ក្នុងខែសីហាឆ្នាំ២០១០កន្លងមកនេះ ក្រសួងសុខាភិបាលបានប្រកាសអាសន្នចំពោះជម្ងឺផ្ដាសាយប្រភេទថ្មី AH1N1 ចាប់ផ្ដើមកក្រើកឡើងវិញដែលបានចម្លងទៅឱ្យមនុស្សចំនួន៧១នាក់។ ហើយរហូតមកទល់ពេលនេះនៅប្រទេសកម្ពុជាជម្ងឺផ្ដាសាយប្រភេទថ្មីនេះបានចម្លងទៅឱ្យមនុស្សចំនួន៧២១ករណី នឹងបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ទៀតផង។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ប្រាប់ ទស្សនាវដ្ដី សុខភាពយើងថា ជម្ងឺប្រភេទផ្ដាសាយថ្មីបានចម្លងទៅប្រជាពលរដ្ឋចំនួន១៩ខេត្ដ-រាជធានីហើយ បើទោះបីក្រសួងបានខិតខំផ្សព្វផ្សាយអំពីផលប៉ះពាល់មួយចំនួនដែលបណ្ដាលឱ្យមានជម្ងឺនេះក្ដី។ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួនហាក់មិនទាន់ជ្រាបទៅនឹងផែនការទប់ស្កាត់ការឆ្លងរាលដាលអំពីជម្ងឺផ្ដាសាយប្រភេទថ្មីនៅឡើយ។ នៅក្នុងខែសីហាថ្មីៗនេះ ជម្ងឺផ្ដាយសាយបក្សីបានចម្លងទៅមនុស្សចំនួន៤៣ករណីបន្ថែមទៀត សរុបទាំងអស់មានចំនួនអ្នកឆ្លងរហូតដល់៦៩៣ករណីហើយ។ ជម្ងឺផ្ដាសាយប្រភេទថ្មីនេះ កាលពីអំឡុងខែមករាដល់ខែឧសភាមានការថយចុះតែនៅក្នុងខែមិថុនា និងខែកក្កដាឆ្នាំ២០១០នេះ គឺមានការកើនឡើងវិញ។ លោក លី សូវ៉ាន់ បានបញ្ជាក់អំពីមូលហេតុនូវការឆ្លងនូវជម្ងឺប្រភេទថ្មី AH1N1 នេះថា គឺកើតចេញដោយប្រជាពលរដ្ឋមួយចំនួនមិនបានយកចិត្ដទុកដាក់ធ្វើការអនាម័យឱ្យបានល្អ នៅពេលកណ្ដាស់ត្រូវយកក្រមាឬយកកន្សែងខ្ទប់មាត់មុននឹងកណ្ដាស់ ហើយត្រូវលាងសម្អាតជាមួយ នឹងទឹកសាប៊ូ និងទៅមណ្ឌលសុខភាពបើដឹងខ្លួនថាមានជម្ងឺផ្ដាសាយ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានធ្វើការប្រៀបធៀបថា ចន្លោះពេលដែលមានការថយចុះនាអំឡុងដើមឆ្នាំរហូតដល់ខែ សីហានេះ ជម្ងឺផ្ដាសាយប្រភេទថ្មី AH1N1 កើនឡើងចំនួន៤៤ករណី បន្ទាប់ពីខែកន្លងទៅមានអត្រាត្រឹមតែ២៧ករណីនោះ។ អ្នកដែលឆ្លងជម្ងឺនេះ ភាគច្រើនជាប្រជាជនដែលរស់នៅតាមជាយរាជធានីភ្នំពេញ និងក្នុងខេត្ដមួយចំនួនទៀតនៃប្រទេសកម្ពុជា។ នៅប្រទេសកម្ពុជាមានខេត្ដ-រាជធានីចំនួន១៩ហើយដែលបានឆ្លងនូវជម្ងឺនេះ។
គេនៅចាំបានថាកន្លងមកមន្ដ្រីរបស់រដ្ឋាភិបាលចំនួន៦នាក់បានឆ្លងជម្ងឺផ្ដាសាយប្រភេទថ្មី AH1N1 នេះផងដែរ កាលពីចុង ខែមិថុនាឆ្នាំ២០១០កន្លងទៅនេះ។ ប៉ុន្ដែទោះបីជាជម្ងឺផ្ដាសាយប្រភេទថ្មី AH1N1នេះកំពុងតែរាតត្បាតយ៉ាងណាក្ដី ក្រសួង សុខាភិបាលបានដុតដៃដុតជើងបើកយុទ្ធនាការចាក់ថ្នាំវ៉ាក់សាំងការពារទប់ស្កាត់ជម្ងឺនេះជាបន្ដបន្ទាប់នៅទូទាំង២៤ខេត្ដ-រាជធានី ដែលមានវ៉ាក់សាំងចំនួន១.៨លានដូស ដែលអង្គការសុខភាពពិភពលោកបានផ្ដល់ឱ្យប្រទេសកម្ពុជាដើម្បីទប់ស្កាត់ជម្ងឺនេះផងដែរ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់បន្ថែមថា ជម្ងឺផ្ដាសាយប្រភេទថ្មី AH1N1 បានឆ្លងចូលប្រទេសកម្ពុជាតាមរយៈនិស្សិតខ្មែរអាមេរិកម្នាក់មកធ្វើកម្មវិធីសិក្សានៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០០៩កន្លងទៅ។ នៅទូទាំងពិភពលោកមានប្រទេសចំនួន២១៤ហើយបានឆ្លងជម្ងឺ AH1N1 និងមានអ្នកស្លាប់យ៉ាងតិច១៨.៣៩៨នាក់។ លោក លី សូវ៉ាន់ បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅទាំងអស់ត្រូវតែធ្វើអនាម័យខ្លួនប្រាណឱ្យបានល្អ ហើយការខាកស្ដោះ និងកណ្ដាស់ផ្សេងៗ ដែលជាមេរោគ ផ្ដាសាយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលអ្នកយល់ថា អ្នកកំពុងតែមានជម្ងឺផ្ដាសាយហើយនោះ។ ដូច្នេះប្រសិនបើ លោកអ្នកសង្ស័យថា មានជម្ងឺនេះត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅក្បែរខ្លួន ដើម្បីទទួលការពិនិត្យនិង ព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងជម្ងឺនេះរីករាលដាលទៅលើអ្នកដទៃផ្សេងទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply