊ុនគៀត បានបញ្ជាក់ទៀតថា ការបង្ក្រាប និងដុតបំផ្លាញឱសថក្លែងក្លាយ និងខូចគុណភាពចំនួន១៩តោននេះ គឺជាទ្រុងទ្រាយធំដែលពុំធ្លាប់មានកន្លងមក។ ព្រោះថាការនាំឱសថក្លែងក្លាយកន្លងមកវាហាក់បីដូចជាមានការតិចតួចបំផុត ហើយអាជ្ញាធរចុះបង្ក្រាបមករក្សាទុកដើម្បីកុំឱ្យលក់លើទីផ្សារ និងបញ្ឈប់សកម្មភាពនាំចូល របស់ឈ្មួញដែលកើតចេញពីការឃុបឃិតគ្នាជាមួយអាជីវករនោះ។ លោក ហេង ប៊ុនគៀត បានបន្ដថា នៅព្រះរាជាណាចក្រកម្ពុជានេះ មានទីតាំងបើកលក់ឱសថខុសច្បាប់ច្រើនផងដែរ ដែលមិនបានអនុញ្ញាតពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលតាមខេត្ដក្រុងរបស់ខ្លួន។ លោក ហេង ប៊ុនគៀត បានអំពាវនាវដល់អាជីវករដែលលក់ថ្នាំពេទ្យទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទទួលទិញយកឱសថពីមជ្ឈដ្ឋានខាងក្រៅយកមកចែកចាយបន្ដដល់ប្រជាពលរដ្ឋ ព្រោះពលរដ្ឋមួយចំនួនគាត់ពុំបានស្វែងយល់ឱ្យបានច្បាស់លាស់អំពីឱសថនោះទេ។ ដូច្នេះមានតែគ្រូពេទ្យជំនាញនេះហើយដែលជាអ្នកផ្ដល់ថ្នាំព្យាបាលដល់ពួកគាត់ឱ្យឆាប់ជាសះស្បើយបាន។ ប្រសិនបើថ្នាំនោះខូចគុណភាព និងក្លែងក្លាយបាត់បង់នូវថាមពលនៃសារជាតិថ្នាំអាចជំរុញអ្នកជម្ងឺកាន់តែឈឺធ្ងន់ថែមទៀត។ ដូច្នេះហើយអ្វីៗទាំងអស់គឺកើតឡើងដោយសារការទប់ស្កាត់ពីឱសថការីទាំងអស់ និងមន្ដ្រីសមត្ថកិច្ចជំនាញដែលមានតួនាទី ទប់ស្កាត់នឹងប្រឆាំងនូវឱសថក្លែងក្លាយ និងខូចគុណភាព។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply