ឫសដូង​ច្រមុះ

លោកអ្នក​តែងតែ​ជួប​ប្រទះ​នូវអាការ​មួយចំនួន​ដែល​បណ្ដាល​មកពី​ច្រមុះ​ដោយ​មិនដឹង​ពីមូលហេតុ​ច្បាស់លាស់ ដោយ​ចេះ តែ​កណ្ដាស់ តឹងច្រមុះ ចេះតែ​ឧស្សាហ៍​ហូរ​សម្បោរ មិន​ដឹងក្លិនអ្វី​ជាដើម។ ជម្ងឺ​ឫសដូង​ច្រមុះ​បានក្លាយ​ទៅជា​ចំណុច​ចាប់អារម្មណ៍​ខ្លាំងណាស់​ដែរ ពីសំណាក់​លោកអ្នក​មួយចំនួន ដែល​ពួកគាត់​មានបញ្ហា​ផ្សេងៗ​ទាក់ទង​ទៅនឹង​ច្រមុះ។ ច្រមុះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ហិតក្លិន​ផ្សេងៗ និង​សំខាន់​សម្រាប់​ការដកដង្ហើម​របស់​មនុស្ស គប្បី​ថែរក្សា​ច្រមុះ​របស់​លោកអ្នក​ដោយ​របៀបណា ទើប​អាច​ចៀសផុត​ពីជម្ងឺ​នានា​របស់​ច្រមុះ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ ​ព្រះអង្គឌួង ដើម្បី​បកស្រាយ​យ៉ាង​ក្បោះក្បាយ​អំពី​ឫសដូង​ច្រមុះ។

ជម្ងឺ​ឫសដូង​ច្រមុះ​ជាអ្វី?

ឫសដូង​ច្រមុះ​គឺជាការ​ដុះសាច់​ក្នុង​ច្រមុះ​មួយ​ប្រភេទ ដែលអាច​កើតឡើង​បានដោយ​សារការ​​រលាក​រ៉ាំរ៉ៃ ឬអាច​ដោយ​សារ មេរោគ​ផ្សិត ឬ​អាឡែកស៊ី​ជាដើម។

មូលហេតុ​បង្កជម្ងឺ​ឫសដូង​ច្រមុះ

មូលហេតុ​ពិតប្រាកដ​នៃជម្ងឺ​ឫសដូង​ច្រមុះ​នៅ​មិនទាន់​អាចដឹង​ថា​បណ្ដ្កាល​មកពី​អ្វីមួយ​ច្បាស់លាស់​នៅឡើយ​ទេ។ គ្រាន់តែ អាច​ដឹងថា វាអាច​បង្កមក​ពីការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​ដោយសារ​អាឡែកស៊ី និង​ដោយសារ​មេរោគ​បង្ក​មួយចំនួន​តែ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​មាន​ដុះសាច់​ឫសដូង​ច្រមុះ​នេះកើត​ឡើង។ ជម្ងឺ​ឫសដូង​ច្រមុះ​ភាគច្រើន​មានការ​រួមផ្សំ​គ្នា​ជាមួយ​ជម្ងឺ​ដទៃទៀត ដែលមាន​ដូចជា អ្នកជម្ងឺ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អាសស្ពៀរីន​មិនបាន និង​អ្នកជម្ងឺ​មាន​ជម្ងឺហឺត។ ហើយវា​ក៏អាច​បណ្ដាល​មកពី​អាឡែកស៊ី​ផងដែរ ទើប​ឈានទៅ​ដល់មាន​ឫសដូង​ច្រមុះ​នេះ។ ចំពោះ​ក្មេង ជម្ងឺ​ឫសដូង​ច្រមុះ​អាច​រួមផ្សំ​ជាមួយ​ពួកជម្ងឺ​ស៊ីស្ទេច​ហ្វាយ​ប្រូប្រីស ជា​ប្រភេទ​ជម្ងឺ​ដែលមាន​គេជួប​តែ​នៅលើ​ក្មេង​តែប៉ុណ្ណោះ។

រោគសញ្ញា​ជម្ងឺ​ឫសដូង​ច្រមុះ

ឫសដូង​ច្រមុះ​មាន​រោគសញ្ញា​ធ្វើឱ្យ​អ្នកជម្ងឺ​មាន​អាការ​ដូចជា ៖

  • តឹង​ច្រមុះ
  • ហិតក្លិន​មិនដឹង
  • ហូរទឹក​សម្បោរ
  • មាន​ដុះសាច់​ពណ៌ស ឬ​ពណ៌​ប្រផេះ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺ​ឫសដូង​ច្រមុះ

មុននឹង​ធ្វើការ​ព្យាបាល គ្រូពេទ្យ​ត្រូវធ្វើ​រោគវិនិច្ឆ័យ​ជាមុនសិន ដោយយក​ឧបករណ៍​ម្យ៉ាង​ដែលមាន​ឈ្មោះថា ស្ពេកុយ​ឡូម ដើម្បី​បើកមើល​ច្រមុះ និង​ធ្វើការ​ពិនិត្យ​ទៅលើ​ច្រមុះ​អ្នកជម្ងឺ ថាអ្នក​ជម្ងឺ​ពិតជា​មាន​ឫសដូង​ច្រមុះ​មែនឬ​ក៏អត់។ មាន​វិធី​មួយទៀត ដែល​មើល​រឹតតែ​ច្បាស់ គឺការ​មើលតាម​អង់ដូស្គុបពី ដែល​តម្រូវ​ឱ្យអ្នក​ជម្ងឺដេក ឬ​អង្គុយ​ដាក់ថ្នាំ​ស្ពឹក​បន្ដិច ហើយ​ដាក់​បំពង់​មួយស៊ក ចូល​ទៅក្នុង​ច្រមុះ។ ភ្លាមនោះ​យើងនឹង​ឃើញ​រូបភាព​នៃ​ឫសដូង​ច្រមុះ​ចេញតាម​កញ្ចក់​ទូរទស្សន៍ ទោះបីជា​ឫសដូង​នោះតូច​យ៉ាងណា​ក៏ដោយ ក៏​គ្រូពេទ្យ​អាចមើល​ឃើញ​ដែរ។ ម្យ៉ាងវិញ​ទៀត​គេអាច​ប្រើវិធី​មួយទៀត ដោយការ​ថត​កាំរស្មី​អ៊ិច ឬអាច​ថតស៊ីធីស្គេន ដើម្បី​មើល​ទៅក្នុង​ច្រមុះ​ឱ្យកាន់តែ​ច្បាស់លាស់ ទើប​ឈានទៅ​ដល់ការ​ព្យាបាល​អ្នកជម្ងឺ។

មួយទៀត​គេអាច​ធ្វើរោគ​វិនិច្ឆ័យ​មួយ​ដែល​ហៅថា រោគវិនិច្ឆ័យ​លើកលែង​ចំពោះ​អ្នកជម្ងឺ​បាន​ដោយសារ​តែឫសដូង​ច្រមុះ នេះ​អាច​ច្រឡំ​ជាមួយ​ជម្ងឺ​មួយទៀត​ដែលចេញ​ពីខួរក្បាល​(មេណាំស្យូស៊ែល) ដែល​ភាគច្រើន​ចេញពី​ស៊ីនុស។ បើ​ធ្វើការ​ពិនិត្យ​ឱ្យបាន ច្បាស់លាស់​នោះ គ្មានការ​ច្រឡំទេ តែបើ​មិនបាន​ពិនិត្យ​ច្បាស់លាស់​វិញនោះ អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ចំពោះ​អ្នកជម្ងឺ​បាន​ដោយ​ងាយ។ ផ្សេងពី​នេះទៀត អាច​មានការ​ច្រឡំ​ជាមួយ​ជម្ងឺ​មហារីក​ទៀតផង ដូច្នេះ​ការធ្វើ​រោគវិនិច្ឆ័យ​ជាវិធី​ល្អមួយ​សម្រាប់​អ្នកជម្ងឺ​មុននឹង​ឈានទៅ​ដល់ការ​ព្យាបាល។

វិធី​ព្យាបាល​ឫសដូង​ច្រមុះ

ការ​ព្យាបាល​អាចធ្វើ​ទៅបាន​ដោយ​គ្រូពេទ្យ​មើល​ទៅតាម​ទំហំ និង​កម្រិត​នៃឫសដូង​ដែលមាន។ ជម្ងឺ​ឫសដូង​ច្រមុះ​នេះមាន​បួន​កម្រិត ដោយ​កម្រិត​ទីមួយ​គឺមាន​បន្ដិច​បន្ដួច ទីពីរ​គឺមាន​ធំបន្ដិច ទីបី​គឺដុះ​ស្មើនឹង​ក័រណេ និង​ទីបួន​គឺដុះ​ពេញច្រមុះ​តែម្ដង។ ក្នុង​ករណី​ទីមួយ និង​ទីពីរ គ្រូពេទ្យ​អាច​ព្យាបាល​ដោយការ​ប្រើប្រាស់​ថ្នាំ ប៉ុន្ដែបើ​កម្រិត​ទីបី និង​ទីបួន ដែល​ឫសដូង​ច្រមុះមាន​សភាព រីកធំ​ទៅហើយ​នោះ ត្រូវ​ទាមទារ​ឱ្យមាន​ការ​វះកាត់ ដោយកាត់​សាច់​ឫសដូង​នោះចេញ ទើប​អាចជួយ​សង្គ្រោះ​អ្នកជម្ងឺ​បាន។ ពេលខ្លះ ទៀត​គ្រូពេទ្យ​ក៏អាច​ធ្វើការ​វះកាត់​ដោយ​អង់ដូស្កូពី (Endoscopy) ដែលជា​វិធីមួយ​ល្អ​ប្រសើរ​សម្រាប់​អ្នកជម្ងឺ​នៅពេល​បច្ចុប្បន្ន​នេះ។

ផល​ពិបាក​នៃឫសដូង​ច្រមុះ

ករណី​ដែលជម្ងឺ​ស្ថិតនៅ​កម្រិត​តិចតួច អាច​ប្រើប្រាស់​ថ្នាំបាន ដូចជា​ស្ប្រាយ​កូទីកូអ៊ីដ តែត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នកជម្ងឺ ដែលមាន​ជម្ងឺ​រលាក​ក្រពះ ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺ​លើសឈាម​ជាដើម។ ជម្ងឺ​ឫសដូង​ច្រមុះ​ភាគច្រើន​ធ្វើការ​ព្យាបាល​ជាសះសើ្បយ ហើយ​អាចមាន​ការ​រើមកវិញ ដោយសារ​សាច់​ឫសដូង​ដុះមក​វិញនៅ​ថ្ងៃណា​មួយ។

ដំបូន្មាន​អ្នក​ឯកទេស

ចំពោះ​ជម្ងឺ​ប្រភេទ​នេះ ពេល​ធ្វើការ​ព្យាបាល ទាមទារ​ឱ្យអ្នក​ជម្ងឺ​ធ្វើការ​តាមដាន​ជាដំណាក់​កាល ដើម្បី​ជួយ​បន្ថយការ​រើមកវិញ ឬការ​ដុះមក​វិញនូវ​សាច់​ឫសដូង។ វា​នៅតែ​អាចដុះ​មកវិញ​ទៀត គ្រាន់តែ​ថាបើ​អ្នកជម្ងឺ​ធ្វើការ​តាមដាន និង​ប្រើប្រាស់​ថ្នាំ​មួយចំនួន​ដើម្បី​ជួយ​ទប់ស្កាត់​នោះ វាអាច​ពន្យារ​ការ​រើឡើង​វិញបាន​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *