ការបាក់ឆ្អឹង គឺជាការដាច់ឆ្អឹងជាកំណាត់ពីសន្លាក់ទាំងឡាយ។ យើងស្គាល់ឆ្អឹងបាក់តាមអាការសញ្ញាផ្សេងៗ ៖ ការឈឺចាប់ យ៉ាងខ្លាំង មិនអាចកម្រើកបាន ឡើងប៉ោង និងជួនកាលខុសទម្រង់ដើម។ បើការបាក់ឆ្អឹងធ្វើការអបមិនបានត្រឹមត្រូវទេនោះវានឹងធ្វើ ឱ្យកាន់តែធ្ងន់ធ្ងរ និងបង្កើតឱ្យមានរបួសនៅខាងក្នុង។ បើការបាក់ឆ្អឹងមិនបានព្យាបាលត្រឹមត្រូវទេ នោះជនរងគ្រោះនឹងក្លាយជាជន ពិការ។
សូមស្វែងយល់ពីការជួយសង្គ្រោះជនរងគ្រោះជាមួយទស្សនាវដ្ដី សុខភាពយើង។
ជំហានដំបូងនៃការជួយសង្គ្រោះ
1 . ហាមកម្រើកកន្លែងដែលបាក់ ឬសន្លាក់នៅខាងលើ និងនៅខាងក្រោមឆ្អឹងបាក់។
2 . បើអាចសូមដោះនាឡិកា ចិញ្ចៀន និងសម្លៀកបំពាក់នៅពេលអវយវៈមិនទាន់ឡើងហើម។
3 . សូមបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពតាមដែលអាចធ្វើទៅបាន។
ក្នុងករណីនេះលោកអ្នកហាមកម្រើកជើងដែលបាក់ហើយ មិនត្រូវកែតម្រង់ឆ្អឹងបាក់ទេ ព្រោះវាអាចធ្វើឱ្យឆ្អឹងខូចនោះខូច ទម្រង់ដើម។
ការអបឆ្អឹងបឋម
ជានិច្ចកាលការអបឆ្អឹងបញ្ចៀសភាពធ្ងន់ធ្ងរ នឹងបន្ថយការឈឺចាប់ លោកអ្នកគួរប្រើក្រណាត់រាងត្រីកោណសម្រាប់អវយវៈ លើ និងជួនកាលប្រើរណប (កំណាត់ឈើ ឬក៏ឫស្សីជាដើម)។ លោកអ្នកមិនត្រូវសង្កត់លើកន្លែងបាក់ឆ្អឹង និងមិនត្រូវសាកល្បងទាញ តម្រង់អវយវៈបាក់ដែលខុសទម្រង់ដើម។ ក្នុងករណីពិសេស ការបាក់ឆ្អឹងកងខ្នងធ្វើឱ្យយើងដឹងបានដោយសារការឈឺចាប់នៅខាងខ្នង មិនអាចកម្រើកជើងបាន ជួនកាលរមាស់ឈីបៗ ឬក៏ស្ពឹកចុងដៃចុងជើង។ បើគេលើកជនរងគ្រោះម្នាក់ដោយគ្មានការប្រុងប្រយ័ត្ន នោះបណ្ដាលឱ្យខ្វិនបាន ហេតុនេះត្រូវជួយជនរងគ្រោះដោយកាយវិការថ្នមៗ។
1 . ប្រាប់ទៅជនរងគ្រោះកុំឱ្យកម្រើក
2 . ទ្រ និងទប់ក្បាលជនរងគ្រោះឱ្យនឹង
3 . ដោយមានជំនួយពីមនុស្សច្រើននាក់ ជួយលើកជនរងគ្រោះដោយប្រុងប្រយ័ត្ន និងដាក់គាត់ទៅលើបន្ទះក្ដាររឹង (ដូចជា ក្ដារទ្វារជាដើម)
4 . ចងខ្លួនជនរងគ្រោះឱ្យជាប់នឹងគ្រែស្នែង កល់ចន្លោះក្បាល និងកឱ្យបានល្អ
5 . បញ្ជូនជនរងគ្រោះដោយប្រុងប្រយ័ត្នបំផុតទៅកាន់មណ្ឌលសុខភាព។
ការលើកដាក់ និងការដឹកជញ្ជូនជនរងគ្រោះ
កាលណាអ្នកសង្គ្រោះខាងវិជ្ជាជីវៈមិនអាចមកដល់ អ្នកសង្គ្រោះបន្ទាន់ជាអ្នកទទួលខុសត្រូវខាងការដឹកជញ្ជូនជនរងគ្រោះទៅ មណ្ឌលសុខភាព។ ជានិច្ចកាលត្រូវតែព្យាយាមបញ្ជូនជនរងគ្រោះ ដើម្បីតាមពិនិត្យពីសភាពអ្នករងគ្រោះ និងធ្វើរបាយការណ៍ទៅគ្រូពេទ្យ។ សូមចាំថា ការដឹកជញ្ជូនជនរងគ្រោះមិនល្អ អាចធ្វើឱ្យសភាពជនរងគ្រោះធ្ងន់ធ្ងរ។ ហេតុនេះសូមស្វែងយល់ពីរបៀបនៃការដឹកជញ្ជូនជនរងគ្រោះ។
1 . ការដឹកជញ្ជូនក្នុងស្ថានភាពអង្គុយ ៖ ជនរងគ្រោះខ្លះអាចដឹកទៅក្នុងជំហរអង្គុយបាន បើសិនសភាពជនរងគ្រោះមិនសូវ ធ្ងន់ធ្ងរ(ជាឧទាហរណ៍ បាក់ដៃ របួស រលាក ដោយមិនសន្លប់ជាដើម)។
2 . ការដឹកជញ្ជូនក្នុងស្ថានភាពដេក ៖ សម្រាប់ជនរងគ្រោះទាំងអស់ដែលបាត់បង់ស្មារតី ឬក៏ជនរងគ្រោះដែលមិនអាច អង្គុយបានត្រូវប្រើគ្រែស្នែងដែលរៀបចំធ្វើភ្លាមៗ ដោយយកភួយមួយ និងដំបងវែងពីរ សម្លៀកបំពាក់ ឬអង្រឹង។ ចំពោះជន រងគ្រោះដែលមានការបាក់ឆ្អឹងខ្នង ឬឆ្អឹងកញ្ចឹងក បាក់ឆ្អឹងត្រគាក ឬបាក់ភ្លៅ ដាច់ខាតគឺត្រូវដាក់ជនរងគ្រោះលើបន្ទះក្ដាររឹង(ទ្វារ ក្ដារ)។ ជាទូទៅការលើកដាក់លើគ្រែស្នែងជាការចាំបាច់ណាស់ អ្នកសង្គ្រោះ និងអ្នកចូលរួមជួយពីរ ឬបីនាក់ទៀតត្រូវពន្យល់គ្នាឱ្យបានច្បាស់នូវតួនាទីរបស់គេម្នាក់ៗ។
- លើកដាក់ធម្មតា(របៀបជាស្ពាន) ៖ បច្ចេកទេសនេះ ប្រសើរជាងគេទាំងអស់ ព្រោះធ្វើឱ្យជនរងគ្រោះរំកិលតែបន្ដិច។ អ្នកសង្គ្រោះដែលនៅខាងក្បាលជនរងគ្រោះជាអ្នកចេញបញ្ជាទៅគេគ្រប់គ្នា ដើម្បីរម្លឹកជនរងគ្រោះព្រមៗគ្នាក្នុងពេលតែមួយ។
- លើកដាក់តាមរបៀបនេអ៊ែរឡង់ដេ ៖ បច្ចេកទេសនេះគេធ្វើបានដោយងាយ កាលណាមានអ្នកសង្គ្រោះ៣នាក់ និងជនរង គ្រោះម្នាក់ និងកាលណាគ្មានកន្លែងដាក់គ្រែស្នែង ដើម្បីលើកជនរងគ្រោះ។
- ការលើកដាក់របៀបចូកដូចស្លាបព្រា ៖ បច្ចេកទេសនេះចាំបាច់ត្រូវមានមនុស្ស៣នាក់ធ្វើឱ្យជនរងគ្រោះកម្រើកខ្លាំង ដូច្នេះ មិនត្រូវធ្វើបច្ចេកទេសនេះទៅលើជនរងគ្រោះដែលបាក់ឆ្អឹងខ្នង និងកញ្ចឹងកទេ។ ប៉ុន្ដែវាងាយស្រួលអាចលើកជនរងគ្រោះពីលើគ្រែ ឬពីកន្លែងចង្អៀត ដើម្បីដាក់លើគ្រែស្នែង។
បណ្ដាំផ្ញើ
លោកអ្នកគ្រប់គ្នាចាំបាច់ត្រូវតែជ្រាបអំពីវិធីនៃការជួយសង្គ្រោះនេះ ព្រោះវាមិនមែនជាការឥតប្រយោជន៍នោះទេ។ លោក អ្នកអាចយកវិធីទៅសង្គ្រោះអ្នកដទៃ បងប្អូនសាច់ញាតិ ឬក៏ធ្វើដើម្បីកាតព្វកិច្ចមនុស្សធម៌ក៏ជាការមួយយ៉ាងប្រពៃ ដែលពលរដ្ឋគ្រប់គ្នាគួរតែមាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply