ហេតុការណ៍នានាដែលបានកើតមានឡើងអាចជះឥទ្ធិពលទៅដល់អារម្មណ៍ និងផ្លូវចិត្ដរបស់មនុស្សម្នាក់ៗ ទាំងព្រឹត្ដិការណ៍ សប្បាយរីករាយ និងហេតុការណ៍ដ៏អាក្រក់គួរតក់ស្លុតនិងភ័យខ្លាច។ ការប៉ះទង្គិចផ្លូវចិត្ដចំពោះហេតុការណ៍មិនល្អមិនមែនជារឿងដែលប្រសើរនោះទេ វានឹងមានផលប៉ះពាល់ចំពោះសុខភាពផ្លូវចិត្ដ តាមរយៈការប៉ះទង្គិចផ្លូវចិត្ដនេះ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ នឹងចូលរួមបកស្រាយឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ហេតុការណ៍ដែលធ្វើឱ្យប៉ះទង្គិចនឹងផ្លូវចិត្ដ
ហេតុការណ៍មួយដែលធ្វើឱ្យបុគ្គលម្នាក់មានការភ័យខ្លាចក្នុងជីវិតឬបណ្ដាលឱ្យមានទុក្ខព្រួយផ្លូវចិត្ដគឺហៅថាហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ដ។ ហេតុការណ៍នៃការប៉ះទង្គិចផ្លូវចិត្ដមានច្រើនប្រភេទ ៖
1 . ការប៉ះទង្គិចផ្លូវចិត្ដផ្ទាល់ខ្លួន ៖ នេះជាហេតុការណ៍មួយដែលមានការគម្រាមកំហែងទៅដល់បុគ្គលណាម្នាក់ ដូចជា ត្រូវបានគេចាប់រំលោភ ការបាត់បង់មនុស្សជាទីស្រឡាញ់ ការសោកសង្រេង ការរងគ្រោះដោយអំពើឧក្រិដ្ឋកម្ម អំពើឃោរឃៅ ចាប់ជំរិត ឬការមានគ្រោះថ្នាក់ចរាចរ។ ទាំងនេះសុទ្ធសឹងតែជាបញ្ហាគួរឱ្យភ័យខ្លាច និងទុក្ខព្រួយបំផុត ដែលធ្វើឱ្យមានការប៉ះទង្គិចផ្លូវចិត្ដរបស់លោកអ្នក។
2 . សង្គ្រាម ៖ ការភ័យខ្លាចតក់ស្លុតក្នុងសង្គ្រាមអាចជាមូលហេតុនៃការប៉ះទង្គិចផ្លូវចិត្ដ ដោយសារតែបុគ្គលទាំងនោះជួបនូវព្រឹត្ដិការណ៍ដ៏គួរឱ្យភ័យរន្ធត់តក់ស្លុតជាច្រើនក្នុងព្រឹត្ដិការណ៍ដែលអាចធ្វើឱ្យមានការភិតភ័យស្ទើរតែជារៀងរហូត។
3 . មហន្ដរាយធំៗ ៖ ការជួបព្រឹត្ដិការណ៍ដូចជាធ្លាក់យន្ដហោះ ភ្លើងឆេះផ្ទះ និងការរញ្ជួយដី គឺអាចបណ្ដាលឱ្យមានការប៉ះទង្គិចផ្លូវចិត្ដដល់មនុស្សជាច្រើននាក់ក្នុងពេលតែមួយ។
ទំនាក់ទំនងរវាងការប៉ះទង្គិចផ្លូវចិត្ដ និងជម្ងឺបាក់ស្បាត
ជម្ងឺបាក់ស្បាតមានអាការបីយ៉ាងដែលមានទំនាក់ទំនងនឹងការប៉ះទង្គិចផ្លូវចិត្ដ ៖
1 . ទទួលរងការប៉ះទង្គិចផ្លូវចិត្ដម្ដងហើយម្ដងទៀត តាមរយៈការឃើញហេតុការណ៍អាក្រក់កើតមានឡើង ការយល់សប្ដិអាក្រក់ និងការស្រមៃឃើញព្រឹត្ដិការណ៍អាក្រក់ឡើងវិញ។
2 . មានអារម្មណ៍នៅដាច់ឆ្ងាយពីអ្នកដែលនៅជុំវិញខ្លួន និងមានអារម្មណ៍ឆាប់ភ្ញាក់ផ្អើល និងភិតភ័យ ហើយមានការរំខានក្នុងការទទួលទានដំណេក មានអារម្មណ៍រកាំចិត្ដ មានការលំបាកក្នុងការផ្ចង់អារម្មណ៍ និងងាយភ្ញាក់ផ្អើល ព្រមទាំងងាយភិតភ័យ។ អាការទាំងនេះក៏អាចនឹងធ្វើឱ្យអ្នកជម្ងឺប្រឈមមុខនឹងជម្ងឺតក់ស្លុត។
3 . លើសពីនេះទៅទៀតអ្នកជម្ងឺបាក់ស្បាតច្រើនមានអារម្មណ៍ធ្លាក់ទឹកចិត្ដ មានអារម្មណ៍អស់កម្លាំង ឬមានការឈឺចុកចាប់ និងមានអារម្មណ៍ចង់ធ្វើអត្ដឃាត។ លោកអ្នកដែលមានជម្ងឺបាក់ស្បាតច្រើនជួបប្រទះនូវការលំបាកក្នុងការងារ ការទំនាក់ទំនងជាមួយអ្នកដទៃ និងលំបាកក្នុងការសិក្សា។
ផលប៉ះពាល់ចំពោះសុខភាពនៅពេលមានការប៉ះទង្គិចផ្លូវចិត្ដ
ការប៉ះទង្គិចផ្លូវចិត្ដអាចមកពីការបណ្ដាលឱ្យមានរបួសផ្លូវកាយ ដូចជាការបាក់ជើងដោយសារគ្រោះថ្នាក់ចរាចរ ឬការឆេះ រលាកបន្ទាប់ពីការផ្ទុះមួយ ដូចជាការផ្ទុះគ្រាប់បែកជាដើម។ ហេតុការណ៍បែបនេះអាចបណ្ដាលឱ្យមានឥទ្ធិពលដ៏ធ្ងន់ធ្ងរផងដែរដល់សុខភាពផ្លូវចិត្ដ។ សូម្បីតែបុគ្គលដែលគ្រាន់តែឃើញហេតុការណ៍ដែលបានកើតឡើងប៉ុណ្ណោះ ដូចជាអ្នកដែលធ្វើដំណើរតាមផ្លូវហើយ ប្រទះឃើញគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ក៏អាចទទួលរងឥទ្ធិពលដល់សុខភាពផ្លូវចិត្ដបានដែរ។ លោកអ្នកជាច្រើនដែលទទួលរងការប៉ះទង្គិចផ្លូវចិត្ដនឹងជួបប្រទះនូវការប្រតិកម្មផ្លូវចិត្ដ។ ប្រតិកម្មទាំងនេះអាចរាប់បញ្ចូលទាំងការមានអារម្មណ៍ស្លុត ឬភាំងស្មារតី ភ័យខ្លាច លំបាកក្នុងការគេង នឹកឃើញហេតុការណ៍ឡើងវិញ ឆាប់ខឹង យល់សប្ដិអាក្រក់ និងពិបាកផ្ចង់អារម្មណ៍ក្នុងការគិតពិចារណាអ្វីមួយ។ នេះជាប្រតិកម្មធម្មតាមួយចំពោះហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ដដែលកើតមានក្នុងរយៈពេលខ្លីពី២ទៅ៤សប្ដាហ៍។ ទោះជាយ៉ាងនេះក្ដី លោកអ្នកមួយចំនួនអាចមានប្រតិកម្មទាំងនេះបន្ដរាប់ខែ ឬអាចរាប់ឆ្នាំ បន្ទាប់ពីមានការប៉ះទង្គិចផ្លូវចិត្ដ។
ដំណោះស្រាយចំពោះការប៉ះទង្គិចផ្លូវចិត្ដ
វិធីដ៏សំខាន់មួយក្នុងការដោះស្រាយជាមួយហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ដគឺជាការចែករំលែកហេតុការណ៍ទាំងនោះប្រាប់អ្នកដទៃឱ្យបានដឹង ជាពិសេសគឺមនុស្សជាទីរាប់អានរបស់ខ្លួន។ ការលើកទឹកចិត្ដឱ្យបុគ្គលដែលមានការប៉ះទង្គិចផ្លូវចិត្ដនិយាយពីបញ្ហាដែលបានកើតឡើងគឺជាដំណោះស្រាយដ៏ប្រសើរ ៖
គប្បីពន្យល់ និងព្យាយាមលើកទឹក ចៀសវាងការបញ្ចេញយោបល់ឱ្យយល់ថាបញ្ហាដែលកំពុងកើតមានឡើងកាន់តែធ្ងន់ធ្ងរចំពោះបុគ្គលនោះ។ ធ្វើការពិភាក្សាជាក្រុម ដែលនេះជាផលប្រយោជន៍មួយដ៏សំខាន់ កាលណាហេតុការណ៍ប៉ះទង្គិចផ្លូវចិត្ដនោះបាន ប៉ះពាល់ដល់មនុស្សជាច្រើនគ្នា ដូចជាហេតុការណ៍ដែលប្រជាពលរដ្ឋធ្លាប់ជួបស្ថានភាពក្នុងរបបខ្មែរក្រហម។ ការពិភាក្សាបែបនេះនឹងអាចធ្វើឱ្យមានការយល់ថា មិនមែនមានតែម្នាក់ឯងដែលធ្លាប់តែជួបបញ្ហាបែបនេះនោះទេ។
ចៀសវាងឱ្យបុគ្គលដែលមានការប៉ះទង្គិចផ្លូវចិត្ដនៅតែម្នាក់ឯង គប្បីនៅជាមួយសាច់ញាតិ ឬមិត្ដភក្ដិដែលយល់ចិត្ដ និង ផ្ដល់ការទុកចិត្ដខ្ពស់។ បើសិនជាអ្នកជម្ងឺមានសភាពកាន់តែធ្ងន់ធ្ងរចាំបាច់គឺត្រូវទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឱ្យបានទាន់ពេលវេលា។
ដំបូន្មានអ្នកជំនាញ
ការប៉ះទង្គិចផ្លូវចិត្ដគឺមិនអាចចៀសផុតពីលោកអ្នកនោះទេ ដូចជាការប្រទះឃើញហេតុការណ៍តក់ស្លុត ព្រឺព្រួច និងមាន លោកអ្នកខ្លះជួបប្រទះហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនោះផ្ទាល់តែម្ដង។ ដូចនេះការថែទាំសុខភាពផ្លូវចិត្ដជារឿងដែលលោកអ្នកយកចិត្ដទុកដាក់ស្ទើរតែមួយជីវិត។ ការថែរក្សាសុខភាពផ្លូវចិត្ដឱ្យបានប្រសើរក៏ជាប្រយោជន៍សំខាន់មួយសម្រាប់សុខភាពរាងកាយរបស់លោកអ្នកផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០
Leave a Reply