ទោះបីមានការអំពាវនាវពីសំណាក់មន្ដ្រីក្រសួងសុខាភិបាលឱ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ ដោយមានការការពារកុំឱ្យមានជម្ងឺគ្រុនឈាម បើទោះបីនេះជារដូវជម្ងឺគ្រុនឈាមឈានចូលមកដល់ក្ដី តែកុមារភាគច្រើននៅតែចៀសមិនផុតពីជម្ងឺនេះដដែល ហើយវាកើតមានជារឿយៗចំពោះកុមារក្រោមអាយុ៦ឆ្នាំ។ ជាមួយគ្នានេះដែរ តាមសេចក្ដីរាយការណ៍ពីមន្ដ្រីនៃមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលខេត្ដកណ្ដាលបានប្រាប់ទស្សនាវដ្ដី សុខភាពយើងថា អត្រាជម្ងឺគ្រុនឈាមបានកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំនានានៅក្នុងស្រុកខ្សាច់កណ្ដាលខេត្ដកណ្ដាល ដែលភាគច្រើនជាកុមារស្ថិតក្រោមអាយុ៦ឆ្នាំ ហើយពេលនេះមន្ទីរពេទ្យសឹងថារកទី កន្លែងសម្រាប់ឱ្យពួកគេដេកសម្រាកព្យាបាលមិនបានទៀតផង។
លោក លឹម ផល្លា ប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលបាននិយាយប្រាប់ទស្សនាវដ្ដី សុខភាពយើងថា អត្រានៃកុមារកើតជម្ងឺគ្រុនឈាមនៅក្នុងស្រុកខ្សាច់កណ្ដាលឆ្នាំនេះមានការកើនឡើងគួរឱ្យព្រួយបារម្ភបំផុត ព្រោះវាមានការកើតឡើងទ្វេដងជាងបណ្ដាឆ្នាំកន្លងមក។ កុមារភាគច្រើនដែលទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកដោយសារជម្ងឺគ្រុនឈាមនេះ ផ្ដើមឡើងពីអាយុចាប់ពី២ឆ្នាំរហូត៨ឆ្នាំ ដែលមានការកើនឡើងយ៉ាងខ្ពស់បំផុតក្នុងឆ្នាំនេះ ដែលខាងមន្ទីរពេទ្យស្ទើរតែរកទីកន្លែងឱ្យអ្នកជម្ងឺដេកព្យាបាលមិនបាន។ លោក លឹម ផល្លា បានគូសបញ្ជាក់ថា កុមារដែលកើតមានជម្ងឺគ្រុនឈាមហើយទទួលសម្ពាធធ្ងន់ធ្ងរជាងគេមកពី៣ឃុំ គឺឃុំកោះចរ៉ាម ឃុំព្រះប្រសប់ និងឃុំព្រែកតាមាក់។ ឃុំទាំងនេះគឺបណ្ដាលមកពីភ្នាក់ងារសុខាភិបាលមិនបានយកថ្នាំដាក់សម្លាប់ដង្កូវទឹកឱ្យបានទាន់ពេលវេលាមុនពេលរដូវភ្លៀងធ្លាក់ចុះមកដល់ ទើបជំរុញឱ្យកុមារនៅក្នុងឃុំខាងលើជួបប្រទះនូវជម្ងឺនេះ។
លោក លឹម ផល្លា បានបន្ដថា គ្រាន់តែរដូវភ្លៀងចូលមកដល់ភ្លាម ចំនួននៃកុមារដែលមានផ្ទុកជម្ងឺគ្រុនឈាមមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំនេះ។ លោកបញ្ជាក់ថា ចាប់ពីថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១០ រហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១០ អត្រានៃកុមារកើតជម្ងឺគ្រុនឈាមកើនដល់២២៦ករណី មានអត្រាខ្ពស់ជាងឆ្នាំ២០០៩ ប្រមាណជាង២០ភាគរយ។ ប៉ុន្ដែទោះបីជាមានការកើនឡើងខ្ពស់នៅឆ្នាំ២០១០នេះក្ដី លោក លឹម ផល្លា បានបញ្ជាក់ថា មន្ដ្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល មានការខិតខំទប់ស្កាត់យ៉ាងខ្លាំង មិនឱ្យកុមារដែលមានជម្ងឺនេះទទួលផលប៉ះពាល់ឬគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរឬអាយុជីវិតឡើយ ។ លោក លឹម ផល្លា បានបញ្ជាក់ជាចុងក្រោយថា ប្រសិនបើពលរដ្ឋដែលកូនចៅមានអាការក្ដៅខ្លួនតិចៗ ឬខ្លាំងនៅថ្ងៃដំបូង ត្រូវរួសរាន់ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតដែលនៅក្បែរផ្ទះខ្លួនឯង ឬបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពក្នុងមូលដ្ឋាន ប្រយោជន៍ចៀសវាងអាការក្ដៅខ្លួននេះក្លាយទៅជាជម្ងឺគ្រុនឈាមដោយមិនដឹងខ្លួន។
លោក ង៉ាន់ ចន្ថា អនុប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ និងជាប្រធានកម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាម បានមានប្រសាសន៍ថា ជម្ងឺគ្រុនឈាមជាជម្ងឺដែលកាចសាហាវបំផុត ហើយរីកសាយភាយលើពិភពលោក។ ជម្ងឺនេះបានបង្កគ្រោះថ្នាក់ ទៅលើកុមារាកុមារីដែលមានអាយុក្រោម១៥ឆ្នាំជាច្រើន។ ក្រៅពីនេះក៏មានមនុស្សពេញវ័យ និងមនុស្សចាស់មួយចំនួនផងដែរ ដែលកើតជម្ងឺគ្រុនឈាមនេះ ហើយបានស្លាប់បាត់ជីវិតទៀតផង។ លោកបានបន្ដទៀតថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ចំនួននៃការរីករាលដាលនៃជម្ងឺគ្រុនឈាមបានកើតឡើងពី៣ទៅ៥ឆ្នាំម្ដង ហើយឆ្នាំនេះគឺជាឆ្នាំមួយដែលអាចកើនឡើងនិងផ្ទុះនូវជម្ងឺគ្រុន ឈាមនេះជាថ្មី។ ព្រោះកន្លងមកយើងដឹងថានៅឆ្នាំ១៩៩៥ជាឆ្នាំដែលផ្ទុះនូវជម្ងឺគ្រុនឈាមជាទ្រង់ទ្រាយធំ នៅក្នុងនោះមានអ្នកជម្ងឺ១២០០ករណីបានរងគ្រោះ ហើយក្នុងនោះបានស្លាប់៤៧៥ករណី។ លោកបានបញ្ជាក់ទៀតថា នៅក្នុង១៩៩៨គឺមានអ្នកជម្ងឺ រហូតដល់១៦២៦០នាក់ស្លាប់៤៧៤នាក់។ នៅឆ្នាំ២០០៣មានអ្នកជម្ងឺ១២០០នាក់ ហើយនៅឆ្នាំ២០០៧គឺអ្នកជម្ងឺកើនឡើងទៅដល់ ៣៩៨៥១ហើយស្លាប់៤៧៤នាក់។ ប៉ុន្ដែបន្ទាប់ពីរីករាលដាលនៅឆ្នាំ២០០៧មក ក្រសួងសុខាភិបាលឃើញថាមានការចុះនៅឆ្នាំ២០០៩ ប៉ុន្ដែនៅចុងឆ្នាំ២០០៩ និងដើមឆ្នាំ២០១០នេះ ក្រសួងសុខាភិបាលយល់ថា អាចរីករាលដាលនូវជម្ងឺគ្រុនឈាមជាទ្រង់ទ្រាយធំម្ដងទៀត មន្ទីរសុខាភិបាលទាំង២៤ខេត្ដ-ក្រុងបាននាំគ្នាធ្វើការទប់ស្កាត់ជាបន្ដបន្ទាប់។ ប៉ុន្ដែករណីដែលកើតឡើងចុងក្រោយនេះ មានចំនួន១.១១១ករណីហើយស្លាប់៧ករណី ដែលកើតមានទៅលើខេត្ដកណ្ដាល សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងរាជធានីភ្នំពេញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply